Saturday, November 16, 2024
Homeតារាខ្មែរ យ៉ែម ស្រីពេជ្រ-ពូណុយ មុនរៀបការ ជប់លៀងលាភាពនៅលីវ

 យ៉ែម ស្រីពេជ្រ-ពូណុយ មុនរៀបការ ជប់លៀងលាភាពនៅលីវ

ភ្នំពេញ ៖ ក្រោយប្រកាសពិធីមង្គលការរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាង មុខនេះ តារាកំប្លែង លោកបាន សំណាង ហៅពូណុយ និងតារាសម្តែងនិងជាពិធីការិនីល្បីឈ្មោះ កញ្ញាយ៉ែម ស្រីពេជ្រ បានរៀបចំពិធីជប់លៀងលាភាពនៅលីវរបស់ខ្លួន ដោយអញ្ជើញមិត្តភក្តិជិតស្និទ្ធក្នុងវិស័យសិល្បៈជា ច្រើននាក់ ចូលរួម។

ពិធីជប់លៀងលាភាពនៅលីវរបស់ពូណុយ និងកញ្ញាយ៉ែម ស្រីពេជ្រ បានរៀបចំឡើងកាលពីរាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

អ្នកសិល្បៈដែលបានអញ្ជើញចូលរួមពិធីជប់លៀងលាភាពនៅលីវរបស់ពូណុយ និងកញ្ញាយ៉ែម ស្រីពេជ្រ មានប្រមាណជាង១០នាក់ ក្នុងនោះ មានដូចជា នាយពាក់មី អ្នកនាងកាតុ និងប្តី (នាយខ្យង) នាយព្រែក និងគូស្នេហ៍ កញ្ញាឈិន មុនីនាថ កញ្ញាស្រីពីន លោកប៉ែន ចំរ៉ុង លោករ៉ូមីអូ អ្នកដឹកនាំកម្មវិធីអ្នកជិតខាង ព្រមទាំងក្រុមការងារ ក្នុងកម្មវិធីអ្នកជិតខាងរបស់ស្ថានីយទូរទស្សន៍ ភីអ៊ិនអ៊ិន (PNN)។

កញ្ញាស្រីពីន ដែលជាអ្នករួមការងារក្នុងកម្មវិធីអ្នកជិតខាង ជាមួយកញ្ញាស្រីពេជ្រ បាននិយាយចំអន់ទៅកាន់អនាគតគូស្វាមីភរិយាថ្មី (ពូណុយ-ស្រីពេជ្រ) ថា “អ្វីដែលខ្ញុំចង់ប្រាប់ទៅអាពេជ្រថា បើថា ៦ថ្ងៃហ្នឹង ពេជ្រ អាចដូរចិត្តបាន…”។

ភ្លាមនោះ កញ្ញាយ៉ែម ស្រីពេជ្រ បានឆ្លើយតបទៅកញ្ញាស្រីពីន ភ្លាមៗថា “បង! ខ្ញុំក៏ចង់ដូរដែរ តែដូរពីថ្ងៃហ្នឹង ឱ្យមកថ្ងៃ ៦វិញ ព្រោះស្អែកឡើង ដល់ថ្ងៃការហ្មង ហើយសួរថា ថីបានខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់ គឺខ្ញុំអត់ធ្លាក់ក្នុងអន្លង់ស្នេហ៍ទេ គឺធ្លាក់ក្នុងជង្ហុកស្នេហ៍…”។

ឆ្លើយតបចម្ងល់របស់មហាជន ដែលឆ្ងល់ថា ហេតុអីរៀបការនៅស្ថានីយទូរទស្សន៍ ភីអិនអិន? កញ្ញាយ៉ែម ស្រីពេជ្រ បានបញ្ជាក់ថា “តាមពិតទៅរឿងទៅរៀបពិធីមង្គលការនៅភីអិនអិន ដោយសារតែផ្ទះខ្ញុំក៏ផ្លូវតូច ពូណុយ ក៏គាត់ពិបាក ដល់ពេលអ៊ីចឹងទៅ យើងគិតថា កម្មវិធីអ្នកជិតខាង ជាកន្លែងដែលផ្តល់កំណើតឱ្យខ្ញុំទីពីរ ដូចជាផ្ទះខ្ញុំទី២អ៊ីចឹង ដល់ពេលអ៊ីចឹង ខ្ញុំនិងពូណុយ ក៏ស្នើសុំភីអិនអិន ហើយថ្នាក់ដឹកនាំក៏យល់ព្រម និងផ្តល់ទីតាំងឱ្យពួកយើងបានរៀបចំតែម្តង…”។

ដោយឡែក តារាកំប្លែង អ្នកនាងសុខ ចាន់ធីតា ហៅកាតុ បានចោទជាសំណួរទៅកាន់កញ្ញា យ៉ែម ស្រីពេជ្រ ថា “គេសរសើរពូណុយ គ្រប់គ្នាថាសំណាងណាស់ដែលបានអូនឯង ហើយគេសួរថា អូនឯងនឹកឃើញអីយកគាត់?” ។

ជាការឆ្លើយតប កញ្ញា យ៉ែម ស្រីពេជ្រ បានបញ្ជាក់ថា “ខ្ញុំសំណាងទេ ដែលខ្ញុំបានគាត់នោះបង គាត់ជាមនុស្សល្អ គាត់ចេះថ្នមខ្ញុំ ខ្ញុំប្រកាច់ម៉េចក៏ដោយ ក៏គាត់នៅតែឱ្យខ្ញុំប្រកាច់តែម្នាក់ឯងដែរ ។ ចំពោះចិញ្ចៀន គេធម្មតា កុម្មង់ ២អាទិត្យ តែម្រាមប្តីខ្ញុំ ត្រូវការកុម្មង់ ៦អាទិត្យណោះ ។ ចំពោះរឿងដែលគេនិយាយថា ខ្ញុំស្រលាញ់ពូណុយ ដោយសារឃើញលុយពូណុយ នោះ គឺខ្ញុំនិយាយត្រង់ តាមការពិត ពូណុយ មានលុយមកពីណា អត់ទេ កុំច្រឡំថា ពូណុយ មានលុយ អត់មានលុយទេ…”។

គួរបញ្ជាក់ថា យោងតាមធៀបការ ឬសំបុត្រអញ្ជើញភ្ញៀវ ដែលសិល្បករ សិល្បការិនីជាច្រើនបានបង្ហោះ ក្រោយទទួលបានការអញ្ជើញពីពូណុយ និងយ៉ែម ស្រីពេជ្រ បានបញ្ជាក់ថា លោកបាន សំណាង ហៅពូណុយ និងកញ្ញាយ៉ែម ស្រីពេជ្រ នឹងរៀបការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

អ្នកសិល្បៈជាច្រើនរូប បន្ទាប់ពីបានទទួលធៀបការពីពូណុយ និងកញ្ញាយ៉ែម ស្រីពេជ្រ បាននាំគ្នាបង្ហោះព្រាត តាមបណ្តាញសង្គម ប៉ុន្តែក្នុងចំណោមនោះ មានអ្នកខ្លះហាក់មានការចម្លែក ចំពោះទីតាំងប្រារឰពិធីមង្គលការរបស់តារាសម្តែងមួយគូនេះ ដែលធ្វើនៅស្ថានីយ ទូរទស្សន៍តែម្តង ដោយសារទទួលបាន ការឧបត្ថម្ភទីកន្លែងប្រារព្ធពិធីពីលោកអ្នកឧកញ៉ា លី យ៉ុងផាត់  ព្រោះផ្ទះរបស់ស្រីពេជ្រ តូចចង្អៀតពេក ណាមួយអ្នកទាំង២ ជាបុគ្គលិកល្អរបស់ស្ថានីយទូរទស្សន៍នេះផងដែរ។

តាមប្រភពអ្នកស្និទ្ធនឹងពូណុយ និងកញ្ញាស្រីពេជ្រ បានបង្ហើបថា ពិធីមង្គលការតារាប្រុស្រីទាំង២ដួងនេះ បានជួលសម្អាងការ “ដាវាត់ហ្គោល” ជាកញ្ចប់ VIP តែម្តង៕

RELATED ARTICLES