ភ្នំពេញ ៖ នៅវេលាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណមុខវត្តឧណ្ណាលោម និងមុខព្រះបរមរាជវាំង ក្រសួងធម្មការនិងសាសនា សហការជាមួយគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រះរាជពិធីបដិបត្តិសមាធិ ព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះរាជពិធីបដិបត្តិសមាធិ បានការនិមន្តនិងអញ្ជើញចូលរួមដោយសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេច សង្ឃនាយ ករងទី២, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា, សម្តេចព្រះ ពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ, សម្ដេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន អនុប្រធានថេរសភាពុទ្ធសាសនាកម្ពុជា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទ ប្រមាណ១០០០០ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្ត ទាំង២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣វស្សា ដោយព្រះជរាពាធ។

ព្រះសព ត្រូវបានតម្កល់ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីពុទ្ធសាសនាខ្មែរ រហូតមក។ ព្រះសព នឹងត្រូវយាងថ្វាយព្រះភ្លើង នៅព្រះមេរុ នៅមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕ ខៀវទុំ





