Wednesday, June 18, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ឧបត្ថម្ភសមាគមសិល្បករខ្មែរ ៥ឆ្នាំ ១ឆ្នាំ ១០ម៉ឺនដុល្លារ

សម្តេចហ៊ុន សែន ឧបត្ថម្ភសមាគមសិល្បករខ្មែរ ៥ឆ្នាំ ១ឆ្នាំ ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បណ្តាញផ្សព្វផ្សា យក្នុងស្រុក ជួយផ្សព្វផ្សាយសកម្មភាពរបស់សមាគមសិល្បករខ្មែរ ជាមួយគ្នានេះដែរ សម្តេច បានសម្រេចជួយឧបត្ថម្ភថវិកាទ្រទ្រង់សមាគមសិល្បករខ្មែរ ចំនួន ១០ម៉ឺនដុល្លារអាមេរិក ក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ។

សម្ដេចហ៊ុន សែន បានអំពាវនាវនិងប្រកាសបែបនេះ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេច បានអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ជាប់ឆ្នោតថ្មី ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចហ៊ុន សែន បានអបអរសាទរលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ និងលោក ស្រីបណ្ឌិត ភឿង សកុណា ដែលបានជួយជ្រោមជ្រែងរៀបចំរចនាសម្ព័ន្ធសមាគម។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពថ្លែងអំណរគុណសម្តេចហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មាន តម្លៃ ទទួលជួបសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ ដែលជាសារវិជ្ជមានមួយ សម្រាប់សមាគម។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានធ្វើរបាយការណ៍ជូនសម្តេច អំពីសាវតារសង្ខេបរបស់សមាគម ដោយបានរំលឹកពីការគាំទ្រ និងជំនួយរបស់សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាគម និងអំពីសកម្មភាពការងារសំខាន់ៗក្រោយការបោះឆ្នោតជ្រើរើសប្រធានសមាគម អាណត្តិទី៦ ដូចជាការរៀបចំក្រុមប្រឹក្សាភិបាល និងគណៈ កម្មការប្រតិបត្តិសមាគម និងការរត្រៀមរៀបចំពិធីជួបជុំមហាគ្រួសារសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅពេលខាងមុខ ព្រមទាំងការរៀបចំមូលដ្ឋានរដ្ឋបាល កែសម្រួលលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង ការរៀបចំផែនការជាទស្សនវិស័យ និងចក្ខុវិស័យនៃសមាគម ដើម្បីឧត្តមភាពនៃសិល្បៈខ្មែរ ទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ។

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា កិច្ចការនេះនឹងអនុញ្ញាតឱ្យសមាគមអាចសម្រេចគោលដៅដែលបានកំណត់ ដូចជា ៖

 ១- កិច្ចការអភិរក្ស ការពារ អភិវឌ្ឍ និងលើកស្ទួយសិល្បៈ និងវប្បធម៌ជាតិ

២- ការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិក

៣- ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្បៈ និងកិច្ចការសង្គម

៤- ប្រមូលកម្លាំងធនធានសិល្បករ ដើម្បីបម្រើសកម្មភាពសិល្បៈ និងកិច្ចការសង្គម និង

៥- រួមចំណែកលើកកម្ពស់សីលធម៌សង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ។

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក និងផែនការដំណោះស្រាយមួយចំនួន។ បញ្ហាប្រឈមទាំងនោះ មានដូចជា ៖

 ក- អាណត្តិថ្មីនេះ បានធ្វើឱ្យសិល្បករទាំងអាជីពនិងមិនអាជីព មកចុះឈ្មោះជាសមាជិកនៃសមាគមសិល្បក ខ្មែរ ជាច្រើន ដោយពួកគេគិតថា សមាគមនឹងអាចមានលទ្ធភាពផ្តល់ជំនួយ ជាអ្នកស្វែងរការងារ ឬផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ។

ខ- ការប្រើប្រាស់ភាសា កាយវិការ សម្តី សម្លៀកបំពាក់ ក្នុងជួរសិល្បករខ្លះ បាននិងកំពុងបង្ហាញតាមបណ្តាញទំនាក់ទំនងសង្គម ដែលមានឥទ្ធិពលបែបអវិជ្ជមាន។

គ- កង្វះខាតធនធានមនុស្ស ការបាត់បង់នូវសិល្បករដែលមានវ័យចំណាស់ៗតាមវ័យនិងកាលវេលា កង្វះខាតចំណេះដឹងស្តីពីវប្បធម៌ជាតិ ឬការរត់តាមផលប្រយោជន៍ចំពោះមុខមួយចំនួននៅលើទីផ្សារសេរី ការវិវត្តនៃបរិវត្តកម្មឌីជីថល ដែលមានទំនោរអវិជ្ជមានមួយចំនួន។

រីឯផែនការដំណោះស្រាយ មានដូចជា សមាគមសិល្បករខ្មែរ នឹងបង្កើតគណៈកម្មការវាយតម្លៃគុណវុឌ្ឍិសិ ល្បករ ដើម្បីកំណត់ឱ្យច្បាស់នូវលក្ខណសម្បត្តិសិល្បករ ដោយលើកទឹកចិត្តឱ្យសិល្បករទាំងអស់ រួមគ្នាបង្កើតស្នាដៃច្នៃប្រឌិត បញ្ចូលនូវបច្ចេកវិទ្យាទំនើប និងបង្កើតនូវភាពទាក់ទាញ ការពេញនិយមក្នុងសង្គម តែត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាខ្មែរ …។ល។  លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានគោរពស្នើសុំ សម្តេចហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដល់សមាគមសម្រាប់ការអភិវឌ្ឍ នាពេលខាងមុខ។

ជាកិច្ចឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភា បានកោតសរសើរចំពោះការរៀបចំសមាគម ចាប់ពីការបោះឆ្នោតជ្រើសរើសប្រធានថ្មី។ សម្តេច បានគូសបញ្ជាក់ថា ការកកើតឱ្យមានសមាគម គឺជារឿងល្អហើយ ក៏ប៉ុន្តែការ ធានានិរន្តរភាព ជាការលំបាក។ សម្តេច ជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ សមាគមអាចចៀសផុតពីការលំបាកដែលកើតមានកន្លងមក តាមរយៈការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងឡើងវិញ និងការពង្រឹងសីលធម៌របស់សិល្ប ករ សិល្បការិនី។

សម្តេចហ៊ុន សែន ក៏បានរំលឹកអំពីដំណាក់កាលរស់ឡើងវិញនៃសិល្បៈ ចាប់ពីថ្ងៃ៧ មករា ឆ្នាំ១៩៧៩ និងដំ ណាក់កាលប្រមូលទុន ធនធានមនុស្ស ដែលបានខិតខំជាបន្តបន្ទាប់ ជាពិសេស ក្រោយពេលកម្ពុជា បានសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ។  ចាប់ពីឆ្នាំ១៩៩៨មក ប្រទេសយើងវិវត្តដល់ដំណាក់កាលថ្មី គឺដំណាក់កាលអភិរក្ស និងអភិវឌ្ឍ។ សម្តេច បានលើកឡើងថា “យើងអភិរក្សរបស់មានស្រាប់ និងខិតខំឆ្នៃប្រឌិតថ្មី។ សម័យយើងនេះ ការការពារកម្មសិទ្ធិបញ្ញា មិនងាយស្រួលទេ ដោយសារការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា។ បញ្ហាប្រឈមធំ នៅពេលខាងមុខ គឺបញ្ញាសិប្បនិម្មិត (AI) ដែលជំនួសការងារមនុស្សកាន់តែច្រើនឡើង”។

សម្តេចហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្មែរយើងរក្សាអត្តសញ្ញាណរបស់យើងបាន ដោយសារកាលពីសម័យបារាំង ទីអារាម និងព្រះបរមរាជវាំង គឺជាទីដែលរក្សាកេរដំណែល វប្បធម៌មរតកជាតិ  ហើយទោះខ្មែរក្រហម បានបំផ្លាញយ៉ាងណាក្តី ក៏យើងបានគាស់យកមកវិញ នូវវប្បធម៌និងសិល្បៈ ដូចជា ពិធីអាពាហ៍ពិពាហ៍ …។ ការការពារសិល្បៈ និងវប្បធម៌ គឺជាកាតព្វកិច្ចរបស់យើង”។

សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ចាប់ផ្តើមអាណត្តិថ្មី សិល្បករជាច្រើន បានមើលឃើញថា សមាគមមានភាពរឹងមាំ សាមគ្គីភាព និងមានរចនាសម្ព័ន្ធដឹកនាំ និងមានលទ្ធភាពអាចជួយគេ។ នៅក្នុងចំណុចនេះ មិនគួរគិតថា សមាគមសិល្បករខ្មែរ ជាសមាគមសប្បុរសធម៌ទេ។ សម្តេច បានផ្តល់អនុសាសន៍ឱ្យរកវិធីសាស្ត្រជួយពង្រឹងតួនាទីរបស់សិល្បករ សម្រាប់រយៈពេលវែង ដូចជា ជួយដល់ការបណ្តុះបណ្តាលកូនសិល្បករ ហើយនៅ ពេលរៀនចប់ ជួយពួកគេក្នុងការរកការងារធ្វើ។ “យើងចង់បណ្តុះបណ្តាល កុំឱ្យសិល្បករខ្វះអ្នកបន្តវេន ឬអ្នកទ្រ ទ្រង់ជំនាន់ក្រោយ។ សមាគម គួររៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញនីមួយ រួមទាងប្រធានបទក្រមសីល ធម៌វិជ្ជាជីវៈ”។

សម្តេចហ៊ុន សែន បានណែនាំឱ្យពិនិត្យលក្ខខណ្ឌឡើងវិញ ដើម្បីរក្សានូវតម្លៃសិល្បករ សិល្បការិនីរបស់យើង។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវពិនិត្យកំណត់លក្ខណវិនិច្ឆ័យ ហើយ សមាគមយកទៅអនុវត្ត។ សកម្មភាពសង្គម សេដ្ឋកិច្ច ឆ្លុះបញ្ចាំងតាមសកម្មភាពវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវជំរុញឱ្យមានការកសាងក្របខ័ណ្ឌបែប បទគតិយុត្តសមាគម ឱ្យបានគ្រប់គ្រាន់ ដូចសុភាសិតមួយចែងថា “បើឈរមិនទាន់រឹង កុំរត់”។ ក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុកម៉ូដសម្លៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែច្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។  ការចុះបញ្ជី គឺកុំឱ្យកូនចៅជំនាន់ក្រោយ ច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បីអភិ វឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំងសិល្បៈ។

ជាការទ្រទ្រង់ដល់សមាគម សម្តេចហ៊ុន សែន បានអំពាវនាវដល់បណ្តាញផ្សព្វផ្សាយក្នុងស្រុក  ឱ្យមានក្រុមផលិត ផ្សព្វផ្សាយសកម្មភាពរបស់សមាគម រួមទាំងតាមវេបសាយ Youtube TikTok …។ល។ ជាមួយគ្នានេះដែរ សម្តេច បានសម្រេចជួយឧបត្ថម្ភថវិកាទ្រទ្រង់សមាគមសិល្បករខ្មែរ ចំនួន ១០ម៉ឺនដុល្លារអាមេរិក ក្នុង១ឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ។

ជាចុងក្រោយ សម្ដេចប្រធានព្រឹទ្ធសភា បានជូនពរលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន និង សមាជិកក្រុមប្រឹក្សា ភិបាលនៃសមាគម ឱ្យមានសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕ ខៀវទុំ

RELATED ARTICLES