ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ហើយមុននេះបានអះអាងថា នឹងបានសម្រេចឈាន នៅមុនថ្ងៃពេញបូណ៌មី ខែពិសាខ ចំថ្ងៃបុណ្យវិសាខបូជា (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤) នោះ បានផ្ទុះកំហឹងនឹងសាវ័ករបស់ខ្លួនមួយចំនួន ដែលផ្ចាញ់ពីរឿងមិនសម្រេចឈាន ទឹកមិនលិចលោក ដូចការអះអាងរបស់ខ្លួននោះ។
លោកខឹម វាសនា មិនទទួលស្គាល់ថាខ្លួនអះអាងខុសនោះទេ បែរជាដោះសាថា ការបានសម្រេចឈានេបស់លោក ជានិយាមកាល លោកមិនអាចសម្រេចឈាន មុននិយាមកាលបានទេ គឺលោកគ្រាន់តែស្ទង់តាមរយៈវេទនាលើកាយរបស់លោកខុសពេលតែប៉ុណ្ណោះ ប៉ុន្តែរឿងបានឈាន គឺមិនខុសទេ ព្រោះវេទនាលើកាយ មិនស្រួលស្ទង់ទេ ហើយថាបើអ្នកណាចង់ស្ដាប់ក៏ស្ដាប់ទៅ អាណាមិនចង់ស្ដាប់ទេ ទៅងាប់ឯណាក៏ទៅៗ។

លោកខឹម វាសនា បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៤ ថា «មនុស្សដែលសង្ស័យថា ប្រហែលមកពីពូមានចិត្តបែបនេះ ឬបែបនោះ បានជាមិនបានឈាន គឺសុទ្ធតែមនុស្សឡប់។ ហេតុអីបានជាពូហ៊ានសន្និដ្ឋានថាអ៊ីចឹង? ព្រោះវាគិតស្មានៗថា អ្វីដែលវាគិត ឃើញហ្នុង ពូមិនបានគិតដល់ឬ? ពូ ជាព្រហ្មរក្សាលោក អាចពន្យល់ធម៌យ៉ាងលម្អិតដល់កម្រិតនេះទៅហើយ អូ ពូភ្លើ គិតមិនដល់ត្រង់កន្លែងមនុស្សល្ងង់គិតដល់នោះឬ? ម៉េចល្ងង់មិនចេះគិតហេតុផលដល់ម្ល៉ឹងអ៊ីចឹង? ឈានពូ ជានិយាមកាល ពូមិនអាចសម្រេចឈាន មុននិយាមកាលបានទេ ពូគ្រាន់តែស្ទង់តាមរយៈវេទនាលើកាយពូ ខុសពេលតែប៉ុណ្ណោះ ប៉ុន្តែរឿងបានឈាន គឺមិនខុសទេ។ វេទនាលើកាយ មិនស្រួលស្ទង់ទេណា កុំភ្លើពេក ប្រ យ័ត្នអត់ចេះគិតហេតុផល រកយល់រឿងឈានពូមិនបាន ទៅជាចេះជាងពូដែលជាអ្នកឆ្លាតជាងក្មួយផង ជាអ្នកធ្វើវិបស្សនាខ្លួនឯងផងហ្នុង ខ្លួនឯងល្ងង់ក៏ល្ងង់ជាងពូ ហើយខ្លួនមិនមែនអ្នកធ្វើវិបស្សនាផង មកចេះស្មានអ៊ីចេះអ៊ីចុះ ច្រិមច្រុមៗ តិចភ្លាត់ជាន់ចានជ្រក់ កំពប់ខានច្រាស។ រឿងគិតយល់បាន គិតចុះ រឿងគិតមិនយល់ ទុកចិត្តលើឪពុក ពូមិនភ្លើទេ ពូក៏អត់ធ្វើអ្វីដើម្បីខ្លួនឯងដែរ គឺពូធ្វើអ្វីទាំងអស់ដើម្បីកូនៗហ្នឹងហើយ។ រាងកាយពូ ពេទ្យសាំងហ្កាពួរ ពូកែខ្លាំងណាស់ គិតថាតែបីខែ ទៅប្រាំមួយខែទេ រាងកាយពូ ជាស្រឡះដូចដើមវិញហើយ ពូមិនឈឺចំកន្លែងសំខាន់ទេ កុំបារម្ភ តែក្មួយឃើញស្រាប់ហើយ តាំងពីឆ្នាំ២០១៩ ដល់ពេលនេះ ឆ្នាំ២០២៤ ជិតប្រាំឆ្នាំហើយ រាងកាយពូមិនទាន់មានសភាពដូចដើមវិញផង មើលពេទ្យពូកែផង នៅតែពិនិត្យខុស។

ចំណុចដែលពូជាស្រឡះដូចដើមវិញ គឺជាវេលាដែលពូសម្រេចឈាន វាទាក់ទងនឹងនិយាមកាល កុំចង់ទៅមុនឬក្រោយ គឺមិនបានទេ គិតឲ្យមានហេតុផល កុំចេះតែតាមអារម្មណ៍តណ្ហារបស់ចិត្តខ្លួន ជំពាក់លុយធនាគារ ពិបាករកដោះ សងគេពេក ចេះតែទន្ទឹងរង់ចាំឈានពូ ដើម្បីទឹកលិចលោកមក កុំឲ្យពិបាករកលុយសងគេអ៊ីចុង ដោះស្រាយតាមជាក់ស្ដែងទៅ អស់លទ្ធភាពត្រឹមណា វាយ៉ាងម៉េចក៏វាយ៉ាងហ្នុងទៅ កម្មសន្សំទុកដោយចេតនារបស់បុគ្គល ណា បុគ្គលហ្នឹងជាអ្នកសោយ ពូក៏អ៊ីចឹង មនុស្សគ្រប់គ្នាក៏អ៊ីចឹង គិតច្រិមច្រុមៗ មានចិត្តចង់បន្ទោសអ្នកនេះ ចង់បន្ទោសអ្នកនោះ ច្រិមច្រុមៗជាន់ចានជ្រក់ កំពប់ខានច្រាសបាត់ ពូដឹងពូសើចទៀត ហ្នឹងហើយចេះជាងឪ ប្រាប់ថាត្រង់ណាយល់បានយល់ទៅ ត្រង់ណាយល់មិនបាន ទុកឲ្យឪ ឪធ្វើគ្រប់យ៉ាងដើម្បីពួកឯងហើយ កុំចេះជាងឪ អញមិនភ្លើទេ អញចេះពន្យល់ក្បាលពួកឯងប៉ុណ្ណឹង អញមិនភ្លើទេ ហើយអញធ្វើវិបស្សនាដោយខ្លួនឯងទៀត អូ អញដឹងតិចជាងអ្ហែង? អីក៏ភ្លើម្ល៉េះ! មិនចេះគិតហេតុផល ពិបាកពេក អាណាចង់ទៅងាប់ឯណា ទៅងាប់ទៅ ចង់ជេរអញអីក៏ជេរទៅ! ពូប្រាប់ថា ឈានថ្ងៃនេះ ថ្ងៃនោះ ដោយពូគិតលើវេទនានៃរាងកាយរបស់ពូ ហើយចិត្តពូ បារម្ភពីសុខទុក្ខកូន ពូគិតហើយក៏ប្រាប់កូនឲ្យដឹងខ្លះទៅ ចុះបើអញខ្លាចខុស ដល់ថ្ងៃបាន ឈានតែម្ដងទៅ ចាំ ដឹង មិនបាច់ប្រាប់វាអីទេ ខ្លាចខុស។

គិតមើល ជិតប្រាំឆ្នាំហើយ មិននិយាយមួយម៉ាត់សោះ ពីរឿងឈានហ្នឹង ស្ទង់រកចិត្តខ្លួនឯងទៅមើល បើពូធ្វើអ៊ីចឹង ខ្លួនឯងគិតយ៉ាងម៉េចចំពោះពូ? ធ្វើអ៊ីចុង បន្ទោសទៀតហើយ តាំងថាមិនបានអីក៏និយាយអីបន្តិចបន្តួចឲ្យបានដឹងខ្លះដែរវ៉ី! ថាធ្វើម៉េចក៏មិនត្រូវចិត្តវាដែរ បើវាជំពាក់លុយធនាគារ ចង់ឲ្យទឹកលិចមក កុំឲ្យពិបាករកលុយសងគេអ៊ីចឹងហ្នឹង ជួយសងលុយវាឲ្យអស់ទៅ យើងនិយាយអីក៏ត្រូវដែរ អាមារយាទធឺៗហ្នឹង ថយឲ្យឆ្ងាយទៅ ចង់ចេញទៅណាទៅៗ មុខអ្ហែងមិនសមជាកូនអញទេ ញើសអញមិនសម ស្រក់ចំពោះអាមនុស្សធឺហ្នឹងទេ។ អ្វីដែលពូគិត មានសភាពដូចយកម្ជុលទៅចាក់ភក់មួយបឹងអ៊ីចឹង គ្មានសល់មួយគ្រាប់អាតូមភក់ណាមួយដែលមិនត្រូវមុខម្ជុលដែលពូបានគិតទេ តើវាល្អិតប៉ុនណា? គំនិតដូចមនុស្សឆ្កួតអ្ហែងគិតហ្នុង អូ អញគិតមិនដល់? គ្រាន់តែហាមាត់មក អញឃើញក្រឡើត ចង់ធើអីអញ! អញប្រឹងពន្យល់ធម៌ដូចសព្វថ្ងៃហ្នឹង បើខឹងអន់ចិត្តនឹងអញ ហើយមិនស្ដាប់ រលាយអញ? រលាយអ្ហែងហ្នុងណាអាភ្លើ! នាងអ្នកៗ កូនអ៊ីចេះ កូនអ៊ីចុះ ស្ដាប់គ្នាមិនបានទេ ទៅងាប់ឯណា ទៅងាប់ទៅ! ដល់ពេលឮពូនិយាយអ៊ីចឹង តាំងថាហើយ យី! ព្រហ្មរក្សាលោក អីសម្ដីអាក្រក់ ម្ល៉េះ? អើ ហីអ្ហែងចរិតល្អ? សម្ដីអញនេះជាផលទេតើ! តើហេតុអ្ហែងបានធ្វើអីហ្នុង បានជាអញប្រតិកម្មជាសម្ដីបែបហ្នឹង? និយាយឲ្យខ្លីអ៊ីចេះ អ្ហែងទៅងាប់ឯណាទៅៗ អញទៅងាប់ឯណាជារឿងរបស់អញ! ម៉េចស្រួលឬនៅ? បើស្រួលហើយ ទៅតាមផ្លូវហ្នឹងទៅ! អាណាចង់ស្ដាប់ក៏ស្ដាប់ទៅ អាណាមិនចង់ស្ដាប់ទេ ទៅណាក៏ទៅ! អញនិយាយអ៊ីចឹង អាណាចង់ធើអាចម៍អីអញ ធើទៅ!!!»៕ ខៀវទុំ