Wednesday, April 2, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​មេខ្យល់​២នាក់ នាំ​ពលករ​ខុស​ច្បាប់​ទៅ​ថៃ

ឃាត់​ខ្លួន​មេខ្យល់​២នាក់ នាំ​ពលករ​ខុស​ច្បាប់​ទៅ​ថៃ

ខេត្តបន្ទាយមានជ័យ ៖ មេខ្យល់ប្រុស ស្រី២នាក់បាននាំពលករទៅធ្វើការ ដោយខុស ច្បាប់នៅប្រទេសថៃ ក៏ត្រូវកម្លាំងនគរបាល ឃាត់ខ្លួន កលាពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ ទី៨ ខែកុម្ភៈ នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់នាំ ពលករខ្មែរឆ្លងដែនខុសច្បាប់ នគរបាលធ្វើឡើង ខណៈដែលជនសង្ស័យបានចាត់ចែងដឹកជញ្ជូនពលករខ្មែរប្រុស ស្រី៨នាក់ និងមានកូនតូចៗ មួយចំនួន តាមរថយន្តកាមរី១គ្រឿង បម្រុង នាំចេញទៅកាន់ប្រទេសថៃ។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះតុង ណារី អាយុ៤៣ឆ្នាំ ភេទស្រី ប្រកបមុខរបរដូរប្រាក់ រស់នៅក្នុងភូមិបាលិ-លេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង ទី២-ឈ្មោះស៊ិន សុភាព ហៅចិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត។

លោកនាយការិយាល័យនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានបន្តថា មុនពេលឃាត់ខ្លួនមេខ្យល់ខាងលើ នេះ កម្លាំងនគរបាលរបស់លោកបានឃាត់រថយន្ត កាមរី១គ្រឿង ដឹកកម្មករខ្មែរចំនួន៨នាក់ ដែល សមត្ថកិច្ចមានការសង្ស័យថា ពួកគេមានគោល បំណងឆ្លងដែនទៅធ្វើការដោយខុសច្បាប់នៅ ក្នុងប្រទេសថៃ។

លោកនាយការិយាល័យបានបន្តថា បន្ទាប់ ពីឃាត់ខ្លួននាំមកសាកសួរនៅក្នុងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំអូរបីជាន់រួច ទើបសមត្ថកិច្ចដឹងថា ក្នុងចំណោមពួកគេខ្លះរស់នៅក្នុងខេត្តបន្ទាយ-មានជ័យ ខ្លះរស់នៅខេត្តបាត់ដំបង និងខ្លះទៀត រស់នៅក្នុងខេត្តពោធិ៍សាត់។ រីឯពលករទាំង នោះ បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគាត់មាន គោលបំណងទៅធ្វើការដោយខុសច្បាប់នៅ ក្នុងប្រទេសថៃ ក្រោមការចាត់ចែង និងដឹកជញ្ជូន ពីអ្នកបើកបរឈ្មោះស៊ិន សុភាព ហៅចិន ដោយ ពួកគាត់ក្នុងម្នាក់ៗត្រូវចំណាយ ក្នុងការធ្វើដំណើរ ម្តងៗ ចាប់ពី២ពាន់បាត (លុយថៃ) ឬស្មើនឹង ជាង២០ម៉ឺនរៀលឡើងទៅ។

លោកនាយការិយាល័យនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃ ស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន បន្តថា បន្ទាប់ពីទទួលបានចម្លើយពីពលករចំណាក ស្រុកចាស់ក្មេងខាងលើនេះហើយ លោកក៏បាន សុះគោលការណ៍ពីលោកឧត្តមសេនីយ៍​ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត​បន្ទាយមានជ័យ ក៏ចុះទៅឃាត់ខ្លួនអ្នក បើកបររថយន្តជាប់ចោទជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។ ធ្វើការរឃាត់ខ្លួនជនសង្ស័យដែលជាអ្នកបើករថយន្តមានឈ្មោះស៊ិន សុភាព ហៅចិន ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកនាយការិយាល័យបានបន្តថា ក្រោយ ពេលឃាត់ខ្លួនអ្នកបើករថយន្តឈ្មោះស៊ិន សុភាព ហៅចិន បានឆ្លើយសារភាពថា រូបគេពិតជា អ្នកដឹកជញ្ជូនពលករទាំងនោះ បម្រុងឆ្លងដែន ខុសច្បាប់មែន ហើយគេបានធ្វើសកម្មភាពបែប នេះចំនួន២លើករួចមកហើយ។ រីឯការដឹកជញ្ជូន ពលករទាំងនោះគឺគេធ្វើឡើងក្រោមការចាត់ ចែងរបស់ស្ត្រីម្នាក់ឈ្មោះតុង ណារី ដែលជួល រូបគេឱ្យដឹកពលករចេញពីក្រុងប៉ោយប៉ែត មក ដាក់នៅចំណុចព្រំដែន ដើម្បីឆ្លងដែនទៅប្រទេស ថៃ។ តាមចម្លើយសារភាពរបស់អ្នកបើករថយន្ត ខាងលើនេះ ទើបសមត្ថកិច្ចបានចុះទៅឃាត់ ខ្លួនស្ត្រីមេខ្យល់ ឈ្មោះតុង ណារី តែម្តង។

លោកនាយការិយាល័យបានបញ្ជាក់ទៀត ថា ការទប់ស្កាត់ពលករខ្មែរ មិនឱ្យចាកចេញ ទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ នេះ គឺក្នុងគោលបំណងដើម្បីថែរក្សា ការពារ សុវត្ថិភាព អាយុជីវិតដល់បងប្អូនពលករខ្មែរ យើងតែប៉ុណ្ណោះ ពីព្រោះថា ការឆ្លងដែនដោយ ខុសច្បាប់បែបនេះ ធ្វើឱ្យពួកគាត់ប្រឈមមុខ នឹងគ្រោះថ្នាក់ជាទីបំផុត។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាន បញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់ការិ-យាល័យនគរ​បាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីចាត់ការ​តាមច្បាប់។ ជនសង្ស័យទាំង ២នាក់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ពី៧ឆ្នាំ​ទៅ​១៥​ឆ្នាំ តាមច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស ប្រសិនបើតុលាការរកឃើញ កំហុសរបស់ពួក​គេ។ ដោយឡែកពលករទាំង ៨នាក់ ត្រូវសមត្ថកិច្ចអប់រំឱ្យយល់ដឹងពីបញ្ហា គ្រោះថ្នាក់ នៃការឆ្លងដែនដោយខុសច្បាប់នោះ រួចហើយសមត្ថកិច្ចបានអនុញ្ញាតឱ្យពួកគាត់ ត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់របស់ ពលករខ្មែរ តាមច្រករបៀងខុសច្បាប់ ទៅរក កាងារធ្វើនៅប្រទេសថៃ ត្រូវគេមើលឃើញថា ពលករខ្មែរទាំងនោះអាចប្រឈមនឹងការបាញ់ សម្លាប់ ចាប់ដាក់គុក ពីសំណាក់ទាហានថៃ។ មិនត្រឹមតែប៉ុណ្ណោះ ពលករខ្មែរមួយចំនួនត្រូវ រងនូវការចាញ់បោកកេងប្រញ្ចែកម្លាំងពលកម្ម និងការជួញដូរទៅប្រទេសទី៣ ពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់បរទេសទៀតផង៕

RELATED ARTICLES