Sunday, September 8, 2024
Homeព័ត៌មានជាតិដំណើរនយោបាយ ក្រុមកឹម សុខា ថាសម រង្ស៊ី ដូចសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ដំណើរនយោបាយ ក្រុមកឹម សុខា ថាសម រង្ស៊ី ដូចសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ និងសកម្មជននៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ក្រុមលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា ដំណើរនយោបាយលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដូចគ្នានឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺធ្លាក់ចុះនូវប្រជាប្រិយភាព​ រហូតហៅលែងឮ ។

សកម្មជនអតីតបក្សប្រឆាំង ខាងក្រុមលោកកឹម​ សុខា ដែលប្រើគណនីបណ្ដាញសង្គម ហ្វេសប៊ុក “យុវជន គំរូ” បានសរសេរថា “ដំណើរនយោបាយលោកសម រង្ស៊ី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងដើរលើផ្លូវដូចគ្នា ដែលប្រជាប្រិយភាពធ្លាក់ចុះស្រឹមៗ“ ។

ស្របនឹងការលើកឡើងរបស់សកម្មជនអតីតបក្សប្រឆាំង ខាងលើនេះ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ថា ជាការសង្កេតឃើញ ការសម្រេចអ្វីៗរបស់លោកសម រង្ស៊ី កន្លងមក ខុសភាពប្រក្រតីរបស់អ្នកនយោបាយធម្មតា គឺរបស់ដែលត្រូវធ្វើ លោកសម រង្ស៊ី មិនធ្វើ របស់ដែលមិនត្រូវធ្វើ គាត់ធ្វើ ។ ហេតូដូច្នេះហើយបានជាជីវិតនយោបាយរបស់លោកសម រង្ស៊ី នៅអនាគតដ៏ខ្លីនេះ គឺចប់ ដូចសម្ដេចក្រុមព្រះ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ការដែលអ្នកប្រៀបធៀបនេះ គឺជាការពិត ជាការមើលឃើញការវិវឌ្ឍនយោបាយរបស់សម រង្ស៊ី ។ ហេតុអី្វបានជាយ៉ាងដូច្នេះ? ពីព្រោះខ្ញុំសង្កេតឃើញការសម្រេចអ្វីៗរបស់លោកសម រង្ស៊ី ខុសភាពប្រក្រតីរបស់អ្នកនយោបាយធម្មតា របស់ដែលត្រូវធ្វើ គាត់មិនធ្វើ របស់ដែលមិនត្រូវធ្វើ គាត់ធ្វើ ។ ហេតូដូច្នេះហើយបានជាជីវិតនយោបាយរបស់លោកសម រង្ស៊ី នៅអនាគតដ៏ខ្លីនេះ គឺចប់តែប៉ុណ្ណេះ គឺដូចសម្ដេចក្រុមព្រះ ។ សម្ដេចក្រុមព្រះ និងគណបក្សរបស់គាត់ អាចមានដំណើរទៅបានខ្លះ ប៉ុន្តែគណបក្សរបស់លោកសម រង្ស៊ី អត់មានអនាគតតទៅទៀតទេ ។ ហេតុអ្វីបានដូច្នេះ? ពីព្រោះការដែលធ្វើនយោបាយរបស់គាត់ គាត់គ្មានភាពស្មោះត្រង់ជាមួយនឹងការដឹកនាំនយោបាយក្នុងបក្សរបស់គាត់ តែងតែប្ដូរគំនិត គ្មានយុត្តិធម៌នៅក្នុងបក្សរបស់គាត់ ទី១ ។ ទី២ គាត់មានក្បត់នឹងអ្នកជាតិនិយម ដោយទៅបម្រើនយោយរបស់គណបក្សប្រជាជន ធ្វើយ៉ាងម៉េចដើម្បីរំលាយអ្នកជាតិនិយម ។ ដូច្នេះដំណើរនយោបាយរបស់លោកសម រង្ស៊ី ត្រូវចប់តែប៉ុណ្ណេះ ព្រោះគេគ្មានជំនឿ អ្នកជាតិនិយមដែលទទួលរងគ្រោះដោយសារលោកសម រង្ស៊ី គេឈប់មានជំនឿទៅលើលោកសម រង្ស៊ី ។ យើងឃើញហើយ អ្នកដែលស្មោះនឹងសម រង្ស៊ី ជាច្រើន បានរត់ទៅចូលគណបក្សប្រជាជន ហើយខ្លះទៀតក៏មិនបានចូលទៅគណបក្សប្រជាជន ក៏គ្មានបង្ហាញការគាំទ្រទៅលោកសម រង្ស៊ី ទាំងអស់ ។ អនាគតរបស់គាត់ (សម រង្ស៊ី) ទៅមុខ ទី១ គាត់នឹងមិនត្រលប់មកប្រទេសយើងវិញនោះទេ មិនត្រលប់ចូលប្រទេសកម្ពុជា វិញទេ ដោយគាត់ជាទណ្ឌិត ដោយតុលាការ បានកាត់ទោសគាត់ជាប់គុក ជាច្រើនឆ្នាំ។ ទី២ គាត់មានមធ្យោបាយរស់នៅបរទេសសុខស្រួលរបស់គាត់ ដោយសារគាត់មានទ្រព្យសម្បត្តិ ផ្ទះសម្បែងនៅបរទេស ។ ហេតុដូច្នេះហើយជីវិតរបស់គាត់ គឺរស់នៅបរទេសរហូត“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “ចំពោះដំណើរនយោបាយរបស់លោកប្រធាន កឹម សុខា គឺយើងនៅមានសង្ឃឹមជានិច្ច ពីព្រោះទី១ ប្រជាពលរដ្ឋគេគាំទ្រលោកកឹម សុខា គេយល់ថា លោកកឹម សុខា មានការស្មោះត្រង់ទៅនឹងប្រទេសជាតិ មានការស្មោះត្រង់ទៅនឹងប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកជាតិនិយម ។ ទី២ សហគមន៍អន្តរជាតិ គេជឿថា លោកកឹម សុខា មានអនាគតនយោបាយ ពីព្រោះដោយសារគេឃើញថា ប្រជាពលរដ្ឋកម្ពុជាយើងគាំទ្រលោកកឹម សុខា ។ គង់តែអាជ្ញាធរសព្វថ្ងៃនេះ កាត់ទោសយ៉ាងណាក៏ដោយ គឺការកាត់ទោសហ្នឹង សម្អាងទៅលើការចោទប្រកាន់ក្លែងក្លាយ ។ ក្នុងន័យនេះ សកម្មភាពនយោបាយអាចមានការវិវត្តទៅថ្ងៃមុខ ការវិវត្តនេះហើយ ដែលយើងមានការសង្ឃឹម ពីព្រោះខ្ញុំជឿថា ស្ថានភាពនយោបាយសព្វថ្ងៃនេះ មានវិបត្តិជាច្រើន ដែលត្រូវតែរដ្ឋាភិបាល អាជ្ញាធរសម្រេចចិត្តក្នុងពេលណាមួយដោះលែងលោកកឹម សុខា ។ ដោយឡែក ការដែលអាជ្ញាធរអនុញ្ញាតឲ្យលោកសម រង្ស៊ី ចូលស្រុក ឬមិនចូលស្រុក ជារឿងមួយទៀត ប៉ុន្តែជាល្បិចរបស់គេ គេអាចឲ្យលោកសម រង្ស៊ី ចូលស្រុក ។ ប៉ុន្តែបើលោកសម រង្ស៊ី ចូលស្រុកវិញ ក៏ប្រជាពលរដ្ឋលែងមានជំនឿទៅលើ ជាពិសេសអ្នកជាតិនិយម ក៏គ្មានជំនឿទៅលោកសម រង្ស៊ី តទៅទៀតទេ ពីផ្នែកនយោបាយ ។ បានន័យថា យើងសង្កេតឃើញតែលោកសម រង្ស៊ី ដើរបំបែកតែអ្នកជាតិនិយមដូច្នេះ ប្រជាពលរដ្ឋ អ្នកជាតិនិយម គ្មានជំនឿទៅលើលោកសម រង្ស៊ី ។ ហេតុដូច្នេះហើយលោកសម រង្ស៊ី គ្មានលទ្ធភាពដឹកនាំនយោបាយហ្នឹងឲ្យមានការរីកចម្រើនលូតលាស់ទេ ព្រោះគេអត់មានជំនឿ ។ យើងត្រូវដឹងថា នយោបាយ ទៅលើការជំនឿ ដោយសារអ្នកជាតិនិយមគ្មានជំនឿទៅលើលោកសម រង្ស៊ី ហើយការដឹកនាំនយោបាយរបស់សម រង្ស៊ី នឹងគ្មានប្រសិទ្ធភាពទេ“ ។

ទោះបីជាយ៉ាងណា លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ថា រឿងថាលោកសម រង្ស៊ី បាត់ប្រជាប្រិយភាពនេះ មិនសមជាការលើកឡើងរបស់ក្រុមបក្សប្រឆាំងដូចគ្នាទេ ពាក្យនេះគឺគួរតែជាការលើកឡើងរបស់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការលើកឡើងហ្នឹង មិនជាការពិតនោះទេ អ្នកដែលលើកឡើងហ្នឹង គឺគណបក្សប្រជាជន តែប៉ុណ្ណោះឯង គាត់លើកឡើងធ្វើម៉េចព្រួយបារម្ភពីឥទ្ធិពលលោកសម រង្ស៊ី ដែលពួកគាត់ហ្នឹងកំពុងតែបាត់ប្រជាប្រិយភាពក្នុងការដឹកនាំប្រទេស ដោយសារតែការដឹកនាំរបស់លោកហ៊ុន ម៉ាណែត ហ្នឹង គឺកំពុងតែធ្វើឲ្យប្រជាពលរដ្ឋហ្នឹងរងទុក្ខ ដោយមានការឆបោកច្រើន ក្នុងការដឹកនាំរបស់លោកហ៊ុន ម៉ាណែត ហ្នឺង ហើយមានការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើអយុត្តិធម៌សង្គម តុលាការមិនឯករាជ្យ មានការចាប់ចង ដាក់ពន្ធនាគារ ចំពោះមន្រ្តីបក្សប្រឆាំង សកម្មជនសង្គមអីជាដើម ហើយការដឹកនាំរបស់គាត់ហ្នឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ប្រជាពលរដ្ឋអត់ការងារធ្វើ ទៅធ្វើការនៅស្រុកថៃអីជាដើម ។ អាហ្នឹងដោយសារតែការដឹកនាំរបស់ត្រកូលហ៊ុន ហ្នឹងកំពុងបាត់ប្រជាប្រិយភាព ។ អ៊ីចឹងគាត់ទៅចោទមេបក្សប្រឆាំង លោកសម រង្ស៊ី ថាបាត់ប្រជាប្រិយភាពទៅវិញ អាហ្នឹងជាការលើកឡើងផ្ទុយទៅវិញ“ ។

ជុំវិញបញ្ហាខាងលើនេះដែរ លោក រស់ សារ៉ុម អតីតប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ថា ដំណើរនយោបាយរបស់លោកសម រង្ស៊ី កម្សត់ជាងសម្ដេចក្រុមព្រះ ទៅទៀត មិនមែនធ្លាក់ស្រឹមៗទេ គឺធ្លាក់ផ្កាប់មុខតែម្ដង ហើយការដួលរលំនេះ អ្នកបន្តវេនរបស់គាត់ចប់ហើយ មិនអាចទៅរួចទេ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធចំណុចនេះ ខ្ញុំយល់ឃើញថា ដំណើរជីវិតនយោបាយរបស់លោកសម រង្ស៊ី នេះ មិនត្រឹមតែធ្លាក់ចុះស្រឹមៗទេ គឺធ្លាក់ចុះផ្កាប់មុខតែម្ដង ដោយសារអី? កត្តាទី១ លោកសម រង្ស៊ី គាត់ធ្វើនយោបាយ គាត់ដឹកតែនយោបាយទេ តែការងាររចនាសម្ព័ន្ធ គឺទុកឲ្យអាមាត្យអ្នកចាត់ចែងទាំងអស់ ហើយគាត់អត់ចេះស្ដាប់គេ ស្ដាប់ឯងទេ ។ នេះជាចំណុចខ្សោយរបស់លោកសម រង្ស៊ី ។ អ៊ីចឹងបើប្រៀបធៀបចំណុចនេះ ជាមួយសម្ដេចក្រុមព្រះ គឺសម្ដេចក្រុមព្រះ មានគុណធម៌ខ្ពស់ជាងសម រង្ស៊ី ឆ្ងាយណាស់ ។ អ៊ីចឹងនយោបាយរបស់សម រង្ស៊ី នេះ គឺជានយោបាយមួយឆក់ឱកាសទេ មិនមែនជានយោបាយមួយដែលមានការរៀបចំត្រឹមត្រូវទេ ជានយោបាយមួយគ្រាន់តែធ្វើឡើងដើម្បីកេងចំណេញឱកាសរបស់គាត់ក្នុងរយៈពេលខ្លីនៃជីវិតរបស់គាត់ទេ ។ មានន័យថា គាត់ស្លាប់ នយោបាយស្លាប់ គាត់បិទតូប គាត់ធ្វើលែងកើត គឺតូបហ្នឹងបិទតែម្ដង ។ អ៊ីចឹងដំណើរលោកសម រង្ស៊ី នេះ កម្សត់ជាងសម្ដេចក្រុមព្រះ ទៅទៀត ហើយមិនមែនធ្លាក់ស្រឹមៗទេ ដូចខ្ញុំបញ្ជាក់អ៊ីចឹងថា ផ្កាប់មុខតែម្ដង ហើយការដួលរលំនេះ អ្នកបន្តវេនរបស់សម រង្ស៊ី ហ្នឹងចប់ហើយ មិនអាចទៅរួចទេ“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ថា ករណីលោកសម រង្ស៊ី បច្ចុប្បន្នបើសិនជាមានលំហសេរីភាព លំហនយោបាយដូចកាលពីមុន ដូចដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅមានព្រះជន្ម លោកគិតថា លោកសម រង្ស៊ី មានឱកាសប្រកួតប្រជែងជាមួយសម្ដេចហ៊ុន សែន ហើយសំឡេងការគាំទ្ររបស់គាត់ គឺមិនធាក់ថយទេ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា មើលឃើញថា ក្នុងករណីសម្ដេចក្រុមព្រះ ការធ្វើនយោបាយរបស់លោក គឺគាត់នៅមានលំហសេរីភាព លំហនយោបាយ អាចប្រកួតប្រជែងបានពេលនោះ ។ ប៉ុន្តែលោកបាត់បង់ឱកាស ហើយធ្វើឲ្យលោកធ្លាក់ការគាំទ្រ រហូតទៅដល់អត់មានកៅអី នៅឆ្នាំ២០១៣ ។ ប៉ុន្តែយើងចង់និយាយថា ពេលនោះនៅមានលំហសេរីភាពនៅមាន លំហការប្រកួតប្រជែងក្នុងការបោះឆ្នោត រវាងគណបក្សរដ្ឋាភិបាល គណបក្សក្រៅរដ្ឋាភិបាល ឬគណបក្សប្រឆាំងអីហ្នឹង ។ តែដោយឡែកករណីលោកសម រង្ស៊ី បច្ចុប្បន្នហ្នឺង បើសិនជាមានលំហសេរីភាព លំហនយោបាយដូចកាលពីមុន ខ្ញុំគិតថា គាត់មានឱកាសប្រកួតប្រជែងជាមួយលោកហ៊ុន សែន ហើយសំឡេងការគាំទ្ររបស់គាត់ គឺមិនធាក់ថយទេ ។ អាហ្នឹងយើងពិនិត្យទៅលើស្ថានភាពដូចដែលសម្ដេចក្រុមព្រះ ធ្លាប់បានធ្វើ ក៏ប៉ុន្តែបច្ចុប្បន្ននេះ វាអត់មានឱកាសទេ សូម្បីតែគណបក្សកម្លាំងជាតិ ឬគណបក្សភ្លើងទៀន ឬគណបក្សឆន្ទៈខ្មែរហ្នឹង ក៏គេរឹតត្បិតមិនផ្ដល់ឱកាសឲ្យប្រកួតប្រជែងដោយយុត្តិធម៌ដែរ ក៏គេមិនបើកលំហឲ្យប្រកួតប្រជែងដូចពីមុនដែរ ដូចគេរកលេសគ្រប់បែបយ៉ាង ដើម្បីចាប់មនុស្សដាក់ឃុំឃាំង ចាប់មេបក្សដាក់ឃុំអី ចោទប្រកាន់រឿងនេះ រឿងនោះអ៊ីចឹងទៅ ។ អ៊ីចឹងខ្ញុំយល់ថា ការណ៍នេះ សម្រាប់លោកសម រង្ស៊ី វាពាក់ព័ន្ធលើលោកហ៊ុន សែន ។ បើលោកហ៊ុន សែន បើកលំហឲ្យលោកសម រង្ស៊ី ចូលប្រកួតដូចពីមុន លោកសម រង្ស៊ី មិនបាត់ឱកាសទេ គាត់អាចហៅពួកអ្នកប្រជាធិបតេយ្យ ហើយពួកគណបក្សផ្សេងៗ តូចៗ ក្រៅរដ្ឋាភិបាលហ្នឹង ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក ឬថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ឬក៏អតីតគណបក្សសង្រ្គោះជាតិ ដែលបែកទៅបង្កើតបក្សផ្សេងៗហ្នឹង ក៏អាចប្រមូលអ្នកទាំងអស់គ្នាហ្នឹងមកប្រកួតប្រជែង មកធ្វើនយោបាយជាមួយគ្នាបានតទៅទៀត គាត់អាចមានទឹកមាត់ប្រៃ នៅក្នុងការនិយាយជាមួយពួកគេហ្នឹង ។ ខ្ញុំយល់ឃើញអ៊ីចឹង ខ្ញុំពិនិត្យលើស្ថានភាពបច្ចុប្បន្នហ្នឹង បើបើកលំហឲ្យគាតមានប្រកាសប្រកួតប្រជែង ឲ្យគាត់អាចចូលប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងជាមួយលោកហ៊ុន សែន ជាមួយអីហ្នឹងវិញ ខ្ញុំគិតថា គាត់នៅមានឱកាស គាត់អត់បាក់ស្រុតទេ កម្លាំងគាំទ្រគាត់នោះ ស្មារតីគាំទ្រនយោបាយប្រជាធិបតេយ្យហ្នឹង គឺមិនថមថយទេ មកដល់បច្ចុប្បន្នក៏ដោយ ឲ្យតែបើកការប្រកួតប្រជែង“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ្វីដែលយើងកំពុងគិតហ្នឹង យើងមានការសោកស្ដាយ ដោយសារពេលវេលារបស់ពួកគាត់ហ្នឹងវាតិច ពួកគាត់ចាស់ហើយ ពួកគាត់មានឱកាសតិចជាងមុននៅក្នុងការធ្វើកិច្ចការនយោបាយសម្រាប់ស្រុកទេស ហើយក្នុងខណៈពេលបច្ចុប្បន្ន លោកហ៊ុន សែន ក៏អស់ឱកាសដែរ ក្នុងការនយោបាយ ក៏ប៉ុន្តែលោកហ៊ុន សែន បានត្រៀមមនុស្សថ្មី គឺកូនចៅគាត់ហ្នឹងឲ្យមកគ្រប់គ្រងអំណាចបន្ត ។ ម្ល៉ោះហើយបានជាលោកហ៊ុន សែន មិនផ្ដល់ឱកាសដល់អ្នកផ្សេងៗទៀត ដើម្បីប្រកួតប្រជែងស្មើមុខស្មើមាត់គ្នាក្នុងនយោបាយ ។ ខ្ញុំគិតថា កម្លាំងប្រជាធិបតេយ្យវានៅដដែលទេ បច្ចុប្បន្នហ្នឹង ទោះបីមានអ្នកខ្លះក៏ចុះចូលជាមួយរដ្ឋាភិបាល មានអ្នកខ្លះធ្វើនេះ ធ្វើនោះអ៊ីចឹងក៏ដោយ តែខ្ញុំនិយាយដដែល បើសិនករណីបើកលំហសេរីភាពស្មើមុខស្មើមាត់ ស្របទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញជាតិបច្ចុប្បន្នហ្នឹង ឬរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ហើយនិងកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង ខ្ញុំគិតថា បើបើកលំហប៉ុណ្ណឹង ហ៊ានតែបើកលំហឲ្យអ្នកប្រជាធិបតេយ្យប្រកួតប្រជែងត្រឹមត្រូវឡើងវិញ ដូចកាលជំនាន់សម្ដេចក្រុមព្រះ ប្រកួតប្រជែងហ្នឹង ទាំងលោកសម រង្ស៊ី ក្ដី ទាំងលោកកឹម សុខា ក្ដី ពួកគាត់នៅតែអាចនិយាយគ្នាបានទេ ព្រោះអ្នកប្រជាធិបតេយ្យ អត់ពិបាកជជែកគ្នាទេ ឲ្យតែបើកលំហ ឲ្យតែដោះលែងសកម្មជនប្រឆាំង ឲ្យតែដោះលែងអ្នកទោសមនសិការអីអស់ហ្នឹង អ៊ីចឹងពួកគាត់នៅតែមានឱកាស ហើយខ្ញុំអត់ជឿថា លោកសម រង្ស៊ី គាត់ថមថយនយោបាយ ដោយសារតែកត្តាធ្វើនយោបាយត្រឹមត្រូវទេ ។ ចង់មានន័យថា ភាពត្រឹមត្រូវនៃនយោបាយហ្នឹង គឺចង់មានន័យថា លំហសេរីភាពនៅក្នុងនយោបាយហ្នឹងមានដូចពីមុន ដូចកាលសម្ដេចក្រុមព្រះ គាត់ធ្លាប់ប្រកួតប្រជែងតាំងពីឆ្នាំ១៩៩៥-១៩៩៧-១៩៩៨-២០១២-២០១៣ ហ្នឹង ឆ្នាំចុងក្រោយរបស់គាត់ហ្នឹង ។ អ៊ីចឹងបើសិនជាមានលំហតែប៉ុណ្ណឹង លោកសម រង្ស៊ី គាត់អត់ថមថយទេ លោកកឹម សុខា ក៏ដូចគ្នា អត់ថមថយការគាំទ្រទេ ហើយអ្នកទាំងពីរហ្នឹងនៅតែអាចនិយាយគ្នាបាន អាចជាកម្លាំងមូលដ្ឋានគ្រឹះសម្រាប់ពួកអ្នកប្រជាធិបតេយ្យផ្សេងៗទៀតឲ្យធ្វើការជាមួយគ្នាដែរ ។ អាហ្នឹងជាចំណុចខ្លាំងរបស់អ្នកប្រជាធិបតេយ្យ តែចំណុចដែលគួរត្រូវដោះស្រាយហ្នឹង គឺលោកហ៊ុន សែន ត្រូវតែទម្លាក់ចោលនូវគំនិតធ្វើបាបអ្នកប្រជាធិបតេយ្យ ។ បើគាត់ឈប់ធ្វើបាបអ្នកប្រជាធិបតេយ្យ គាត់រកមធ្យោបាយផ្សះផ្សានយោបាយជាតិទៅ ហើយអ្នកប្រជាធិបតេយ្យ មានឱកាសចូលរួមប្រកួតប្រជែងត្រឹមត្រូវឡើងវិញ អ្នកប្រជាធិបតេយ្យ មិនអាចថយកម្លាំងបានទេ ហើយលោកសម រង្ស៊ី លោកកឹម សុខា អី នៅតែជានិមិត្តរូបនៃអ្នកប្រជាធិបតេយ្យដដែលទេ ក្នុងពេលបច្ចុប្បន្នហ្នឹង ។ ដូច្នេះខ្ញុំអត់ជឿថា កម្លាំងហ្នឹងថមថយ ដូចដែលមានការលើកឡើងថា ធ្វើនយោបាយចុះខ្សោយរហូតដល់សម្ដេចក្រុមព្រះ នោះទេ“ ៕ កុលបុត្រ 

RELATED ARTICLES