Wednesday, June 18, 2025
Homeព័ត៌មានជាតិយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ៤ថ្ងៃ បានជាង១លានដុល្លារ

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ៤ថ្ងៃ បានជាង១លានដុល្លារ

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា (ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា) គិតមកដល់ម៉ោង ៥:០០ព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤  បានទទួលថវិកាបរិច្ចាគពីបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩ ៩៦៥នាក់ សរុបជាទឹកប្រាក់ មានចំនួន ១ ១៦៤ ០៤៧ដុល្លារ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ស្រី នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ថា “នាងខ្ញុំសូមគោរពបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ មេត្តាជ្រាបអំពីបច្ចុប្បន្នភាពនៃទឹកប្រាក់បរិច្ចាគ ដោយគិតមកដល់ម៉ោង ៥:០០ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មូល និធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋ ចំនួន ៩៩ ៩៦៥ នាក់ សរុបជាទឹកប្រាក់មានចំនួន ១ ១៦៤ ០៤៧ដុល្លារអាមេរិក។ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុសក្នុងស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” របស់ប្រជាជាតិខ្មែរទាំងមូល។ នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្ររហូតដល់ថ្ងៃបិទយុទ្ធនាការ»។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ជាកម្ពុជា ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្តីពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រា ប់កុមារកម្ពុជា រយៈពេល១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការនេះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តីច្រើនក្តី ពីសំណាក់សប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិ សេសក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា។ នាពេលកន្លងមក យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ទទួលបានការគាំទ្រយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងអ្នកចូលរួម ដើម្បីធានានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជាតិ ដែលបាននិងកំពុងពិនិត្យនិងព្យាបាលទារកនិងកុមារ រាប់លានករណី ជាមួយនឹងចំណាយថវិកាប្រចាំឆ្នាំ ចំនួនប្រមាណ ៤០លានដុល្លារអាមេរិក។

មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវដល់សាធារណជន សប្បុរសជន ក្រសួង-ស្ថាប័ន ក្រុមហ៊ុន-សហគ្រាស ធនា គារដៃគូ តារាសម្តែង និងបុគ្គលមានប្រជាប្រិយភាព ព្រមទាំងអង្គភាពសារព័ត៌មាននានា រួមទាំងទំព័រហ្វេសប៊ុក ឆាណែលតេលេ ក្រាម វិទ្យុ និងទូរទស្សន៍ទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ឱ្យបានទូលំទូលាយ និងកាន់តែសកម្ម ដើម្បីឱ្យចលនានៃការបរិច្ចាគ កាន់ តែផុលផុស…៕ ខៀវទុំ

RELATED ARTICLES