សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារព័ត៌មានបរទេស រាយការណ៍ថា លោករីឆាដ ស្លេម៉ែន (Richard Sleman) ជន ជាតិអាមេរិក អាយុ៦២ឆ្នាំ មានជំងឺតម្រងនោមដំណាក់កាលចុងក្រោយ មុនពេលគាត់ទទួលការវះកាត់ប្តូរក្រ លៀន (តម្រងនោម) ជ្រូក ដែលត្រូវបានកែប្រែហ្សែន កាលពីខែមីនា កន្លងទៅនេះធ្វើឱ្យគាត់ក្លាយជាមនុស្ស ដំបូងគេដែលបានទទួលការប្តូរក្រលៀន ពីសត្វជ្រូក។

ទោះយ៉ាងណា នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ មន្ទីរពេទ្យ Massachusetts General Hospital (MGH) ដែលធ្វើការប្តូរក្រលៀនរបស់លោករីឆាដ ស្លេម៉ែន បានទម្លាយដំណឹងអាក្រក់ថា គាត់បានស្លាប់ ហើយពួកគេសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់ភ្លាមៗរបស់លោករីឆាត ។ ប៉ុន្តែពួកគេបានសង្កត់ធ្ងន់ថា ពួកគេមិនបានរកឃើញអ្វីដែលបញ្ជាក់ថា ការស្លាប់របស់លោករីឆាដ គឺជាលទ្ធផលនៃការវះកាត់នេះទេ។ បន្ថែមពីលើជំងឺតម្រងនោម លោករីឆាដ ក៏ទទួលរងជំងឺទឹកនោមផ្អែម ប្រភេទទី២ និងជំងឺលើសឈាម ផងដែរ។ គាត់ក៏បានទទួលការប្តូរក្រលៀនមនុស្ស នៅឆ្នាំ២០១៨ ប៉ុន្តែក្រលៀនរបស់គាត់បានចាប់ផ្តើមបរាជ័យ បន្ទាប់ពីប្រាំឆ្នាំ។

ជោគជ័យនៃការវះកាត់តម្រងនោមជ្រូក ដែលបានកែប្រែហ្សែន សម្រាប់លោករីឆាដ ត្រូវបានសាទរជាព្រឹត្តិការ ណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ ដែលផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺតម្រងនោម ជុំវិញពិភពលោក កំពុងរង់ចាំសរីរាង្គដែលបានបរិច្ចាគ ដែលតិចជាងចំនួនអ្នកជំងឺ។ បន្ទាប់ពីការវះកាត់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ គ្រូពេទ្យបានកំណត់ថា លោករីឆាដ លែងត្រូវការលាងឈាមទៀតហើយ ហើយតម្រងនោមថ្មីរបស់គាត់ ដំណើរការល្អ។
គ្រូពេទ្យជំនាញ និយាយថា “លោករីឆាដ នឹងក្លាយជាសញ្ញានៃក្តីសង្ឃឹមជារៀងរហូតសម្រាប់អ្នកជំងឺរាប់មិន អស់ នៅជុំវិញពិភពលោក ដែលកំពុងរង់ចាំការប្តូរសរីរាង្គ ហើយយើងមានអំណរគុណយ៉ាងខ្លាំងចំពោះការជឿជាក់និងឆន្ទៈរបស់គាត់។ យើងកំពុងធ្វើការដើម្បីជំរុញវិស័យនៃការប្តូរសរីរាង្គ ពីសត្វ ទៅមនុស្ស។

ក្រៅពីលោករីឆាដ មានព័ត៌មានថា ពិភពវេជ្ជសាស្រ្ដបានព្យាយាមប្តូរសរីរាង្គពីជ្រូក មកមនុស្សពីរដង រួមទាំងបេះដូងជ្រូកផងដែរ ប៉ុន្តែអ្នកជំងឺទាំងពីរ បានស្លាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃជំងឺនេះ ដោយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺម្នាក់ បដិសេធសរីរាង្គថ្មី ដែលនេះគឺជាហានិភ័យទូទៅក្នុងការប្តូរសរីរាង្គ៕