Sunday, September 8, 2024
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលចរាចរណ៍ ជុំវិញរង្វង់មូលកួចកាណុង

រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលចរាចរណ៍ ជុំវិញរង្វង់មូលកួចកាណុង

ភ្នំពេញ ៖ ក្រោយសង្កេតឃើញពីស្ថានភាពចរាចរណ៍នៅចំណុចរង្វង់មូលកួចកាណុង (ស្ពានជ្រោយចង្វា) មាន ការកកស្ទះជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរៀបចំកែសម្រួលប្រព័ន្ធចរាចរណ៍នៅ តំបន់ជុំវិញចំណុចរង្វង់មូលកួចចកាណុងនេះឡើងវិញ ដោយនឹងធ្វើការដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្ស រៀបចំផ្លូវលេខ៤៧ ជាផ្លូវឯកទិស និងរៀបចំផ្លូវទ្វេ ទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញពីស្ថានភាពចរាចរនៅចំណុចរង្វង់មូលកួចកាណុង មានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសេសម៉ោងមមា ញឹក (ចន្លោះពីម៉ោង៧ៈ០០នាទីព្រឹក ដល់ម៉ោង៨ៈ៣០នាទីព្រឹក និងពីម៉ោង១៦ៈ៣០នាទីរសៀល ដល់ម៉ោង១៩ៈ០០នាទីយប់) ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរនិងសណ្តាប់ធ្នាប់សាធារណៈ។

ដូច្នេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួល និងសមស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរណ៍ នៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង ដូចខាងក្រោម ៖

១-ដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស

២-ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្ស ចាប់ពីច្រមុះជ្រូករង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០

៣-រៀបចំផ្លូវឯកទិស លើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០

៤-រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។

គម្រោងខាងលើនេះ នឹងដាក់ឱ្យដំណើរការសាកល្បង ចាប់ពីថ្ងៃសុក្រទី០៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្ត្រខាងលើ មេត្តាយោគយល់ និងចូលរួមសហការតាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ទទួលបានសេចក្តីជូនដំណឹងនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ពាក់ព័ន្ធ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ ត្រង់ចំណុចភូមិសាស្ត្រខាងលើនេះ ឱ្យទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

RELATED ARTICLES