Tuesday, January 21, 2025
Homeព័ត៌មានជាតិក្រុមអ្នកតស៊ូមតិ ស្នើរាជរដ្ឋាភិបាលកម្ពុជា ពិចារណា៤ចំណុច លើគម្រោងព្រែកជីកហ្វូណនតេជោ

ក្រុមអ្នកតស៊ូមតិ ស្នើរាជរដ្ឋាភិបាលកម្ពុជា ពិចារណា៤ចំណុច លើគម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ ក្រុមអ្នកតស៊ូមតិកម្ពុជា បានចេញសេចក្តីវិភាគ ស្តីពីភាពចម្រូងចម្រាសនៃគម្រោងព្រែកជីកហ្វូណន “មួយគីឡូម៉ែត្រ តម្លៃជិត ១០លានដុល្លារអាមេរិក” ដោយបានលើកឡើងថា សម្ដេចហ៊ុន សែន និងសម្ដេចហ៊ុន ម៉ាណែត បានយកគម្រោងជីកព្រែកនេះ មកធ្វើយុទ្ធនាការជាតិនិយម ខណៈដែលមន្ត្រីរាជការ និងពលរដ្ឋមួយចំនួនបានបង្ហាញនូវការគាំទ្រជំហររបស់សម្ដេចហ៊ុន សែន ដោយពួកគេគិតថា អ្វីដែលសម្ដេចហ៊ុន សែន បានប្រកាសនោះ គឺជាជំហរជាតិនិយមពិតប្រាកដ។ ប៉ុន្តែផែនការរបស់សម្ដេចហ៊ុន សែន និងរដ្ឋាភិបាល ដឹកនាំដោយសម្ដេចហ៊ុន ម៉ាណែត ក្នុងការជីកព្រែកនេះ គឺជាការផ្តេកផ្តួលទាំងស្រុងលើប្រទេសចិន។ ជាមួយនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា បានអំពាវនាវ ៤ចំណុច ក្នុងនោះមានដូចជា សុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាអនុវត្តគម្រោងព្រែក តាមនីតិវិធីដែលកំពុងមានសុពលភាព ជាដើម ។

សេចក្ដីវិភាគ របស់ក្រុមអ្នកតស៊ូមតិកម្ពុជា (CAMBODIAN ADVOCACY TEAM (CAT) ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ដីពី “ភាពចម្រូងចម្រាសនៃគម្រោងព្រែកជីកហ្វូណន មួយគីឡូម៉ែត្រតម្លៃជិត ១០លានដុល្លារអាមេរិក” មានខ្លឹមសារថា “ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ប្រមាណ២០ថ្ងៃ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់អាណត្តិទី៧ មក ជាពិសេស នាដើមឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ចេញព័ត៌មានបន្តបន្ទាបអំពីតម្រោងផ្លូវទឹកថ្មីមួយ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

តាមសេចក្តីប្រកាស និងការពន្យល់របស់តំណាងគណបក្ស  CPP ដែលមានលោក ហ៊ុន សែន និងកូនប្រុសគាត់ គឺលោក ហ៊ុន ម៉ាណែត ព្រមទាំងអ្នកហែហមមួយចំនួន ដូចជា លោក ស៊ុន ចាន់ថុល ជាដើម បានឲ្យដឹងថា ៖ ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ គឺជាផ្លូវទឹកដែលមានទទីងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រវែង ៨០ម៉ែត្រ និងជម្រៅទឹក៥,៤ម៉ែត្រ (ជម្រៅនាវាចរ ៤,៧ម៉ែត្រ  និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) ដោយមានផ្លូវនាវាចរចំនួន ២គន្លង ដែលអាចចេញចូល និងចៀសគ្នាបានដោយសុវត្តិភាព។ គម្រោងនេះ មានតម្លៃវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក និងអាចដំណើរការទៅបានដោយគ្មានបង្កផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ ។ គម្រោងព្រែកជីកហ្វូណនតេជោ  គឺជាគម្រោងមួយដែលមានការសិក្សារួមរវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ ចំនួន ៤២នាក់ ហើយការសិក្សាត្រូវបានធ្វើឡើងទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ គម្រោងនេះមិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ ដែលត្រូវបានប្រើប្រាស់តាំងពី ២ពាន់ឆ្នាំមុនមកម៉្លេះ។ ដូច្នេះការអភិវឌ្ឍគម្រោងនេះ គឺគ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាដែលមានចំណុះ ៣ពាន់តោន អាចធ្វើចរាចរបានតែប៉ុណ្ណោះ។ គម្រោងដែលអាចអនុញ្ញាតឱ្យនាវាចំណុះ ៣ពាន់តោនធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី ២១% ទៅ ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។          

ក្រោយពីស្ដាប់ និងតាមដានតាមរយៈព័ត៌មានទាក់ទងនឹងគម្រោងជីកព្រែកនេះ យើងសង្កេតឃើញមានក្រុមជំទាស់ ក្រុមគាំទ្រ និងក្រុមស្ងៀមស្ងាត់។ ក្រុមអ្នកអ្នកជំទាស់ គឺស្របនឹងប្រទេសវៀតណាមដែរ ដែលប្រឆាំងនឹងគម្រោងជីកព្រែកនេះ។ រីឯលោកហ៊ុន សែន និងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត បានយកគម្រោងជីកព្រែកនេះ មកធ្វើយុទ្ធនាការជាតិនិយម។ មន្ត្រីរាជការ និងពលរដ្ឋមួយចំនួន បានបង្ហាញនូវការគាំទ្រជំហរបស់លោក ហ៊ុន សែន ដែលប្រកាសប្រឆាំងនឹងការជំទាស់ប្រទេសវៀតណាមនោះ ដោយពួកគេគិតថា អ្វីដែលលោក ហ៊ុន សែន បានប្រកាសនោះ គឺជាជំហរជាតិនិយមពិតប្រាកដ ។ ប៉ុន្តែផែនការបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការជីកព្រែកនេះ គឺជាការផ្តេកផ្តួលទាំងស្រុងលើប្រទេសចិន។ រីឯពេលរដ្ឋខ្មែរភាគច្រើន គឺនៅរក្សាភាពស្ងៀមស្ងាត់ ។ លោក ហ៊ុន សែន និងកូនប្រុសរបស់គាត់ បានស្វះស្វែងរកការគាំទ្រពីប្រទេសចិន និងប្រទេសឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៃប្រទេសទាំងពីរនេះ កាលពីថ្ងៃទី២៣ និង ២៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ។ ជាក់ស្ដែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ លោក ហ៊ុន សែន បានស្នើសុំការគាំទ្រពីប្រទេសចិន លើការជីកព្រែកនេះ។ ក៏ប៉ុន្តែរហូតដល់ពលនេះ ទាំងរដ្ឋាភិបាលចិន ក្រុមហ៊ុនចិន នៅមិនទាន់មានគម្រោងការបញ្ជាក់ ឬគ្រោងចុះកិច្ចសន្យាសាងសង់គម្រោងនេះជាផ្លូវការនៅឡើយទេ ។

មតិជាតិ អន្តរជាតិ មានសំណួរជាច្រើនអំពីគម្រោងព្រែកជីកនេះ ដូចជា តើគម្រោងនេះបង្កើតនៅពេលណា?  អ្នកណាជាអ្នកបង្កើត? អ្នកណាជាអ្នកដាក់ឈ្មោះ?  តើមានការសម្រេចពីរដ្ឋសភា ដែលជាតំណាងរបស់ប្រជាពលរដ្ឋដែរឬទេ? តើមានការដេញថ្លៃជាសាធារណៈ តាមច្បាប់ឬទេ? តើតម្លៃ ១៧០០លានដុល្លារ សម្រាប់គម្រោងនេះ ថ្លៃឬថោក ហើយបានចំណូលប៉ុន្មានពីការជីកព្រែក និងដំណើរការ BOT នេះ? តើអាចមានអំពើពុករលួយដែរឬទេ?

តើគម្រោងព្រែកជីក ត្រូវបានបង្កើតឡើងនៅពេលណា?

យើងមិនមានឯកសារផ្លូវការណាមួយ បានបញ្ជាក់អំពីគម្រោងព្រែកជីកនេះទេ។ ក៏ប៉ុន្តែព័ត៌មាននានាកន្លងមក បានលើកឡើងថា គម្រោងព្រែកជីកនេះ ត្រូវបានផ្តួចផ្តើមដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលនៅជានាយករដ្ឋមន្ត្រីទី១ ក្នុងនីតិកាលទី១ នៃរដ្ឋសភា ក៏ប៉ុន្តែមានការជំទាស់ ហើយក៏ស្ងាត់ រហូតដល់មុនបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣ នឹងដើមឆ្នាំ ២០២៤ នេះ ទើបលោក ហ៊ុន សែន និងកូនប្រុសរបស់គាត់ គឺលោកហ៊ុន ម៉ាណែត បានធ្វើយុទ្ធនាការជាសាធារណៈក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី អំពីជីកព្រែកជីកនេះ ដែលប្រវែង ១៨០គីឡូម៉ែត្រ ក្នុងទម្រង់ជាការសាងសង់ប្រតិបត្តិការ និងប្រគល់ឲ្យរាជរដ្ឋាភិបាល (BOT)។ រហូតមកដល់ពេលនេះ យើងមិនឃើញមានការអនុម័តអំពីតម្រោងព្រែកជីកនេះ ក្នុងប្រព័ន្ធអភិបាលកិច្ចរដ្ឋាភិបាល និងតាមច្បាប់របស់ប្រទេសកម្ពុជា នៅឡើយទេ។

យើងក៏មិនបានដឹងថា តើការដាក់ឈ្មោះព្រែកជីកហ្វូណនតេជា នេះ មានមូលដ្ឋានអ្វីសម្រេច តើមានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ ឬមិនមាន គឺយើងមិនបានដឹង។ ការដាក់ឈ្មោះ និងការសម្រេចលើគម្រោងនេះ មិនបានឆ្លងកាត់ការពិភាក្សា និងសម្រេចពីរដ្ឋសភាជាតិ ដែលជាតំណាងប្រជាជាតិ និងជាកន្លែងដែលពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស អាចតាមដាន និងស្វែងយល់បានជាផ្លូវការទេ ។

គម្រោងព្រែកជីកនេះ ក៏មានការជំទាស់ពីប្រទេសវៀតណាម តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស នៃប្រទេសនេះទៀតផង ។ ឆ្លើយតបនឹងការជំទាស់របស់ប្រទេសវៀតណាម លោក ហ៊ុន សែន បានថ្លែងជាសាធារណៈ កាលពីដើមខែឧសភា ឆ្នាំ២០២៤ នេះថា “បិទការចរចាជាមួយប្រទេសវៀតណាម រឿងគម្រោងព្រែកជីកនេះ “ ។ តាមរដ្ឋធម្មនុញ្ញ ការប្រកាសរបស់លោក ហ៊ុន សែន នេះ គឺស្ទើរតែស្មើនឹងការប្រកាសយកប្រទេសវៀតណាម ជាបច្ចាមិត្ត ។

លោក ហ៊ុន សែន មិនមានតួនាទីអ្វីជាផ្លូវការ លើគម្រោងនេះតទៅទៀតទេ ពីព្រោះលោក ហ៊ុន សែន មានតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា។ តាមការវិភាគផ្នែកអភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងរដ្ឋ នៃប្រទេសកម្ពុជា លោក ហ៊ុន សែន ចេញមុខក្នុងរឿងព្រែកជីកនេះ គឺជាការបំពានអំណាចរដ្ឋទាំងស្រុង។

តាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៥២៣/០០៥ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ គម្រោងសាងសង់ធំៗ ដូចជាគម្រោងព្រែកជីកនេះ គួរត្រូវបានឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងព្រះមហាក្សត្រ ដែលទ្រង់ជាព្រះប្រមុខរដ្ឋ នៃប្រទេសកម្ពុជា និងឆ្លងកាត់លទ្ធកម្មសាធារណៈតាមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ ចាប់តាំងពីការសម្រេចជ្រើសរើសក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនអនុវត្តគម្រោង និងការសម្រេចនានាដោយរដ្ឋសភាផង។

រាជរដ្ឋាភិបាល មានតួនាទីនិងអំណាចប្រតិបត្តិតាមច្បាប់ ដោយការដាក់ឲ្យមានការដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់តាមកិច្ចសន្យា BOT នេះ។ ការប្រតិបត្តិតាមច្បាប់ អាចចៀសវាងបាននូវការចោទប្រកាន់ពីមតិជាតិនិងអន្តរជាតិ រួមទាំងប្រទេសវៀតណាម សមាគមប្រជាជាតិអាស៊ីភាគអាគ្នេយ៍ (អាស៊ាន) និងសហរដ្ឋអាមេរិក។ ការសម្រេចពឹងពាក់ប្រទេសចិន និងទៅប្រកាសផ្តល់សិទ្ធិឲ្យក្រុមហ៊ុនចិន សាងសង់ព្រែកជីកនេះ ដោយមិនមាននីតិវិធីមានតម្លាភាពដូច្នេះ អាចត្រូវបានសង្ស័យថា លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវរ៉ូវឬគប់គិតជាមួយប្រទេសចិន ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រទេសកម្ពុជា ។

ព័ត៌មានពីវត្តមានយោធាចិន ចូលពាក់ព័ន្ធនឹងគម្រោងព្រែកជីកនេះ បានដាក់ប្រទេសជាតិកម្ពុជា ទាំងមូលចូលក្នុងស្ថានភាពជម្លោះភូមិសាស្ត្រនយោបាយរវាងអាស៊ាន និងចិន និងអាមេរិកនិងចិន ដែលជាបញ្ជានៃក្តីសុខ និងវាសនារបស់ប្រេទសជាតិ។ សេចក្តីថ្លែងការណ៍នានា ស្តីពីការជ្រើសរើសយកក្រុមហ៊ុនចិន ទទួលបន្ទុកសាងសង់ព្រែកជីកនេះ ជាភ័ស្តុតាងកាន់តែច្បាស់អំពីទំនាក់ទំនងរវាងវត្តមានចិន នៅខេត្តព្រះសីហនុ កោះកុង ដែលជាផ្នែកនៃកម្មវិធីផ្លូវមួយ ខ្សែក្រវាត់មួយ (BOT)  របស់ចិន ភ្ជាប់នឹងគម្រោងព្រែកជីកនេះ ។

ការសម្រេចដោយស្ងាត់ៗ និងអាថ៌កំបាំង ទាំងការដាក់ឈ្មោះព្រែកជីក ទាំងការកំណត់ថ្លៃសាងសង់ ការវាយតម្លៃ និងការជ្រើសរើសក្រុមហ៊ុនជីក និងព្រែកជីកនេះ គឺជាការមិនប្រតិបត្តិតាមច្បាប់ ។

ការធ្វើយុទ្ធនាការរកការគាំទ្រ “គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ” មិនមែនជាបែបបទផ្លូវច្បាប់ និងនីតិវិធីរបស់ប្រទេសកម្ពុជាទេ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី មិនមានក្រសួង បានថ្លែងថា គម្រោងនេះមានការសិក្សាពីអ្នកជំនាញ ៤២នាក់ ពីផលប៉ះពាល់ និងរកឃើញថា មិនមានផលប៉ះពាល់ទេ ក៏ប៉ុន្តែជាការចំណេញផ្នែកសេដ្ឋកិច្ចជាតិ។ តាមការគណនាត្រួសៗដោយផ្អែកលើព័ត៌មានសាធារណៈ ទឹកប្រាក់ ១៧០០លានដុល្លារអាមេរិក ចែកនឹងប្រវែងព្រែកជីក ១៨០គីឡូម៉ែត្រ គឺឃើញការចំណាយរហូតដល់ប្រមាណថា ៩លាន ៤សែនដុល្លារអាមេរិក ក្នុងប្រវែងព្រែកជីកមួយគីឡូម៉ែត្រ (USD 9.4ml/Km)។ បើយើងប្រៀបធៀបនឹងការចំណាយលើការសាងសង់ផ្លូវជាតិលេខ ៦អា ពីភ្នំពេញ ទៅខេត្តសៀមរាប កម្ពុជា បានខ្ចីប្រាក់ពីប្រទេសចិន ចំនួន ៤៥០លានដុល្លារអាមេរិក។

បើយើងយកចំនួននេះ មកធ្វើការគណនាលើចម្ងាយផ្លូវ ៣២១គីឡូម៉ែត្រ ពីភ្នំពេញ ទៅសៀមរាប នោះ យើងឃើញថា ការធ្វើផ្លូវជាតិលេខ ៦អា ត្រូវចំណាយ ១លាន ៥សែនដុល្លារអាមេរិកបុណ្ណោះ ក្នុងប្រវែងផ្លូវមួយគីឡូម៉ែត្រ (USD1.4ml/km) ។ បើយើងប្រៀបធៀបការចំណាយលើការស្ថាបនាផ្លូវជាតិលេខ ៦អា ការចំណាយលើការជីកព្រែកនេះ គឺច្រើនជាង ៦ដង ដែលនោះគឺជាការចំណាយមួយដ៏ខ្ពស់។

លើសពីនេះ លោក ស៊ុន ចាន់ថុល បាននិយាយកាលពីថ្ងៃទី២ ខែឧសភា នេះថា “ការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឲ្យជ្រៅជាងមុន លើព្រែកចាស់ដែលអាចធ្វើឱ្យនាវាចំណុះ ៣ពាន់តោន អាចធ្វើចរាចរបានតែប៉ុណ្ណោះ”។ ហេតុដូច្នេះ យើងដាក់ការសង្ស័យថា អំពើពុករលួយក្នុងការចំណាយលើព្រែកជីកនេះ និងការកេងចំណេញនយោបាយផ្ទាល់ខ្លួន គឺជាគោលដៅធំនៃគម្រោងនេះ។

ក្រៅពីនេះ រដ្ឋាភិបាលកម្ពុជា ក៏ពុំបានបង្ហាញអំពីផែនការចំណូលដែលនឹងបានមកពីគម្រោងព្រែកជីកនេះ ចំនួនប៉ុន្មានក្នុងមួយឆ្នាំឡើយ ។

ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) សូមអំពាវនាវដូចតទៅ ៖

១. សូមរដ្ឋាភិបាលកម្ពុជា ពិចារណាអនុវត្តគម្រោងព្រែកនេះ តាមនីតិវិធីច្បាប់ដែលកំពុងមានសុពលភាព ដូចជាមិនរំលោភអំណាចព្រះមហាក្សត្រ អំណាចរដ្ឋសភា ។ល។

២. សូមរដ្ឋាភិបាលកម្ពុជា បង្ហាញតម្លាភាពដើម្បីទប់ស្កាត់អំពើពុករលួយ ដោយដាក់គម្រោងនេះឲ្យមានការដេញថ្លៃជាសារធារណៈ ដែលមានយន្តការវាយតម្លៃដ៏គួរទុកចិត្តបាន តាមច្បាបស្តីពីលទ្ធកម្មសាធារណៈ ដោយបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៥១៣/០០៥ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

៣. សូមរដ្ឋាភិបាលកម្ពុជា ពិចារណាធ្វើផែនការថវិកាជាតិសម្រាប់ការចំណាយលើគម្រោងព្រែកជីកនេះ ជាជាងការពឹងផ្អែកលើប្រាក់កម្ចីបរទេស។ ឧទាហរណ៍ បើរដ្ឋាភិបាលកំណត់ថវិកាជាតិចំនួន ១០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ នោះកម្ពុជា នឹងមានលុយដោយខ្លួនឯង ចំនួន ១៣០០លានដុល្លារអាមេរិក ក្នុងរយៈពេល ១៣ឆ្នាំ គ្រប់គ្រាន់សម្រាប់គម្រោងព្រែកជីកនេះ ដោយមិនបាច់បង់ការប្រាក់លើលុយកម្ចីបរទេស និងស្ថិតក្រោមឥទ្ធិពលនយោបាយរបស់គេ។

៤. អ្នកនយោបាយខ្មែរ គ្រប់និន្នាការ និងប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រនយោបាយឯករាជ្យ ឬសហការជាមួយបណ្តាប្រទេសប្រជាធិបតេយ្យសេរី ជាជាងដាក់ខ្លួនក្រោមឥទ្ធិពលនយោបាយរបស់ប្រទេសកុម្មុយនីស្តផ្តាច់ការ“ ។

ជុំវិញសេចក្តីវិភាគរបស់ក្រុមតស៊ូមតិកម្ពុជា ស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ខាងលើនេះ មិនទាន់មានការបំភ្លឺ ឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ៕ កុលបុត្រ

RELATED ARTICLES