ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានអះអាងថា សត្វកែះ ដែលជាសត្វកម្រមួយប្រភេទ ត្រូវបានបង្ហាញវត្តមាននៅក្នុងកាមេរ៉ា ដែលអ្នកអភិរក្សបានបង្កប់នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ប្រភពដដែល បញ្ជាក់ថា ថនិកសត្វដ៏កម្រប្រភេទនេះ បានបង្ហាញវត្តមានជាមួយនឹងសត្វឆ្មាដាវ ឆ្កែចចក ក្តាន់ ញែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្តាម កន្ថឹក និងមាន់ព្រៃ ជាដើម។

មន្ត្រីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្ត បាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្ន ន័យជីវចម្រុះ ក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ។

មកដល់ពេលនេះ សត្វកែះ គឺជាថនិកសត្វដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកឈាម សាច់ ស្នែង ឆ្អឹង។ ដូច្នេះហើយ ទើបវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម អង្គការសហភាពអភិរក្សធម្មជាតិអន្តរជាតិ ( IUCN) ថាជាសត្វងាយរងគ្រោះថ្នាក់ជាសកល។

កែះ ជាសត្វចូលចិត្តរស់នៅតំបន់ព្រៃភ្នំជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន ហើយមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រ ជួបប្រទះវាណាស់៕




