ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានទទួល ជួបពិភាក្សាការងារជាមួយលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ស្តីអំពីការជួលយន្តហោះនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារ ដែលធ្វើឡើង នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន នោះ លោក William Heidt ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍ពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ទាក់ទង ទៅនឹងការអនុវត្តអនុសញ្ញាទីក្រុង Cape ដែលអាចធ្វើឱ្យប្រសើរឡើងដល់លក្ខខណ្ឌនៃការជួលយន្តហោះនៅកម្ពុជា។ ជាការ ឆ្លើយតបលោកស៊ុន ចាន់ថុល បានស្នើឱ្យលោក អគ្គរដ្ឋទូតសហរដ្ឋអាមេរិកពិភាក្សាអំពីប្រធាន បទមួយនេះជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ជាមួយនេះ លោក William Heidt បានជម្រាបជូនលោកស៊ុន ចាន់ថុល អំពីកម្មវិធី បណ្តុះបណ្តាលប្រកបដោយសក្តានុពល ស្តីអំពី សុវត្ថិភាព និងការតភ្ជាប់តំបន់ ដែលនឹងត្រូវ ផ្តល់ដោយសហរដ្ឋអាមេរិក សម្រាប់សិក្ខាកាម អាស៊ាន។
លោកស៊ុន ចាន់ថុល បានសម្តែងនូវការ កោតសរសើរ ចំពោះសហរដ្ឋអាមេរិក ការផ្តល់ ជូននូវសិក្ខាកាមសាលាបណ្តុះបណ្តាលប្រកប ដោយសក្តានុពលនេះ។ ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិក ជួយផ្តល់ការគាំទ្រដល់ការកែលម្អស្លាកសញ្ញា ផ្លូវថ្នល់ ក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា