Monday, February 24, 2025
Homeសង្គម និងជីវិតហាងសាច់អាំង លក់លើដីខ្មែរ អត់យកលុយរៀល

ហាងសាច់អាំង លក់លើដីខ្មែរ អត់យកលុយរៀល

ខេត្តបន្ទាយមានជ័យ ៖ ហាងសាច់អាំង មួយកន្លែង ដែលបើកអាជីវកម្មរកស៊ីនៅទឹកដីខេត្តបន្ទាយមានជ័យ ជាយដែនកម្ពុជា-ថៃ ត្រូវបានមហាជនដែលធ្លាប់ចូលទៅទទួលទាន រិះគន់ជាបន្តបន្ទាប់ និងទទូចសុំឱ្យអាជ្ញាធរមានសមត្ថកិច្ច មានចំណាត់ការឱ្យបានតឹងរ៉ឹងបំផុត ដោយសារតែហាងសាច់អាំងនេះ ទទួលយកតែលុយបាត មិនយកលុយរៀល ដាច់ខាត។

ហាងសាច់អាំងដែលលក់លើដីខ្មែរ តែយកលុយថៃនេះ មានយីហោ «ម៉ៃម៉ៃ សាច់អាំង» មានទីតាំងស្ថិតនៅក្នុងបរិវេណកាស៊ីណូ ហ្គេនទីង ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីប្រជាពលរដ្ឋដែលធ្លាប់បានចូលទទូលទាននៅហាងសាច់អាំង ខាងលើ បានបញ្ជាក់ថា ហាងសាច់អាំង ម៉ៃម៉ៃ ដែលលក់យកតែលុយបាត មិនយកប្រាក់រៀលនេះ មានម្ចាស់ ជាជនជាតិឥណ្ឌូនេស៊ី ដែលទិញបើកបន្តពីម្ចាស់មុន ជាជនជាតិថៃ ហើយអ្វីដែលមហាជនរិះគន់នោះ គឺហាងមួយនេះ បើកលក់ដីទឹកដីខ្មែរ ដាក់យីហោអក្សរខ្មែរ តែមិនយកលុយខ្មែរ ទើបប្រជាពលរដ្ឋរិះគន់ សុំឱ្យអាជ្ញាធរនិងមន្ទរីជំនាញ ចុះពិនិត្យនិងមានចំណាត់ការផង។

ជុំវិញករណីខាងលើនេះ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ថា ក្រោយទទួលព័ត៌មានថា ហាងលក់សាច់អាំង ម៉ៃម៉ៃ នៅចំណុចបរិវេណកាស៊ីណូហ្គេនទីង លក់យកតែលុយបាត មិនព្រមយកប្រាក់រៀល លោក និងមន្ត្រីជំនាញ នឹងចុះទៅមើល តើជាការពិតឬយ៉ាងណា? បើសិនជាមែន នឹងធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា បើនៅបន្ត នឹងមានចំណាត់ការតាមច្បាប់ ព្រោះរយៈពេលកន្លង មន្ត្រីជំនាញបានចុះណែនាំផ្សព្វផ្សាយបានដឹងការលក់ដូរទំនិញ ត្រូវទិញលក់ជារូបបិយប័ណ្ណកម្ពុជា គឺប្រាក់រៀល។

លោកមាស បូរ៉ា ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លោកនឹងនាំមន្ត្រីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលហាងម៉ៃម៉ៃ លក់សាច់អាំង ដែលលក់ទំនិញហូបចុក មិនយកប្រាក់រៀល យកតែប្រាក់បាត ក្រោយមានការលើកឡើងពីប្រជាពលរដ្ឋមានមតិតាមបណ្តាញសង្គម បើមានពិត នឹងធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រោះកន្លងមកធ្លាប់មានម្តងមកហើយ តែមន្ត្រីជំនាញចុះណែនាំ ផ្សព្វផ្សាយអប់រំ បើនៅប្រព្រឹត្តបែបនេះទៀត នឹងមានចំណាត់ការតាមច្បាប់៕

RELATED ARTICLES