Saturday, July 27, 2024
Homeសង្គម និងជីវិតចាប់ផ្សឹកចៅអធិការ គ្រូសូត្រស្តាំ បួសបំផ្លាញសាសនា ជក់ថ្នាំញៀនក្នុងវត្ត

ចាប់ផ្សឹកចៅអធិការ គ្រូសូត្រស្តាំ បួសបំផ្លាញសាសនា ជក់ថ្នាំញៀនក្នុងវត្ត

ខេត្តព្រៃវែង ៖ ទីអារាមមួយកន្លែង មានតែព្រះសង្ឃ ២អង្គគត់ គង់នៅ ក្នុងនោះមានព្រះចៅអធិការវត្ត ១អង្គ និងព្រះគ្រូសូត្ត្រស្តាំ ១អង្គ ស្រាប់តែក្រោយមក ព្រះសង្ឃទាំង២អង្គ បែកគំនិតបបួលគ្នាទិញថ្នាំញៀន យកមកជក់នៅក្នុងវត្ត លុះសមត្ថកិច្ចជំនាញស្រាវជ្រាវដឹង ក៏សហការជាមួយមន្ត្រីសង្ឃ ចុះចាប់ផ្សឹក រួចវាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ផ្សឹកព្រះសង្ឃសម្ងំប្រើប្រាស់គ្រឿងញៀនក្នុងវត្តនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងទីអារាមវត្តព្រៃមូល ដែលមានទីតាំងស្ថិតនៅក្នុងឃុំទទឹង ស្រុកមេសាង។

ព្រះសង្ឃទាំង២អង្គ ដែលត្រូវបានចាប់ផ្សឹក ទី១-ព្រះនាម សូ សុខា ព្រះជន្ម៦០វស្សា ជាចៅ អធិការវត្តព្រៃមូល និងទី២-ព្រះនាម ធី ម៉ាប់ ព្រះជន្ម២៧វស្សា ជាគ្រូសូត្រស្តាំ។ សង្ឃទាំង២អង្គ គង់នៅក្នុងវត្តព្រៃមូល ស្ថិតក្នុងឃុំទទឹង ស្រុកមេសាង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង កាលពីវេលាម៉ោង ១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការចាប់ឃាត់ខ្លួនព្រះសង្ឃ ចំនួន២អង្គ នៅក្នុងវត្តព្រៃមូល ស្រុកមេសាង និងដកហូតបានវត្ថុតាងថ្នាំញៀន ចំនួន៨កញ្ចប់ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ និងចែកចាយថ្នាំមួយចំនួនទៀតផង ក្រោយពីកម្លាំងជំនាញ បានប្រើប្រាស់វិធានញុះញង់ បញ្ឆោតឱ្យជនសង្ស័យបញ្ចេ ញវត្ថុតាង រួចក៏ចូលទៅបង្ក្រាបតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនព្រះសង្ឃទាំង២អង្គខាងលើ កម្លាំងជំនាញ បានធ្វើការដកហូតវត្ថុតាង ជាក់ស្តែង រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន៨កញ្ចប់ ឧបករណ៍សម្រាប់ជក់ថ្នាំញៀន មួយចំនួន ទូរស័ព្ទដៃ ៣គ្រឿង ដែកកេះ៣ និងម៉ូតូ ១គ្រឿង។

ក្រោយត្រូវបានចាប់ខ្លួន ព្រះសង្ឃទាំងពីរអង្គ ត្រូវបានចាប់ផ្សឹក រួចបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ទីអារាមវត្តព្រៃមូល មានព្រះសង្ឃ តែ២អង្គខាងលើនេះគត់ ហើយក្រោយពេលត្រូវចាប់ឃាត់ខ្លួនសង្ឃទាំងពីរ វត្តព្រៃមូល ពុំមានព្រះសង្ឃគង់នៅឡើយ ពេលនេះគណៈកម្មការសង្ឃ និងអាជ្ញាធរ កំពុងដោះ ស្រាយរកព្រះសង្ឃមកគង់បន្ត ដើម្បីឱ្យពុទ្ធបរិស័ទបានធ្វើបុណ្យ៕

RELATED ARTICLES