ប្រទេសបារាំង ៖ បន្ទាប់ពីបានឃើញតារាខ្មែរមួយចំនួន បានទៅបង្ហាញខ្លួនលើក្រមាលព្រំក្រហម ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន ក្នុងនោះមានតារាសម្តែងល្បី ដូចជា កញ្ញា ស៊ីន យូប៊ីន កញ្ញា មាន សូនីតា រួមទាំងអ្នកលក់ឡេ ម៉ាដាម ដា ផងដែរ ដែលបានបង្ហាញម៉ូដសម្លៀកបំពាក់ប្លែកៗដែលបង្ហាញពីអត្តសញ្ញា ណជាតិនោះ មានជនរួមជាតិខ្មែរភាគច្រើន បានសម្តែងនូវការសរសើរ តែជាមួយគ្នានោះ ក៏មានមនុស្សមួយ ចំនួន បានរិះគន់ថា អ្នកទាំងនោះច្រឡំមហោស្រពភាពយន្ត ទៅជាការបង្ហាញម៉ូដសម្លៀកបំពាក់ និងខ្លះឆ្ងល់ថាតារា និងអ្នកទាំងនោះ ថតកុននៅស្រុកខ្មែរ ឬលក់ឡេ មួយថ្ងៃបានប៉ុន្មាន ទើបមានលុយទិញសំបុត្រយន្តហោះ សុំកន្លែងគេដើរថតលើកម្រាលព្រំក្រហម នៃមហោស្រពទីក្រុងកាន នោះបាន?
សូមបញ្ជាក់ថា តារាសម្តែង និងបង្ហាញម៉ូដកម្ពុជា ដ៏ល្បីល្បាញលំដាប់អន្តរជាតិ កញ្ញា ស៊ីន យូប៊ីន (Shin Yubin) បានបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម នៃព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងកាន ប្រទេសបារាំង លើកទី៧៧ (១៤-២៥ ឧសភា ២០២៤) ជាឱកាសដែលនាងចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏ផូរផង់របស់កម្ពុជា ទៅកាន់ពិភពលោក ជាមួយឈុតសម្លៀកបំពាក់បង្ហាញពីអត្តសញ្ញាណជាតិ ជាពិសេសឈុត “នារីចម្បាំងព្រះមហានគរឥន្រ្ទបត្ថព្រះពិស្ណុលោក” ដែលបង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយ របស់ស្រ្តីខ្មែរ ដែលមានការបូកបញ្ចូលនូវល្ខោនស្រមោលស្បែកធំ របស់ខ្មែរ ដែលបានចុះបញ្ជីបេតិ កភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ផងដែរ។
កញ្ញា ស៊ីន យូប៊ីន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ថា «ឈុតទី៣ លើកម្រាលព្រំ the77th cannes film festival ទីក្រុងកាន ប្រទេសបារាំង ឈុត “នារីចម្បាំងព្រះមហានគរឥន្រ្ទបត្ថព្រះពិស្ណុលោក” មិនមែនច្បាំងតែលើសឹកសង្រ្កាម តែច្បាំងនឹងចំណេះវិជ្ចា ច្បាំងនឹងភាពទន់ខ្សោយរបស់ខ្លួនឯងដូចគ្នា ។ ឈុតនេះ នាងខ្ញុំចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយ របស់ស្រ្តីខ្មែរ ដែលមានការបូកបញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិក ភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ឆ្នាំ2005 របស់អង្គការយូណេស្កូ។ នេះជាចំណែកតូចមួយក្នុងការជួយផ្សព្វ ផ្សាយវប្បធម៌ដ៏ផូរផង់របស់កម្ពុជា ទៅកាន់ពិភពលោក ដែលនាងខ្ញុំអាចធ្វើបាន បើមានខ្វះចន្លោះត្រង់ណា សូមមេត្តាខន្តីអភ័យទោសទុកជាមុន និងសូមគោរពអរគុណប្រជាជនកម្ពុជា ទាំងអស់ ដែលផ្តល់កម្លាំងចិត្តពីចម្ងាយ» ។
ចំណែកកញ្ញា មាន សូនីតា តារាសម្តែងល្បីឈ្មោះជារាជិនីក្រមាខ្មែរ ក៏បានបង្ហាញវត្តមានលើកម្រាលព្រំក្រហម នៃមហោស្រពភាពយន្តទីក្រុងកាន ជាមួយការបង្ហាញម៉ូដសម្លៀកបំពាក់ច្រើនឈុតផងដែរ ។
កញ្ញា មាន សូនីតា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសបុក របស់នាង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា «រាជនីក្រមាយ័ន្តខ្មែរ
-រាជិនី ចង់សំដៅទៅលើស្ត្រីដែលមានឋានៈនិងសំឡេងមានឥទ្ធិពល។ រ៉ូបមួយនេះ មានបូកបញ្ចូលជាមួយអត្តសញ្ញាណខ្មែរ ជាច្រើន ជាមួយនឹងការច្នៃប្រឌិតបែបសម័យទំនើប (ការឌិនត្បូងជាច្រើន) លាយជាមួយនឹងបុរាណ។
មានដូចជា
ក្រមា ដែលដូនតាបានបន្សល់ទុកឲ្យ ដែលប្រជាជនខ្មែរយើង តែងយកមកប្រើប្រាស់ជាប្រចាំ។
យ័ន្តខ្មែរ
-ឱម ឡោមចន្ទ (ឱម ជាសញ្ញាក្នុងភាសាបាលី សំស្ក្រឹត ដែលឡោមព័ទ្ធជុំវិញសម្លៀកបំពាក់ និងលម្អទៅដោយក្បាច់រាហូចាប់ចន្ទ ដែលមានទម្រង់ជាច័ក្កច័ន។)
-គាថាឡោមចន្ទ (គាថា ជាភាសាដែលសំដៅទៅលើភាសាបាលី សំស្ក្រឹត នៅលើយ័ន្ត។ រីឯឡោមចន្ទ ចង់សំដៅទៅលើក្បាច់រាហូចាប់ចន្ទ ដែលជាយ័ន្ត)។
សញ្ញា “ឱម”៚ គឺជាការវិវត្តន៍រីកចម្រើនជារៀងរហូត គ្មានទីបញ្ចប់។ សញ្ញា ៚ គេប្រើតាំងពីសម័យមុនអង្គរ។ “ឱម” ជាពាក្យបន្លើសុំពរជ័យ សិរីសួស្តី ឬប្រកាសជ័យជម្នះ។
នេះជាការរចនាលាយបញ្ចូលគ្នារវាងនិមិត្តសញ្ញា ឱម និងសន្លឹកក្បាច់ភ្ញីទេស បង្កើតបានជាការរចនាថ្មីមួយ។
ការប្រើប្រាស់យ័ន្តនេះ ជាការរចនាថ្មី ស្របតាមភាសាបាលី សំស្ក្រឹត បញ្ចូលជាមួយក្បាច់រាហូចាប់ចន្ទ។
-ផ្នត់សម្លុយសារបាប់ ឬចរបាប់ របស់ស្រ្តីខ្មែរ។ ការច្នៃថ្មី តែមិនចោលលំនាំដើម និងមានការដាំត្បូង និងសន្លឹកក្បាច់ភ្ញីទេសលម្អនៅលើផ្នត់សម្លុយផងដែរ។
-មួកស្លឹកត្នោត ត្រូវបានគេចាត់ទុកថាជាផលិតផលអត្តសញ្ញាណជាតិដ៏សំខាន់មួយ ដែលប្រជាជនខ្មែរយើងប្រើប្រាស់ជាប្រចាំ តាំងពីយូរណាស់មកហើយ។ មួកដែលយើងច្នៃថ្មី គឺធ្វើពីក្រមា ដែលមានការឌិនត្បូងពេញទាំងអស់ បញ្ចេញពន្លឺភ្លឺចែងចាំង។
-ផ្ការំដួល (ផ្ការំដួល ជាផ្កាតំណាងជាតិរបស់ខ្មែរ។)»។
កញ្ញា មាន សូនីតា បានសរសេរបន្ថែមនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ថា «នាងខ្ញុំ មាន សូនីតា សូមផ្ញើជូនមហាកិត្តយសមួយនេះ ទៅកាន់ប្រទេសកម្ពុជា
ផ្កាចន្ទន៍អង្គរ នារីកម្ពុជា (Pka Chan Angkor Neary Kampuchea)
ប្រៀបដូចអប្សរពត់ពេនយ៉ាងប្រណីត រំលេចជាមួយផ្កាចន្ទន៍ពណ៌មាស លើដងខ្លួនស្រលនដោយមានជំហរឈរខ្ពស់យ៉ាងមុតមាំ ពោរពេញដោយសម្រស់ពីធម្មជាតិ មកច្នៃចេញជាសិល្បៈ ក្នុងទម្រង់ខ្មែរបែបសម័យទំនើប។
ផ្កាចន្ទន៍ គឺជារុក្ខជាតិធម្មជាតិរបស់ខ្មែរយើង តាំងពីបុរាណកាល ដែលមានទាំងផ្លែ ទាំងផ្កា ដូច្នេះហើយក្នុងការស្រមើស្រមៃមួយនេះ យើងយកធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងប្រផ្នូលរីកលូតលាស់ចេញជាផ្លែផ្កា យ៉ាងអំណោយផល ប្រៀបដូចជាផ្កាចន្ទន៍អង្គរ បានលេចរូបរាងលើកម្រាលព្រំក្រហម នៅទីក្រុងកាន ប្រទេសបារាំង អញ្ចឹងដែរ»។
រីឯលោកស្រីម៉ាដាម ដា ជាអ្នកជំនួញផ្នែកផលិតផលរក្សាសម្រស់ ល្បីឈ្មោះម្នាក់ ក៏បានបង្ហាញវត្តមានជាមួយស្វាមី នៅលើកម្រាលព្រំក្រហម នៃមហោស្រពភាពយន្តទីក្រុងកាន នោះផងដែរ ។
លោកស្រីម៉ាដាម ដា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ថា «Cannes Film Festival 2024 ឈុតឈ្មោះ ភ្ញីទេសប្រាក់បរមវិស្ណុលោក
តួនៃឈុត មាន៤ស្រទាប់ តំណាងឲ្យព្រហ្មវិហារធម៌ទាំង៤ ភ្ញីទេសប្រាក់ ច្នៃពីស្បែកគោ តំណាងឲ្យល្ខោនស្រមោលស្បែកធំ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ។
រ៉ូបច្នៃពីក្រណាត់សូត្រ ហើយឌិនដោយអង្កាំត្បូង ចំណែកខ្សែក ច្នៃអំពីពេជ្រពណ៌ស្វាយ»។
ក្រៅពីតារាស្រីល្បីឈ្មោះទាំង២ដួង និងអ្នកជំនួញល្បីឈ្មោះខាងលើ ក៏នៅមានតារាសម្តែង តារាបង្ហាញម៉ូដ អ្នកនិពន្ធ អ្នកដឹកនាំសម្តែងមួយចំនួនទៀត រួមទាំងលោកបាន់ រិទ្ធី ផងដែរ ដែលបានបង្ហាញខ្លួនក្នុងមហោស្រពភាពយន្តទីក្រុងកាន លើកទី៧៧នេះ។
បន្ទាប់ពីបានឃើញតារាខ្មែរមួយចំនួនខាងលើ រួមទាំងអ្នកលក់ឡេអនឡាញផង បានទៅបង្ហាញខ្លួនលើក្រមាលព្រំក្រហម ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន នោះ ទន្ទឹមនឹងមានអ្នកសរសើរ ក៏មានអ្នករិះគន់ថា អ្នកទាំងនោះថា ច្រឡំមហោស្រពភាពយន្ត ទៅជាការបង្ហាញម៉ូដ។
ជាក់ស្តែង បុរសម្នាក់ ជាអ្នកដឹកនាំសម្តែងមួយរូប បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួនឈ្មោះ «Sobotra Prince» នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា «មហោស្រពភាពយន្តនៃទីក្រុងកាន – Festival de Cannes
បើជ្រុលជាគេស្អប់ហើយ ខ្ញុំក៏មានចិត្តសរសេរវិចារខ្លះៗដែលទាក់ទងទៅនឹងមហោស្រពភាពយន្តនៃទីក្រុងកាន នេះបន្តិច។
ឆ្នាំនេះ មហោស្រពភាពយន្តនៃទីក្រុងកាន ប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៤។ អ្នកដែលគេអញ្ជើញចូលរួមជាទូទៅគឺជាផលិតករភាពយន្ត និងតួកុន។ ពេលនោះហើយដែលពួកផលិតករ និងតួកុន នាំគ្នាបង្ហាញខ្លួន បង្អួតសម្រស់ និងសម្លៀកបំពាក់ ដើរលើកម្រាលព្រំ ដើម្បីចូលទៅក្នុងសាលដ៏ធំមួយ ដែលគេបានអញ្ជើញចូលរួមជាកិត្តិយស ដើម្បីទស្សនាភាពយន្តផ្សេងៗដែលគេបានជ្រើសរើស និងសម្រិតសម្រាំង។ ភាពយន្តទាំងនេះ គេនឹងវាយតម្លៃ ផ្ដល់ជាមតិយោបល់ មុននឹងទទួលជ័យលាភីផ្សេងៗ ដូចជា កាមេរ៉ាមាស ភ្នែកមាស ឬស្លឹកមាស ជាដើម»។
ម្ចាស់គណនីហ្វេសប៊ុក ដដែល បានសរសេរបន្តថា «តែខ្មែរយើងខ្លះ ពួកគាត់បែរជាច្រឡំ មហោស្រពភាពយន្ត និងការបង្ហាញម៉ូដ Fashion Week ! អ្នកសម្ដែងមួយចំនួន បានសុខចិត្តចំណាយធនធានផ្ទាល់ខ្លួន ដើម្បីទៅស្លៀកសម្លៀកបំពាក់ថតរួចយកមកផុសផ្អើលពេញ Facebook ស្រុកខ្មែរ។ និយាយឱ្យអស់ទៅចុះ អ្នកដែលតាំងខ្លួនជាតារាទាំងនោះ គ្មាននរណាស្គាល់ផងទេនៅអឺរ៉ុបនេះ។ ខ្មែរយើងខ្លះ តបវិញថា អស្ចារ្យណាស់ដែលតារាខ្មែរ មានវត្តមានលើព្រំក្រហម នៅទីក្រុងកាន។ ដើរថតមួយភ្លែត ហើយចូលទៅបន្ទប់វិញហ្នឹង គេមិនបានអញ្ជើញផង។ ស្រមៃទៅមើល ស្លៀករ៉ូបធំ ដាក់ឡានបានពីរឱ្យទៅអង្គុយមើលកុន។ ស្កៀបស្លាប់ហើយ។ តួកុនគេមួយៗ រ៉ូបគេវែងឬខ្លី គឺគេគិតពីផាសុកភាពព្រោះគេដឹងថា គេនឹងទៅអង្គុយមើលកុន។ ប៉ែកអឺរ៉ុប គេច្រើនតែស្គាល់អ្នកដែលអ្នកស្រុកខ្មែរមិនដែលស្គាល់ទៅវិញ ដូចជា លោក ប៉ាន់ រិទ្ធី លោក ជូ ដាវី ឬលោក នាង កាវិច ជាដើម។ ខ្ញុំមិនទៅច្រណែនគេអីទេ និយាយតាមត្រង់ តែខ្ញុំវាឆ្ងល់ បើគេសួរថា តើខាងតារាៗខ្មែរ ដែលដើរបង្ហាញម៉ូដហ្នឹង បានសម្ដែងរឿងអីដែលលេចធ្លោជាងគេ ហើយដែលបានទទួលពានរង្វាន់?… ខ្ញុំមិនដឹងថាគេឆ្លើយយ៉ាងម៉េចទេ។ ខ្ញុំទទួលស្គាល់ថា អ្នកច្នៃម៉ូដ មានទឹកដៃល្អ មានសមត្ថភាពដែលបានខិតខំបង្កើតរ៉ូប បង្កើតសម្លៀកបំពាក់ល្អៗ… តែការបង្ហាញនេះ វាដូចជាខុសកាលវេលាទៅវិញ។ តាមពិតទៅ ជាទូទៅមហោស្រពភាពយន្ត នៃទីក្រុងកាន គឺជាការចូលរួមរបស់ផលិតករភាពយន្ត និងតួសម្ដែងក្នុងរឿងដែលគេបានជ្រើសរើសសម្រាប់ការទទួលជ័យលាភី ដែលអមដំណើរដោយវីរជនល្បីៗ ឬជាតួកុនល្បីផ្សេងៗទៀត ដែលបានធ្លាប់មានឈ្មោះបោះសំឡេង និងដែលធ្លាប់បានទទួលពានរង្វាន់ ឬក៏ធ្លាប់លេងរឿងដែលជាប់លេខជាដើម។ អាចមានអ្នកច្នៃម៉ូដចូលរួម ព្រោះអ្នកច្នៃម៉ូដទាំងនោះ គេបានចូលរួមស្លៀកពាក់ឱ្យតួក្នុងភាពយន្តដែលគេបានជ្រើសរើសនោះឯង»។
គណនីហ្វេសប៊ុក ខាងលើ សរសេរបន្តទៀតថា «ហើយរឿងដែលយកអ្នកសម្ដែងដែលគេមិនដែលស្គាល់ មកដាក់ប្រៀបនឹងលោក ប៉ាន់ រិទ្ធី ឬ លោក ជូ ដាវី គឺជាការមើលងាយដល់ពួកលោកយ៉ាងធ្ងន់តែម្ដង។
ខ្ញុំអង្គុយឆ្ងល់ យកជើងគងថ្ងាស… គេថតកុននៅស្រុកខ្មែរ ហើយគេលក់ឡេ មួយថ្ងៃបានប៉ុន្មាន ទើបគេមានលុយទិញសំបុត្រយន្តហោះ ទាក់ទងសុំកន្លែងគេដើរថត?… អើ លុយគេទេ គេបានមកពីណាក៏តាមតែគេ គេក៏មិនបានសុំយើង ឬក៏លួចប្លន់នរណាម្នាក់ដែរ… គិតរកលក់ឡេដែរហើយខ្ញុំ ក្រែងបានលុយទិញសំបុត្រយន្ត ហោះឆ្លងទ្វីបនឹងគេ !
ពេលយើងធ្វើសម្លប្រហើរ យើងដាក់ប្រហុក… យើងស្ងោរជ្រក់ យើងមិនដាក់ប្រហុកទេ បើដាក់ប្រហុកក្នុងស្ងោរជ្រក់ វាមិនត្រូវគ្រឿងគ្នាសោះ តែអ្នកបរិភោគដែលមិនដែលស្គាល់ម្ហូប ក៏ចេះតែលេបទៅ។ តែអ្នកខ្លះគេអាចឆ្ងល់ដែរ…។
តួគេល្បីៗ គេស្លៀកពាក់សមរម្យ… តួខ្លះដែលគេមិនដែលស្គាល់សោះ ខំស្លៀកឱ្យគេឃើញ… គេឃើញហើយ គេឆ្ងល់ទៀត… មកពីណា បានថតរឿងស្អីខ្លះ?…»។
ចំណែកលោកស្រី លឹម វីរីយ៉ា ជាសាស្ត្រាចារ្យ និងជាសហគ្រិនស្ត្រីល្បីឈ្មោះមួយរូប បានលើកឡើងតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា «នៅក្នុងមហោ ស្រពភាពយន្តកាន រឿងខ្មែរ ដែលត្រូវបានយកទៅបញ្ចាំង គឺ “ណាត់ជួបជាមួយប៉ុល ពត” ដែលជាសមិទ្ធផលរបស់លោក ប៉ាន់ រិទ្ធី ហើយតួខ្មែរ ដែលសម្ដែង ជា “ស៊ីគឿន” គឺលោក លឹម ប៊ុនហុក ចុះសួរថា មានខ្មែរណាស្គាល់តួប្រុសនេះទេ? តាមពិត គឺគាត់និងតួសម្ដែងឯទៀត ក្នុងរឿងរបស់រិទ្ធី ប៉ាន់ ឯណោះទេ ដែលមានសិទ្ធិទៅដើរនៅលើកម្រាលព្រំក្រហម ចំណែកអ្នកផ្សេងទៀត ដែលគេមិនបានអញ្ចើញ គ្មានសិទ្ធិទេ ពួកគេទៅឆ្លៀតសម្ដែងហើយថតរូបប៉ុន្មានប៉ុស្ដិ៍ រួចក៏ចូលឡានមកផ្ទះវិញ ព្រោះបើហ៊ានបន្តឈរនៅយូរជាងនោះ គេអាចនឹងត្រូវព្រនង់របស់អ្នករៀបចំកម្មវិធីមិនខាន។ គេនឹងសួរថា តើអ្នកជាតួសម្ដែងក្នុងភាពយន្ដចំណងជើងអ្វី ក្នុងចំ ណោមខ្សែភាពយន្ដ ទាំង២០ចំណងជើង ដែលកំពុងចាក់បញ្ចាំង ៧ថ្ងៃនេះ? ពួកគេនឹងឆ្លើយអត់រួច ហើយពួកគេនឹងរងភាពអាម៉ាស់ ព្រោះតែទៅធ្វើរឿងចាកប្រធាន ចាកទស្សនវិស័យ និងគ្មានតម្លៃអ្វីសោះក្នុងក្រសែភ្នែកអន្តរ ជាតិ។ ឈប់បាន ឈប់ទៅ!»។
រីឯកញ្ញាលីម គីមសួរ សកម្មជនសិទ្ធិមនុស្សនិងសង្គម បានសរសេរក្នុងគណនីហ្វេសប៊ុក របស់កញ្ញា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា «កម្មវិធីសម្ពោធខ្សែភាពយន្ដ អត់ល្បីអ្នកដឹកនាំខ្សែភាពយន្ដនិងអ្នកនិពន្ធ អត់ល្បីតួសម្ដែង ទៅល្បីម៉ូតខោអាវ អត់មានក្នុងភាពយន្ដអីមួយឈុត។ អបអរសាទរលោកពូ rithyphan និង លំអង ពេជ្រ»។
ជុំវិញការរិះគន់ និងសរសើរ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់ឆ្លើយតបពីតារាស្រី និងអ្នកជំនួញស្រីខាងលើនេះបានទេ កាលពីល្ងាចម្សិលមិញ។
ទោះបីជាយ៉ាងណា មានអ្នកច្នៃម៉ូដសម្លៀកបំពាក់ និងអ្នកដឹកនាំសម្តែង និងសិល្បការិនីមួយចំនួន បានប្រតិកម្មឆ្លើយតបទីអ្នករិះគន់ទាំងនោះថា គួរបញ្ចេញមតិដោយសេចក្ដីថ្លៃថ្នូរ និងឲ្យតម្លៃអ្នកដទៃផង ព្រោះទោះបីយ៉ាងណា ពួកគាត់ទាំងអស់គ្នានោះ សុទ្ធតែមានចំណែកនាំមកនូវមោទនភាពសម្រាប់វិស័យភាពយន្តខ្មែរផងដែរ។
លោក Oliva Kong អ្នកច្នៃម៉ូដ និងដឹកនាំសម្តែង បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា «ខ្ញុំត្រូវបានអញ្ជើញទៅចូលរួមដោយកិត្តិយស ក្នុងនាមជាអ្នកច្នៃម៉ូដកម្ពុជា អ្នកដឹកកុនច្រើនណាស់ ធ្វើការណាត់ជួបខ្ញុំ សម្រាប់ធ្វើឈុតសម្រាប់តារាភាពយន្ត និងអ្នកដឹកកុន ដើម្បីទៅទទួលពានជាច្រើនរូប សូម្បីបងស្រី Laura mam ក៏ធ្លាប់ឲ្យខ្ញុំណាត់ជួបអ្នកដឹកកុន Hollywood ផងដែរ។ សូមមេត្តាបញ្ចេញមតិដោយសេចក្ដីថ្លៃថ្នូរ និងឲ្យតម្លៃអ្នកដទៃផង»។
ចំណែកលោក ខាំ ភូរិ អ្នកនិពន្ធនិងដឹកនាំសម្តែងល្បីឈ្មោះ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា «ពួកគាត់ទាំងអស់គ្នា សុទ្ធតែមានចំណែកនាំមកនូវមោទនភាពសម្រាប់វិស័យភាពយន្តខ្មែរ។ ការរិះគន់បែបផ្ចាញ់ផ្ចាលរបស់មនុស្សក្រុមខ្លះ គឺជាជំងឺមួយ ក្នុងចំណោមជំងឺទាំង៣ ក្នុងសិល្បៈខ្មែរ ដែលត្រូវព្យាបាល»។
ដោយឡែក តារាចម្រៀងល្បី មាស សុខសោភា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៤ ដែរថា «អបអរសាទរដល់សិល្បករ សិល្បការិនីខ្មែរ ដែលបានចូលរួមកម្មវិធី និងដើរលើព្រំក្រហមនៃទីក្រុងកាន ។
ចំពោះវត្តមានរបស់អ្នកទាំងអស់គ្នា ពិតជាធ្វើឲ្យនាងខ្ញុំរំភើប ដែលអ្នកទាំងអស់គ្នាបានលើកមុខមាត់សិល្ប:ខ្មែរថែមមួយកម្រិតទៀត។ សូមជួយចែករំលែកនិងគាំទ្រនូវស្នាដៃសិល្បករខ្មែរយើង ដើម្បីឲ្យពិភពលោកបានស្គាល់ខ្មែរយើង កាន់តែច្បាស់ផងដែរ ។
ជាចុងក្រោយ សូមជូនពរអ្នកទាំងអស់គ្នា ជោគជ័យក្នុងអាជីពសិល្ប: និងបន្តខិតខំសាងកេរ្តិ៍ឈ្មោះសិល្ប:ខ្មែរ ឲ្យល្បីពាសពេញពិភពលោក។ ខ្មែរស្រលាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ»៕ ខៀវទុំ