ភ្នំពេញ៖តារាសម្ដែងតូចច្រឡឹងស្រីស្រអែមស្រស់មឿន សុគន្ធា ហៅភីគន្ធ បានក្លាយជាគូដណ្ដឹងរបស់លោករ៉ន ណារ៉ាត់ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី២ ខែមិថុនា ដោយមានចាស់ទុំទាំងសងធ្វើជាសាក្សី ។អតីតFreshie រូបនេះទើបតែចេញមុខមាត់ថតសម្ដែងភាពយន្ដទទួលបានការចាប់អារម្មណ៍ចុងក្រោយនេះប៉ុណ្ណោះតាមរយៈការថតរឿងឲ្យផលិតកម្មSastra Film និងហង្សមាស ប៉ុន្ដែពេលនេះរកបានម្ចាស់ចិត្តថ្លើមថ្លៃទៅហើយ។
ស្រីស្រស់ភីគន្ធ បានប្រាប់អ្នកយកព័តមាន”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣ មិថុនា ថា ពេលនេះនាងពិតជាមានគូដណ្ដឹងគ្នាមែន ព្រោះពិធីភ្ជាប់ពាក្យថ្ងៃនោះគឺជាផ្លូវការហើយ ព្រមទាំងបានធ្វើទ្រង់ទ្រាយធំទៀតផង ដោយធ្វើតាមក្បួនខ្នាត ប្រពៃណីខ្មែរទាំងអស់ក្នុងនោះដូចជាពិធីបង្វិលពពិល ជាដើម និងក៍មានទាំងអ្នកនៅក្នុងរង្វង់សិល្បៈជិតស្និតនាងបានអញ្ជើញឲ្យចូលរួមក្នុងពិធីនោះដែរ។នាងថាមិនមែននាងមិនស្រលាញ់បុរសមានអាយុច្រើនជាងខ្លួនឬស្រលាញ់តែក្មេងនោះទេ ប៉ុន្ដែសំខាន់ពេលនេះនាងបានជួបបុរសដែលអាចមើលថែនាងបាន ហើយច្បាស់លាស់និងគ្នាទើបសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាតែម្ដង។
ស្រីស្រស់តូចច្រឡឹងនាងមឿន សុគន្ធា ហៅភីគន្ធ ថាគូដណ្ដឹងរបស់នាងមានអាយុប្អូននាង ព្រោះឆ្នាំនេះនាងទើបតែ២៣ឆ្នាំទេ ហើយអនាគតស្វាមីរបស់នាងគឺជានិស្សិតនៅសាកលវិទ្យាល័យមួយ។នាងថាមូលហេតុដែលរូបនាងជ្រើសយកគូស្នេហ៍ជាបុរសមានវ័យក្មេងជាងខ្លួន ព្រោះតែនាងនិងលោកណារ៉ាត់ បានស្គាល់គ្នាជាង១ឆ្នាំហើយ និងមានការយល់ចិត្តគ្នាល្អ ខណៈកំណើតស្នេហ៍វិញគឺជួបគ្នាញ៉ែគ្នាយកតែម្ដង។ទោះជាយ៉ាងណានាងថាក្រោយភ្ជាប់ពាក្យជាមួយគ្នាហើយនេះនាងនិងគូដណ្ដឹងមិនទាន់កំណត់ពេលវេលានៃការរៀបការនោះទេ ព្រោះដោយសារតែពិធីភ្ជាប់ពាក្យរបស់នាងបានធ្វើជាលក្ខណៈធំដុំហើយ។
ក្រៅពីនាងសុគន្ធា តារារកបានម្ចាស់បេះដូងនៅឆ្នាំ២០២៤ នេះមានដូចជានាងយ៉ែម ស្រីពេជ្រ រៀបការជាមួយពូណុយ ថ្ងៃទី៦ ខែ៦ ,លោកយ៉ែម សំអូន វិលមករកត្រូវរ៉ូវគ្នាវិញជាមួយអតីតប្រពន្ធយ៉ាន លីនដា ក្រោយបែកគ្នា៩ឆ្នាំ ខណៈដែលតារាហ៊ានភ្ជាប់ពាក្យដោយបើកចំហដូចនាងសុគន្ធា ដែរ តែមិនទាន់រៀបការមានដូចជាពេជ្រ សោភា-ឆឹម សក្កដា និងប៉ាច គីមមួយ-សយ រតនៈ ជាដើម ។ប៉ុន្ដែក្នុងចំណោមនោះនាងភីគន្ធ មានវ័យក្មេងជាងគេក្នុងការយកប្ដី។
គួរបញ្ជាក់ថាកញ្ញាមឿន សុគន្ធា អតីតFreshie ឆ្នាំ២០១៨ និងបានចូលសិល្បៈរយៈពេល៥ឆ្នាំមកហើយ ដោយបានថតរឿងឲ្យឲ្យផលិតកម្មSastra Film មានដូចជារឿង”Mr-Take Care “,”មនុស្សប៉ិនសម្ដែង” ,”អង្គរក្សការពារបេះដូង”,”ម៉ែក្មេកភ្លើង” …និងថតឲ្យហង្សមាសដូចជារឿង”ខោល “និង”មេឆា “ រួមទាំងMV មួយចំនួនទៀត។សុគន្ធ ថាក្រៅពីសម្ដែងនាងក៍អាចធ្វើជាMC បានដែរ ប៉ុន្ដែភាគច្រើនជាប្រភេទកម្មវិធីចែករង្វាន់ជាដើម មិនមែនកម្មវិធីផ្សាយផ្ទាល់ធំៗនោះទេ ។នាងថាក្នុងចិត្តនៅតែស្រលាញ់អាជីពសម្ដែងជាងការធ្វើពិធីការិនី តែបើអាចនាងបន្ដធ្វើការងារសិល្បៈពីរទាំងតំណាលគ្នាតែម្ដង។
តារាសម្ដែងរូបស្រស់មឿន សុគន្ធា បន្ថែមទៀតថាគូណ្ដឹងរបស់នាងក៍មិនចេះប្រចណ្ឌនាងផ្ដែសផ្ដាសដែរក្នុងការថតសម្ដែង ស្របពេលដែលនាងក៍មិនដែលថតសម្ដែងរឿងណាដែលស៊ិចស៊ី ឬរោលរាលជ្រុលដែរ នារយៈពេលចុងក្រោយនេះ។ប្រភពបានឲ្យដឹងថាគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ នេះតារាដែលមានគូស្នេហ៍ជាបុរសមានវ័យក្មេងជាងខ្លួននោះមានដូចជាអ្នកនាងគង់ សុជាតិ,ខាត់ សុឃីម ,ប៉ាច គីមមួយ និងមឿន សុគន្ធា នេះឯង៕