Monday, February 24, 2025
Homeសង្គម និងជីវិតតាជិះកង់លក់ពងទាកូន ទួញយំកូនបង្កើតវ៉ៃ កូនប្រសាស្រី វ៉ៃ...ក្បា...ល...នឹងស្បែកជើង

តាជិះកង់លក់ពងទាកូន ទួញយំកូនបង្កើតវ៉ៃ កូនប្រសាស្រី វ៉ៃ…ក្បា…ល…នឹងស្បែកជើង

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ មានវាសនាអភ័ព្វខុសគេ ចាប់ដៃគ្នាសាងគ្រួសារបង្កើតបានកូនដល់ទៅ ៦នាក់ ប្រឹងចិញ្ចឹមរហូតធំ ផ្សំផ្គុំឱ្យមានគ្រួសាររៀងខ្លួនអស់ រំពឹងថាចាស់ទៅបានកូនៗជួយមើលថែ ចិញ្ចឹមបីបាច់វិញ ដឹងអីបែរជាត្រូវកូនៗបោះបង់ចោល ចុងក្រោយរស់នៅជាមួយកូនប្រុសម្នាក់ដែលត្រចៀកស ជឿស្តាប់សម្តីប្រពន្ធ រហូតហ៊ានលើកដៃវាយឪពុកបង្កើតខ្លួនឯង។ ចំណែកកូនប្រសាស្រី ក៏មិនណយដែរ ហ៊ានដល់ដោះ ស្បែកជើងវាយក្បាលឪពុកក្មេកទៀតផង ជាហេតុធ្វើឱ្យតាយាយ២នាក់ប្តីប្រពន្ធ ទ្រាំមិនបាន សម្រេចចិត្តចុះចេញមករស់នៅបន្ទប់ជួល ប្រឹងរកស៊ីតាមសម្មាអាជីវោ ដោយលោកតាជាប្តី ដើរលក់ពងទាកូន តាមកង់ ចំណែកប្រពន្ធ ដើររើសអេតចាយ គ្រាន់បានប្រាក់ចិញ្ចឹមជីវិត។

តាយាយអភ័ព្វ ២នាក់ប្តីប្រពន្ធ ដែលកូនបោះបង់ចោលនេះ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលមួយកន្លែង តាមផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសម្តីលោកតាជាប្តី បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា គាត់និងប្រពន្ធ បានចាប់ដៃគ្នាសាងគ្រួសារ រាប់សិបឆ្នាំមកហើយ បង្កើតបានកូនដល់ទៅ៦នាក់ ក្នុងនោះ ប្រុស២ ស្រី៤នាក់។ កន្លងមក ពួកគាត់ចិញ្ចឹមមើលថែកូនៗ រហូតដល់ធំដឹងក្តី និងរៀបចំផ្សំផ្គុំឱ្យពួកគេមានគ្រួសាររៀងៗខ្លួនអស់ សព្វថ្ងៃខ្លះរស់នៅតាមខេត្ត ឯខ្លះទៀតរស់នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ កូនខ្លះក៏មានជីវភាពក្រខ្សត់ ខ្លះក៏សមរម្យ ប៉ុន្តែគ្មានអ្នកណាម្នាក់អាចឱ្យពួកគាត់ជាឪពុកម្តាយពឹងផ្អែកសម្រាប់ជីវិតចុងក្រោយបានឡើយ។

លោកតាអភ័ព្វ បន្តទាំងអួលដើមកថា កន្លងមក ពួកគាត់២នាក់ប្តីប្រពន្ធ ធ្លាប់រស់នៅជាមួយកូនប្រុសម្នាក់ តែកូនប្រុសនេះមិនសូវយកចិត្តទុកដាក់មើលថែពួកគាត់ជាឪពុកម្តាយឡើយ ដឹងតែផឹកស្រាស្រវឹងអួទីនួរាល់ថ្ងៃ ពិសេ សកូនប្រុសនេះជឿស្តាប់តែសម្តីប្រពន្ធគេ។ មានថ្ងៃមួយ កូនប្រសាស្រីរបស់គាត់ បានរករឿងឈ្លោះប្រកែកជា មួយគាត់ រហូតហ៊ានដោះស្បែកជើងវាយក្បាលគាត់ទៀតផង ដោយកូនប្រសាស្រីនោះ បានស្រែកគំរាមគាត់ជាឪពុកក្មេកថា “អ្ហែងម៉ោ អញវ៉ៃក្បាលអ្ហែង អាកញ្ចាស់!” ចំណែកគាត់ក៏មិនបានតបតអ្វីដែរ។ លុះយប់ ឡើង ម៉ោងប្រហែល១០យប់ កូនប្រុសបង្កើតគាត់ ទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងជោក ចូលដល់ផ្ទះភ្លាម មិនដឹងថាកុនប្រសាស្រីទូលពិតប្រាប់ប្តីយ៉ាងម៉េច ធ្វើឱ្យកូនប្រុសបង្កើតរបស់គាត់នោះខឹងសម្បា ស្ទុះមកវាយគាត់ជាឪពុកបង្កើត ដោយគ្មានហេតុផល។

បុរសចំណាស់ខាងលើ បានឱ្យដឹងទៀតថា ដោយសារតែទ្រាំរស់នៅជាមួយកូនប្រុស និងកូនប្រសាស្រី តទៅទៀតលែងបាន ទើបពួកគាត់ ២នាក់តាយាយ បានសម្រេចដឹកដៃគ្នាចុះចេញមករស់នៅបន្ទប់ជួល ប្រឹងរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង យ៉ាងលំបានវេទនា ដោយជួលផ្ទះគេស្នាក់នៅ ក្នុង១ខែ តម្លៃ៧០ដុល្លារ (គិតទាំងទឹក ភ្លើង) ហេតុនេះ ដើម្បីមានប្រាក់បង់ថ្លៃផ្ទះជួល ពួកគាត់២នាក់ប្តីប្រពន្ធ ត្រូវចែកផ្លូវគ្នាចេញរកស៊ីទាំងត្រដាបត្រដួស ដោយគាត់ជិះកង់ដើរលក់ ពងទាកូន ចំណែកប្រពន្ធ ដើររើសអេតចាយ និងក្តាមខ្យង យកទៅលក់ គ្រាន់បានប្រាក់គួបផ្សំគ្នា។

លោកតាអភ័ព្វ បានបញ្ជាក់ថា ក្នុងមួយថ្ងៃ គាត់ជិះកង់លក់ពងទាកូន បានចន្លោះពី ៣០ ទៅ៥០គ្រាប់ ដោយក្នុង ១គ្រាប់ គាត់លក់តម្លៃ ១៥០០រៀល តែពេលខ្លះលក់មិនដាច់ យកពងទាកូនទៅហូបជាមួយបាយ ជាមួយប្តីប្រពន្ធក៏មាន។

លោកតាលក់ពងទាកូន បានបញ្ជាក់ជាចុងក្រោយថា ទោះបីជាកូនប្រុសស្រីទាំង៦នាក់របស់គាត់ មិនយកចិត្តទុកដាក់ បោះបង់ពួកគាត់ទាំង២នាក់ប្តីប្រពន្ធចោល តែពួកគាត់ជាឪពុកម្តាយ មិនដែលមានចិត្តខឹងសម្បា គុំកួន ឬប្រកាន់ទោសអូសដំណើរអ្វីនឹងកូនៗនេះទេ ដោយពួកគាត់ ២នាក់តាយាយ បានចាត់ទុកថា នេះគឺជាកម្មរបស់ពួកគាត់ ដែលបានសាងមកពីជាតិមុន ទើបត្រូវលំបាកវេទនាបែបនេះ។

ជាចុងក្រោយ លោកតាអភ័ព្វ បានលើកដៃសំពះ អំពាវនាវដល់សប្បុរសជននានា ជាពិសេសឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ជួយផ្តល់ដី១ដុំ ដើម្បីគាត់និងប្រពន្ធ មានជម្រករស់នៅ មិនពិបាកជួលផ្ទះគេនៅដូច សព្វថ្ងៃ រកតែលុយបង់ថ្លៃផ្ទះជួល សឹងមិនគ្រប់ផង៕

RELATED ARTICLES