Saturday, July 27, 2024
Homeព័ត៌មានជាតិរាជរដ្ឋាភិបាល កំណត់យកថ្ងៃ៣ មិថុនា កាន់ទុក្ខលើកទី២ ព្រះបរមសពសម្តេចសង្ឃរាជ ទេពវង្ស

រាជរដ្ឋាភិបាល កំណត់យកថ្ងៃ៣ មិថុនា កាន់ទុក្ខលើកទី២ ព្រះបរមសពសម្តេចសង្ឃរាជ ទេពវង្ស

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា  ដោយកំណត់យកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។

យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារទាំងស្រុងថា «សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃ ព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងចូលព្រះទិវង្គត នៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ៈ៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម ៩៣ព្រះវស្សា។ នៅក្នុងសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតនេះ រាជរដ្ឋាភិបាល បានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបាននិងកំពុងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធឹកអធមនិងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាសង្ឃរាជ។ ដើម្បីរៀបចំព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យស័ក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសម្តេច បានខិតខំអស់ពីព្រះកាយពល ក្នុងការដឹក នាំព្រះសង្ឃ ការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនា នៅកម្ពុជា ឱ្យបានឧត្តុង្គឧត្តមឡើងវិញ អស់មួយព្រះជន្មព្រះអង្គ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ ៖

១- ប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការ លើកទី២ រយៈពេល១ (មួយ)ថ្ងៃ គឺថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

២- គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋនិងឯកជនទាំងអស់ គ្រប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដង ពីលើចុះមកក្រោម។

៣- គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែងនិងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាកិច្ចចូលរួមព្រះបរមមរណទុក្ខដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ»៕

RELATED ARTICLES