Friday, October 18, 2024
Homeព័ត៌មានជាតិក្រុមកឹម សុខា ថាក្រុមសម រង្ស៊ី អស់ក្រឡាលោត ងាកប្រើឈ្មោះសង្រ្គោះជាតិ ធ្វើអាជីវកម្ម

ក្រុមកឹម សុខា ថាក្រុមសម រង្ស៊ី អស់ក្រឡាលោត ងាកប្រើឈ្មោះសង្រ្គោះជាតិ ធ្វើអាជីវកម្ម

ភ្នំពេញ ៖ សកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ខាងក្រុមនិយមលោកកឹម សុខា បានលើកឡើងថា អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង ខាងក្រុមនិយមលោកសម រង្ស៊ី ដែលធ្លាប់ជេរប្រមាថ ប្រើពាក្យអសុរោះលើលោកកឹម សុខា វាយប្រហារលោកកឹម សុខា លើកសម រង្ស៊ី បំបែកបក្សប្រឆាំង ឥឡូវលោតអស់ក្រឡា ងាកមកប្រើឈ្មោះសង្រ្គោះជាតិ ធ្វើអាជីវកម្ម ។

លោកបោយ រើយ អតីតសកម្មជន នៃអតីតគណបក្សប្រឆាំង ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានបង្ហោះរូបភាពលោកសម រង្ស៊ី និងលោកស្រីជូឡុង សូមូរ៉ា ជួបទទួលទានអាហារនៅក្រៅប្រទេស ជាមួយសហការី ដែលជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានលោកឡុង រី ជាដើម នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ភ្ជាប់ជាមួយសំណេរថា “លោតអស់ក្រឡា ងាកមកប្រើឈ្មោះ «សង្រ្គោះជាតិ» ធ្វើអាជីវកម្ម !

– មាន ២នាក់ នៃ ៥នាក់ ក្នុងរូបនេះ ជាថៅកែរោងចក្រផលិតព័ត៌មានជេរប្រមាថ មួលបង្កាច់លោកកឹម សុខា និងមន្រ្តីស្មោះត្រង់នឹងគាត់ ក្រោយការចាប់ខ្លួនលោកកឹម សុខា និងរម្លាយគណបក្សសង្រ្គោះជាតិ ដែលទីតាំងរោងចក្រនោះ នៅក្រុងបាងកក ប្រទេសថៃ ។ ពេលហ្នឹងម្នាក់នៅអាមេរិក និងម្នាក់ទៀតនៅកាណាដា ។ ព័ត៌មានខ្លះដែលគេផលិតបានភ្លាម ឆាតមកឲ្យខ្ញុំ ហើយខ្ញុំបានឆ្លើយតបទៅវិញថា ជាព័ត៌មានប្រឌិត តែក្រុមការងារគេ ជាបុគ្គលិករោងចក្រ មានអត្តសញ្ញាណផង អត់អត្តសញ្ញាណផង ផុសព្រោងព្រាត ជាថ្នូរនឹងការទទួលបានប្រាក់ជំនួយប្រចាំខែ ពីខាងក្រៅ ដែលគ្រប់គ្រងដោយលោកឡុង រី ហើយអ្នកណាមិនធ្វើតាមខ្លះ ស៊ីបាយតាមវត្ត នៅប្រទេសថៃ ធ្វើឲ្យបែកបាក់ ឈ្លោះគ្នាឡើងវ៉ល់ រវាងអ្នកកឹម សុខានិយម និងសម រង្ស៊ីនិយម ។

– ពួកគេបង្កើនសម្ពាធផ្លូវចិត្តមួយថែមទៀត ទៅលើលោកកឹម សុខា និងជេរប្រមាថកូនស្រីគាត់ គឺកញ្ញាកឹម មនោវិទ្យា ខណៈលោកកឹម សុខា កំពុងនៅក្នុងការឃុំឃាំងត្រពាំងផ្លុង ។ ពាក្យដែលគេប្រឌិតចោទលោកកឹម សុខា ដូចជាពាក្យ «ស៊ីឈ្នួលជាប់គុក ជាប់គុកចង់ល្បី ឆាកល្ខោនជាប់គុកវីអាយភី និងជេរប្រមាថកូនស្រីគាត់ នូវពាក្យអសុរោះ រាប់មិនអស់» ។ យុទ្ធសាស្រ្តរបស់ពួកគេ ចង់ឲ្យលោកកឹម សុខា ទ្រាំមិនបាន ហើយក្បត់ឧត្តមគតិ ធ្វើអ្វីដែលគេចង់បាន ។

– តែលោកកឹម សុខា មិនក្បត់ឧត្តមគតិ មនសិការ ក៏ក្រុមនេះដើរតាមការគេរៀបឲ្យដើរមួយជំហានទៀត គឺដកខ្លួនចេញពីសង្រ្គោះជាតិ ទៅដំណើរការបក្សភ្លើងទៀន ហើយក្រោយមក ដើរតាមយុទ្ធសាស្រ្តគេបន្តទៀត ដោយបំបែកភ្លើងទៀន ទៅជាចម្រៀកតូចៗ ជាគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

– នៅថ្ងៃ ១១ មិថុនា ២០២៤ នេះ លោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នឹងឡើងសវនាការសាលាឧទ្ធរណ៍ ថាតើបន្តដើរតាមយុទ្ធសាស្រ្តគេបំបែកគណបក្សកម្លាំងជាតិ ជាសរសៃតូចៗ ជាថ្នូរនឹងបានសេរីភាពជាបន្តទៀតឬយ៉ាងណា? ជាសង្ខេប ខ្ញុំចង់និយាយថា ពេលលោក កឹម សុខា មានទុក្ខ គេរត់ចោល ហើយប្រឌិតរឿងលាបពណ៌ បង្កើតចលនាសង្រ្គោះជាតិ CNRP-A CNRP-O ហើយចេញទៅភ្លើងទៀន បន្ទាប់មកកម្លាំងជាតិ ដល់តែអស់ក្រឡា ងាកមកធ្វើសកម្មភាពសង្រ្គោះជាតិ វិញ ដើម្បីបោកប្រាស់ប្រាក់ពីអ្នកក្រៅ ។ អ្នកមិនដឹងយុទ្ធសាស្រ្តធ្វើអាជីវកម្មរបស់ពួកនេះ នាំគ្នាលោតតាម អាខ្លះរត់ចោលស្រុក អាខ្លះជាប់អន្ទាក់នៅក្នុងគុក អាខ្លះដឹងខ្លួន លុតជង្គង់សុំសេចក្តីសុខពីគេ ដើម្បីរស់អស់ហើយ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបោយ រើយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ថា រឿងក្រុមសម រង្ស៊ី យកគណបក្សសង្រ្គោះជាតិ មកប្រើធ្វើអាជីវកម្មនេះ លោកគ្មានមតិយោបល់អ្វីផ្ដាំផ្ញើទៅដល់ពួកទាំងនោះទេ គ្រាន់តែសូមអំពាវនាវកុំឲ្យភ្ជាប់ឈ្មោះលោកកឹម សុខា ជាមួយពួកគាត់ ព្រោះលោកកឹម សុខា ជាជនអហិង្សា ហើយពួកនោះ ជាពួកមិនច្បាស់លាស់ ម្ដងហិង្សា ម្ដងអហិង្សា ម្ដងចូលចាប់ហ៊ុន សែន ម្ដងសុំអង្វរចង់ចរចាជាមួយហ៊ុន សែន ។

លោកបោយ រើយ បានមានប្រសាសន៍ថា “ខ្ញុំកត់សម្គាល់តាមដែលខ្ញុំធ្លាប់ដឹង កាលគេរំលាយសង្គ្រោះជាតិ ភ្លាមទៅហ្នឹង ក្រុមសម រង្ស៊ី អំពាវនាវឲ្យគេចាកចេញទៅក្រៅស្រុក ទៅនៅថៃ ហើយលោកកឹម សុខា ហ្នឹង គាត់កំពុងនៅត្រពាំងផ្លុង ហើយគាត់និងក្រុមការងារគាត់មួយនៅក្នុងហ្នឹង លួចបង្កើតព័ត៌មានមួលបង្កាច់​ លាបពណ៌ ចោទប្រកាន់ថា គាត់ហ្នឹងស៊ីឈ្នួលជាប់គុក ជាប់គុកសិប្បនិម្មិត ជាប់គុកវីអាយភី អ៊ីចឹង ហើយក៏វាយប្រហារមន្រ្តីដែលស្មោះត្រង់ជាមួយលោកកឹម សុខា ហ្នឹង និងជេរប្រមាថកូនស្រីគាត់ហ្នឹង ចេះតែបង្កការសម្អប់គ្នា ឲ្យទាស់ទែងគ្នា ហើយក្រុមនៅក្រៅប្រទេសហ្នឹង ក៏បង្កើតជាចលនាសង្រ្គោះជាតិ អីអ៊ីចឹងទៅ ហើយហៅកូនស្រីគាត់ទៅចូលរួមទៅ គេមិនព្រមចូល ព្រោះវាជាទង្វើខុសច្បាប់ អាហ្នឹងតាមខ្ញុំយល់ទេ មិនមែនអ្នកណាយល់ទេ គឺបង្កើតចលនាសង្រ្គោះជាតិហ្នឹង គឺវាខុសច្បាប់ហើយ យើងតស៊ូក្នុងក្របខ័ណ្ឌសង្រ្គោះជាតិ ដល់ហៅកូនស្រីគាត់ទៅចូលរួម គាត់មិនចូលរួម ក៏ចោទប្រកាន់ វាយតម្លៃថា ក្មេងមិនស្ដាប់ចាស់ទុំ ចាស់អីអ៊ីចឹង គេបង្កើតក្រុមជេរប្រមាថរឿងផ្ទាល់ខ្លួន ប្រើពាក្យអសុរោះខ្លាំងណាស់“ ។

លោកបោយ រើយ បានមានប្រសាសន៍បន្តថា “ពេលបង្កើតអាក្រុមហ្នឹងទៅ ដល់ប្រមូលលុយលែងបានទៅ ក៏វារលាយខ្លួនឯងទៅ អាក្រុមចលនាសង្រ្គោះជាតិហ្នឹង ហើយទៅបង្កើតក្រុម CNRP-A CNRP-O បង្កើតទៅក៏ផ្អើលអាហ្នឹង ប្រមូលលុយបានឈូឆរទៀតទៅ ។ ផុតពីហ្នឹងទៅ បង្កើតនៅអាត្លង់តា ថ្ងៃ០២ ធ្នូ ២០១៨ ហ្នឹង ដំឡើងលោកសម រង្ស៊ី ជាប្រធានស្ដីទីអ៊ីចឹងទៅ ក៏ប្រមូលលុយបានឈូឆរទៅ ដល់ពេលដែលអស់ឥទ្ធិពលទៅ បង្កើតព្រឹត្តិការណ៍០៩ វិច្ឆិកា ចូលស្រុកហ្នឹង ប្រមូលលុយបានឈូឆរទៅ ក៏ស្ងាត់វិញអ៊ីចឹងទៅ ក៏បង្កើតព្រឹត្តិការណ៍លក់នាឡិកា លក់អីឯណា ដល់អស់ពីលក់នាឡិកាហ្នឹងទៅ ក៏ចេញមកភ្លើងទៀន គំនិតខ្ញុំកើត កំណើតខ្ញុំមាន មានភ្លើងទៀន បំភ្លឺលោកិយអីឯណាទៅ ។ ដល់តែដល់ដំណាក់កាលភ្លើងទៀន គេបិទទ្វារជិតឈឹងទៅ ក៏ចេញទៅជាកម្លាំងជាតិ និងឆន្ទៈខ្មែរ ។ ដល់តែឥឡូវនេះ ចុងក្រោយនេះ ឃើញក្រុមគាត់ហ្នឹងអំពាវនាវថា បើអ្នកជាតិនិយម ឲ្យនៅជាមួយសង្រ្គោះជាតិ អីឡើងវិញទៅ ហើយប្រើឈ្មោះលោកកឹម សុខា ទោះបីមិនចំហ ក៏នៅតែរបៀបជាលួចលាក់ ដើម្បីធ្វើអាជីវកម្មអីអ៊ីចឹង ។ អាហ្នឹងទស្សនៈដូចទស្សនៈខ្ញុំយល់អ៊ីចឹង គឺចុងក្រោយ អស់ក្រឡាលោត យកឈ្មោះសង្រ្គោះជាតិ ធ្វើអាជីវកម្មវិញអ៊ីចឹង ។ អានេះជាការយល់ឃើញរបស់ខ្ញុំទេ ប៉ុន្តែជាមួយការយល់ឃើញរបស់ខ្ញុំថា យកសង្រ្គោះជាតិ ធ្វើអាជីវកម្មនេះ ខ្ញុំក៏គិតថា មិនបានផលទេ ឬបានតិចតួច បានតែអ្នកដែលគាត់ព្យាយាមជួយទៅពីក្នុងប្រទេស អ្នកដែលបានទៅហ្នឹង ចេះតែព្យាយាមនៅគាំទ្រគាត់ហើយ ហើយពួកហ្នឹងក៏មិនប្រាកដថា ស្មោះត្រង់នឹងគាត់ដែរ បានសញ្ជាតិ បានអីហ្នឹង ហេងស៊យមកវិញអស់ទៀត ។

លោកបោយ រើយ បានមានប្រសាសន៍បន្តទៀតថា “ដូចខ្ញុំសរសេរនៅក្នុងអត្ថបទអ៊ីចឹង គាត់ (លោកកឹម សុខា) រងអំពើអយុត្តិធម៌ហើយ គាត់ទទួលសម្ពាធពីសហការីមិនស្មោះត្រង់ បង្កើតក្រុមជេរប្រមាថ លាបពណ៌ទៀត ហើយពួកតារាៗជេរប្រមាថ លាបពណ៌ហ្នឹង គឺត្រូវថត ឃើញដើរស្និទ្ធល្អូកល្អិនជាមួយសម រង្ស៊ី ឃើញលោកសម រង្ស៊ី ហ្នឹងឲ្យពានរង្វាន់ លើកទឹកចិត្តអីទៀត ហើយជេរលោកកឹម សុខា និងក្រុមមន្រ្តីដែលស្មោះត្រង់ជាមួយលោកកឹម សុខា ហ្នឹង ។ យ៉ាងណា ខ្ញុំគ្មានអីផ្ដាំទៅពួកទេ រឿងហ្នឹងរឿងរបស់គេ ខ្ញុំមិនហ៊ានទេ គេធ្វើម៉េចធ្វើទៅ ក៏ប៉ុន្តែសូមអំពាវនាវកុំឲ្យភ្ជាប់ឈ្មោះលោកកឹម សុខា ជាមួយពួកគាត់ ព្រោះលោកកឹម សុខា គាត់ជាអហិង្សា ហើយពួកហ្នឹង ពួកមិនច្បាស់លាស់ ម្ដងហិង្សា ម្ដងអហិង្សា ម្ដងចូលចាប់ហ៊ុន សែន ម្ដងសុំអង្វរចង់ចរចាជាមួយហ៊ុន សែន មិនដឹងជាមានជំហរច្បាស់លាស់ មើលទៅអ្នកនយោបាយ ហើយបើគ្មានជំហរច្បាស់លាស់អ៊ីចឹង ធ្វើឲ្យអ្នកដើរតាម ងាយនឹងរងគ្រោះណាស់ ជាពិសេសបើយកឈ្មោះលោកកឹម សុខា ទៅប្រើ វានឹងបង្កើនទម្ងន់ទោសដល់គាត់ថែមទៀត បើគាត់មិនទាក់ទងនឹងសកម្មភាពហិង្សារបស់ពួកខាងក្រៅហ្នឹងទេ“ ។

ជាមួយគ្នានោះដែរ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់បា្រប់ “នគរធំ” នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដែរថា ការដែលលោតចុះលោតឡើងរបស់លោកសម រង្ស៊ី និងក្រុមរបស់គាត់ ជាសញ្ញាបញ្ជាក់ថា គ្មានគោលការណ៍ច្បាស់លាស់ ហើយមិនដឹងធ្វើអ្វី ជាពិសេសសញ្ញាមួយបង្ហាញឲ្យឃើញថា ជិតចប់ហើយ ជីវិតនយោបាយពួកអស់នេះ ទោះបីជាយកគណបក្សសង្រ្គោះជាតិ មកប្រើក៏ដោយ ក៏អ្នកនៅប្រទេសក្ដី ប្រជាពលរដ្ឋនៅក្នុងប្រទេសក្ដី អត់មានជំនឿទៅលើលោកសម រង្ស៊ី និងក្រុមបក្ខពួករបស់គាត់ទៀតទេ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ខ្ញុំកត់សម្គាល់ឃើញថា ទី១ លោកសម រង្ស៊ី បង្កើតចលនាមួយ ដើម្បីបំបែកអ្នកស្នេហាជាតិ ។ ដល់បង្កើតច្រើនទៅ គេអត់មានជំនឿ ដល់ប្រជាពលរដ្ឋគេអត់ជំនឿ គាត់ក៏បានបែរទៅត្រលប់មកប្រើទង់ជ័យគណបក្សសង្រ្គោះជាតិ ដែលប្រជាពលរដ្ឋ និងបងប្អូនយើងនៅបរទេស មានជំនឿជានិច្ចទៅលោកគណបក្សសង្រ្គោះជាតិ ។ ហេតុនេះហើយ លោកសម រង្ស៊ី គាត់ប្រមែប្រមូលទង់ជ័យរបស់គណបក្សសង្រ្គោះជាតិ ជានិច្ច តាំងពីដើមមក ហើយក្រុមរបស់គាត់ មានលោកឡុង រី លោកនុត រំដួល លោកម៉ែន សុថាវរិន្រ្ទ មួរ សុខហួរ អេង ឆៃអ៊ាង ជាដើមហ្នឹង គឺចាំតែស្ដាប់បង្គាប់លោកសម រង្ស៊ី តែប៉ុណ្ណោះ ពីព្រោះពួកអស់នេះគ្មានសមត្ថភាពការគិតអ្វីធ្វើនយោបាយនោះទេ ។ ម៉្លោះហើយខ្ញុំគ្មានជំនឿថា ពួកអស់នេះគ្មានគំនិតនឹងធ្វើយ៉ាងម៉េច ដើម្បីបានផលប្រយោជន៍ដល់ជាតិនោះឡើយ គឺស្ដាប់បង្គាប់តែលោកសម រង្ស៊ី គឺដើរចាក់បំបែកអ្នកស្នេហាជាតិតែប៉ុណ្ណោះ“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “និយាយទៅ ការដែលលោតចុះលោតឡើងនេះ បានសញ្ញាបញ្ជាក់ថា គ្មានគោលការណ៍ច្បាស់លាស់ ហើយមិនដឹងធ្វើអ្វី ។ ហេតុដូច្នេះហើយបានលោតចុះលោតឡើងរបៀបនេះ គឺសញ្ញាមួយឃើញថា ជិតចប់ហើយជីវិតនយោបាយពួកអស់នេះ ។ បានន័យថា គង់តែយកគណបក្សសង្រ្គោះជាតិ មកប្រើ ក៏អ្នកនៅប្រទេសក្ដី ប្រជាពលរដ្ឋក្ដី គេអត់មានជំនឿទៅលើលោកសម រង្ស៊ី និងក្រុមបក្ខពួករបស់គាត់ គង់តែក្រុមគាត់រត់ចូលគណបក្សប្រជាជនដែរ ។ ហេតុដូច្នេះយើងយល់ថា នយោបាយ ទាល់តែប្រជាពលរដ្ឋ មតិមហាជនគេមានជំនឿ ។ ឥឡូវនេះមតិមហាជន ប្រជាពលរដ្ឋគ្មានជំនឿទៅលើលោកសម រង្ស៊ី នឹងអាចនាំបានជោគជ័យ ។ ហេតុដូច្នេះសកម្មភាពទាំងឡាយរបស់សម រង្ស៊ី និងបក្ខពួករបស់គាត់ គ្មានសង្ឃឹមសោះឡើយ ។ ក្នុងចំណុចនេះ ចំពោះខ្ញុំគ្មានអ្វីផ្ញើសារទៅក្រុមពួកលោកសម រង្ស៊ី ទេ ប៉ុន្តែមានសារជូនដល់អ្នកជាតិនិយមដែលធ្លាប់គាំទ្រគណបក្សសង្រ្គោះជាតិពីដើម សុំពិចារណា មុននឹងគាំទ្រលោកសម រង្ស៊ី មុននឹងស្ដាប់ការអំពាវនាវរបស់សម រង្ស៊ី ឲ្យប្រយ័ត្នបំផុត នឹងមានគ្រោះថ្នាក់ ហានិភ័យដ៏ខ្ពស់ ពីព្រោះពួកអស់នេះ តែងតែជំរុញទៅឲ្យអ្នកស្នេហាជាតិ រងគ្រោះគ្រប់ពេលវេលា“ ៕ កុលបុត្រ

RELATED ARTICLES