Saturday, July 27, 2024
Homeព័ត៌មានជាតិរបៀបដឹកនាំកម្ពុជា អ្នកវិភាគថាទោះសេដ្ឋកិច្ចកើន៣០% ក៏ពលរដ្ឋនៅតែក្រ

របៀបដឹកនាំកម្ពុជា អ្នកវិភាគថាទោះសេដ្ឋកិច្ចកើន៣០% ក៏ពលរដ្ឋនៅតែក្រ

ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានលើកឡើងថា របៀបដឹកនាំកម្ពុជា ដូចសព្វថ្ងៃ ទោះសេដ្ឋកិច្ចកើន ៣០% ក៏ពលរដ្ឋនៅត្រែក្រ ។

លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ខ្ញុំធ្លាប់និយាយច្រើនដងហើយថា ទោះកម្ពុជា កើនសេដ្ឋកិច្ច ៣០% ព្រោះកំណើនចំនួនវិនិយោគដាច់គេ នៅក្នុងតំបន់អាស៊ាន និងអាស៊ី ក៏ដោយ ក៏ប្រជាពលរដ្ឋភាគច្រើនលើសលប់ នៅតែក្រីក្រវេទនាដដែល តាមរបៀបដឹកនាំសេដ្ឋកិច្ចដូចសព្វថ្ងៃ កុំថាឡើយអួតត្រឹមកំណើនព្យាករណ៍ ៦,១% ឆ្នាំ២០២៤។ កំណើនសេដ្ឋកិច្ចការងារ និងកំណើនវត្តមានវិនិយោគ មិនដូចគ្នាទេ។ ចង់ដឹងអត្ថន័យច្បាស់ សូមសិក្សាអំពីកំណើន % តិច នៃសេដ្ឋកិច្ច និងវិនិយោគនៅប្រទេសជប៉ុន តែហេតុអ្វីជប៉ុន សម្បូរលុយឲ្យរដ្ឋាភិបាល មណ សុំ។ ខ្ញុំមានមតិយោបល់ជារឿយៗថា ប្រយ័ត្នរដ្ឋាភិបាល មណ យកកំណើន % ទៅឃោសនាបោកប្រាស់ប្រជាពលរដ្ឋ“ ។

ស្របនឹងការលើកឡើងរបស់លោកគឹម សុខ អ្នកវិភាគ និងជាប្រធានវេទិកាពលរដ្ឋ ខាងលើនេះ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ថា ការលើកឡើងនេះ ជាគំនិតព្រួយបារម្ភ គឺព្រួយបារម្ភទៅលើប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធពុករលួយ និងបក្ខពួកនិយម នៅក្នុងស្ថាប័នជាតិ ។ ដូច្នេះកាលណាប្រព័ន្ធទាំង៣នេះ នៅតែមាន មិនអាចលុបបំបាត់ ឬកាត់បន្ថយបាន ប្រជាពលរដ្ឋមិនអាចមានបានទៅកើតទេ ឬនៅតែស្ថិតក្នុងភាពក្រីក្រ ជំពាក់បំណុលធនាគារ រស់នៅទទួលរងភាពអយុត្តិធម៌ ជាដើម ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “តាមពិតគំនិតហ្នឹង ជាគំនិតព្រួយបារម្ភ ហើយគំនិតព្រួយបារម្ភ មាននៅក្នុងចិត្តយើងគ្រប់គ្នា ។ ព្រួយបារម្ភលើរឿងបីសំខាន់ ដែលសូមលើកឧទាហរណ៍ ។ ទី១ ប្រព័ន្ធយុត្តិធម៌ តើវារឹងមាំហើយឬនៅ? ឬគេហៅថា ប្រព័ន្ធនីតិរដ្ឋហ្នឹងវារឹងមាំហើយឬនៅ? ទី២ ប្រព័ន្ធពុករលួយហ្នឹង តើអាចកម្ចាត់ចោលបានហើយឬនៅ? ទី៣ បក្ខពួកនិយម ក្នុងស្ថាប័នជាតិហ្នឹង តើលុបបំបាត់បានហើយឬនៅ? ឬក៏កាត់បន្ថយបានហើយឬនៅ? អ៊ីចឹងបើសេដ្ឋកិច្ចជាតិហ្នឹង វាកើនឡើងមែន ហើយហេតុអីបានជាប្រជាពលរដ្ឋក្រ? ពលរដ្ឋក្រ ដោយសារអី? ប្រព័ន្ធយុត្តិធម៌ហ្នឹង វានៅតែអយុត្តិធម៌ ។ ប្រព័ន្ធពុករលួយហ្នឹងកាន់តែពុករលួយ។ កម្ពុជា ខ្ចីលុយបរទេស ចូលជាង ១ម៉ឺនលានទៅហើយ ហើយជំពាក់ចិននោះ ជិតកន្លះម៉ឺនលានទៅហើយ ។ អ៊ីចឹងបំណុលកាន់តែកើន សេដ្ឋកិច្ចក៏កើន បំណុលក៏កើន ។ អាហ្នឹងតើឲ្យប្រជាពលរដ្ឋមានម៉េច? ហើយប្រជាពលរដ្ឋហ្នឹងកាន់តែក្រ កាន់តែខ្ចីបុល កាន់តែជំពាក់បំណុលធនាគារ ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ហើយវាមានចរន្តដើរបោកប្រាស់គ្រប់ទីកន្លែងរបស់ពួកឧកញ៉ា ពួកអ្នកមាន ពួកអ្នកធូរធារមួយចំនួនហ្នឹង តាំងពីរឿងដីធ្លី រហូតដល់ការសាងសង់បុរី ឬសាងសង់លំនៅឋានអីអ៊ីចឹង ហើយអត់មានការចាត់ការអីតាមផ្លូវច្បាប់ទេ ។ ទី៣ បក្ខពួកនិយម ។ បក្ខពួកនិយមនេះ វាធំសម្បើមណាស់សព្វថ្ងៃហ្នឹង ពួកមន្រ្តីរដ្ឋាភិបាលហ្នឹង ក៏តែងតាំងបក្ខពួក កូនចៅគ្នាឯង គ្មានឆ្លងកាត់ការប្រលងជ្រើសរើសសមត្ថភាពរបស់ពួកនិស្សិតបញ្ញវន្តណាឲ្យត្រឹមត្រូវទេ ធ្វើដែរកន្លែងខ្លះ ប៉ុន្តែនៅក្នុងរូបភាពសូកប៉ាន់ ពុករលួយដូចដដែលហ្នឹង“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងមានន័យថា ក្ដីបារម្ភពីបញ្ហាផលប៉ះពាល់លើប្រជាពលរដ្ឋហ្នឹងវាធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋគ្មានឱកាសងើបមុខឲ្យមានបានទេ នៅពេលដែលប្រពន្ធសង្គមហ្នឹងវាអយុត្តិធម៌ ប្រព័ន្ធសង្គមហ្នឹងវាពុករលួយ ប្រព័ន្ធសង្គមហ្នឹងវាបក្ខពួកនិយមអ៊ីចឹង ។ ហើយចំណុចព្រួយបារម្ភទី២ ពាក់ព័ន្ធទៅរឿងនាយករដ្ឋមន្រ្តី ។ នាយករដ្ឋមន្រ្តី កាលណាគាត់គ្មានគុណធម៌ ឬក៏មិនសូវមានគុណធម៌ក្នុងខ្លួន គិតតែរឿងផលប្រយោជន៍នយោបាយ និងផលប្រយោជន៍ក្រុមគ្រួសារ បក្ខពួកហ្នឹង វាចូលបក្ខពួក គ្រួសារដដែល គឺប្រាកដណាស់ជាយករឿងបញ្ហាកំណើនសេដ្ឋកិច្ចហ្នឹងទៅឃោសនានយោបាយ ហើយឃោសនានយោបាយហ្នឹងអត់មានបំណងទៅជួយពង្រឹងផលដែលបានពីសេដ្ឋកិច្ចហ្នឹងទៅស្ថាបនាស្ថាប័នជាតិសំខាន់ៗឲ្យរឹងមាំប៉ុន្មានទេ គឺនិយាយតែពីរឿងព្រោកប្រាជ្ញ ឃោសនាទៅជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ អត់មានប្រយោជន៍ជាតិ ហើយរឿងហ្នឹងយើងមិនចេះតែនិយាយទេ យើងឃើញអនុវត្តហ្នឹងវាសាមសែសិបឆ្នាំមកហើយ របបសង្គមតាំងពីជំនាន់លោកហ៊ុន សែន មកដល់លោកហ៊ុន ម៉ាណែត ហ្នឹង បច្ចុប្បន្នហ្នឹងមិនទាន់ឃើញមានកែប្រែអីលើសអំពីវិធានរបស់លោកហ៊ុន សែន ធ្លាប់ធ្វើទេ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងសេចក្ដីព្រួយបារម្ភហ្នឹងវានៅជាប់ក្នុងចិត្តពួកអ្នកសិក្សាស្រាវជ្រាវហ្នឹង ហើយធ្វើសេចក្ដីសន្និដ្ឋានជារឿយៗ គឺមិនជឿជាក់ទៅលើចំណាត់ការរបស់រដ្ឋាភិបាល ទាំងបញ្ហាសេដ្ឋកិច្ច ទាំងបញ្ហាកំណើនសេដ្ឋកិច្ច ឬក៏បញ្ហាដោះស្រាយស្ថានភាពនយោបាយ ឬក៏ស្ថានភាពសង្គមអីជាក់ស្ដែងហ្នឹង អត់ទេ! គឺមិនមែនជារឿងគួរឲ្យជឿជាក់ ។ អ៊ីចឹងអាហ្នឹងបើតាមគំនិតលោកគឹម សុខ លើកឡើងហ្នឹង ខ្ញុំអាចកត់សម្គាល់បានត្រឹមតែជាគំនិតព្រួយបារម្ភ ហើយការព្រួយបារម្ភ ខ្ញុំក៏យល់ស្របដែរ គំនិតព្រួយបារម្ភហ្នឹង យើងរាប់ថា វានឹងមានរឿងហ្នឹងកើតឡើង ហើយវាបន្តកើតឡើងតទៅទៀតនៅក្នុងស្ថានភាពកម្ពុជាយើងបច្ចុប្បន្ន ។ ប៉ុន្តែយើងក៏ចង់ផ្ដល់ជាចំណុចដំណោះស្រាយដែរ ដំណោះស្រាយ គឺគ្មានអីធំដុំជាងហ្នឹងទេ ព្រោះខ្ញុំលើកចំណុច៣ហ្នឹង ជាអាទិភាពមិញហ្នឹង រដ្ឋាភិបាលត្រូវចាប់ផ្ដើមដោះស្រាយជាគន្លឹះទៅលើចំណុចទាំង៣ហ្នឹង ហើយចុងក្រោយហ្នឹង ត្រូវមានសមានចិត្តប្រាកដនិយមក្នុងការស្ដារសេដ្ឋកិច្ចជាតិហ្នឹង ហើយបានផលពីសេដ្ឋកិច្ចជាតិហ្នឹងទៅពង្រឹងស្ថាប័នផ្សេងៗ ដែលវានាំជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ អាហ្នឹងហើយ ដែលធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវ អ្នកតាមដានស្ថានភាពនយោបាយ សង្គម គេអាចចាប់ផ្ដើមជឿជាក់បាន ។ បើមិនដូច្នោះទេ គឺការសង្ស័យវានៅតែបន្ត ហើយពិនិត្យលើស្ថានភាពជាក់ស្ដែងហ្នឹង កាន់តែវាអត់ឃើញបានផលប្រយោជន៍អីសម្រាប់ប្រជាពលេដ្ឋជាក់ស្ដែង និងជាតិជាក់ស្ដែង ។ ហ្នឹងជាក្ដីបារម្ភ ហើយដំណោះស្រាយ ដូចខ្ញុំបានបញ្ជាក់ជូនមិញហ្នឹង កាលណាយើងឃើញបញ្ហាហើយ យើងត្រូវដោះស្រាយលើបញ្ហាហ្នឹង ហើយបន្ទាប់ពីដោះស្រាយហើយ រដ្ឋាភិបាលត្រូវតែមានសមានចិត្ត ដោយស្មោះត្រង់ ហៅថា គុណធម៌ ទាំងគុណធម៌ ទាំងច្បាប់ហ្នឹងត្រូវរឹងមាំ ហើយធ្វើឲ្យប្រាកដនិយមសម្រាប់ពង្រឹងសេដ្ឋកិច្ចឲ្យរឹងមាំទៅ ។ ហ្នឹងហើយនឹងបានលទ្ធផល បើមិនដូច្នោះទេ គឺដូចខ្ញុំបានបញ្ជាក់ជូនខាងលើអ៊ីចឹង“ ។

ជុំវិញការលើកឡើងរបស់អ្នកវិភាគ និងអ្នកឃ្លាំមើលខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទេ កាលពីម្សិលមិញ ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នៅដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ត្រូវបានវាយតម្លៃថាមានកំណើន។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា មាន ៥,៤% ខណៈដែលឆ្នាំ២០២៤ រដ្ឋាភិបាល ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានចំនួន ៦,៦%។

យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤ នឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២០៧១ដុល្លារអាមេរិក ខណៈឆ្នាំ២០២៣ មានត្រឹម ១៩១៧ដុល្លារអាមេរិក ។ ដូច្នេះបើយោងតាមការព្យាករនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤  ឃើញថាវិធានការចំនួនពីរដែលបានរំលេចចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧ គឺការទទួលបានប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត និងការសម្រេចដំឡើងប្រាក់សោធននិវត្តន៍អតីតមន្រ្តីរាជការ ដល់ជាង ៨២ម៉ឺនរៀល ក្នុងឆ្នាំ២០២៤។

សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ថា ក្នុងរយៈពេល ៦ខែ កន្លងទៅ កម្ពុជា នាំចេញបានក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ កន្លងទៅ គឺមានកំណើនជាង ១,៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជា មានកំណើនជាបន្តបន្ទាប់។

សម្តេចហ៊ុន ម៉ាណែត ទទួលស្គាល់ថា ស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា មិនល្អប្រសើរពេកទេ ហើយការជួបជាមួយវិនិយោគិន កន្លងទៅ មិនមែនជួប ១ថ្ងៃ គេដាក់ទុននោះទេ យើងត្រូវការសិក្សាទៅលើផ្នែកសំខាន់ៗជាច្រើនទៀត ការធ្វើឲ្យវិនិយោគិនមានទំនុកចិត្តមកលើយើង។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេល ៦ខែ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី ១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC។ ក្នុងចំណោមអ្នកដែលបានជួបសម្តេច រាប់រយកន្លងមក មានមួយចំនួន ជ្រើសរើសកម្ពុជា សម្រាប់វិនិយោគ និងមួយចំនួនទៀត មិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជា នៅឡើយទេ ហើយអ្នកដែលជ្រើសរើស មាន ១៧៣គម្រោង។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា រយៈពេល ៦ខែ មកនេះ មានទុនវិនិយោគ ៤១៥០លានដុល្លារ នៅក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគនៅកម្ពុជា ១៧៣គម្រោងនេះ បានបង្កើតការងារប្រមាណជាង ១៧ម៉ឺនកន្លែង។ សម្តេច បានមានប្រសាសន៍បញ្ជាក់ថា រយៈពេល ៦ខែ នៃការដើរទាក់ម៉ូយ មិនមែនទាក់បានតែខ្យល់ទេ គឺទាក់បានគម្រោងទាំងនេះដែរ។ រយៈពេល ៦ខែមកនេះ រោងចក្រសហគ្រាសសរុបដែលបានបើកថ្មី មាន៣៣១៣ ក្នុងនោះមានវិស័យកាត់ដេរ ១៦៤រោងចក្រ។

សម្តេចហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល ៦ខែមកនេះ កម្ពុជា នាំចេញបានក្នុងទំហំទឹកប្រាក់ ១១,៨ពាន់លានដុល្លារ បើប្របៀបនឹងរយៈពេលដូចគ្នា ឆ្នាំកន្លងទៅ គឺមានកំណើនជាង ១,៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ចយើង មានកំណើនជាបន្តបន្ទាប់។

ដោយឡែក ថ្លែងក្នុងវេទិកានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងវិលទៅរកភាពប្រក្រតីភាពឡើងវិញ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀតនេះ។ សម្ដេចនាយរដ្ឋមន្រ្តី បន្តថា ដោយមើលឃើញចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៣ ដែលស្ថិតក្នុងរង្វង់ប្រមាណ ៥,៦ភាគរយ និងការព្យាករណ៍ថា នឹងមានកំណើននៃការការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងរង្វង់ ៦,៦ភាគរយ នៅឆ្នាំ២០៤នេះ។ ហេតុដូច្នេះ តាមរយៈនិន្នាការដ៏ល្អនេះ នៅឆ្នាំ២០២៨ ខាងមុខ សេដ្ឋកិច្ចកម្ពុជា អាចនឹងរក្សាបាននូវអត្រាខ្ពស់របស់ខ្លួន ដូចមុនផ្ទុះជំងឺកូវីដ-១៩ គឺប្រមាណ ៧ភាគរយ ៕ កុលបុត្រ

RELATED ARTICLES