ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ រស់នៅក្នុងជីវភាពក្រីក្រតោកយ៉ាងកម្សត់ខ្លាំងណាស់ ខណៈដែលប្តីជាមនុស្សពិការ (ពិការដៃ) ចំណែកប្រពន្ធ សរសៃខ្ចី ទើបនឹងសម្រាលកូនបានកន្លះខែ គ្មានសូម្បីតែផ្ទះសម្បែងជ្រកនៅ បានយករ៉ឺម៉កធ្វើជាផ្ទះ ចំណែកជីវភាពខ្វះខាតព្រឹក-ល្ងាច ហូបចុក មិនគ្រប់ សូម្បីតែសម្លៀកបំពាក់កូនតូចដែលទើបនឹងកើត ក៏គ្មានផង។

ប្តីប្រពន្ធអភ័ព្វនេះ បុរសជាប្តី មានឈ្មោះ លន់ វ៉ា អាយុ២០ឆ្នាំ ជាជនពិការ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះខា លក្ខិណា អាយុ១៩ឆ្នាំ កំពុងសរសៃខ្ចី (សម្រាលកូនទើបបានកន្លះខែ)។ ក្រុមគ្រួសារមួយនេះ មានកូនចំនួន៣ នាក់ ក្នុងបន្ទុក ហើយសព្វថ្ងៃស្នាក់នៅលើរ៉ឺម៉កម៉ូតូ ដោយយកប៉ាតង់ មកបាំងធ្វើជាផ្ទះ បាំងថ្ងៃបាំងខ្យល់ និងស្នាក់នៅជាប់ជើងភ្នំឧដុង្គ ស្ថិតក្នុងភូមិព្រះពោធិ៍ ស្រុកពញ្ញាឮ ខេត្តកណ្តាល។
ស្ត្រីជាប្រពន្ធ ឈ្មោះខា លក្ខិណា ដែលមានស្រុកកំណើតភូមិបឹងរ៉ៃ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរៀប រាប់ប្រាប់ថា បច្ចុប្បន្នប្តីប្រពន្ធនាង រស់នៅជាប់ជើងភ្នំឧដុង្គ ដោយយករ៉ឺម៉កបាំងតង់ ធ្វើជាផ្ទះ យប់កន្លែងណា ដេកកន្លែងនោះ។ ពីមុននាងមានរបរតិចតួច ដោយលក់របស់របរក្មេងលេង តែដល់ពេលនាងមានកូនខ្ចី ពុំបានទៅលក់ ដូច្នេះជីវភាពនាងនិងស្វាមីដែលពិការពីកំណើត រកពុំសូវបាននោះឡើយ។

ប្តីប្រពន្ធកម្សត់ខាងលើ បានបញ្ជាក់ថា សព្វថ្ងៃពួកគេគ្មានការងារធ្វើទេ ហើយកូនដែលកើតមកនេះជាកូនទី៣ ដោយការលំបាកធំបំផុតសម្រាប់គ្រួសារពួកគេ គឺអត់មានដីនិងផ្ទះ មានត្រឹមរ៉ឺម៉កម៉ូតូមួយ អត់ទាំងមានភ្លើងបំភ្លឺពេលយប់ទៅទៀត ហើយសូម្បីតែសម្លៀកបំពាក់កូនៗ ក៏ពួកនាងខ្វះខាតដែរ។

ជាចុងក្រោយ ប្តីប្រពន្ធអ្នកទាំងពី បានលើកដៃសំពះសុំការជួយឧបត្ថម្ភពីសប្បុរសជន ព្រោះពួកនាងពិតជាខ្វះខាតខ្លាំងមែន សូម្បីតែអាហារហូបចុក ៣ពេល ក៏មិនមានគ្រប់គ្រាន់ និងថែមទាំងគ្មានសម្លៀកបំពាក់សម្រាប់កូនៗនោះទេ ពិសេសកូនតូចដែលទើបនឹងសម្រាលបានកន្លះខែ៕