Saturday, July 27, 2024
Homeព័ត៌មានជាតិកម្ពុជា នឹងយកសត្វខ្លា ៤ក្បាល ពីឥណ្ឌា

កម្ពុជា នឹងយកសត្វខ្លា ៤ក្បាល ពីឥណ្ឌា

ភ្នំពេញ ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត (Suwanna Gauntlett) នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វ ព្រៃ  (Wildlife Alliance) បានបញ្ជាក់ថា កម្ពុជា នឹងនាំយកសត្វខ្លាធំ ចំនួន៤ក្បាល មកពីប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ ដើម្បីចិញ្ចឹម។

កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជា ក្នុងជំហានទី១នេះ គឺមានឈ្មោល ចំនួន១ក្បាល និងញី ចំនួន ៣ក្បាល ហើយបើកម្ពុជា ទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំ ចំនួន៤ក្បាលនេះ គឺរដ្ឋាភិបាលឥណ្ឌា នឹងបង្កើនការផ្តល់ជូនដល់ ១១ក្បាលបន្ថែម។ សត្វខ្លាធំ ទាំង៤ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថាមានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជា ឡើងវិញ។

សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេស ដូចជា ការបំពាក់វិទ្យុទាក់ទងលើកសត្វខ្លា ការតាមដានដំណើរសត្វខ្លា ពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន គឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិ ស្ថាន បានរៀបចំដំឡើងកាមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លា ឱ្យបានជាក់លាក់។

គម្រោងស្តារសត្វខ្លាធំ ឬខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរ កាលពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីជាការបោះជំ ហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំ នៅកម្ពុជា។

នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ នៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានឱ្យដឹងថា ការប្រគល់សត្វខ្លាធំនេះ អាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូ ខាងមុខ។ យ៉ាងណា ការប្រគល់ខ្លា មកកម្ពុជា នេះអាចពន្យារពេលយូរជាងនេះបន្ថែមទៀត អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។

បើតាមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ប្រាប់ថា ការប្រគល់សត្វខ្លាធំនេះ គឺជំហ៊ានទី១ ដែលប្រទេសលោកកស្រី ឱ្យកម្ពុជា ហើយបើគម្រោងនេះទទួលជោគជ័យ ប្រទេសឥណ្ឌា នឹងធ្វើការបង្កើនការផ្តល់ជូនដល់ ១១ក្បាលបន្ថែមទៀត។

លោកជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការនាំសត្វខ្លាធំ មកកម្ពុជា គឺនឹងនាំមកនូវសារៈប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងនោះក្រៅពីស្តារសត្វព្រៃដែលបាត់បង់ហើយ នៅអាចជាផ្នែកមួយសំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍ សម្រាប់បង្កើនជីវភាព សហគមន៍មូលដ្ឋានថែមទៀត។ សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរ បាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញនៅតាមតំបន់មួយចំនួន ដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃ ទំហំ៩០ហិកតារ ស្ថិតក្នុងដែនជម្រកសត្វព្រៃ តាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃ សម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា ខ្លាធំ ឬខ្លាដំបង ជាប្រភេទដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអម្បូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមានសម្បុរក្រហមលឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅ កាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌ស ខណៈកន្ទុយមាន សម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រក គ្រប់ប្រភេទដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។

នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំ អាចចាប់ចំណីបាន ចាប់ពីសត្វតូច រហូតដល់សត្វធំ និងអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី ១-៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល ១០០ថ្ងៃ។ វាអាចមានអាយុរហូតដល់២៥ឆ្នាំ ក្នុងធម្មជាតិ៕

RELATED ARTICLES