Monday, February 24, 2025
Homeសង្គម និងជីវិត ក្មេង១១ឆ្នាំ ជិះកង់លក់បន្លែ រកលុយឱ្យម៉ែទិញអង្ករច្រកឆ្នាំង

 ក្មេង១១ឆ្នាំ ជិះកង់លក់បន្លែ រកលុយឱ្យម៉ែទិញអង្ករច្រកឆ្នាំង

ភ្នំពេញ ៖ ក្មេងប្រុស វ័យ១១ឆ្នាំម្នាក់ ហេតុតែម្តាយឪពុកមានជីវភាពទីទ័លក្រ ខ្វះខាត គ្មានប្រាក់ទិញអង្ករម្ហូប ហូបចុកគ្រប់គ្រាន់ ទើបឆ្លៀតពេលទំនេរពីការសិក្សា ជិះកង់ដើរលក់បន្លែតាមភូមិ ដើម្បីជួយរកប្រាក់ មកឱ្យម្តាយទុកទិញអង្ករហូប ប៉ុន្តែនៅតែមិនគ្រប់ ព្រោះជួនលក់ដាច់ ជួនមិនដាច់ អត់លុយទិញអង្ករហូប ដាច់ពេល ដេកអត់បាយក្រហាយទឹកមួយគ្រួសារ។

ក្មេងប្រុសដែលជិះកង់ដើរលក់បន្លែ ដើម្បីយកប្រាក់ឱ្យម្តាយទិញអង្ករហូបនេះ មានឈ្មោះតន់ អាយុ១១ឆ្នាំ មុខរបរសិស្ស និងឆ្លៀតពេលជិះកង់ដើរលក់បន្លែ សព្វថ្ងៃស្នាក់នៅជាមួយឪពុកម្តាយ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមសម្តីក្មេងប្រុសតន់ បានរៀបរាប់ថា ខ្លួនគឺជាកូនទី៥ ក្នុងចំណោមបងប្អូន ៦នាក់ (ប្រុស៥ ស្រី១) មានឪពុកប្រកបរបរជាសន្តិសុខ ម្តាយដើររើសអេតចាយ និងបេះបន្លែព្រៃលក់។ ជារៀងរាល់ថ្ងៃ ខ្លួនត្រូវរៀនវេនថ្ងៃ ចំ ណែកពេលព្រឹក តែងជិះកង់ដើរលក់បន្លែ តាមភូមិជិតឆ្ងាយ ដើម្បីរកប្រាក់ជួយទប់ទល់ជីវភាព ហើយនៅថ្ងៃចុងសប្តាហ៍ សៅរ៍ អាទិត្យ រូបគេតែងជិះកង់ដឹកបន្លែ ទៅលក់នៅផ្សារសប្តាហ៍ កណ្តាលក្រុងសៀមរាប ដោយចំ ណាយពេល ១ម៉ោង ទើបជិះកង់ទៅដល់ទីតាំងដែលត្រូវលក់ដូរ។

ក្មេងប្រុសអភ័ព្វរូបនេះ បានបន្តទាំងអួលដើមកថា ជីវភាពគ្រួសារគេ ពិតជាលំបាកតោកយ៉ាកខ្លាំងណាស់ ដោយម្នាក់ៗប្រឹងធ្វើការរកស៊ីរៀងខ្លួន ដើម្បីរកប្រាក់មកចិញ្ចឹមជីវិត នៅតែមិនគ្រប់ ដោយឪពុកធ្វើសន្តិសុខ ម្តាយដើររើសអេតចាយផង បេះបោចបន្លែព្រៃផង យកមកឱ្យ រូបគេ ជិះកង់ដើរលក់ តែទោះប្រឹងយ៉ាងណា ក៏នៅតែរកប្រាក់មិនបាន និងឧស្សាហ៍ដាច់ពេល ដាច់បាយ ជាញឹកញាប់ ហើយពេលនេះ សូម្បីតែ អង្ករដាំបាយហូប ក៏មិនមានផង។

ក្មេងប្រុសខាងលើ បានបន្ថែមទាំងទឹកភ្នែកថា រូបគេពិតជាអាណិតម្តាយខ្លាំងណាស់ ព្រោះប្រឹងគ្រប់បែបយ៉ាង ដើររើសអេតចាយផង បេះបន្លែយកមកលក់ផង និងត្រូវមើលថែចៅនៅផ្ទះទៀត ចំណែកបងៗមិនសូវគិតគូរផ្ញើលុយកាក់ចិញ្ចឹមម្តាយឡើយ។ យ៉ាងណា រូបគេនៅតែ ប្រឹងដើរលក់បន្លែដើម្បីជួយសម្រាលបន្ទុកម៉ែបន្តទៀត និងមិនខ្មាសអៀនក្នុងការជិះកង់កញ្ចាស់ ដើរលក់បន្លែឡើយ ហើយក៏មិនមានអ្នកចំអកឡកឡឺយឱ្យខ្លួនដែរ មានតែអ្នកស្រលាញ់ អាណិត លើកទឹកចិត្តរូបគេជាហូរហែ ហើយគេនឹងប្រឹងរៀនសូត្រ ដើម្បីរកការងារល្អធ្វើ ចិញ្ចឹមឪពុកម្តាយ ឱ្យបានរស់នៅក្នុងជីវភាពសមរម្យនឹងគេ។

តាមសម្តីស្ត្រីឈ្មោះរិន មុំ ត្រូវជាម្តាយបង្កើតរបស់ក្មេងប្រុស តន់ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានកូនទាំងអស់៦នាក់ តែសព្វថ្ងៃ នៅក្នុងបន្ទុកតែ ២នាក់ប៉ុណ្ណោះ ចំណែក៤នាក់ទៀត មានគ្រួសារ បែកផ្ទះអស់ទៅហើយ និងមិនមានអ្នកគិតគូរជួយចិញ្ចឹមពួកគាត់ជាឪពុកម្តាយ ឡើយ ដោយក្នុងនោះ កូន២នាក់ មានជីវភាពខ្វះខាត ចំណែកម្នាក់ទៀតតាមប្រពន្ធ មិនដែលនឹកនាដល់ម្តាយឪពុកនោះទេ និងមានតែកូនម្នាក់ប៉ុណ្ណោះ ដែលឧស្សាហ៍ផ្តល់លុយកាក់មកគាត់ខ្លះ តែមិនបានច្រើននោះទេ ព្រោះជីវភាពគេក៏មិនជាធូរធារអីប៉ុន្មានដែរ។

ស្ត្រីជាម្តាយ បានបន្តថា រាល់ថ្ងៃគាត់ស្នាក់នៅក្នុងបន្ទប់ជួលតូចមួយ ដោយមានសមាជិកទាំងអស់ដល់ទៅ៧នាក់ឯណោះ រួមមាន ពួកគាត់២នាក់ប្តីប្រពន្ធ និងកូន២ ព្រមទាំងចៅៗ៣នាក់ទៀតផង ដោយចៅ២នាក់ ម្តាយគេជាប់រវល់ធ្វើការងាររោងចក្រ ចំណែកចៅ២នាក់ទៀត ឪពុកម្តាយគេបែកបាក់គ្នា ទើបធ្លាក់បន្ទុកមកលើគាត់ជាជីដូន ត្រូវរ៉ាប់រងចិញ្ចឹមមើលថែ ទាំងត្រដាបត្រដួស។ ក្នុង១ខែ គាត់ត្រូវចំណាយលើថ្លៃបន្ទប់ជួល ចំនួ៤០ដុល្លារ ដោយមិនទាន់គិតរឿងថ្លៃទឹកភ្លើងផង។ ចំណែកប្តីគាត់ ធ្វើជាសន្តិសុខ ប្រាក់ខែក៏មិនច្រើន ហើយបើកមកក៏មិនទៀងទាត់ដែរ ទើបគាត់ត្រូវដើរខ្ចីលុយគេចាយវាយមុនសិន ចាំដល់ប្តីបើកប្រាក់ខែមក ចាំយកសងបណ្តោះគេវិញ។

ស្ត្រី រិន មុំ បានឱ្យដឹងថា រាល់ថ្ងៃគាត់តែងដើរចេញទៅរើសអេតចាយផង និងបេះបោចបន្លែព្រៃផង យកមកទុកឱ្យកូនប្រុស (តន់) ដើម្បីជិះកង់ដើរលក់នៅតាមភូមិ រាល់ពេលព្រឹក ព្រោះពេលថ្ងៃ គេត្រូវទៅរៀន ហើយគាត់មិនអាចចេញទៅលក់បន្លែដោយខ្លួនឯងបានទេ ព្រោះត្រូវជាប់នៅមើលថែចៅតូចៗ៣នាក់ និងរៀបចំបាយទឹកផង។

ស្ត្រីខាងលើ បានបញ្ជាក់ថា ជីវភាពគ្រួសារគាត់រាល់ថ្ងៃនេះ ពិតជាលំបាកវេទនាខ្វះខាតខ្លាំងណាស់ ព្រោះដាច់ពេលជារឿយៗ ជួនគាត់ដើរបេះបន្លែឱ្យកូនប្រុស យកទៅលក់ មិនដាច់ ហើយរើសអេតចាយក៏មិនសូវបាន បានប្រាក់តែ៣ពាន់ ទៅ៥ពាន់រៀល យកមកទិញអង្ករហូបសឹងមិនគ្រប់ កុំថាឡើយសល់លុយទិញម្ហូប ព្រោះតែសមាជិកគ្រួសារគាត់ មានដល់ទៅ៧នាក់ឯណោះ ហើយពេលខ្លះ ពួកគាត់ត្រូវដាច់ពេល ដេកអត់បាយក្រហាយទឹកទាំងអស់គ្នាក៏មាន តែមិនដឹងធ្វើយ៉ាងម៉េច មានតែទ្រាំតាមកម្មវាសនាទៅ។ រាល់ថ្ងៃបានកូនប្រុស (តន់) ម្នាក់នេះហើយ ដែលជួយជំនួសដៃជើង និងជួយរកប្រាក់ទប់ទល់ជីវភាពមួយផ្នែក ហើយគាត់ក៏មិនចង់ឱ្យកូនលំបាក ប្រើឱ្យគេចេញទៅលក់បន្លែហាលថ្ងៃ ហាលភ្លៀង ជិះកង់តាមផ្លូវ ប្រឈមនឹងគ្រោះថ្នាក់បែបនេះដែរ គឺចង់ឱ្យតែគេទៅរៀនតែមួយមុខគត់ តែដោយសារកត្តាជីវភាពតម្រូវ ព្រោះគាត់អត់សមត្ថភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមនិងបញ្ជូនកូនឱ្យរៀនសូត្របានទៀងទាត់នោះទេ ទើបត្រូវឱ្យកូនមកលំបាកជាមួយបែបនេះ៕

RELATED ARTICLES