ភ្នំពេញ ៖ រឿងរ៉ាវនារីវ័យក្មេងម្នាក់ ដែលអះអាងថា ខ្លួនជាកូនកំព្រា ត្រូវម្តាយស្លាប់ចោល ឪពុករត់តាមស្រីបាត់ ទុកឱ្យនាងរស់នៅតែល តោលគ្មានទីពឹង រហូតត្រូវប្រុសព្រានម្នាក់លួងលោមបោកយកខ្លួនប្រាណ រហូតដល់មានផ្ទៃពោះ ទាំងនាងទើបនឹងមានអាយុ១៣ឆ្នាំ រួចហើយប្រុសស្នេហ៍ហេងស៊យ រត់ចោលបាត់ អត់ទទួល ខុសត្រូវនោះ ត្រូវបានសមត្ថកិច្ចខេត្តកំពត បើកការស្រាវជ្រាវភ្លាមៗ និងឈានដល់ការចាប់ឃាត់ខ្លួនបុរសជាប្តីហេង ស៊យនោះ យកមកសាកសួរ ធ្វើឲ្យនារីក្មេងនោះភ័យខ្លួន ក៏សារភាពថា តាមពិតនាងមិនមែនជាអនីតិជន វ័យ១៣ឆ្នាំនោះទេ គឺនាងមានអាយុ២៤ឆ្នាំទៅហើយ និងធ្លាប់មានកូនមួយរួចមកហើយទៀតផង ឯមូលហេតុដែលនាងនិយាយកុហកបែបនេះ ដោយសារចង់ឱ្យមហាជនអាណិត ជួយផ្តល់លុយកាក់ទុកសម្រាប់សម្រាលកូន ព្រោះនាងគ្មានអ្វីជាទីពឹង។

នារីវ័យក្មេងដែលកំពុងមានផ្ទៃពោះ និងអះអាងថាត្រូវប្តីរត់ចោលនោះ មានឈ្មោះសាំង ស្រីនាថ អាយុ២៤ឆ្នាំ (កើតថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០) មានស្រុកកំណើតនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នេះបើយោងតាមសំបុត្រកំណើតកូនប្រុសរបស់នាង។ ចំណែកបុរសជាប្តី មានឈ្មោះ កង ជីវឿន អាយុ២៣ឆ្នាំ មុខរបរតៃកុងឡានដឹកដី។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ថា ព័ត៌មានបឋមដែលលោកបានស្រាវជ្រាវ គឺក្មួយស្រីមិនមែនអាយុ ១៣ឆ្នាំ នោះទេ យោងតាមសំបុត្រកំណើតរបស់កូនជាមួយប្តីមុន តែ ព័ត៌មានលម្អិតនឹងដឹងច្បាស់ នៅពេលនារីក្មេងនេះ មកដល់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

ដោយឡែក យោងតាមគណនីហ្វេសប៊ុក មួយឈ្មោះ «បឋម រីករាយ» ជាម្ចាស់ហាងលក់បាយមួយកន្លែង នៅឯខេត្តព្រះសីហនុ ដែលនារីខាងលើធ្លាប់មកស៊ីឈ្នួលលាងចាន បានទម្លាយថា “មីនាថ អត់ចោលចរិត កាលមកស៊ីឈ្នួលលាងចានឱ្យខ្ញុំ វាធ្លាប់ឆាតទៅគេ ប្រាប់ថា ខ្ញុំឃុំឃាំងវា និងបង្ខំឱ្យវាលាងចានច្រើនម្នាក់ឯង (ហី មកស៊ីឈ្នួលលាងចាន វាប្រុងដេកមែនចុះ) ហីវាថាគេមិនឱ្យវាចេញ បានអីឱ្យចេញ បើលាងចានមិនហើយផង ហីថាគេអត់ជួយ? នរណាជួយ ឱ្យខ្ញុំជួលអ្ហែងមកលាងចានហើយ ខ្ញុំនិងប្តីខ្ញុំ ចូលលាងជាមួយអ្ហែងដែរមែន? បើថាឃុំវា មើលធើតែតូបឯង ៥០ជាន់ លោកអើយ អើតពីមុខ ធ្លាយដល់កន្លែងដេក វាថាឯងឃុំ ដល់ចាប់ចូលប៉ុស្តិ៍ កាលពីជាង១ឆ្នាំជាងមុន ស្មានវាកែប្រែគំនិតហើយ ដល់ឥឡូវកុហកគេពេញប្រទេសថា ១៣ឆ្នាំ ទាំងការពិត ខ្លួនឯង ២២-២៣ឆ្នាំ មានទាំងកូនប្រុសមួយ ផ្ញើទុកនៅយាយមើល នៅតាំងគោក កំពង់ធំ ។ នេះឆាតខ្ញុំ ខ្ញុំចាប់បានវាឆាតទៅគេថា ខ្ញុំឃុំឃាំងវា អានេះខ្ញុំចាប់បាន បើចាប់មិនបាន វាឈប់ ទៅវាដើរប្រាប់គេថា ផ្ទះបាយរីករាយ នៅកំពង់សោមឃុំវា ប៉ូលិសមកសួរនាំខ្ញុំ ខ្ញុំមិនចប់ទៅហើយកាលហ្នឹង! គិតទៅក្មេងនេះ ធ្វើឱ្យគេជេរខាងប្រុសពេញប្រទេស…”។

ក្រោយបែកធ្លាយរឿងរ៉ាវខាងលើមក នាង សាំង ស្រីនាថ បានចេញមុខសារភាព ទទួលស្គាល់កំហុសថា តាមពិតនាងមិនមែនអាយុ១៣ឆ្នាំទេ គឺនាងអាយុ២៣ឆ្នាំហើយ ។ មូលហេតុដែលនាងកុហកពីរឿងអាយុបែបនេះ គឺដោយសារតែនាងខ្លាចអ្នកព័ត៌មានអត់ជួយផ្សព្វផ្សាយពីរឿងរ៉ាវជីវិតនាង ណាមួយនាងចង់ឱ្យមហាជនអាណិតអាសូរ ជួយផ្តល់លុយកាក់ឱ្យនាង ដើម្បីទុកសម្រាលកូន ព្រោះតែប្តីនាងមិនរវីរវល់ទទួលខុសត្រូវលើជីវិតនាងនិងកូនក្នុងផ្ទៃឡើយ។
នាងសាំង ស្រីនាថ បានបញ្ជាក់ថា ដំបូងនាងបានទៅរស់នៅខេត្តកំពត ជាមួយប្តី ដោយស្នាក់នៅផ្ទះជាមួយឪពុកម្តាយក្មេក លុះក្រោយ មកប្តីនាងបានមកស្នាក់នៅកន្លែងមេ (ការដ្ឋានដឹកដី) ទើបនាងបានតាមមកស្នាក់នៅជាមួយប្តី។ លុះក្រោយមក នាងមានផ្ទៃពោះ ប្តីមិនដែលជូន នាងទៅពិនិត្យពោះម្តងណាឡើយ និងថែមទាំងប្រាប់ឱ្យនាងចេញទៅរស់នៅស្រុកកំណើត ឯខេត្តកំពង់ធំសិនទៅ ចាំគាត់ផ្ញើលុយឱ្យសម្រាលកូន និងចាំគាត់ឡើងទៅតាមក្រោយ ព្រោះនៅកន្លែងធ្វើការគាត់ អត់មានកន្លែងស្នាក់នៅទេ។ ប៉ន្តែក្រោយពីនាងឡើងទៅស្រុកកំណើតខេត្តកំពង់ធំ អស់រយៈពេលកន្លះខែ ទៅហើយ ប្តីនៅតែមិនឃើញអើតឈ្ងោកមកសួរសុខទុក្ខ ឬផ្ញើលុយកាក់ឱ្យនាងសោះ ទើបនាងអត់មានលុយទិញអង្ករហូប ក៏ដាច់ចិត្តឡើងមកភ្នំពេញ និងកុហករឿងមួយចំនួន ដើម្បីឱ្យមហាជនអាណិត គ្រាន់បានប្រាក់ទុកសម្រាលកូន។
នាងសាំង ស្រីនាថ បាននិយាយថា “រឿងដែលខ្ញុំនិយាយ មានកុហកខ្លះ ការពិតខ្លះ ដោយពាក្យកុហក មានដូចជារឿងអាយុ១៣ឆ្នាំ និងរឿងប្តីរត់ចោល ដោយតាមពិត ខ្ញុំមានអាយុ២៣ឆ្នាំហើយ ហើយប្តីនាងមិនមែនរត់ចោលទេ គឺប្តីដេញឱ្យខ្ញុំទៅនៅស្រុកកំណើត គ្រាន់តែប្តីអត់ដែលផ្ញើលុយកាក់ឱ្យខ្ញុំ ណាមួយអត់លុយសម្រាលកូន ក៏កុហកខ្លះទៅ…”។

នាងសាំង ស្រីនាថ បន្ថែមថា “ចំណែករឿងការពិតវិញ គឺរឿងម្តាយខ្ញុំស្លាប់ ឪពុកខ្ញុំរត់តាមស្រីថ្មី គឺជារឿងពិតទាំងអស់ ។ ចំពោះរឿងដែលថាខ្ញុំធ្លាប់មានកូននោះ ក៏ជាការពិតដែរ គឺខ្ញុំធ្លាប់មានកូនប្រុសម្នាក់ តែសព្វថ្ងៃខ្ញុំបានឱ្យកូនប្រុសនោះទៅនៅជាមួយអតីតម្តាយក្មេកបាត់ហើយ…”។

ក្រោយពីទទួលស្គាល់នូវកំហុស ដែលបាននិយាយកុហកមហាជនរួចមក នាងសាំង ស្រីនាថ បានលើកដៃសំពះ សុំទោសថា “ខ្ញុំសុំទោស អ៊ំពូមីង បងប្អូន និងមហាជនទាំងអស់ ដែលខ្ញុំបាននិយាយកុហកថា ខ្ញុំទើបនឹងមានអាយុ១៣ឆ្នាំ តាមពិតខ្ញុំអាយុ២៣ឆ្នាំហើយ។ ចំណែកមូលហេតុដែលខ្ញុំកុហក គឺព្រោះតែខ្លាចអ្នកសារព័ត៌ មានអត់ជួយផ្សាយ និងចង់បានប្រាក់ខ្លះទុកសម្រាលកូន ហើយពេលនេះទោះជាដឹងថា ខ្ញុំកុហកក្តី ក៏មានសប្បុរសជនជាច្រើន នៅតែជួយឧបត្ថម្ភដល់ខ្ញុំ មានទាំងសម្ភារៈសម្រាប់ទារក និងរូបខ្ញុំជាម្តាយ ព្រមទាំងប្រាក់សរុបជិត ១ពាន់ដុល្លារ ដើម្បីឱ្យនាងខ្ញុំទុកចំណាយពេលសម្រាលកូន ហើយនាងខ្ញុំសន្យាថា ឈប់កុហកភូតភរមហា ជនបែបនេះទៀតហើយ…”៕