ភ្នំពេញ៖ក្នុងចំណោមតារាវ័យក្មេងរបស់ហង្សមាសនាងវី ឌីណែត មានទឹកដមសម្លេងខ្លាំងជាងគេពោលគឺបច្ចេកទេសច្រៀងបទខ្ពស់ៗ មិនចាញ់ឱក សុគន្ធកញ្ញា នោះទេ។ប៉ុន្ដែនាងឌីណែត មិនសូវមានឈ្មោះបោះសម្លេងល្បីរន្ទឺខ្លាំងក្លាឡើយ ពោលគឺត្រឹមមធ្យមប៉ុណ្ណោះ ព្រោះតារាជើងថ្មីរបស់ផលិតកម្មធំនេះនាងរ៉េត ស៊ូហ្សាណា មានយីអ៊ុនល្អជាងគេទាំងការចេញច្រៀងConcerts និងស្ពត ។អ្នកខ្លះបានលើកឡើងថាការនៅទ្រឹងរបស់នាងឌីណែត មកពីផលិតកម្មមើលរំលងពីសម្ថភាពរបស់នាងព្រោះផលិតកម្មនេះមានតារាចម្រៀងជាម្ចាស់ពានច្រើនពេកហើយ តែខ្លះទៀតថានាងឌីណែត ផ្ទាល់គួរតែរកវិធីផលិតបទចម្រៀងខ្លួនឯងបន្ថែមពីលើហង្សមាសទម្លាក់ឲ្យច្រៀងទើបទៅរួច ព្រោះមានតារាហង្សមាសជាច្រើនដួងមកហើយដែលបានដើរតាមផ្លូវមួយនេះ។ប៉ុន្ដែយ៉ាងណាឌីណែត ដែលធ្លាប់ប្រកាសចង់បញ្ចប់អាជីពចម្រៀងម្ដងមកហើយតាំងពីដើមឆ្នាំ២០២០ នោះពេលនេះនាងនៅតែបន្ដជ្រកនៅហង្សមាសដដែល គឺដូចគ្នាទៅនិងលោកហួរ ឡាវី ឪពុកនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាឌីណែត ពេញចិត្តនូវការច្រៀងឲ្យហង្សមាសជាបន្ដ នឹងគ្មានគំនិតចង់ទៅច្រៀងនៅផលិតកម្មណាផ្សេងនោះទេ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាវី ឌីណែត ទៅមុខ ឬថុយក្រោយគឺត្រូវពឹងលើថៅកែហង្សមាសទាំងស្រុង ព្រោះតែនាងមិនហ៊ានចំណាយលុយក្នុងការធ្វើបទចម្រៀងដោយខ្លួនឯង តែសព្វថ្ងៃមិនមែនថៅកែមិនលើកនាងនោះទេ តែមកពីតារាហង្សមាសច្រើនពេក ហេតុនេះបទចម្រៀងត្រូវវិលជុំ អីចឹងទម្រាំដល់បទខ្លួនឯងគឺយូ។Composer រូបនោះបន្ថែមថាថៅកែហង្សមាសមិនដែលហាមឃាត់កូនចៅធ្វើបទចម្រៀងដោយខ្លួនឯងទេ គឺឲ្យតែបទនោះល្អគេនិងចេញបទនោះនៅផលិតកម្មឲ្យហើយ ។
ក្រៅពីវី ឌីណែត តារាចម្រៀងស្រីដែលមានទឹកដមក្រអួនក្រអៅអាចនឹងទៅជំនួសតារាជូរមុខហង្សមាសនាពេលអនាគតមានដូចជានាងឈិន ម៉ានិច្ច និងចំរើន សុភ័ក្រ ជាដើម បើទោះជាសព្វថ្ងៃគេសង្កេតមើលឃើញថាតារាភាគច្រើនឲ្យតែជាស្រីស្អាតទោះច្រៀងមិនកើតច្រើនតែមានហាងឆេងក្ដី។
សូមបញ្ជាក់ថានាងវី ឌីណែត ជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី២ ហើយនាងក៍ធ្លាប់ថតភាពយន្ដក្នុងតំណែងជាតួឯករឿង”រាជបុត្រកង្កែប “ផងដែរ ។មជ្ឈដ្ឋានមហាជនបានសរសើរនាងឌីណែត ចំពោះការមិនរាថយក្នុងអាជីពបើទោះជានាងមានជំងឺពកក ដែលរំខានដល់អាជីពចម្រៀង ហើយគ្រូពេទ្យតម្រូវឲ្យនាងលេបថ្នាំអស់១ជីវិតក្ដី ប៉ុន្ដែនាងនៅតែកាន់ក្បាលមីក្រូឡើងឆាកជាធម្មតា គឺដូចគ្នាទៅនិងនាងសួស វីសា ដែលកើតជំងឺរលាកបំពង់កធ្ងន់ធ្ងហើយគ្រូពេទ្យងហាមមិនឲ្យនាងប្រើសម្លេងតែនាងនៅតែប្រឹងច្រៀង ខណៈពេជ្រ សោភា មានជំងឺឈាមសស៊ីឈាមក្រហម ត្រូវលេបថ្នាំអស់មួយជីវិត ដែលពេលខ្លះនាងត្រូវចេញច្រៀងទាំងឈឺតែម្ដង ។សម្រាប់នាងឌីណែត វិញពេលនេះអាជីពចម្រៀងក៍ប្រឈមពិបាកទៅមុខ ស្របពេលដែលរឿងស្នេហាវិញក៍នៅតែមិនច្បាស់លាស់ ព្រោះបង្ហាញគូស្នេហ៍ដែលនាងយកស្ទីគ័របិទមុខប្រុសនោះបានតែ១ឆាវក៍ស្ងាត់ទៅវិញដែលនេះបញ្ជាក់ថាចំណងស្នេហានាងនិងបុរសដែលនាងអះអាងថាជាអ្នកធ្វើការពាក់ព័ន្ធវិស័យសិល្បៈដែរនោះមិនទាន់ច្បាស់លាស់ ឬចិត្ត១ថ្លើម១ឡើយ។
គួររំលឹកថាវី ឌីណែត បានរស់នៅកំព្រាបម្ដាយជាង៣ឆ្នាំហើយ បន្ទាប់ពីអ្នកស្រីងឿង សុផាន្នី បានទទួលមរណភាពកាលពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២១ ។ឌីណែត នៅតែអាលោះអាល័យម្ដាយខ្លាំង ហើយពេលនេះអ្នកដែលលើកទឹកចិត្តនាងគឺលោកហួរ ឡាវី និងបងស្រីរបស់នាង។ប្រភពបានឲ្យដឹងថាលោកឡាវី ចង់ឲ្យឌីណែត មានស្វាមីព្រោះនាងឯកោខ្លាំងក្រោយអត់ម្ដាយ តែលោកមិនបង្ខំកូនស្រីក្នុងការជ្រើសរើសគូស្រកឡើយ ពោលគឺប្រគល់សិទ្ធិពេញលេញលើការជ្រើសនិងសម្រេចចិត្តរបស់ពាក់ព័ន្ធរឿងយកយកប្ដី ៕