ភ្នំពេញ ៖ គណបក្សកម្លាំងជាតិ បានប្រកាសធ្វើបាតុកម្ម ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេលខាងមុខនេះ ដើម្បីទាមទារដោះលែងលោកស៊ុន ចន្ធី ប្រធានគណបក្ស ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនឃុំខ្លួន កាលពីពេលថ្មីៗនេះ ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សកម្លាំងជាតិ ចុះថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា “ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការនាយក និងថ្នាក់ដឹកនាំគណបក្សរាជធានី ខេត្ត បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ហើយអង្គប្រជុំ បានសម្រេចដូចតទៅ ៖
១. គណបក្សកម្លាំងជាតិ បន្តអនុវត្តន៍ផែនការសកម្មភាពរបស់គណបក្ស ដែលបានសម្រេចដោយគណៈកម្មាធិការនាយក និងថ្នាក់ដឹកនាំរាជធានី ខេត្ត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
២. គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មកលើគណបក្សកម្លាំងជាតិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ នាពេលខាងមុខនេះ។
៣. គណបក្សកម្លាំងជាតិ នឹងជូនដំណឹងទៅសាលារាជធានីភ្នំពេញ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អំពីការជួបជុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនគាំទ្រគណបក្ស នៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការសម្តែងមតិដោយសន្តិវិធី ទាមទារឱ្យដោះលែងលោកស៊ុន ចន្ធី ប្រធានគណបក្ស ឲ្យមានសេរីភាពឡើងវិញ ។
ជុំវិញការប្រកាសធ្វើការបាតុកម្មក្រោយបោះឆ្នោត របស់គណបក្សកម្លាំងជាតិ ខាងលើនេះ “ នគរធំ” បានព្យាយាមទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីអ្នកពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុខៈ ផងដែរ ប៉ុន្តែមិនបានសម្រេចទេ កាលពីល្ងាចម្សិលមិញ ។
សូមរំលឹកថា មេបក្សកម្លាំងជាតិ លោកស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពេលលោកវិលមកពីប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។ ការឃាត់ខ្លួនលោកស៊ុន ចន្ធី បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យលោកមកបង្ហាញខ្លួននៅការិយាល័យសន្តិសុខផ្ទៃក្នុង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសាកសួរពីដំណើររឿង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
ក្រោយការចាប់ខ្លួនមេបក្សកម្លាំងជាតិ រូបនេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា លោកស៊ុន ចន្ធី អាយុ៤៤ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយសារលោកធ្វើសកម្មភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ពេលចុះជួបជាមួយសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនៅប្រទេសជប៉ុន ហើយបានបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម បានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រ ថាមានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ តុលាការបញ្ជាក់ថា ដោយពិនិត្យឃើញថា សកម្មភាពរបស់ជនសង្ស័យស្ថិតក្នុងបទល្មើសជាក់ស្ដែង និងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងអយ្យការ បានចេញដីកាបញ្ជាឱ្យមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា ការចាប់ខ្លួនលោកស៊ុន ចន្ធី បានធ្វើឡើងប៉ុន្មានថ្ងៃមុនការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គឺជាថ្ងៃទី១ នៃការបើកយុទ្ធនាឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានគណបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែង គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការអភិវឌ្ឍសង្គមជាតិ ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ថា បរិយាកាសនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង៥ នៅថ្ងៃទី១ មានភាពរលូនល្អ មិនមានបាតុភាពអ្វីមិនល្អកើតឡើងទេ ហើយ គ.ជ.ប សង្ឃឹមថា នៅថ្ងៃបោះឆ្នោត ក៏មានបរិយាកាសល្អដូចយុទ្ធនាការឃោសនាបោះឆ្នោតនេះដែរ ។ ប៉ុន្តែយ៉ាងណា គ.ជ.ប មិនចង់ឃើញគណបក្សនយោបាយណាមួយធ្វើបាតុកម្មក្រោយបោះឆ្នោតទេ បើទោះបីផុតសមត្ថកិច្ចរបស់ គ.ជ.ប ក៏ដោយ ។
លោកហង្ស ពុទ្ធា បានមានប្រសាសន៍ថា “ បរិយាកាសនៃការចាប់ផ្ដើមឃោសនារកសំឡេងឆ្នោតរបស់គណបក្សទាំង៥ ប្រព្រឹត្តទៅដោយសុវត្ថិភាព មាននិរន្តរភាព ហើយសណ្ដាប់ធ្នាប់សង្គមក៏មានភាពល្អប្រសើរជាប្រក្រតី ។ ក្នុងនោះគណបក្សបានធ្វើការដង្ហែក្បួន គណបក្សបានចែកខិត្តបណ្ណ ជួបប្រជុំជាមួយនឹងអង្គបោះឆ្នោត ហើយនិងមានការចាក់មីក្រូបំពងសំឡេងនៅតាមទីស្នាក់ការគណបក្សផងដែរ ។ សម្រាប់ថ្ងៃទី១នេះ គឺមិនមានបាតុភាពអ្វីជាសកម្មកើតឡើង ឬក៏ជាបណ្ដឹងណាមួយនោះទេ ។ គ.ជ.ប បានបង្កលក្ខណៈស្មើភាពគ្នា ក្នុងការចាក់ផ្សាយសំឡេងរបស់តំណាងគណបក្សទាំង៥ និងបានមានមតិបកស្រាយចម្លើយនៅតាមទូរទស្សន៍ជាតិកម្ពុជា ហើយនិងតាមវិទ្យុជាតិ ព្រមទាំងតាមវិទ្យុ FM មួយចំនួន ដោយស្មើភាពគ្នា ហើយ គ.ជ.ប ក៏បានចេញសាររំលឹក សូមឲ្យគណបក្សនយោបាយទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌គណបក្សនយោបាយ ហើយនិងអនុវត្តតាមច្បាប់ជាតិ នីតិវិធីនៃការបោះឆ្នោត “ ។
លោកហង្ស ពុទ្ធា បានមានប្រសាសន៍បន្តថា “ ចំពោះការប្រកាសធ្វើបាតុកម្មក្រោយការបោះឆ្នោត របស់គណបក្សកម្លាំងជាតិ ទី១ មេគណបក្សរបស់គាត់ មិនបានចុះឈ្មោះជាសមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ ជាបេក្ខជននៅក្នុងភូមិសាស្រ្តណាមួយនោះទេ ហើយទិ២ សកម្មភាពនៃការធ្វើបាតុកម្ម អាហ្នឹងតែផ្អែកទៅលើច្បាប់ដែលមិនមែនជាដែនសមត្ថកិច្ចរបស់ គ.ជ.ប ទេ បើគាត់ប្រកាសថា នៅក្រោយបោះឆ្នោត អាហ្នឹងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងច្បាប់ដែលមានជាធរមាន ។ សម្រាប់ គ.ជ.ប គឺចាត់ចែងគ្រប់គ្រងពេលវេលា នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតនេះ ។ គ.ជ.ប បានផ្ដល់ឱកាសស្មើគ្នាសម្រាប់គណបក្សនយោបាយ អ៊ីចឹង គ.ជ.ប ចង់ឲ្យតែមានការបោះឆ្នោតហ្នឹងប្រព្រឹត្តទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ហើយអបអរដល់គណបក្សនយោបាយដែលបានចូលរួម“ ៕ កុលបុត្រ