ខេត្តកំពត ៖ ក្មេងស្រីតូចម្នាក់ កើតមកមានកែវភ្នែកប្លែកខុសគេ គឺមានពណ៌ប្រាក់ ហើយអ្វីដែលកាន់តែគួរចាប់អារម្មណ៍ថែមទៀតនោះ គឺមានការល្បីតៗគ្នាមកថា ភ្នែករបស់នាងតូចនេះ នៅមានលក្ខណៈពិសេស អាចមើលឃើញអមនុស្ស (ខ្មោច ព្រាយបិសាច)) ទៀតផង ហើយជារឿយៗ នាងតូចតែងនិយាយប្រាប់ម្តាយ យាយ និងយាយទួតថា នាងបានឃើញខ្មោច ហើយពួកអមនុស្សទាំងនោះ ស្រឡាញ់ចូលចិត្ត និងឧស្សាហ៍លេងជាមួយនាង ជាញឹកញាប់។

ក្មេងស្រីភ្នែកប្រាក់ ដែលមើលឃើញខ្មោចនោះ មានឈ្មោះចាន់ ធានី អាយុ៤ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកគ្រួសារ ស្ថិតក្នុងភូមិបានៀវ ស្រុកឈូក ខេត្តកំពត។
តាមសម្តីស្ត្រីឈ្មោះអៀ រ៉េន អាយុ៥៩ឆ្នាំ ជាជីដូនរបស់ក្មេងស្រីភ្នែកប្រាក់ខាងលើ បានរៀបរាប់ប្រាប់ថា គាត់មានកូន ចំនួន៥នាក់ (ប្រុស២ ស្រី៣) ហើយក្នុងនោះ កូនស្រីរបស់គាត់ម្នាក់ (កូនស្រីទី៣) ក៏មានភ្នែកប្រាក់ម្ខាងផងដែរ លុះនាងមានប្តី បង្កើតបានកូនស្រីម្នាក់ ស្រាប់តែកូនស្រីនោះ មានកែវភ្នែកប្រាក់ ទាំងសងខាង និងអាចមើលឃើញអមនុស្ស។

ស្ត្រីជាជីដូនក្មេងស្រីភ្នែកប្រាក់ បានបន្តថា កាលពីគាត់មានផ្ទៃពោះកូនស្រីទី៣ (ម្តាយក្មេងស្រីភ្នែកប្រាក់) គាត់បានយល់សុបិនឃើញថា មានតាចាស់ម្នាក់ បានកាន់ខ្សែក ១ខ្សែ និងគជ់ ១គ្រាប់ ពណ៌ថ្លា ភ្លឺស្អាត យកមកប្រគល់មកឱ្យគាត់ លុះពេលគាត់សម្រាលកូនស្រីទី៣ ក៏ឃើញថាកូនស្រី មានភ្នែកពណ៌ប្រាក់ម្ខាង ដូចគជ់ ដែលបុរសចំណាស់ប្រគល់ឱ្យក្នុងការយល់សប្តិដូច្នោះដែរ។ លុះកូនស្រីនោះធំដឹងក្តី នាងក៏ចាប់ផ្តើមឃើញនូវហេតុភេទចម្លែកៗជាបន្តបន្ទាប់ ពិសេសបានឃើញអមនុស្ស (ខ្មោច) ចេញមកលងបន្លាច ស្ទាក់ផ្លូវនាងទៀតផង តែនាងគ្មានអារម្មណ៍ខ្លាចនោះទេ។ រហូតដល់កូនស្រីនេះ ចម្រើនវ័យដល់ ២៣ឆ្នាំ មានប្តី ក៏លែងបានឃើញហេតុការណ៍ចម្លែកៗតទៅទៀត រហូតដល់សព្វថ្ងៃ នាងមានអាយុ៣០ឆ្នាំទៅហើយ និងបង្កើតបានកូនស្រីម្នាក់ មានភ្នែកប្រាក់ទាំងសងខាងបែបនេះតែម្តង។

ចំណែកស្ត្រីជាម្តាយបង្កើតក្មេងស្រីភ្នែកប្រាក់ បានរៀបរាប់ប្រាប់ថា នាងក៏មានភ្នែកប្រាក់ម្ខាងដែរ (ភ្នែកខាងស្តាំ) ហើយភ្នែករបស់នាង មើលឃើញច្បាស់ល្អធម្មតា មិនស្រវាំង ឬមានការឈឺចាប់អ្វីសោះឡើយ ពោលគឺតាំងពីកំណើត រហូតមកដល់សព្វថ្ងៃ ភ្នែកនាងទាំងសងខាង មើលឃើញដូចគេឯងទូទៅដែរ។ កាលពីក្មេង នាងពិតជាធ្លាប់បានឃើញអមនុស្ស (ខ្មោច) ជាញឹកញាប់មែន ជួនពេលខ្លះ នាងដើរទៅមើលទូរទស្សន៍ នៅផ្ទះអ្នកជិតខាង នៅពេលយប់ ក៏ឃើញមានខ្មោចមាឌធំ អត់ក្បាល ចេញមកស្ទាក់ផ្លូវនាង មិនឱ្យទៅណាទៀតផង តែទោះបីជាឃើញខ្មោច ក៏នាងគ្មានអារម្មណ៍ខ្លាចឡើយ។ ក្រោយមក ចាប់តាំងពីនាងរៀបការប្តីរួច ស្រាប់តែនាងលែងបានឃើញអ្វីចម្លែកៗ រហូតមកដល់សព្វថ្ងៃនេះ។
ម្តាយក្មេងស្រីភ្នែកប្រាក់ បានបន្តថា កាលពីនាងពពោះកូនស្រី (ក្មេងស្រីភ្នែកប្រាក់) នាងធ្លាប់បានយល់សប្តិ ឃើញមាននារីរបាំម្នាក់ បានរាំរបាំអប្សរា ឱ្យនាងមើល រហូតដល់ចប់ ហើយនារីអប្សរានោះ បានដោះកងដៃ ១គូ មកឱ្យនាង ស្រាប់តែពេលនាងសម្រាលកូនស្រីមក ក៏ឃើញថាកូនស្រីមានភ្នែកប្រាក់ទាំងសងខាងបែបនេះតែម្តង។

ស្ត្រីជាម្តាយ បានបញ្ជាក់ថា ចាប់ពីអាយុ ៣ឆ្នាំមក កូនស្រីរបស់គាត់ បានប្រាប់នាងជាម្តាយ ព្រមទាំងយាយ និងប្រាប់យាយទួត ថានាងឃើញខ្មោច ជាញឹកញាប់ ហើយនាងក៏ជឿសម្តីកូនស្រីនេះដែរ ព្រោះកាលពីនាងនៅ ក្មេង ក៏ធ្លាប់បានឃើញដូចកូនស្រីដែរ។ កន្លងមក កូនស្រី ធ្លាប់ប្រាប់ថា នាងបានឃើញមនុស្សប្រុស មានឈាមពេញមុខ ពេលខ្លះឃើញមានឈាមហូរតាមភ្នែក និងថែមទាំងនិយាយតែឯង ប្រាប់ឱ្យគេជូតឈាមនោះចេញទៀតផង ជួនឈរសម្លឹងចុងស្នាយ និងបក់ដៃហៅគេឱ្យចុះមក ដែលសម្តីនិងកាយវិការទាំងនោះ បានធ្វើឱ្យជីដូន និងយាយទួត របស់នាង មានការភ័យខ្លាចជាខ្លាំង និងចេះតែប្រាប់ថា កុំចេះតែនិយាយផ្តេសផ្តាសចៅ តែនាងបានឆ្លើយប្រាប់វិញថា នាងឃើញមែន ហើយពួកអមនុស្សទាំងនោះ ស្រលាញ់ ចូលចិត្ត និងមកលេងសើចជាមួយនាងជាញឹកញាប់ មិនធ្វើអ្វីឱ្យនាងភ័យខ្លាចនោះទេ។
ក្រុមគ្រួសារក្មេងស្រីភ្នែកប្រាក់ បានបញ្ជាក់ថា អ្វីដែលពួកគាត់លើកឡើងថា កូនស្រី ចៅស្រីរបស់ពួកគាត់ ដែលមានភ្នែកប្រាក់ មើលឃើញអមនុស្ស (ខ្មោច) នេះ គឺមិនមានបំណងចង់បំផុសបំផុលឱ្យមហាជនភ្ញាក់ផ្អើល ឬ ជឿងប់ងុល ក្នុងន័យអ្វីផ្សេងនោះឡើយ គ្រាន់តែចង់ចែករំលែកនូវអ្វីដែលក្រុមគ្រួសារពួកគាត់បានជួបតែប៉ុ ណ្ណោះ តែបើអ្នកមិនជឿ ក៏សូមកុំប្រមាថ ៕