ភ្នំពេញ ៖ បុរសម្នាក់ទៅផឹកស៊ីជួបជុំគ្នានៅផ្ទះមិត្តភក្តិថ្ងៃចូលឆ្នាំចិន លុះផឹកស៊ីស្រវឹងធ្លាក់ ភ្នែកក៏ដេកនៅនិងផ្ទះរបស់មិត្តភក្តិត្រូវបានប្អូនជីដូនមួយរបស់មិត្តភក្តិលួចយកម៉ូតូទៅបញ្ចាំបានរយៈពេល១០ថ្ងៃទើបម្ចាស់ម៉ូតូប្រទះឃើញចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចយកទៅសួរនាំកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យមានឈ្មោះ ជា សៅឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។ចំណែកឯជនរងគ្រោះជាម្ចាស់ម៉ូតូមានឈោះ ឆុំ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីក្រសួងព្រះបរមរាជវាំង ស្នាក់នៅក្នុងភូមិកើតហេតុ
ខាលើ។រីឯម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅគឺម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ កំពងចាម ១A៩២៣៩ និងទូរសព្ទ័មួយគ្រឿងទៀតម៉ាក សាំសុងហ្គ្រែន។
បើតាមសម្តីពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានរៀបរាប់អោយដឹងថាកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃចូលឆ្នាំចិន រូបគាត់បានទៅផឹកស៊ី ជួបជុំមិត្តភក្តិនៅផ្ទះមិតភក្តិម្នាក់ដែលមានឈ្មោះ ឈួន វិរៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាបុគ្គលិកបំរើការក្នុងរោងចក្រផលិតសង្គ័សី ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងត្រូវជាបងជីដូនមួយនិងជនសង្ស័យខាងលើ។ ខណៈពេលអង្គុយផឹកស៊ីជួបជុំមិត្តភក្តិមានគ្នាបីទៅបួននាក់យ៉ាងសប្បាយ លុះដល់ផឹក ស្រវឹងម៉ោងប្រមាណជា៧យប់ ថ្ងៃដដែលរូបគាត់ក៏បានដេកនៅផ្ទះដែលរូបគាត់ផឹកស៊ីខាង លើ និងបានដាក់ទូរស័ព្ទរួមទាំងសោម៉ូតូនៅជិតខ្លួនហើយក៏ដេកលង់លក់ទៅ។ ពេលនោះជនសង្ស័យឃើញឧកាសល្អក៏ចូលទៅយកទូរស័ព្ទដៃនិងម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ដោយសុវត្តិភាព។
ប្រភពដដែលបានបន្តថា លុះព្រឹកឡើងរូបគាត់ភ្ញាក់ពីដេកបំរុងនិងទៅធ្វើការតែក៏ត្រូវ មិត្តភក្តិខាង លើនិយាយថា ហែងទៅធ្វើការអីបើប្អូនជីដូនមួយអញយកម៉ូតូហែងជិះទៅបាត់ហើយនឹង ហើយ ភ្លាមៗនោះរូបគាត់មិនបានទៅដាក់ពាក្យបន្តឹងអ្វីនោះទេព្រោះគិតថាជនសង្ស័យខាងលើគ្រាន់តែយកជិះដើរលេខតែប៉ុណ្ណោះ។ អស់រយៈពេលជាច្រើនថ្ងៃពុំឃើញជនសង្ស័យខាងលើយកម៉ូតូមកអោយរូបគាត់វិញសោះ ទើបរូបគាត់ខំដើររកគ្រប់ទីកន្លែងដែលតែនៅតែរកមិន លុះដល់ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែ ឃើញជនសង្ស័យខាងលើចូលមកលេងនៅក្នុងភូមិកើតហេតុ ទើបរូបគាត់ចាប់ ឃាត់ជនសង្ស័យ ខាងលើប្រគល់អោយនគរបាលប៉ុស្តិ៍ដង្កោយកទៅសួរនាំ។
បើតាមសម្តីពីសមត្ថកិច្ចបានរៀបរាប់អោយដឹងថាជនសង្ស័យខាងលើធ្លាប់យករបស់របរមានតម្លៃក្នុងផ្ទះយកទៅលក់និងបញ្ចាំ ហើយត្រូវបានឪពុកម្តាយបណ្តេញចេញពីផ្ទះ កាត់ការលែងទទួល ស្គាល់ និងធ្លាប់មានដីកាពីសាលាដំបូងរាជធានីភ្នំពេញអោយចូល ខ្លួនមកដោះស្រាយ ពីបទ លួចម៉ូតូគេម្តងរួចមកហើយ។
បើតាមសម្តីសារភាពពីជនសង្ស័យខាងលើបានអោយដឹងថារូបគេពិតជាបានយកម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះខាងលើទៅបញ្ចាំមែន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលអធិការដ្ធានខណ្ឌដង្កោកំពុងធ្វើការសាកសួរនិងរងចាំការចាត់ការតាមនីតិវិធី ៕
សោល វ៉ាន់ណាល់