ភ្នំពេញ៖តារាចម្រៀងថោនលោកម៉ុក ករុណា ហៅករុណា ពេជ្រ បានសារភាពថានៅពេលនេះការរកស៊ីផ្នែកអចលនទ្រព្យរបស់លោកបានខាតបង់លុយកាក់ច្រើនបំផុតមិនធ្លាប់មានពីមុនឡើយ រហូតដល់បង្ខំចិត្តឲ្យលោកផ្ទេរផ្ទះខ្លះដែលបានទិញបង់រំលោះទៅឲ្យខាងម្ចាស់បុរីវិញ ។ជាក់ស្ដែងដូចជានៅព្រឹកថ្ងៃទី២៩ ឧសភា លោកពេជ្រ បានអះអាងថាដោយសារតែគ្មានលទ្ធភាពបង់រំលស់ផ្ទះតទៅទៀតលោកបានប្រគល់ផ្ទះលេខPT-1130 វិថីព្រេកតាសេក ក្នុងប្លុកZ12.A9 ទីតាំងស្ថិតនៅគម្រោងអភិវឌ្ឍន៍ថោន ក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលលោកបានទិញតាំងពីខែមិថុនា ឆ្នាំ២០២០ ម្លេះ តែពេលនេះត្រូវប្រគល់ទៅម្ចាស់បុរីOCIC វិញ។លោកករុណា ពេជ្រ ថាបានត្រឹមតែញញឹមលួងចិត្តខ្លួនឯងប៉ុណ្ណោះ តែជាការទទួលស្គាល់ការពិតព្រោះលោកគ្មាលទ្ធភាពបង់បន្ដ។លោកថានេះគឺជាការខាតបង់ដ៍ច្រើនបំផុតក្នុងឆាកជីវិតរបស់លោកមិនធ្លាប់ជួបពីមុនឡើយ ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកករុណា ពេជ្រ ដើម្បីសួរនាំបន្ថែមពីការខាតឡុងចុងរបស់លោកក្នុងការដាក់ទុនរកស៊ីផ្នែកអចលនវត្ថុនេះ ប៉ុន្ដែតេចូលជាច្រើនដងគ្មានអ្នកទទួលឡើយកាលីរសៀលថ្ងៃទី២៩ ឧសភា ។ប៉ុន្ដែតាមព័តមានថាលោកករុណា ពេជ្រ បានទិញផ្ទះនៅបុរីខាងលើនោះចំនួន៣ល្វែងជាប់គ្នា ហើយមុននឹងលោកប្រគល់ទៅឲ្យម្ចាស់ផ្ទះវិញនោះលោកបានដាក់លក់វិញដែរ តែតម្លៃមិនបានដូចចិត្តទើបលោកបង្ខំចិត្តយកផ្ទះទៅឲ្យម្ចាស់បុរីវិញបែបនេះ។ទោះជាយ៉ាងណាក្នុងបទសម្ភាសន៍ជាមួយ”នគរធំ” កន្លងមកលោកពេជ្រ ធ្លាប់អះអាងថាលោកមានផ្ទះដល់ទៅ៧ទីតាំងផ្សេងគ្នានៅទីក្រុងភ្នំពេញ ហើយវាជាកម្មសិទ្ធិរបស់លោកផ្ដាច់មុខទើបលោកហ៊ាននិយាយ តែបើមិនមែនជារបស់លោកប៉ុនក្រចកដៃក៍លោកមិនពាក់ព័ន្ធដែរ ។តាមរយៈការបង្ហើបបែបនេះបញ្ជាក់ថាលោកករុណា ពេជ្រ នៅមានផ្ទះ៦ផ្សេងគ្នាទៀត ព្រោះពេលនេះលោកទើបតែអស់លទ្ធភាពបង់បន្ដហើយប្រគល់ទៅឲ្យម្ចាស់ដើមទិញទើបតែ១គម្រោងប៉ុណ្ណោះ។ដោយឡែកផ្ទះវីឡារយ៉ាងប្រណិតរបស់លោកពេជ្រ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលលោកបានដាក់លក់ក្នុងតម្លៃជិត២លានដុល្លារនោះរហូតមកដល់ពេលនេះលោកនៅតែលក់មិនចេញនៅឡើយ ។តែសម្រាប់គម្រោងដីឡូតិ៍របស់លោកនៅជាយក្រុងនោះមុននេះគេឃើញលោកបានពុះឡូតិ៍ជាបំណែកតូចៗដាក់លក់ជាបន្ដបន្ទាប់ ព្រោះតែលក់គម្រោងទាំងមូលមិនដាច់។
ក្រៅពីលោកកុរណា ពេជ្រ តារាមួយចំនួនទៀតដែលរកស៊ីផ្នែកអចលនទ្រព្យក៍សុទ្ធតែជួបបញ្ហាលែងសូវកាក់កបដូចលោកដែរក្នុងនោះមានលោកយុត្ថារ៉ា ឆានី ជាអ្នករកស៊ីលក់ដីឡូរិ៍នោះក៍កំពុងប្រឈមជាមួយអតិថិជនផងដែរ ព្រោះពលរដ្ឋទិញដីបង់លុយរួច តែដីត្រូវគេហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិទៅវិញ ។សម្រាប់លោកករុណា ពេជ្រ វិញក្រោយលោកផ្អាកសកម្មភាពសិល្បៈស្ទើតែទាំងស្រុងក្នុងការថតសម្ដែងនិងឡើងឆាកតន្រ្ដីនោះប៉ុន្មានឆ្នាំមុននេះលោកត្រូវប៉ាន់ក្នុងការរកស៊ីទិញផ្ទះ ដី និងលក់ទៅវិញបានចំណេញ តែលោកមិនដែលបានមានបញ្ហាជាមួយអតិថិជននោះទេ គឺគ្រាន់តែពេលនេះលោកបានខាតប្រាក់ជាច្រើន ព្រោះតែប្រគល់ផ្ទះទៅឲ្យម្ចាស់ដើមវិញ តែមិនបានលុយដែលបង់រួចត្រឡប់មកវិញ១០០% នោះទេ ។ប្រភពបានឲ្យដឹងថាផ្ទះ៣ល្វែងជាប់គ្នាដែលលោកពេជ្រ បានទិញនៅOCIC នោះមានតម្លៃសរុបមិនក្រោមកន្លះលានដុល្លារឡើយ ។
ក្រោយជួបរឿងតុកស៊ិករឿងរកស៊ីលែងចំណេញដោយសារតែវិបត្តិសេដ្ឋកិច្ចនេះលោកករុណា ពេជ្រ ថាលោកនឹងលាពីកម្ពុជាមួយរយៈហើយទៅលំហែកាយនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះហើយ។ដោយឡែកទាក់ទងអាជីពចម្រៀងវិញលោកពេជ្រ ដែលធ្លាប់ប្រកាសថានឹងផលិតកម្មMV បទទាក់ទងការលើកស្ទួយវិស័យទេសចរណ៍ឲ្យបាន២៥ ខេត្តក្រុងនោះលោកនៅតែបន្ដផលិតទៀត ឬយ៉ាងណានោះនៅមិនទាន់ប្រាកដឡើយ ក្រោយលោកចេញបាន២បទគឺបង្ហាញពីតំបន់ទេសចរណ៍នៅខេត្តកំពង់ស្ពឺនិងខេត្តបាត់ដំបង។
គួរបញ្ជាក់ថាលោកករុណា ពេជ្រ ជាតារាដែលគ្មានដំណឹងយកប្រពន្ធដូចគ្នាទៅនិងលោកទេព រិនដារ៉ូ ,អែន ឌី ,ណុប បាយ៉ារិទ្ធ និងលោកឆន សុវណ្ណារាជ ជាដើម ៕