ភ្នំពេញ ៖ បុរសជាជាងថតរូបមង្គលការម្នាក់ បានអះអាងថា ក្រុមជាងថតរបស់ខ្លួនត្រូវបានឱ្យទៅថតរូបនិងវីដេអូ ក្នុងពិធីមង្គលការមួយ ហើយបើគិតមកដល់ពេលនេះ មានរយៈពេល ១ឆ្នាំ ទៅហើយ ម្ចាស់ដើមការពីរនាក់ប្តីប្រពន្ធនោះ មិនព្រមទទួលយករូបថត និងប្រគល់លុយថ្លៃថតរូប ឱ្យក្រុមជាងឡើយ ដោយចេះតែព្យា យាមរកលេសដោះសា ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រកការពិតមិនឃើញ រហូតដល់គាត់ជាជាងថតរូប ទ្រាំលែងបាន សម្រេចចិត្តដុតរូបថតមង្គលការមួយអាល់ប៊ុម នោះចោលតែម្តង។

បុរសជាជាងថតរូបនោះ ឈ្មោះ តាំង ហេង បានបង្ហោះឃ្លីបវីដេអូ ដុតរូបថតមង្គលការដែលមិមឲ្យលុយថ្លៃថតរូបនោះចោល ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់មហាជន ចែករំលែកព្រោងព្រាត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ជាមួយសំណេរថា “បងប្អូនមើលទៅ រូបសម្ជស្សស្អាតណាស់ ល្បិចបោកដល់កំពូលហើយ គេថតចប់ គេសុំលុយកក់ ថាមិនអីទេ ផ្ទះខ្ញុំនៅណឹងទេ។ ចាំស្អែកខ្ញុំផ្ញើតាមវីងឱ្យ រយៈពេល ១ឆ្នាំមកហើយ តេទៅមិនលើក ទៅដល់ផ្ទះ ភរអស់មួយពូជ…”។

ជាមួយនេះ បុរសជាជាងថតខាងលើ បានបង្ហាញរូបថតគូស្វាមីភរិយាមួយគូ ដែលភាគីកូនកំលោះ មានឈ្មោះ ហ.ម.ន ចំណែកភាគីកូនក្រមុំ មានឈ្មោះ ម.ស.ម រៀបមង្គលការថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយរៀបរាប់ថា “បងប្អូនមើលទៅនេះ ប្តីប្រពន្ធ ២នាក់នេះ ហៅគេថតរូបហើយ គេយករូបថតទៅឱ្យ ថាថ្ងៃនេះ ថ្ងៃនោះ រយៈពេល ១ឆ្នាំហើយ នេះរយៈពេល១ឆ្នាំហើយ ទៅជួបប្រពន្ធ ប្រពន្ធថាថ្ងៃនេះចាំយកមកឱ្យបង យកទៅថ្ងៃនេះ ហើយតេទៅ ឱ្យក្មេងលើក ហើយទៅជួបម្តាយ ម្តាយកាន់ធម៌វិញ សន្យាជាមួយខ្ញុំ លើកចុងក្រោយ អូន ថ្ងៃចន្ទ យកមក ចាំអ៊ំយកលុយទុកឱ្យ។ ថ្ងៃចន្ទយកមក អត់ឱ្យលុយគេ ឱ្យគេទុកលុយនៅផ្ទះ ឱ្យគេថ្ងៃចន្ទមកយក ដល់ហើយ គេយករូបវិញ ថ្ងៃចន្ទ យកមក ថ្ងៃចន្ទ តេទៅ ថ្ងៃនេះ ថ្ងៃនោះ ឥឡូវកុំឱ្យខាងក្រុមការងារជាងថតហត់តេទៅ និងខ្ជិលទៅដល់ផ្ទះ ២-៣ដង ឥឡូវយើងបូជាទៅណោះ យើងបូជាទៅ យើងកាប់ចិញ្ច្រាំវាហើយ យើងដុតទៅ កាប់ចិញ្ច្រាំ ដុតទៅ »។

ជាងថតរូបខាងលើ បន្តថា «គេរៀបចំទុកឱ្យហើយៗនេះ សុទ្ធតែស្រស់ស្អាតណាស់ គេអួតគេកូនកំលោះ អួតថាគេធ្វើការមន្ត្រីរាជការ គេមិនខ្វះលុយឱ្យទេ អាណិតដែលភ្ញៀវគាត់ចូលរួមកម្មវិធីមង្គលការជាមួយទៀត ដុតរូបគេ ដែលគេ អត់ដឹងអី គេខំប្រឹងចូលរួមមង្គលការយើង គេឱ្យតម្លៃកិត្តិយសយើង តែឥឡូវយើងកុំទៅកាប់ ចិញ្ច្រាំរូបភ្ញៀវ យើងកាប់ចិញ្ច្រាំតែរូបបុគ្គលម្នាក់ភូតកុហកយើងទៅ។ នែ! សុទ្ធតែទៅស្បថស្បែនោវត្តវិហារសួគ៌អីត្រឹមត្រូវរបស់គាត់ណា គាត់រៀបចំធ្វើត្រឹមត្រូវ តែអត់ដឹងថា ចរិតគាត់អ៊ីចឹងសោះ ប្រហែលជាគាត់មានប្រវត្តិ ស្អីពីមុនមកដែលអាក្រក់មក ដែលការគាត់នាំគ្នាទៅស្បថ ទៅស្បែ ឱ្យព្រះអង្គជួយ។ ស្អាតៗណាស់រូប ឆាតទៅ គាត់ក៏មិនចូលមើល តេទៅគាត់ៗមិនចូលស្តាប់ ហ្នឹងហើយ ។ ឥឡូវខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិន ខ្ញុំរៀបចំបង្កាត់ភ្លើងដុត។ អរគុណច្រើន ហើយកុំខឹងក្រុមការងារជាងថត ថាចិត្តឆេវឆាវ ដុតរូបគេដុតអ៊ីចឹងណា សាមីខ្លួនគាត់គាត់ដឹងខ្លួនឯងគាត់ហើយ គេតេមកប៉ុន្មានដង គាត់មិនលើកទូរស័ព្ទ គេឆាតទៅ ប្រាប់ហើយ គាត់ចូលមើលហើយ មិនឆ្លើយតប មិនអី នែ! អាណិតដែលគាត់ហៅគេមកកំដរទៀតណា គេអត់ដឹងអី…”។

បន្ទាប់ពីនិយាយរៀបរាប់ដូចខាងលើរួច ជាងថតរូបដដែល បានបង្ហោះឃ្លីបវីដេអូ មួយទៀត បង្ហាញពីការដុតរូបថតមង្គលការប្តីប្រពន្ធខាងលើនោះចោល ដោយយករូបថតម្តងមួយសន្លឹកៗ មកដុតលើចង្ក្រានភ្លើងបណ្តើរ និយាយបណ្តើរថា “នេះសព សពគាត់២នាក់ ខាងប្រុស តេអត់លើកទេ ឆាតចូលមើលហើយ អត់ស្តាប់ ហើយខាងស្រី ទៅជួប សន្យា ប៉ុន្តែសន្យាថ្ងៃនេះ ថ្ងៃនោះ ឥឡូវបូជាគាត់ទៅ គាត់បានចែកឋានទៅហើយ បូជាគាត់ឱ្យគាត់ទៅកន្លែងភពថ្មី សូមបូជា គាត់សន្យា គាត់បោកប្រាស់គេ ឱ្យគេទៅរៀបចំមង្គលការឱ្យគាត់ ថតដើម្បីគាត់មានមុខមានមាត់ ហើយដល់រួចហើយ គាត់អត់យករូបគេ ហើយឆាតទៅ មិនចូលស្តាប់ ចូលស្តាប់ហើយ មិនឆ្លើយតប មិនឆ្លើយតបហើយ មិនលើកទូរស័ព្ទគេតេទៅទៀត។ ទៅជួបខាងប្រពន្ធសន្យាថ្ងៃនេះ ថ្ងៃនោះៗ ហើ យឥឡូវទៅហើយនេះ សូមបូជា សូមជូនដំណើរឱ្យបានក្តីសុខ ក្តីចម្រើន ឱ្យអ្នកឯងទៅៗៗ រូបសើចញញឹមស្អាតណាស់ ទៅៗ សើច ញញឹមស្អាត បូជាហើយ បូជាសព អ្នកភូតភរ អ្នកភូតភរកុហក អ្នកដើរបោកប្រាស់គេ រៀបចំមង្គលការ ឱ្យជ្រះចង្រៃ រកស៊ីហេងៗ មានអង្ករ មានអំបិលជូនដំណើរតាមផ្លូវ ទើបចងដៃហើយ បានលុយច្រើនណាស់ ដឹងយកលុយទៅណាទេ មិនឱ្យលុយថ្លៃរូបថតគេ ទើបចងដៃហើយ លុយទាំងដុំៗ មិនដឹងយកលុយទៅណាទេ អត់ឱ្យថ្លៃរូបថតគេ ទៅក្រុមគ្រួសារភូតភរមួយពូជ…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនកូនកំលោះក្រមុំខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕
