Wednesday, June 18, 2025
Homeព័ត៌មានជាតិអាជ្ញាធរអប្សរា បង្កើតសហគមន៍បម្រើសេវាអ្នកទេសចរ ជិះទូកកម្សាន្ត នៅបារាយណ៍ជយតដាក

អាជ្ញាធរអប្សរា បង្កើតសហគមន៍បម្រើសេវាអ្នកទេសចរ ជិះទូកកម្សាន្ត នៅបារាយណ៍ជយតដាក

ខេត្តសៀមរាប ៖ អាជ្ញាធរអប្សរា កំពុងរៀបចំសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្ត នៅបារាយណ៍ជយតដាក (បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌ ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។

អាជ្ញាធរអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។

អាជ្ញាធរអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក តាំងតែពីឆ្នាំ២០១៧ មក ប៉ុន្តែគម្រោងនេះ បានខកខាន ដោយសារតែជំងឺកូវីដ រាតត្បាត។ នៅដើមឆ្នាំ២០២២ អា ជ្ញាធរអប្សរា បានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរណ៍ នៅបារាយណ៍ជយតាដាក ឡើងវិញ ដោយមានការគាំទ្រពីស្ថាប័ន GIZ និងអង្គការយូណេស្កូ។ បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន សាងឡើងក្នុងរាជព្រះបាទជយវរ្ម័នទី៧ នៅពេលទេសចរ បានជិះទូកនៅក្នុងបារាយណ៍ ហាក់បីដូចជានាំអារម្មណ៍បានទៅ កាន់អតីតកាលដ៏រុងរឿង នាសម័យអង្គរ និងមានលក្ខណៈពិសេសខុសប្លែកពីទីតាំងផ្សេងៗ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក ដែលជាផលិតផលទេសចរណ៍មួយថ្មីនេះ នឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិសម្បូរបែប សត្វព្រៃផ្សេងៗ ប្រា សាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាព ផ្តល់ឱ្យទេសចរមិនខកបំណងនោះឡើយ។

សូមជម្រាបថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្ត នៅបារាយណ៍ជយតដាក អាចធ្វើការជាវសំបុត្របាន តាមរយៈលេខទូរសព្ទ ០៩២ ៦៥ ៣៥ ១០ ៕ ខៀវទុំ

RELATED ARTICLES