ខេត្តបន្ទាយមានជ័យ ៖ លោកយាយម្នាក់ មានវ័យជរាទៅហើយ បែរជាត្រូវកូនចៅដឹកយកមកបំបរបង់ចោលក្បែរវត្ត ទុកឱ្យរស់នៅលំបាកលំបិនវេទនា គ្មានអ្វីហូបចុក គ្មានជម្រកស្នាក់នៅ និងត្រូវបានព្រះសង្ឃអាណិត បាននាំឱ្យមកស្នាក់នៅក្រោមជណ្តើរព្រះវិហារ ដែលកំពុងសាងសង់មិនទាន់រួចនៅឡើយ និងត្រូវបានស្ត្រីម្នាក់ រស់នៅក្បែរវត្ត ហាក់មាននិស្ស័យ បានធ្វើបាយទឹក ម្ហូបចំណី ផ្គត់ផ្គង់ ១ថ្ងៃ៣ពេល មើលថែលោកយាយ ដោយចាត់ទុកលោកយាយដូចជាម្តាយបង្កើត។

លោកយាយអភ័ព្វដែលត្រូវកូនចៅដឹកយកមកបំបរបង់ចោល មានឈ្មោះស៊ុន អាយុជាង៨០ឆ្នាំ និងកំពុងមានស្មារតីវង្វេងវង្វាន់ទៅហើយ សព្វថ្ងៃស្នាក់នៅក្រោមជណ្តើរព្រះវិហារវត្តបាលិលេយ្យ ស្ថិតក្នង្នុសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមសម្តីស្ត្រីឈ្មោះស្រីនាង អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួល ខាងជើងវត្តបាលិលេយ្យ និងជាអ្នកមើលថែ ចិញ្ចឹមបីបាច់ ផ្តល់បាយទឹកដល់លោកយាយស៊ុន ដោយចាត់ទុកលោកយាយស៊ុន ប្រៀបបាននឹងម្តាយបង្កើតរបស់ខ្លួន បានរៀបរាប់ប្រាប់ថា លោកយាយស៊ុន ត្រូវបានបុរសម្នាក់ ដឹកតាមម៉ូតូកង់បី យកមកទម្លាក់ចោលនៅក្បែរប៉ាឆាវត្ត តាំងពី៣ឆ្នាំមុនម៉្លេះ ដោយមានតែភួយកញ្ចាស់រហែករយ៉ៃមួយ ជាប់ខ្លួនលោកយាយប៉ុណ្ណោះ។ ដោយនៅថ្ងៃនោះ គាត់ដើរហាត់ប្រាណមកដល់ក្បែរប៉ាឆាវត្ត ក៏ប្រទះឃើញលោកយាយ កំពុងអង្គុយត្រមង់ត្រមោច គួរឱ្យសង្វេគ ក៏ដើរទៅសួរនាំ តែលោកយាយនិយាយស្តីទៅមុខទៅក្រោយ ពោលគឺលោកយាយបានវង្វេងស្មារតីទៅហើយ ទើបគាត់បាននាំលោកយាយទៅសុំព្រះសង្ឃវត្តបាលិលេយ្យ ដើម្បីរកកន្លែងឱ្យលោកយាយបានស្នាក់នៅ។

ស្ត្រីខាងលើ បានបន្តថា ដោយសារតែគាត់ជាកូនកំព្រា ត្រូវម្តាយស្លាប់ចោលតាំងពីមុនសម័យប៉ុល ពត ទៅទៀត ទើបគ្មានម្តាយសម្រាប់ធ្វើបុណ្យនឹងគេ លុះគ្រាន់តែឃើញលោកយាយស៊ុន គាត់ហាក់មាននិស្ស័យ និងនឹកអាណិតអាសូរជាពន់ពេក ទើបសម្រេចចិត្តជួយមើលថែ ផ្តល់បាយទឹក នំចំណី ចិញ្ចឹមលោកយាយស៊ុន ជារៀងរាល់ថ្ងៃ ដោយចាត់ទុកគាត់ជាម្តាយ។ ដំបូងឡើយ គាត់ឃើញលោកយាយស៊ុន ដើររើសសំបកកំប៉ុងទឹក ដោះគោហូប ទើបនឹកគិតថា គាត់ទំនងជាឃ្លាន ក៏ទៅទិញទឹកដោះគោ មកឱ្យហូប គាត់ក៏ហូបយ៉ាងឆ្ងាញ់ និងសប្បាយចិត្តខ្លាំងណាស់ ហើយតាំងពីនោះមក គាត់ក៏កាន់តែធ្ងន់ចិត្តអាណិតលោកយាយកាន់តែខ្លាំង រហូត ដល់ជួយទំនុកបម្រុងមើលថែលោកយាយតាមលទ្ធភាព ទាំងដែលខ្លួនសព្វថ្ងៃរស់នៅផ្ទះជួល មានគ្រួសារ មានប្តី មានកូនត្រូវមើលថែក៏ដោយ។

ស្ត្រីរូបនេះ បានឱ្យដឹងទៀតថា តាមពិត គាត់ក៏ចង់យកលោកយាយស៊ុន ទៅរស់នៅជាមួយ មើលថែដូចម្តាយបង្កើតដែរ តែដោយសារគាត់រាល់ថ្ងៃស្នាក់នៅផ្ទះជួលតូចមួយ ជាមួយប្តី និងកូន ទើបគ្មានកន្លែងសម្រាប់ទទួលលោកយាយទៅរស់នៅជាមួយនោះទេ។ ប៉ុន្តែដោយសារ ព្រះសង្ឃមានទឹកព្រះទ័យអាណិតដល់លោកយាយ ក៏ផ្តល់ទីតាំងក្រោមជណ្តើរព្រះវិហារ ដែលកំពុងសាងសង់ ឱ្យលោកយាយស្នាក់នៅជាបណ្តោះអាសន្ន និងតែងផ្តល់បាយទឹកនំចំណីដល់លោកយាយជារឿយៗដែរ។

ស្ត្រីរូបនេះ បានបញ្ជាក់ថា ក្នុង១ថ្ងៃ គាត់តែងរៀបចំបាយទឹក យកមកជូនលោកយាយពិសា ៣ពេល គឺរាល់ពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច មិនដែលខានឡើយ ទោះមិនមានម្ហូបចំណីឆ្ងាញ់ៗ ឱ្យលោកយាយបានហូបឆ្អែត និងគ្រប់គ្រាន់ ក៏មិនដែលរំលង ១ថ្ងៃណាឡើយ។ មិនតែប៉ុណ្ណោះ ឱ្យតែលោកយាយហាមាត់ថា ចង់ពិសារអ្វី គាត់នឹងធ្វើជូនភ្លាម ហើយគាត់តែងយួរទឹក យកមកជូនលោកយាយងូត ជួនងូតទឹកឱ្យទៀតផង ពោលគឺគាត់ចាត់ទុកលោកយាយដូចជាម្តាយ ព្រោះតែគាត់គ្មានម្តាយបង្កើតសម្រាប់ធ្វើបុណ្យ ទើបគាត់សម្រេចធ្វើបុណ្យជាមួយលោកយាយ ជំនួសឱ្យម្តាយបង្កើតដែលឃ្លាតពីគាត់រាប់សិបឆ្នាំមកហើយ។
ស្ត្រីខាងលើ បានលើកឡើងថា គាត់គិតថា លោកយាយស៊ុន អាចនឹងត្រូវកូនចៅបំបរបង់ចោល ឬក៏អាចត្រូវមេខ្យល់នាំមកពីថៃ យកមកប្លុងចោល ព្រោះថា ទី១-លោកយាយអាចធ្លាប់ត្រូវបានមេខ្យល់នាំទៅស្រុកថៃ ឱ្យសុំទាន ឬធ្វើការដើម្បីរកប្រាក់ លុះគាត់ចាស់ជរា ធ្វើអ្វីលែងកើត ទើបមេខ្យល់ដឹកមកវិញទម្លាក់ចោលតែម្តង។ ទី២-អាចថាបុរសដែលដឹកយកមកប្លុងចោលនោះ គឺជាកូនចៅលោកយាយតែម្តង ព្រោះគិតមកដល់ ពេលនេះ៣ឆ្នាំហើយ មិនដែលឃើញមានកូនចៅណាតាមមករកម្តាយសោះឡើយ ហើយបើពិតជាកូនៗដឹកម្តាយយកមកបំបរបង់មែននោះ ពិតជារឿងគួរឱ្យហួសចិត្តខ្លាំងណាស់ មិនសមទាល់តែសោះ ហើយមិនខុសពីពាក្យចាស់ថា ម្តាយម្នាក់ ចិញ្ចឹមកូន១០នាក់រស់ តែកូន១០នាក់ ចិញ្ចឹមម្តាយម្នាក់ មិនរស់មែន។ យ៉ាងណា តាមដែលគាត់សង្កេត លោកយាយស៊ុន អាចជាអតីតអ្នកសិល្បៈ ឬជាអ្នកអាយ៉ៃ ទៀតផង ព្រោះជារឿយៗ គាត់តែងឮលោកយាយស៊ុន ច្រៀងអាយ៉ៃ ហើយគាត់តែងបញ្ចេញកាយវិការលើកដៃពត់ពេនយ៉ាងទន់ ប្រៀបបាននឹងអ្នករបាំម្នាក់ដូច្នោះដែរ។

ស្ត្រីរូបនេះ បានអះអាងថា គាត់មិនចោលលោកយាយស៊ុន ឡើយ ទោះអត់ឃ្លានមានស៊ី ក៏គាត់នៅតែបន្តផ្គត់ផ្គង់បាយទឹក មើលថែលោកយាយ រហូតដល់គាត់អស់បុណ្យ ដោយមិនបោះបង់គាត់ចោលនោះឡើយ ព្រោះគាត់ត្រូវកូនៗបោះបង់ចោលទៅហើយ បើត្រូវគាត់បោះបង់ចោលទៀត មិនដឹងថាលោកយាយនឹងត្រូវពឹងផ្អែកលើអ្វី ដើម្បីបន្តជីវិតចុងក្រោយរបស់គាត់នោះទេ៕ ដារិទ្ធ