ខេត្តកំពត ៖ កំពង់ផែពហុបំណងកំពត ដែលវិនិយោគដោយក្រុមហ៊ុនកំពតផត ចំណាយថវិកាសាងសង់ប្រ មាណ ១៤០លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ពិធីសម្ពោធនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា និយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ និយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវនិងច្បាស់លាស់ ប្រកបដោយភាពប្រាកដ និយម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែ នៅកម្ពុជា។ បន្ថែមពីនេះ កំពង់ផែនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់ឱកាសពីសំណាក់ប្រមុខរាជ រដ្ឋាភិបាល ដល់វិស័យឯកជន ជាពិសេសក្នុងការចូលរួមវិនិយោគ អភិវឌ្ឍវិស័យកំពង់ផែ នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

កំពង់ផែពហុបំណងកំពត ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ របស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀត របស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយការដឹកជញ្ជូនតាមផ្លូវសមុទ្រ ពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវា នៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ។

ក្នុងកិច្ចប្រជុំដំបូង គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ ការអភិវឌ្ឍវិស័យហេដ្ឋា រចនាសម្ព័ន្ធកំពង់ផែ ត្រូវបានចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះមួយ នៅក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត ដូចជា ផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ៕




