Saturday, July 27, 2024
Homeព័ត៌មានជាតិករណីចាប់ខ្លួនមេបក្សកម្លាំងជាតិ ក្រសួងយុត្តិធម៌ ប្រតិកម្មពាក្យថ្កោលទោស

ករណីចាប់ខ្លួនមេបក្សកម្លាំងជាតិ ក្រសួងយុត្តិធម៌ ប្រតិកម្មពាក្យថ្កោលទោស

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍ ប្រតិកម្មទៅនឹងការប្រើពាក្យ «ថ្កោលទោស» របស់គណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងករណីចាប់ខ្លួនលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្តីពីការចាប់ខ្លួនលោកស៊ុន ចន្ទី ប្រធានគណបក្សកម្លាំងជាតិ ចុះថ្ងៃព្រហ្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា “អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ស៊ុន ចន្ទី តាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអំសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ផ្អែកតាមដីកាបញ្ជាឱ្យចូលខ្លួននេះ និងសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤, ការចាប់ខ្លួននេះ ជារឿង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ដោយបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀងនិងរើសអើង ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់ងសណ្តាប់ធ្នាប់សាធារណៈ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន ។ ដូច្នេះការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេសគឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រម្ពុជា។ ការចាប់ខ្លួនដោយស្របតាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាម្នាក់ដែលប្រព្រឹត្តល្មើស គឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ ហើយការអនុវត្តច្បាប់នេះ ត្រូវធ្វើទៅលើបុគ្គលគ្រប់រូបដោយស្មើភាពគ្នា ដោយមិនមានបុគ្គលណាម្នាក់អាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស, អង្គការសង្គមស៊ីវិល ឬគណបក្សនយោបាយណាមួយ ដើម្បីរួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះបទល្មើសព្រហ្មទណ្ឌដែលខ្លួនបានប្រព្រឹត្តនោះទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ បុគ្គលគ្រប់រូប មានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ក្នុងការការពារខ្លួនតាមផ្លូវតុលាការ ដោយរួមទាំងសិទ្ធិក្នុងការពឹងពាក់មេធាវី។ រីឯការសម្រេចយ៉ាងណា គឺអាស្រ័យទៅលើការស៊ើបអង្កេតរបស់តុលាការ ដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភ័ស្តុតាង ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ «ថ្កោលទោស” ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែលគណបក្សនេះ គប្បីពិនិត្យពិចារណាឡើងវិញ ក្នុងការប្រើប្រាស់ពាក្យពេចន៍សមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ“ ។

សូមបញ្ជាក់ថា ការចេញសេចក្ដីថ្លែងការណ៍ របស់ក្រសួងយុត្តិធម៌ ប្រតិកម្មនឹងពាក្យថ្កោលទោស របស់គណបក្សកម្លាំងជាតិ ខាងលើនេះ បានធ្វើឡើងក្រោយពីគណបក្សកម្លាំងជាតិ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចាប់ខ្លួនលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិ រាជធានីភ្នំពេញ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន ។

គណបក្សកម្លាំងជាតិ បានចាត់ទុកការចាប់ខ្លួនលោកស៊ុន ចន្ធី គឺជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ។ បន្ថែមលើនេះ គណបក្សកម្លាំងជាតិ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ឲ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយបាយសម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ជាមួយគ្នានោះដែរ គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានសេចក្ដីអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោកស៊ុន ចន្ធី និងដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ។

សេចក្ដីអំពាវនាវ របស់គណបក្សភ្លើងទៀន ចុះថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ មានខ្លឹមសារថា «គណបក្សភ្លើងទៀន មានការសោកស្តាយ ក្រោយពីទទួលបានព័ត៌មានថា លោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ឃាត់ខ្លួននៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំឡុងពេលលោកត្រឡប់មកពីប្រទេសជប៉ុន។

គណបក្សភ្លើងទៀន យល់ឃើញថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី គឺជារឿងនយោបាយ និងជាការបង្ហាញនូវរូបភាពបំភិតបំភ័យនិងគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិនយោបាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្មារតីប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមសកម្មភាពនយោបាយ ជាពិសេសជាមួយគណបក្សប្រឆាំង និងជាការធ្វើឱ្យបរិយាកាសនយោបាយមុនការបោះឆ្នោតជ្រើសរើសក្រុមបឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២២០៤ កាន់តែភាពអាប់អួថែមទៀត ។

គណបក្សភ្លើងទៀន អំពាវនាវយ៉ាងទទួចដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោកស៊ុន ចន្ធី និងដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ និងបញ្ឈប់រាល់ការឃាត់ខ្លួន ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាព មកលើអ្នកនយោបាយ ជាពិសេសអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំង ក្រោមហេតុផលសម្តែងមតិ ដើម្បីធានាដល់ការអនុវត្តសិទ្ធិនយោបាយ និងធានាបរិយាកាសល្អប្រសើរ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខឱ្យត្រឹមត្រូវនិងយុត្តិធម៌“ ។

គួរបញ្ជាក់ថា មេបក្សកម្លាំងជាតិ លោកស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពេលលោកវិលមកពីប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។

ការឃាត់ខ្លួនលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពីសំណាក់សមត្ថកិច្ច បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលរខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យលោកមកបង្ហាញខ្លួននៅការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសាកសួរពីដំណើររឿង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។

ក្រោយការឃាត់ខ្លួនលោកស៊ុន ចន្ធី អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៤ បញ្ជាក់ថា ករណីឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ទី សមត្ថកិច្ចអនុវត្តដោយទទួលបានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៨៨ អ.យ.ក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយនៅវេលាម៉ោង ០៩:០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្រព្រឹត្តតាមរយៈបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរក្នុងសង្គម ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ទោះយ៉ាងណា លោក ជា មុនី អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ ដែលបានរួមដំណើរជាមួយលោកស៊ុន ចន្ធី ទៅប្រទេសជប៉ុន បានបញ្ជាក់ថា ការចាប់ខ្លួនលោកស៊ុន ចន្ធី បានធ្វើឡើងដោយសមត្ថកិច្ចមិនបានបង្ហាញដីកា និងប្រាប់ពីបទល្មើសអ្វីទាំងអស់។ តាមលោក ជា មុនី លើកឡើងថា ការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិ នេះ មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ច្រើនជាងបញ្ហាផ្សេងៗទៀត៕ កុលបុត្រ

RELATED ARTICLES