Tuesday, January 21, 2025
Homeព័ត៌មានជាតិគណបក្សឆន្ទៈខ្មែរ ទាមទារដោះលែងសកម្មជន

គណបក្សឆន្ទៈខ្មែរ ទាមទារដោះលែងសកម្មជន

ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតគណបក្សភ្លើងទៀន និងជាគណបក្សដែលមានឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងអាណត្តិទី៤ ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីថ្លែងការណ៍ ទាមទារដោះលែងសកម្មជនរបស់ខ្លួន ចំនួន៥រូប ដែលត្រូវបានចាប់ឃុំខ្លួន ។

សេចក្តីថ្លែងការណ៍ របស់គណបក្សឆន្ទៈខ្មែរ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា “ ក្នុងរយៈពេលថ្មីៗនេះ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណបក្សឆន្ទៈខ្មែរ ចំនួន៥រូប ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនជាបន្តបន្ទាប់។ បេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ទាំង៥រូប ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន រួមមាន៖

១-លោក ដាង ប៊ុនហាក់ បេក្ខជនលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញ

២-លោក ភូ សុវណ្ណថា បេក្ខជនលេខរៀងទី១ មណ្ឌលខេត្តបាត់ដំបង

៣. លោក សាន សឿង បេក្ខជនលេខរៀងទី៥ មណ្ឌលខេត្តកំពង់ចាម

៤-លោក យិន ភាជ បេក្ខជនលេខរៀងទី៣ មណ្ឌលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង

៥-លោក ស៊ី មាន បេក្ខជនលេខរៀងទី៤ មណ្ឌលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គណបក្សឆន្ទៈខ្មែរ សង្កេតឃើញថា នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ ក្រៅពីការចាប់ខ្លួនបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ក៏នៅមានសកម្មភាពអូសទាញ បំភិតបំភ័យ និងគំរាមកំហែងតាមគ្រប់រូបភាវាទៅលើអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត មកពីគណបក្សភ្លើងទៀន ថែមទៀតផង ។

គណបក្សឆន្ទៈខ្មែរ យល់ឃើញថា សកម្មភាពខាងលើនេះ បានជះឥទ្ធិពលមិនល្អដល់បរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុននេះ ។

គណបក្សឆន្ទៈខ្មែរ ចង់ឃើញការអនុវត្តសិទ្ធិសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវបានគោរព និងលើកស្ទួយយ៉ាងខ្លាបខ្លួន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

គណបក្សឆន្ទៈខ្មែរ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ និងបញ្ឈប់នូវរាល់សកម្មភាពអូសទាញ បំភិតបំភ័យ និងគំរាមកំហែងតាមគ្រប់រូបភាព មកលើបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោត មកពីគណបក្សភ្លើងទៀន ព្រមទាំងទម្លាក់ចោលទាំងស្រុងនូវរាល់បទចោទមកលើបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ដើម្បីធានាបរិយាកាសល្អប្រសើរសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង និងពីគ្រប់ភាគីពាក់ព័ន្ធ“ ។ 

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចប្រមាណ៨នាក់បានចូលទៅចាប់ខ្លួន លោក ដាង ប៊ុនហាក់ អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន និងបច្ចុប្បន្នជាតំណាងបក្សឆន្ទៈខ្មែរក្នុងមណ្ឌលរាជធានីភ្នំពេញ នៅឯផ្ទះរបស់លោកក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជាធានីភ្នំពេញ ដោយពុំមានដីកា។ ប៉ុន្តែនៅល្ងាចថ្ងៃទី០៥ មេសា ដដែល ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺជុំវិញការចាប់ខ្លួនលោក ដាង ប៊ុនហាក់ និងដោយបានច្រានចោលរាល់ការចោទប្រកាន់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន ដែលថា ការចាប់ខ្លួនតំណាងបក្សឆន្ទៈខ្មែរ ជាការបំភិតបំភ័យដល់សកម្មជននយោបាយ។ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការចាប់ខ្លួនតំណាងរបស់បក្សឆន្ទៈខ្មែរ គឺធ្វើឡើងតបតាមបណ្តឹងរបស់បុគ្គលឈ្មោះ ម៉ែន ស្រីទូច និង ទូច សំអុល ដែលប្តឹងលោក ដាង ប៊ុនហាក់ ពីបទក្លែងបន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការចុះឈ្មោះពួកគេចូលក្នុងបញ្ជីបេក្ខជនបម្រុងជ្រើសរើសក្រុមបឹក្សាខណ្ឌមានជ័យ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន។

ចំណែកប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តបាត់ដំបង លោក ភូ សុវណ្ណថា ត្រូវបានតុលាការខេត្តបាត់ដំបង សម្រេចឃុំខ្លួន ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមបណ្តឹងរបស់មន្រ្តីម្នាក់ នៃគណបក្សប្រជាជនកម្ពុជា។ លោក ភូ សុវណ្ណថា គឺជាបេក្ខជនលេខរៀងទី១ ខេត្តបាត់ដំបង មកពីគណបក្សឆន្ទៈខ្មែរ ដែលជាបក្សសម្ព័ន្ធរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្តទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បញ្ជាក់ថា ការឃាត់ខ្លួននិងឃុំខ្លួនលោកភូ សុវណ្ណថា ធ្វើឡើងបន្ទាប់ពីតុលាការបានទទួលពាក្យបណ្តឹងរបស់លោក ឌឹម សារឿន អតីតមន្រ្តីគណបក្សភ្លើងទៀន ដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំមុន។ តុលាការ បន្ថែមថា មានភស្តុតាងគ្រប់គ្រាន់ និងស៊ីចង្វាក់ដែលអាចសន្និដ្ឋានបានថា លោកភូ សុវណ្ណថា ពិតជាអ្នកយករូបថតរបស់លោក ឌឹម សារឿន ទៅបង្ហោះជាសាធារណៈតាមបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ដោយបានសរសេរនូវខ្លឹមសារក្នុងចេតនាញុះញង់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម និងគុំកួនដល់លោក ឌឹម សារឿន។ ដូច្នេះដើម្បីធានានូវសិទ្ធិស្របច្បាប់របស់បុគ្គល និងដើម្បីបង្ការបទល្មើសកុំឱ្យកើតឡើងជាថ្មី ព្រមទាំងដើម្បីកុំឱ្យមានវឹកវរដែលនាំឱ្យប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងភាពថ្លៃថ្នូររបស់បុគ្គលដែលកើតចេញពីបទល្មើសដែលបានប្រព្រឹត្ត អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនជននេះ និងធ្វើការចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការតាមច្បាប់ ។

ចំណែកលោក សាន សឿង ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៥ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត, លោក យិន ភាជ បេក្ខជនលេខរៀងទី៣ មណ្ឌលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងលោក ស៊ី មាន បេក្ខជនលេខរៀងទី៤ មណ្ឌលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវសមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារ តាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូងខេត្ត ៕ កុលបុត្រ

RELATED ARTICLES