Tuesday, October 22, 2024
Homeព័ត៌មានសិល្បៈក្រសួងវប្បធម៌ ណែនាំក្រុមសិល្បៈសម្តែងក្នុងមង្គលការ បញ្ឈប់សកម្មភាពអសីលធម៌

ក្រសួងវប្បធម៌ ណែនាំក្រុមសិល្បៈសម្តែងក្នុងមង្គលការ បញ្ឈប់សកម្មភាពអសីលធម៌

ភ្នំពេញ ៖ ក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម ជុំវិញសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈមួយចំនួនតូច ដែលសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការណែនាំឱ្យក្រុមអ្នក សិល្បៈទាំងនោះ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ ដែលជាកេរដំណែលពីដូនតា។

សេចក្តីណែនាំនិងអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ថ្មីៗនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តា ញសង្គម ដើម្បីចូលរួមរិះគន់កែលម្អ ចំពោះសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹងនិងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។

ក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្តដូចខាងក្រោម ៖

-សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ ហើយខិតខំស្វែងយល់ ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ ដែលជាកេរដំណែលពីដូនតាមក។

-ក្រុមប្រឹក្សាក្រមសីលធម៌ នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅក្រុមសិល្បៈទាំងនោះ មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណីនៅតែបន្តប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យក តាមគោលការណ៍ដែលមានជាធរមាន។

-ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ សូមអាណាព្យាបាលទាំងឡាយ គួរពិនិត្យនិងពិចារណាឱ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។

សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជាសកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ។

ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ សូមគោរពនិងថ្លែងអំណរគុណដោយជ្រាលជ្រៅចំពោះស្មារតីស្រលាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ក្នុងការទប់ស្កាត់នូវរូបភាពអវិជ្ជមានគ្រប់ទម្រង ដែលធ្វើឱ្យប៉ះពាល់តម្លៃនៃមរតក ដូនតា»៕

RELATED ARTICLES