Sunday, September 8, 2024
Homeព័ត៌មានជាតិអភិបាលរាជធានីភ្នំពេញ ព្រមានអ្នកយកភាស៊ីលើស អាចប្រឈមមុខច្បាប់

អភិបាលរាជធានីភ្នំពេញ ព្រមានអ្នកយកភាស៊ីលើស អាចប្រឈមមុខច្បាប់

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌ ពិសេសប្រធានគណៈ កម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឱ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវ ភៅបន្ទុក ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុក អាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោស។

ការណែនាំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយនឹងអាជ្ញាធរខណ្ឌ និងគណៈកម្មការផ្សាររដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌ ត្រូវហៅអ្នកយកភាស៊ី មកធ្វើកំណត់ហេតុ។ បើពួកគាត់នៅតែល្មើសពីការណែនាំ ពីរដង ត្រូវលុបបំបាត់កិច្ចសន្យាចោល។ នៅតាមផ្សារ ត្រូវតែរៀបចំឱ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរ ត្រូវតែសម្អាតឱ្យបានស្អាត។ បន្ថែមពីនេះ នៅតាមផ្សារមិនត្រូវឱ្យមានល្បែងស៊ីសង ជាដាច់ខាត។

លោកឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹងការចាប់ជំរិត ហើយក្រុមហ៊ុនយកភាស៊ីនោះ នឹងប្រឈមមុខនឹងច្បាប់ និងមិនអាចឱ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះ យើងត្រូវតែអនុវត្តការងារនេះ ឱ្យបានតឹងរ៉ឹងបំផុត ដោយអ្នកល្មើស នឹងមានទោសទណ្ឌ។

ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដោយឱ្យអាជ្ញាធរ ក៏ដូចជាប្រធានគណៈកម្មការផ្សារទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះការយកភាស៊ី នៅតាមផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងផ្ញើកង់ ម៉ូតូ រថយន្តតែម្តង។

នៅទីតាំងផ្ញើកង់-ម៉ូតូ ដាច់ខាតត្រូវតែដាក់តារាងតម្លៃ ឱ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើកង់ម៉ូតូនោះ ថាគ្មានការយកកម្រៃលើសសៀវភៅបន្ទុក ក្នុងករណីមានការបង្ខំឱ្យយកលើសតម្លៃសៀវភៅបន្ទុក សូមទូរស័ព្ទមកកាន់អាជ្ញាធរខណ្ឌ ដែលបានដាក់លេខ ទូរស័ព្ទនៅទីតាំងនោះស្រាប់។

អ្នកវិនិយោគលើភាស៊ីទាំងអស់ ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឱ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក។ ភ្នាក់ងារយកភាស៊ីទាំងអស់ ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានត្រឹមត្រូវ។ ត្រូវធ្វើបញ្ជីឈ្មោះយកលុយទាំង អស់ បញ្ជូនមកឱ្យអាជ្ញាធរ។ ក្នុងករណីយកលើសតម្លៃ សៀវភៅបន្ទុក អាជ្ញាធរនិងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ីនោះ បានល្មើសនិងការយកលុយលើសសៀវភៅបន្ទុក នឹងប្រឈមមុខនឹងការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។ ការងារនេះត្រូវប្រគល់ទៅឱ្យផ្សារ ខណ្ឌ និងមន្ទីរសេដ្ឋកិច្ចហេតុហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែ។

ជុំវិញការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ ខាងលើនេះ ប្រជាពលរដ្ឋមានការរីករាយ សាទរគ្រប់គ្នា និងស្នើសុំលោកអភិបាលរាជធានីភ្នំពេញ តាមដានត្រួតពិនិត្យការអនុវត្តសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពផងដែរ ជាពិសេសលើការយកភាស៊ីផ្ញើកង់ ម៉ូតូ នៅតាមផ្សាររដ្ឋនានា ក៏ដូចជានៅតាមមន្ទីរពេទ្យរដ្ឋ ដែលយកថ្លៃលើសការកំណត់ក្នុងសៀវភៅបន្ទុកច្រើនដង ៕

RELATED ARTICLES