Saturday, November 16, 2024
Homeតារាខ្មែរនាយហុងដា ប្តឹងអ្នកចោទក្រុមល្ខោន កូនចៅនាយករដ្ឋមន្ត្រី សង្កត់កអ្នកក្រ

នាយហុងដា ប្តឹងអ្នកចោទក្រុមល្ខោន កូនចៅនាយករដ្ឋមន្ត្រី សង្កត់កអ្នកក្រ

ភ្នំពេញ ៖ ក្រុមល្ខោនបាសាក់ របស់តារាកំប្លែងល្បីឈ្មោះ នាយហុងដា បានទទួលរងការរិះគន់ វាយប្រហារពីសំណាក់ក្រុមឈ្មួញល្បែងកម្សាន្តគប់ប៉េងប៉ោង តាមវត្តអារាម ក្នុងពិធីបុណ្យទានផ្សេងៗ ដោយចោទប្រកាន់នាយហុងដា អាងខ្លួនជាកូនចៅនាយករដ្ឋមន្ត្រី ចេញមុខកាង កន្លែង សង្កត់កអ្នកក្រ មិនឱ្យពួកខ្លួនរកស៊ីចិញ្ចឹមជីវិត ដោយទាមទារតម្លៃ ១យប់ ដល់ទៅ៤០ម៉ឺនរៀល ដែលករណីនេះ ត្រូវបាននាយហុងដា ចេញមុខបកស្រាយ និងប្រកាសដាក់ពាក្យប្តឹងអ្នកដែលបានបរិហារកេរ្តិ៍ខ្លួន ទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Oun Thea ដែលគេស្គាល់ថា ជាស្ត្រីម្នាក់ ដែលរកស៊ីល្បែងគប់ប៉េងប៉ោង តាមពិធីបុណ្យទាន តាមវត្ត ឬកន្លែងកម្សាន្តនានាបានបង្ហោះវីដេអូផ្សាយផ្ទាល់ (ឡាយ) វាយប្រហារនាយហុងដា ថា “អ្នកលក់ប៉េងប៉ោង ១យប់ ៤០ម៉ឺន បានលក់បាន នោះល្ខោននាយហុងដា ទារលុយក្រុមអ្នកលក់ប៉េងប៉ោង ១យប់៤០ម៉ឺន ក្នុងបុណ្យវត្ត បើមានល្ខោននាយហុងដា ចូលវត្តណា បងប្អូនចំណុះជើងវត្ត កុំឱ្យចូលដាក់ ព្រោះល្ខោននេះអាក្រក់ណាស់ យក៤០ម៉ឺន ពីតារាងប៉េងប៉ោង ក្រុមល្ខោននេះ ធ្វើ បាបប្រជាពលរដ្ឋណាស់! អរគុណសន្តិភាព ដែលដាក់សូ អត់ឱ្យពួកអ្នកលក់ប៉េងប៉ោងលក់។ ស្នើដល់សម្តេច ហ៊ុន ម៉ាណែត ឱ្យជួយមើលកូនចៅផង នេះអ្នកលក់ប៉េងប៉ោង កំពុងតែរើរោងហើយ ព្រោះអត់មាន ៤០ម៉ឺន ឱ្យគេ។ ថ្ងៃក្រោយកុំឱ្យពួកអាល្ខោនហ្នឹងលេងដាច់ខាត តែវាម៉ោ វាអត់ឱ្យពួកអ្នកលក់ប៉េងប៉ោងដូចខ្ញុំ រកស៊ីទេ…”។

គួរបញ្ជាក់ថា កាលពីចន្លោះថ្ងៃទី២៤-២៥-២៦ ខែឧសភា ឆ្នាំ២០២៤ នៅទីអារាមវត្តជ្រោយពិសី ដែលមានទីតាំងស្ថិតនៅភូមិជ្រោយពិសី ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បានរៀបចំពិធីបុណ្យឆ្លងសមិទ្ធផលនានានៅក្នុងវត្ត ដោយមានការសម្តែងល្ខោនបាសាក់ របស់ក្រុមល្ខោនបាសាក់ ខេមរៈវិជ្ជរ៉ា ដែលមានថៅកែល្ខោន គឺនាយហុងដា ជាអតីតតារាកំប្លែងល្បីឈ្មោះ ក្រុមនាយកុយ។ ខណៈនោះ ក៏កើតមានវិវាទរវាងក្រុមឈ្មួញល្បែងគប់ប៉េងប៉ោងជាមួយនាយហុងដា ដែលជាថៅកែល្ខោន ដោយក្រុមអ្នកដាក់ល្បែងប៉េងប៉ោង ចង់មកដាក់ទីតាំងនៅក្នុងទីអារាម ដែលរៀបចំពីធីបុណ្យឆ្លងសមិទ្ធផលនោះដែរ តែក្រោយពីដាក់មិនបាន ក៏បានឡាយវីដេអូ វាយ ប្រហារនាយហុងដា រហូតចោទប្រកាន់ថាបរិហារនាយហុងដា ថាជាកូនចៅនាយករដ្ឋមន្ត្រី រកស៊ីសង្កត់ករាស្ត្រក្រីក្រទៀតផង។

ជុំវិញករណីខាងលើនេះ ព្រះចៅអធិការវត្តជ្រោយពិសី បានបញ្ជាក់ថា “អ្នកដែលចោទប្រកាន់បងហុងដា គឺអត់ត្រូវទេ តាមពិតអាត្មាអញ្ជើញក្រុមល្ខោនគាត់ឱ្យមកសម្តែង នៅក្នុងពិធីបុណ្យក្នុងវត្ត រយៈពេល៣យប់  មិនមែនជួលក្រុមគាត់ឱ្យមកសម្តែង ដោយផ្តល់ប្រាក់កម្រៃពេញថ្លៃនោះទេ ព្រោះវត្ត មិនមានថវិកាគ្រប់គ្រាន់ក្នុងការជួលវង់ល្ខោនពេញថ្លៃនោះទេ ហេតុនេះទើបអាត្មាបានទាក់ទងបងហុងដា ដោយស្នើសុំឱ្យគាត់ជួយវត្ត ដោយផ្តល់បច្ច័យជូនគាត់តិចតួចមែនទែន ហើយគាត់មានចិត្តទូលាយ ក៏យល់ព្រមមកជួយសម្តែង ជាការជួយដល់វត្តទេ ស្រាប់តែកើតមានរឿងវាយប្រហារលើគាត់បែបនេះ ធ្វើឱ្យអាត្មាមិនសប្បាយចិត្តឡើយ និងអាណិតបងហុងដា ខ្លាំងណាស់…”។

ព្រះចៅអធិការវត្តជ្រោយពិសី បានបញ្ជាក់ថា តាមពិតក្រុមល្ខោននាយហុងដា បានមកសម្តែងដើម្បីជួយវត្ត ហើយនាយហុងដា ក៏បានប្រាប់ព្រះអង្គដែរថា ក្រុមល្ខោនរបស់គាត់ គឺមានក្រុមល្បែងគប់ប៉េងប៉ោង រួចស្រេចទៅហើយ ដែលតែងរកស៊ីតាមវង់ល្ខោន គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិតទាំងអស់គ្នា ហេតុនេះនាយហុងដា យល់ព្រមជួយវត្ត តាមរយៈការសម្តែងល្ខោនបាសាក់ ប៉ុន្តែនាយស្នើសុំព្រះអង្គ ដែលជាចៅអធិការវត្ត ដើម្បីឱ្យក្រុមល្បែងគប់ប៉េងប៉ោងរបស់ពួកគាត់ បានមកដាក់តូបលក់ដូរក្នុងពិធីបុណ្យនេះ។

ព្រះចៅអធិការ មានថេរដីកាបន្តថា លុះនៅថ្ងៃដែលវង់ល្ខោននាយហុងដា ចូលមករៀបចំសម្តែង ស្រាប់តែមានក្រុមអ្នកលក់ដូរ ១ក្រុម មានគ្នាប្រមាណជាង ១០ឡាន មានតាំងពីអ្នកលក់ដូរនំចំណី និងល្បែងគប់ប៉េងប៉ោង បានចូលមកតាំងទីលក់ដូរក្នុងបរិវេណវត្ត តែត្រូវនាយហុងដា ទៅប្រាប់ថាទីតាំងនេះ មានក្រុមរបស់លោកដាក់ល្បែងគប់ប៉េងប៉ោងដែរ មិនអនុញ្ញាតឲ្យក្រុមផ្សេងដាក់ទេ ស្រាប់តែក្រុមអ្នកលក់ដូរទាំងនោះខឹងសម្បា ឡាំប៉ា រហូតឈានដល់ការឡាយវីដេអូ ចោទប្រកាន់ វាយប្រហារនាយហុងដា តែម្តង។

ព្រះចៅអធិការ  បានបញ្ជាក់បន្តថា “នៅពេលនោះ អាត្មាបានហៅក្រុមអ្នកដាក់ប៉េងប៉ោងទាំងនោះ ទៅនិយាយគ្នា ដើម្បីពន្យល់ប្រាប់ពួកគាត់ថា ទីអារាមអាត្មា អត្តខាត់ណាស់ គ្មានលុយឯណាជួលល្ខោននាយហុងដា ពេញ ថ្លៃនោះទេ ទើបស្នើសុំឱ្យគាត់ (នាយហុងដា) ជួយ ហេតុនេះគាត់បានស្នើសុំយកទីតាំង ដើម្បីឱ្យក្រុមគាត់ដាក់ ល្បែងគប់ប៉េងប៉ោង ពោលគឺនាយហុងដា មិនមែនកាងទីតាំងវត្តផ្តាច់មុខតែឯងនោះទេ ស្រាប់តែពេលអាត្មាកំពុងពន្យល់ប្រាប់ក្រុមគាត់ បែរជាមានគ្នាគាត់ ១ក្រុមទៀត ឡាយវីដេអូតែម្តង ធ្វើឱ្យអាត្មាពិតជាអាណិតបងហុងដា  ណាស់ ពេលឃើញគេចោទប្រកាន់គាត់បែបនេះ ទាំងដែលគាត់ខំមកជួយវត្ត អស់ពីចិត្តពីថ្លើមរបស់គាត់…”។

ជុំវិញករណីខាងលើនេះ នាយហុងដា ដែលជាម្ចាស់វង់ល្ខោនបាសាក់ ខេមរៈវិជ្ជរ៉ា មានទីតាំងនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបំភ្លឺថា “មូលហេតុដែលគេទារ១០០ហ្នឹង គឺមានរឿងច្រើន ពីដើម ឡើយមក ខ្ញុំសម្តែងនៅវត្តផ្សេងទេ ដោយដាក់ជាសូ (Show) ទេ ដើម្បីចិញ្ចឹមសិល្បៈខ្លះ ចិញ្ចឹមខ្លួនឯងខ្លះ ដល់ហើយទៅព្រះចៅអធិការវត្តជ្រោយពិសី ទាក់ទងមកខ្ញុំ សួរខ្ញុំថា តើល្ខោនហ្នឹង ១យប់ប៉ុន្មាន? ខ្ញុំក៏ថា ល្ខោនខ្ញុំ ១យប់ ២២០០ដុល្លារ លោកក៏ថា បងអើយ! អាត្មាអត់មានលុយទេ អាត្មាអត់សូវមានបច្ច័យអីទេ ញោមញាតិជួយតិចតួចអីទេ អ៊ីចឹងអាត្មាចង់ឱ្យបងដាក់លេងសូ (Show) ដល់ឮលោកត្អូញត្អែរអ៊ីចឹងទៅ ខ្ញុំក៏នឹកឃើញថា ជាសិល្បៈមួយដែលមិនដែលទៅច្របាច់កលោកទេ ខ្ញុំរកតាមសម្មាអាជីវោខ្ញុំ អ៊ីចឹងខ្ញុំក៏យល់ស្របនឹងលោក លោកក៏ថាណាត់ឱ្យមកជួប លោកសុំថា ចង់ឱ្យបងដាក់សូ បងទៅ ដើម្បីបានអមជាមួយបុណ្យអាត្មានេះ បុណ្យឆ្លង សមិទផ្ធលនានានៅក្នុងទីអារាម អ៊ីចឹងទៅខ្ញុំក៏យក ១០លាន តែដោយអាណិតលោក ខ្ញុំក៏សុំតែ ៦លានបានហើយ មិនបានល្ខោន ១យប់ផង។ អ៊ីចឹងទៅ លោកក៏អរ លោកអរណាស់ បានយើងមកជួយអ៊ីចឹង តែល្បែងរបាំធម្មតា ល្ខោនសូ ល្បែងរបាំរបស់យើង ហើយហើយចុះបើល្បែងរបាំ ដូចជាប៉េងប៉ោង រទេះភ្លើងស្អីៗដែលយើងដាក់ហ្នឹង បើយើងឱ្យគាត់ដាក់ តើយើងទៅដាក់ឯណា? ហើយយើងបានលុយពីណាទៅបើកឱ្យតួដល់ហើយយើងក៏អូខេគ្នា លោកក៏ព្រមថា មិនអីទេ ល្បែងរបាំអីទាំងអស់ និយាយរួមទៅ នៅក្នុងវត្តហ្នឹង អាត្មាប្រគល់ឱ្យបងឯងទាំងអស់ អាត្មាគ្រាន់តែសំណូមពរឱ្យបងឯងបានមកជួយលេងទៅបានហើយ ហើយអាត្មាឧបត្ថម្ភ ៦លានហ្នឹង មានន័យថា ៦លានហ្នឹង សម្តែង៣យប់ ១យប់ ២លានរៀល ហើយខ្ញុំមានរបរហ្នឹង ១ឈុតតែម្តង អមជាមួយល្ខោន ដោយមានតាំងពីគប់ប៉េងប៉ោង រទេះភ្លើង ៘ ព្រោះបើមិនមានអាហ្នឹងអមទេ គឹចិញ្ចឹមសិល្បៈ ចិញ្ចឹមក្រុមមិនបានទេ ហើយធម្មតានៅក្នុងស្រុកយើង វត្តទាំងអស់ មិនសុទ្ធតែអ្នកមានឯណា វត្តខ្លះក៏ខ្សត់ខ្សោយ អត្តខាត់ដែរ អ៊ីចឹងយើងរកស៊ី ក៏ត្រូវមើលតាមហ្នឹងដែរ ចុះបើលោកអត់ដែរ យើងទៅច្របាច់កលោកយកឯណា? ធ្វើបុណ្យខ្លះ អីខ្លះទៅ ខ្ញុំក៏ព្រមទៅ”។

នាយហុងដា  បានបន្តថា “ពេលនិយាយត្រូវគ្នាហើយ លោកក៏កក់លុយ ២លាន និងគិតថ្ងៃថាថ្ងៃ២៤-២៥-២៦ ខែឧសភា យើងត្រូវសម្តែងឱ្យលោកហើយ តែយើងលេងសូទេ បើរឿងបុរាណ រាងវែងបន្តិច អ៊ីចឹងម៉ោង១ ឬក៏១កន្លះយប់អី ចប់ហើយ។ ដល់រួចហើយ ក៏នាំគ្នាទៅមើលកន្លែងដាក់ នៅខាងក្រោយវត្តឯណោះ ដល់ស្រេចស្រួលគ្នាហើយ យើងក៏ដើរទៅលេងនៅតាមរោងផ្សេងៗ រហូតដល់ថ្ងៃកំណត់ចូលមកដល់ យប់ឡើង យើងក៏រើដល់ព្រឹកឡើងយើងត្រូវដឹកយកមកដាក់វត្ត ដល់ហើយកូនចៅគេ មករៀបមុន គេតេប្រាប់ថា មេអើយ ប៉េងប៉ោង គេមកដាក់ ជិត១០តារាងហើយ ដល់អ៊ីចឹងយើងមានអីលេងកើត? ដល់អ៊ីចឹងយើងបានតេមកលោក លោកថា អាត្មាអត់ដឹងដែរបងអើយ អាត្មាស្មានថារបស់កូនចៅញោមឯង អ៊ីចឹងចាំអាត្មាទៅប្រាប់គេវិញ ព្រោះយើងបានទូលលោកថា បើមានអ្នកដាក់លក់ពេញអ៊ីចឹង តម្លៃប៉ុណ្ណឹង លេងអត់កើតទេ ព្រោះចែកតួ ចែកគ្នាអត់គ្រប់ទេ។ អ៊ីចឹងបានលោកនិមន្តទៅសុំពួកគាត់ហើយ ពួកគាត់ថា ចាំជួបខ្ញុំ ជួបនាយហុងដាៗ ជួបថៅកែល្ខោនសិន យើងនិយាយម៉េចក៏អត់ស្តាប់ ។ ដល់ពេលខ្ញុំមកដល់ គាត់នៅតែនិយាយភាសាដដែលទៀតថា អត់ទេ សុំដាក់ហ្មង។ ខ្ញុំថា អត់ទេបង ល្ខោននេះ ល្ខោនសូទេ ខ្ញុំមកជួយលោកទេ តម្លៃជួលល្ខោន មិនបាន១៥០០ដុល្លារទេ ហើយល្ខោនខ្ញុំ មិនដែលមានប្រវត្តិជួល ១៥០០ដុល្លារទេ អត់មានទេ។ ដល់ពេលហើយ ក្រុមពួកគាត់ថា សុំលក់តែ ១យប់ទេ បងឯងយកប៉ុន្មាន? ដល់អ៊ីចឹងខាងគ្នាខ្ញុំអ្នករៀបចំហ្នឹង គាត់ថា អ៊ីចឹងសុំយក ១យប់ ១០០ដុល្លារ គាត់ស្រែកបណ្តោយ គាត់ថា បើ ១យប់១០០អាដែល អញយកលុយទៅជួលល្ខោន ភី សុគន្ធី មកដាក់វិញ! ដល់ហើយពួកគាត់ចាប់ផ្តើមតូងតាង ហើយបានទៅដល់ឡាយអីហ្នឹង ទៅពាក់ព័ន្ធដល់ថ្នាក់ដឹកនាំកំពូលឯណាទៀត។ រឿងអ៊ីចឹងៗដែលគាត់មិនគួរយកមកនិយាយពាក់ព័ន្ធដល់ថ្នាក់ដឹកនាំទេ ហើយបើជារឿងត្រូវទៅ យើងអាចពឹងពាក់ ជម្រាបលោកបានដែរ តែនេះអត់ត្រូវសោះ គាត់ទៅបៀមឈាមព្រោះដាក់ខ្ញុំអ៊ីចឹង ថាឱ្យខ្ញុំអ៊ីចឹង ហើយគាត់អត់រើទេណា គាត់ទុកដល់យប់ជ្រៅមែនទែន…”។

នាយហុងដា បានបន្ថែមថា “ដល់ហើយទៅ គេយកអាហ្នឹងទៅផុសថា ខ្ញុំជាល្ខោន ធ្វើបាបរាស្ត្រ មិនឱ្យរាស្ត្ររស់ ធ្វើបាបគេធ្វើបាបឯង ហើយចុះបើគាត់ប្រុងធ្វើនំអត់ម្សៅអី? ហើយចុះបើខ្ញុំឱ្យគាត់ហ្វ្រីៗ ចុះតួល្ខោនដែលត្រូវមកសម្តែង ក្រុមការងារខ្ញុំ តើខ្ញុំបានលុយពីណាយកទៅឱ្យ គេ? ហើយគាត់ដៀលខ្ញុំ មើលក្នុងឡាយរបស់គាត់ទៅ ហើយបងម្នាក់ឈរដៀលខ្ញុំហ្នឹង គាត់អ្នកលក់សាច់គោអាំងតើ ហើយមកមើលក្នុងវត្តផ្ទាល់ មើលអ្នកលក់មួយ ណាដែលមិនបានលក់ មើល? ក្រែងតែគ្មានកន្លែងលក់ ណោះគេលក់ហៀរដល់ថ្នល់ឯណោះ គេហាមតែអ្នកលក់ប៉េងប៉ោងហ្នឹងតើ! ព្រោះរបស់គេមានហើយ គ្នាមានអាហ្នឹងហើយ គ្នាសង្ឃឹមតែអាហ្នឹង យកមកដោះ ស្រា យ ហើយដល់យើងមកធ្វើនំអត់ម្សៅហើយ មកទម្លាក់កំហុសលើគេទៀត វាយប្រហារ មើលងាយដល់ល្ខោនបាសាក់…”។

នាយហុងដា បានបញ្ជាក់បន្ថែមថា “រឿងនេះ ខ្ញុំត្រូវតែដាក់ពាក្យបណ្តឹងហើយ ព្រោះគាត់បានប្រមាថយើង បរិហារកេរ្តិ៍ដោយគ្មានការពិត ហើយគាត់មកញុះញង់ខ្លាំងណាស់ មុននឹងគាត់ចេញទៅ គាត់ស្រែកទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងវត្តថា កុំមកមើលឱ្យសោះ អាល្ខោនពួកនេះ ម៉ូតូ តម្លៃ៥ពាន់ វាអត់ការពិតសោះ ហើយសូមជម្រាបដល់បងប្អូនមួយចំនួនទៀត ដែលបានវាយប្រហារថា ពួកនេះយកសិល្បៈ មកធ្វើអាជីវកម្មនៅតាមវត្ត គេថាយើងយកវត្តធ្វើអាជីវកម្ម ខ្ញុំសុំសួរទៅគាត់វិញថា ពីដូនពីតាមក ល្ខោនហ្នឹង ច្រើនលេងតាមអូតែលមែន? ចង់សួរគាត់ផ្ទាល់មែន ព្រោះគាត់វាយតម្លៃល្ខោនបាសាក់ខ្មែរយើងណាស់ សម្រាប់ខ្ញុំម្នាក់ មិនមែនជាល្ខោនរាត់រាយដែលគេមើលងាយបានស្រួលៗទេណា ព្រោះខ្ញុំនិយាយឱ្យត្រង់ ហេតុអីខ្ញុំមកបង្កើតល្ខោនបាសាក់? ខ្ញុំមានពូជរបស់ខ្ញុំ ជីតាខ្ញុំ តួយក្ស យាយខ្ញុំថៅកែល្ខោន តាំងពីសម័យសង្គម តមកឪពុកខ្ញុំ តួឯកល្ខោន ម្តាយខ្ញុំ តួឯកល្ខោន សួរអ្នកកំពង់ចាម អ្នកបាត់ដំបង ក៏គេស្គាល់ដែរ ជំនាន់តាវីតាមីនសេ ខ្ញុំធ្លាប់និយាយច្រើនដងហើយ ខ្ញុំជាក្មេងល្ខោនទេ អ៊ីចឹងខ្ញុំមានកិត្តិយស ខ្ញុំមានលុយប៉ុណ្ណឹង ល្មមអាចរស់បានហើយ អ៊ីចឹងខ្ញុំអាចទៅសប្បាយ រស់នៅជាមួយអ្វីដែលជាដើមកំណើតរបស់ខ្ញុំទៅ ប៉ុណ្ណឹងខ្ញុំសុខហើយ តែក្រែងតែអ្នកដែលថាខ្ញុំយកវត្តធ្វើអាជីវកម្ម ដូចជាពួកអ្នកដាក់ប៉េងប៉ោងវិញ ខ្ញុំសួរតែមួយម៉ាត់ទេ សុំឆ្លើយឱ្យត្រង់មក ឱ្យសច្ចៈ ប្រយ័ត្នមានបញ្ហាគ្រោះថ្នាក់ផ្លូវងងឹត បើត្រង់អត់អីទេ តាំងពីរកស៊ីក្នុងវត្តមក ដែលរើសសំរាមក្នុងវត្តអត់? ដែលលាងបន្ទប់ទឹកលោកទេ? សួរមើល? គាត់ដែលមានបានធ្វើម្តងទេ? ចំណែកខ្ញុំវិញ កន្លែងណាក៏ខ្ញុំធ្វើដែរ សម្រាប់ខ្ញុំ កូនចៅខ្ញុំ អត់រើសសំរាម អត់ឱ្យនៅទេ ធម្មតាយើងបាចអង្កាម មិនអាចរើសបានទាំងអស់ទេ តែយ៉ាងហោចណាស់ ក៏បាន ៧០ភាគរយដែរ ក្រុមខ្ញុំលេងចប់ កូនចៅខ្ញុំដើររើសសំរាមហើយ រើសចប់ទើបបើកឡានចេញ…”។

នាយហុងដា បានបញ្ជាក់ជាចុងក្រោយថា “ក្រុមអ្នកដាក់ប៉េងប៉ោងនោះ ដំបូងខ្ញុំបានតគាត់ដែរតើ តែដល់យូរៗទៅ ខ្ញុំមើលទៅមិនដឹងថា រកអីទៅតជាមួយគាត់ បើគាត់យកសជាខ្មៅទៅហើយហ្នឹង អ៊ីចឹងមានតែទៅលើច្បាប់ទេ ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅច្បាប់ ឱ្យលោករកយុត្តិធម៌ ឱ្យខ្ញុំប៉ុណ្ណឹងទេ ព្រោះភ័ស្តុតាងមានអស់ហើយតើ! ខ្ញុំមានភ័ស្តុតាង ខ្ញុំមានសាក្សី…”៕ ដារិទ្ធ

RELATED ARTICLES