Sunday, September 8, 2024
Homeព័ត៌មានជាតិសម្ដេចហ៊ុន សែន ជំរុញរុស្ស៉ី ដោះស្រាយបំណុលកម្ពុជា ឱ្យបានឆាប់

សម្ដេចហ៊ុន សែន ជំរុញរុស្ស៉ី ដោះស្រាយបំណុលកម្ពុជា ឱ្យបានឆាប់

ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញរុស្ស៉ី ដោះស្រាយបំណុលកម្ពុជា ឱ្យបានឆាប់ និងសូមឱ្យរុស្ស៊ី យកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ មកកាន់កម្ពុជា ដោយសម្តេច បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ី មកកាន់ប្រទេសកម្ពុជាហើយ។

សម្តេចហ៊ុន សែន បានថ្លែងជំរុញបែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាបឋម សម្ដេចហ៊ុន សែន បានស្វាគមន៍ចំពោះលោកឯកអគ្គរដ្ឋទូត ហើយក៏សូមឱ្យលោកឯកអគ្គរដ្ឋទូត ពាំនាំការអរគុណជូនចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ដែលបានផ្ញើលិខិតអបអរសាទរជូនចំពោះសម្ដេច ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា កន្លងទៅថ្មីៗនេះ។

ជាកិច្ចឆ្លើយតប  លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការគោរពចំពោះសម្ដេចហ៊ុន សែន និងព្រះរាជាណាចក្រកម្ពុជា ហើយក្នុងឋានៈជាអ្នកការទូតចាស់វស្សាម្នាក់នៅកម្ពុជា លោកសូមថ្លែងអំណរគុណចំពោះសម្ដេច ដែលបានអនុញ្ញាតឱ្យមានជំនួបនៅថ្ងៃនេះ។ លោកបានបញ្ជាក់ថា ប្រជាជនរុស្ស៊ី ស្គាល់សម្ដេចហ៊ុន សែន យ៉ាងច្បាស់ ដោយសម្ដេច បានផ្តល់នូវវិភាគទានយ៉ាងសម្បើមចំពោះចំណងមិត្តភាពនិងកិច្ចសហការរវាងកម្ពុជា និងអតីតសហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរសាទរចំពោះសម្ដេច ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា និងអបអរសាទរគណបក្សប្រជាជនកម្ពូជា ដែលបានទទួលលទ្ធផលដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត រាជធានី នាពេលកន្លងមកនេះ ហើយលទ្ធផលនេះបានបង្ហាញពីជំនឿទុកចិត្តរបស់ប្រជាជនខ្មែរ ភាគច្រើនលើសលប់ ចំពោះគណបក្សប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា កម្ពុជា និងរុស្ស៊ី តែងតែបញ្ជូនអ្នកសង្កេតការណ៍ ទៅពិនិត្យការបោះ ឆ្នោត នៅប្រទេសរៀងៗខ្លួន ហើយលោកបានសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះទំនាក់ទំនងដ៏ល្អប្រសើរនេះ។ លោកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ី មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងប្រវត្តិយូរអង្វែងរយៈពេល ៦៨ឆ្នាំហើយ។ រុស្ស៊ី កំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រ តិបត្តិការលើវិស័យជាច្រើន។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញថា លោកនឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។ ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោកបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើងនៅតូចនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនរុស្ស៊ី មួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួនហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីវិនិយោគនៅកម្ពុជា។

លោកក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។ លោកឯក អគ្គរដ្ឋទូត បានរំឭកផងដែរថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជា ហើយក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទាក់ទងនឹងបញ្ហាបច្ចេកទេស។  ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ សហព័ន្ធរុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើន ទៅបំពេញការសិក្សានៅប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ រុស្ស៊ី ក៏បានរៀបចំឱ្យមានជាទស្សនកិច្ចរបស់យុវជនក្មេងៗ បានទៅទស្សនកិច្ចនៅប្រទេសរុស្ស៉ី ផងដែរ។

នៅលើវេទិការអន្តរជាតិ លោកបានរំឭកថា កម្ពុជា និងរុស្ស៊ី បានជួយគ្នា និងសម្របសម្រួលគ្នានៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជាក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាន និងរុស្ស៊ី ក្នុងការជួយពង្រឹងភាពជាដៃគូសន្ទនារបស់រុស្ស៊ី នៅក្នុងអាស៊ាន ផងដែរ។

ពាក់ព័ន្ធវិស័យទេសចរណ៍ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ី មកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ី នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ី មកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចរ រវាងប្រទេសទាំងពីរ។ លោកក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចររុស្ស៉ី។

លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរ កម្ពុជា ជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប សម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងសេចក្តីរីករាយ ដែលបានជួបលោកឯកអគ្គរដ្ឋទូត ជាលើកទី២ ក្នុងឱកាសនេះ ក្នុងនាមជាប្រធានព្រឹទ្ធសភា។ សម្ដេច បានអបអរសាទរលោកប្រធានាធិបតី វ៉្លាដឺមៀរ ពូទីន (Vladimir Putin) ដែលបានជាប់ឆ្នោតសាជាថ្មី ដោយសម្ដេច បានចាត់ទុកវាជាស្នូលនៃស្ថានភាពនយោបាយបច្ចុប្បន្ននេះ។ សម្ដេច បានលើកឡើងថា ក្នុងរយៈពេល ៦៨ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គណបក្សប្រជាជនកម្ពុជា និងសម្ដេច ស្ថិតនៅក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស និងជានាយករដ្ឋមន្តី បានគ្រប់គ្រងអស់រយៈពេលប្រមាណ៤៥ឆ្នាំ ។

សម្ដេចប្រធានព្រឹទ្ធសភា  ក៏បានថ្លែងអរគុណចំពោះជំនួយសព្វបែបយ៉ាងរបស់សហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី ដែលបានជួយកម្ពុជា នៅពេលដែលកម្ពុជា ទើបរំដោះបានពីរបបខ្មែរក្រហម។

លើទំនាក់ទំនងសហប្រតិបត្តិការដទៃទៀត សម្ដេចហ៊ុន សែន បានផ្ដល់ជាអនុសាសន៍ សូមឱ្យជំរុញនូវអ្វីដែលអាចធ្វើទៅបាន ជាពិសេសសូមឱ្យរុស្ស៊ី យកចិត្តទុកដាក់ក្នុងការបង្កើតជើងហោះហើរត្រង់ ពីព្រោះសម្ដេច បានចាត់ទុកថា ដល់ពេលវេលាដែលត្រូវជំរុញវិស័យទេសចរណ៍របស់រុស្ស៊ី មកកាន់ប្រទេសកម្ពុជា ហើយក៏ជំរុញការដោះស្រាយបំណុលដែលរង់ចាំជាយូរមកហើយនោះ ឱ្យបានឆាប់រួសរាន់ផងដែរ។

សម្ដេចហ៊ុន សែន ក៏បានមានប្រសាសន៍ថា ការសម្រេចចិត្តផ្ទេរតំណែងជំនាន់ចាស់ មកជំនាន់ថ្មី គឺដើម្បីសន្តិភាពរយៈពេលវែង ហើយជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេច ព្រោះថា រយៈពេលប្រមាណ៩ខែ បន្ទាប់ពីការផ្ទេរមកនេះ កម្ពុជា មានស្ថិរភាពនយោបាយ សន្តិសុខ កំណើននៅតែបន្ត អតិផរណានៅទាប ហើយជីវភាពរស់នៅរបស់ប្រជាជន នៅតែល្អប្រសើរ។

ជាចុងក្រោយ លោកឯកអគ្គរដ្ឋទូត បានសម្ដែងការគោរពដ៏ជ្រាលជ្រៅនិងខ្ពង់ខ្ពស់បំផុតចំពោះសម្ដេចហ៊ុន សែន ហើយគូសបញ្ជាក់ថា រុស្ស៊ី គឺជាមិត្តភក្តិយូរអង្វែង និងជានិច្ចកាលនៅជាមួយកម្ពុជា នៅពេលលំបាក ហើយរុស្ស៊ី នឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់ប្រទេសកម្ពុជានោះទេ។

កិច្ចពិភាក្សាបានបញ្ចប់ ក្នុងបរិយាកាសរីករាយ ដោយសម្ដេចហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតរុស្ស៉ី បានពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ និងត្រង់ទៅត្រង់មក និងផ្លាស់ប្ដូរយោបល់គ្នាក្នុងស្មារតីមិត្តភាព និងភាពកក់ក្តៅ៕ ខៀវទុំ

RELATED ARTICLES