Saturday, July 27, 2024
Homeសង្គម និងជីវិតតាប្រពន្ធលែង ដើរវង្វេងផ្ទះ ដេកសំយាបផ្ទះគេ

តាប្រពន្ធលែង ដើរវង្វេងផ្ទះ ដេកសំយាបផ្ទះគេ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីត្រូវប្រពន្ធលែងលះមក កើតមានវិបត្តិផ្លូវចិត្ត រហូតដើរវង្វេងចេញពីផ្ទះ អស់រយៈពេល ១៥ថ្ងៃមកហើយ ដោយស្នាក់អាស្រ័យក្រោមសំយាបផ្ទះប្រជាពលរដ្ឋ និងមិនទាន់ឃើញកូនចៅតាមមករក នាំត្រឡប់ទៅផ្ទះវិញនៅឡើយ។

បុរសពោះម៉ាយនោះ  កំពុងស្នាក់អាស្រ័យនៅចំណុចសំយាបផ្ទះប្រជាពលរដ្ឋ ត្រង់ផ្លូវច្រកចូលវត្តទួលសុភា ឃួន ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសខាងលើ មានឈ្មោះផន អូន ភេទប្រុស អាយុ៦១ឆ្នាំ មានលំនៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងមានស្រុកកំណើតនៅភូមិទួលសំបូរ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានកូនចំនួន៤នាក់ (ប្រុស៣ ស្រី១)។

តាមការរៀបរាប់ខ្លះៗពីបុរសពោះម៉ាយខាងលើ បានឱ្យដឹងថា គាត់បានចាកចេញពីស្រុកកំណើត មានប្រពន្ធនៅឯខាងស្រុកអង្គស្នួល ខេត្តកណ្តាល បានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ក៏ប៉ុន្តែចុងក្រោយនេះ បានលែងលះគ្នាជាមួយប្រពន្ធ កូនៗទៅធ្វើការ ស្នាក់នៅផ្សេងៗគ្នា អស់រយៈពេលជាង២ឆ្នាំមកហើយ ធ្លាក់ខ្លួនពោះម៉ាយអភ័ព្វស្នេហ៍ រហូតដល់ខូចបាក់ទឹកចិត្ត ដោយសារវិបត្តិក្នុងគ្រួសារ ធ្លាក់ខ្លួនឈឺ ដើរវង្វេងផ្ទះ អស់១៥ថ្ងៃហើយ មកជ្រកស្នាក់អាស្រ័យក្រោមសំយាបផ្ទះប្រជាពលរដ្ឋ នៅចំណុចខាងលើ រស់ដោយសារបងប្អូនប្រជា ពលរដ្ឋ ឃើញអាណិត ជូនបាយទឹក។

រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ស្ថានភាពជំងឺរបស់បុរសចំណាស់ខាងលើ ហាក់កាន់តែដុនដាប និងមិនទាន់ឃើញកូនចៅ សាច់ញាតិមកទទួលនៅឡើយ ទើបពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ ឱ្យជួយស្រាវជ្រាវ ប្រកាសស្វែងរកកូនចៅបងប្អូន។

ជុំវិញករណីនេះ អាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់កូនចៅ ក្រុមគ្រួសារលោកតាខាងលើ សូមមកទទួលនិងនាំឪពុកវិលទៅផ្ទះវិញផង៕

RELATED ARTICLES