Friday, October 18, 2024
Homeព័ត៌មានជាតិសហការីសម រង្ស៊ី អំពាវនាវសកម្មជនប្រឆាំងកុំខ្លាចការគំរាមសម្ដេចហ៊ុន សែន

សហការីសម រង្ស៊ី អំពាវនាវសកម្មជនប្រឆាំងកុំខ្លាចការគំរាមសម្ដេចហ៊ុន សែន

ភ្នំពេញៈ អតីតតំណាងរាស្រ្ត នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកសម រង្ស៊ី បានអំពាវនាវសកម្មជនបក្សប្រឆាំង កុំខ្លាចការគំរាមរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តិ ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលបានគំរាមថា ចេញ១ វ៉ែ១ ។

លោកហេង ដាណារ៉ូ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ថា ការគំរាមថា អ្នកណាតវ៉ាមួយ វ៉ៃមួយ អ្នកណាចេញប្រឆាំងមួយ វ៉ៃមួយ  វាជាសារដែលបានកើតឡើងតាំងពីជិត៣០ឆ្នាំកន្លងមកហើយ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍ថា “ ខ្ញុំគ្រាន់តែឃើញសារលោកហ៊ុន សែន គាត់គំរាមថា អ្នកណាតវ៉ាមួយ វ៉ៃមួយ អ្នកណាចេញប្រឆាំងមួយ វ៉ៃមួយ ។ សារគំរាមរបៀបនេះ វាកើតឡើងតាំងពីជិត៣០ឆ្នាំកន្លងមកហើយ ។ គណបក្សទាំងឡាយដែលធ្វើការប្រឆាំងជាមួយលោកហ៊ុន សែន ហ្នឹង លោកហ៊ុន សែន តែងតែបង្រ្កាប តែងតែគំរាម ហើយមានតែពីបោកគ្រាប់បែក ធ្វើរដ្ឋប្រហារ ហើយចុងក្រោយនេះ ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដោយរំលាយគណបក្សសង្រ្គោះជាតិទៀត ។ អ៊ីចឹងអារឿងអស់ហ្នឹងយើងស្គាល់ យើងយល់ដឹង យើងឮអស់ហើយ យើងអត់មានអីទៅខ្លាច ទៅភ័យព្រួយចំពោះការគំរាមរបស់គាត់ទេ តែយើងសោកស្ដាយ គឺឃើញគាត់បានប្រើប្រាស់យុទ្ធសាស្រ្តខ្មែរក្រហម ។ យើងដឹងហើយ សម័យខ្មែរក្រហម គេប្រើក្រុម គេហៅឈ្លប ដើម្បីទៅយកការ ហើយដើម្បីគាប លាបពណ៌ កាប់សម្លាប់ប្រជាពលរដ្ឋ ហើយគាត់ជាអ្នកប្រឆាំងប្ដូរផ្ដាច់ជាមួយខ្មែរក្រហម គាត់រៀបចំធ្វើច្បាប់ អ្នកណាដែលថា អត់មានខ្មែរក្រហម គាត់ធ្វើច្បាប់ដើម្បីចាប់គេដាក់គុកទៀត ប៉ុន្តែទីបំផុតគាត់យកគោលនយោបាយខ្មែរក្រហមមកប្រើ ដើម្បីធ្វើបាបប្រជារាស្រ្តខ្លួនឯង ហើយមួយទៀត យើងឃើញថា ការដែលគាត់រៀបចំរឿងនេះ យើងដឹងថា គាត់អត់ទុកចិត្តមន្រ្តីរបស់គាត់ ដែលចេះធ្វើរបាយការណ៍កុហក របាយការណ៍ដែលគាត់ទទួលបាន គឺជារបាយការណ៍កុហក ។ យើងឃើញហើយ សារបែកធ្លាយ គាត់បានបញ្ជាក់ច្បាស់ហើយថា របាយការណ៍ពីដើមហ្នឹងមក គឺមិនបានជោគជ័យទេ ធ្វើរបៀបហ្នឹងមិនបានជោគជ័យទេ បញ្ជាក់ថា របាយការណ៍ដែលមន្រ្តីគាត់បញ្ជូនមក គឺជារបាយការណ៍កុហក ហើយយើងចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា លោកហ៊ុន សែន គាត់តែងតែគំរាមមួយជីវិតអ៊ីចឹងហើយ ។ ប៉ុន្តែលើកនេះ គាត់ចេញលុយខ្លួនឯងដើរអូសទាញ មិនមែនយកលុយគណបក្សដើរអូសទាញទេ គាត់ប្រាប់ថា គាត់មានលុយសម្រាប់ដើរអូសទាញ មិនបាច់ចាំឲ្យចៅហ្វាយខេត្ត ចៅហ្វាយអីហ្នឹងភ័យព្រួយទេ ។ អ៊ីចឹងប្រជាពលរដ្ឋខ្មែរទាំងអស់ហ្នឹងអាចមានឱកាសទៅទទួលលុយបានហើយ បើសិនជាយើងឃើញជាក់ស្ដែង គាត់ថា ចេញមួយ វ៉ៃមួយ ចុះបើយើងចេញមួយលាន ចេញដប់លាននាក់ តើហ៊ុន សែន មានពេលឯណាទៅវ៉ៃបានទាំងអស់? ហើយកូនមេឃុំ កូនមេភូមិ ក្មួយមេឃុំ មេភូមិទាំងអស់ហ្នឹង មកនាំគ្នាចូលរួមជាមួយបក្សប្រឆាំងមក ចុះឈ្មោះជាសមាជិកគណបក្សប្រឆាំងមក ហើយយើងយកប័ណ្ណគណបក្សប្រឆាំងហ្នឹងទៅបង្ហាញពួកកងឈ្លប ដែលហ៊ុន សែន ចាត់ការបញ្ជាមកហ្នឹង គឺគាត់អាចយកលុយ យកប្រាក់ពីពួកហ្នឹងបានហើយ ហើយយើងឃើញថា ការប្រើប្រាស់យុទ្ធវិធីនេះ គឺយើងអត់មានធ្វើអំពើហិង្សា អត់មានតតាំងដោយហិង្សា គឺយើងធ្វើដោយអហិង្សា ដើម្បីការផ្លាស់ប្ដូរ ហើយប្រជាពលរដ្ឋបានមានប្រាក់កាសធូរធារ ហើយគាត់អាចប្រើប្រាស់ថវិកាសម្រាប់ចិញ្ចឹមជីវិតបានទៀត ពីព្រោះថវិកាដែលលោកហ៊ុន​ សែន ចែកទៅឲ្យប្រជាពលរដ្ឋហ្នឹង គឺជាថវិកាដែលគាត់លួចជាតិតើ! ដែលគាត់ពុះទឹកដីប្រទេសកម្ពុជា ជាចំណែកលក់ដើម្បីយកមកធ្វើមានបានក្នុងត្រកូលគាត់តើ! អ៊ីចឹងយើងទៅយកលុយគាត់មកចាយវិញ ពីព្រោះយើងជាប្រជាពលរដ្ឋ យើងជាម្ចាស់ទឹក ម្ចាស់ដី ហើយខ្ញុំអត់មានអ្វីទៅទោមនស្ស អត់មានអ្វីទៅខ្លាចការគំរាមកំហែងរបស់លោកហ៊ុន សែន ហ្នឹងទេ “ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយបានខ្ញុំបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ទាំងអ្នកដែលគាំទ្របក្សកាន់អំណាចហ្នឹងឲ្យគាត់មកចូលជាមួយគណបក្សប្រឆាំង ។ បើគាត់នាំគ្នា១០លាននាក់ ៥លាននាក់មកចូលរួមជាមួយគណបក្សប្រឆាំង លោកហ៊ុន សែន គាត់ភ័យហើយ ប៉ុន្តែកុំទៅចូលគណបក្សលេងៗ គណបក្សប្រឆាំងក្លែងក្លាយ គណបក្សប្រឆាំងដែលលោកហ៊ុន សែន បង្កើត ព្រោះយើងឃើញគណបក្សច្រើនណាស់ ដែលលោកហ៊ុន សែន បង្កើត តែសុទ្ធតែជាគណបក្សបម្រើលោកហ៊ុន សែន ហើយជាគណបក្សក្លែងក្លាយ ។ យើងមើលគណបក្សណាដែលជាគណបក្សប្រឆាំងពិតប្រាកដ ហើយលោកហ៊ុន​ សែន គាត់ខ្លាចគណបក្សតែមួយទេ ដែលជាគណបក្សប្រឆាំងពិតប្រាកដ ។ អ៊ីចឹងបើបងប្អូនទាំងអស់គ្នាទៅធ្វើប័ណ្ណជាមួយគណបក្សប្រឆាំងពិតប្រាកដ ហើយយកប័ណ្ណហ្នឹងមកបង្ហាញពួកក្រុមការងារដែលគេចុះទៅ Survey ចុះទៅឆែក ទៅអីឯណា ដូចគាត់ថា យកលលកទាក់លលកហ្នឹង គឺយើងបានលទ្ធផល យើងបានខ្លួនយើង ហើយអត់មានអ្នកណាមករករឿង មកគាបសង្កត់យើងទេ ពីព្រោះយើងជាសេរីភាព ក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ។ អ៊ីចឹងពួកគាត់ពេញចិត្តគណបក្សប្រឆាំង ហើយឥឡូវហ្នឹង គេថា គេមិនឲ្យពួកគាត់ចូលគណបក្សប្រឆាំង គាត់បកទៅចូលគណបក្សប្រជាជនវិញ ។ ប៉ុន្តែអ្វីដែលគាត់ចូលហ្នឹង គឺទី១ គាត់ត្រូវតែមានភ័ស្តុតាងថា គាត់ជាសមាជិកគណបក្សប្រឆាំង បានគណបក្សប្រជាជនគេមករក ។ បើសិនគាត់ជាសមាជិកគណបក្សប្រជាជនហើយ គាត់ម៉េចមករកធ្វើអី? អ៊ីចឹងអាហ្នឹងជាការពិត បើសិនជាយើងមានការតស៊ូ មិនមែនជាការរើបម្រះទេ គឺការតស៊ូដោយអហិង្សា គឺដូចខ្ញុំនិយាយអ៊ីចឹង បើគាត់ធ្វើក្នុងរបាយការណ៍គណបក្សប្រឆាំងពិតប្រាកដ មានសមាជិករាប់លាននាក់ រឿងអីគាត់ទៅហ៊ានរករឿងយើងថែមទៀត? បើយើងអត់មានសមាជិក បានគាត់រឹត គាត់បន្តឹង ។ បើម្នាក់ៗសរសេរសំបុត្រ សរសេរនៅក្នុងរបាយការណ៍ ដូចនៅក្នុងគណបក្សប្រជាជន គេសរសេររបាយការណ៍បញ្ជូនទៅគាត់ សុទ្ធតែចុះអស់ហើយៗ ចុងក្រោយគាត់ថា ពួកអស់ហ្នឹងអត់មានចូលមានគេចូលផង ។ អាហ្នឹងហើយដែលជាបញ្ហា ហើយដូចអ្វីដែលខ្ញុំថា នយោបាយទាល់ច្រករបស់លោកហ៊ុន​ សែន គឺលោកហ៊ុន​ សែន អស់លទ្ធភាពអូសថ្នាក់ដឹកនាំដែលស្មោះស្ម័គ្រជាមួយលោកសម​ រង្ស៊ី​ និងលែងទុកថិត្តមន្រ្តី CPPហើយ គឺចំណុចហ្នឹង គាត់អត់ទុកចិត្តរបាយការណ៍អ្នកដែលរាយការណ៍ទៅគាត់ ។ គាត់មានរចនាសម្ព័ន្ធតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ជាតិ ប៉ុន្តែអ្វីដែលគាត់ចាំបាច់ត្រូវតែបង្កើតក្រុមការងារមួយទៀត ដើម្បីទៅទាក់ទាញ អូសទាញកម្លាំង ។ បើគាត់មានរចនាសម្ព័ន្ធតាំងពីលើមកដល់ក្រោមហើយហ្នឹង ។ អ៊ីចឹងគាត់អត់ជឿរបាយការណ៍កូនចៅគាត់ ដែលធ្វើរបាយការណ៍របៀបហ្នឹង ហើយរឿងអ្នកដែលគាត់ខំអូសទាញ ដែលជាសមាជិកជាន់ខ្ពស់ហ្នឹង គឺគាត់គិតថា គាត់មិនអាចមានលទ្ធភាពទៅអូសទាញគេបានទេ ពីព្រោះគាត់គិតថា វ៉ៃជើងក្រោមមានប្រសិទ្ធភាពជាង ប៉ុន្តែការដែលគាត់លើកឡើងរឿងរបៀបហ្នឹង គឺជាការគាត់គិតខុស ។ គាត់រំលាយសង្រ្គោះជាតិ៥ឆ្នាំ តើប៉ុន្មាននាក់ដែលទៅចុះចូលជាមួយគាត់ បម្រើផលប្រយោជន៍របស់គាត់? វាអត់មាន គឺអ្នកដែលចុះចូលជាមួយគាត់ គឺដោយសារផលប្រយោជន៍ តែបើគេជាមនុស្សដែលមានឧត្ដមគតិ គេមិនទៅចុះចូលជាមួយគាត់ទេ “ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តទៀតថា “ ចំពោះអ្នកនាំពាក្យគណបក្សប្រជាជនថា លោកសម រង្ស៊ី កាន់តែឯកោ ទាំងក្នុងនិងក្រៅប្រទេស កូនចៅរត់ចោលអស់នោះ អ្នកដែលចូលរួមជាមួយសម រង្ស៊ី មិនមែនចូលរួមដើម្បីផលប្រយោជន៍ទេ ។ គេមើលឃើញលោកសម រង្ស៊ី គាត់ដឹកនាំការតស៊ូ ដើម្បីអនាគតកូនចៅជំនាន់ក្រោយ ។ អ៊ីចឹងអ្នកដែលចូលរួមជាមួយគាត់ គេចូលដោយបេះដូង ដោយមនសិការ ដោយឆន្ទៈ មិនមែនចូលដោយទឹកលុយទេ ។ អ្នកដែលចូលរួមជាមួយលោកសម រង្ស៊ី មានតែយកលុយខ្លួនឯងទៅជួយគណបក្ស ដើម្បីរៀបចំរដ្ឋបាលគណបក្ស អត់មានអ្នកណាដែលទៅយកលុយពីគណបក្សមកធ្វើមានបានដូចនេះ តែបើអ្នកទៅចូលរួមជាមួយហ៊ុន សែន គឺលោកហ៊ុន សែន គាត់បញ្ចេញលុយដើម្បីទៅទិញ ទៅឲ្យគេចូលរួម ។ ក្នុងចំណុចហើយ ដែលខ្ញុំចាប់អារម្មណ៍លើសារលោកសម រង្ស៊ី លើកឡើងថា ការតស៊ូរបស់យើងមិនដែលឈប់ម្តងណាឡើយ អាហ្នឹងគឺជាការពិត ការតស៊ូ វាមានជានិរន្តរ៍ មិនមែនតែក្នុងប្រទេសកម្ពុជា នៅក្នុងប្រទេសទូទាំងពិភពលោក ។ សូម្បីតែសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្ដូរពីគណបក្សប្រជាធិបតេយ្យ ទៅគណបក្សសាធារណរដ្ឋ បើយើងអត់តស៊ូ តើយើងផ្លាស់ប្ដូរម៉េចកើត? ទាល់តែយើងបង្ហាញពីលទ្ធភាព ។ មិនមែនការតស៊ូ ទាល់តែយកកាំភ្លើងទៅបាញ់គ្នា គេហៅការតស៊ូទេ ការតស៊ូ គឺការរៀបចំបញ្ចេញមតិ ធ្វើអ្វីដែលជាគំនិតរបស់យើងដែលថ្មីពីអ្វីដែលគេមាន ។ ឥឡូវយើងឃើញថា ហេតុអីគណបក្សប្រជាជនយកគោលនយោបាយគណបក្សសង្រ្គោះជាតិទៅប្រើ ហើយធ្វើអត់បានជោគជ័យ? ពីព្រោះបញ្ហាធំ គឺពុករលួយ ។ អាហ្នឹងយើងចង់ប្រាប់ទៅគណបក្សប្រជាជនថាអ៊ីចឹង ។ ទី២ ក្បាលម៉ាស៊ីនដឹកនាំ ក្បាលធំជាងដងខ្លួន អាហ្នឹងហើយដែលជាបញ្ហាគន្លឹះដែលគេមិនអាចជោគជ័យបាន ។ គោលនយោបាយគណបក្សសង្រ្គោះជាតិ គឺកាត់តម្រឹមមន្រ្តីក្បាលធំហ្នឹងឯង ទី១ ។ ទី២ យើងរៀបចំបំបាត់អំពើពុករលួយ អានេះជាជោគជ័យដែលយើងអាចធ្វើបាន ហើយមើលឃើញថា យើងធ្វើបាន ហើយគណបក្សប្រជាជនគេថា យើងធ្វើអត់បានទេ កាលដែលយើងចេញគោលនយោបាយឲ្យប្រជាជនចាស់ជរា ៤ម៉ឺនរៀល ក្នុង១នាក់ហ្នឹង គេថាធ្វើអត់បានទេ ប៉ុន្តែឥឡូវគេយកអាគោលនយោបាយហ្នឹងមកកែ ហើយយកទៅធ្វើ យកទៅអី ហើយគេរៀបចំទៅ ប៉ុន្តែការរៀបចំរបស់គេហ្នឹងអត់ជោគជ័យ ។ ដល់ពេលអត់បានជោគជ័យ យើងនាំគ្នាទិតៀន គេទៅចាប់ស៊ុន ចន្ធី ដាក់គុកទៀត គេថា ជារឿងទៅនិយាយបំផ្លើស បំភ្លៃ ។ ត្រង់នេះ យើងឃើញថា រឿងអ្នកណាក៏ដោយ បើសិនជាអ្នកដែលចុះចាញ់ គឺលោកហ៊ុន សែន អត់ទទួលទេ ទាល់តែចុះចូល បានគាត់ទទួល ។ អាហ្នឹងជារឿងធម្មជាតិរបស់គាត់ ប៉ុន្តែអាចុះចាញ់ ចុះចូល វាអត់មានអីគាត់ទៅកំណត់គេបានទេ ព្រោះអាហ្នឹងរឿងរបស់គេ ។ គាត់កំណត់ផែនការបាន ប៉ុន្តែគាត់មិនអាចកំណត់បេះដូងគេបានទេ “ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្ថែមថា “ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋកុំភ័យខ្លាច គ្មានរបបណាសាហាវជាងរបបខ្មែរក្រហមទេ ។ របបលោកហ៊ុន សែន ហ្នឹង គាត់មិនសាហាវជាងខ្មែរក្រហមទេ ទោះបីយ៉ាងណា ក៏ខ្មែរក្រហមនៅតែរលាយដែរ របបដែលធ្វើបាបប្រជារាស្រ្ត អត់បានស្ថិតស្ថេរទេ ។ អ៊ីចឹងហើយយើងនាំគ្នាធ្វើដើមត្រែង កុំធ្វើដើមត្នោត កុំធ្វើភ្នំ ពេលដែលយើងឃើញថា មានភាពមិនប្រក្រតី យើងនាំគ្នាធ្វើដើមត្រែង ពេលខ្យល់បក់មក យើងទន់ទៅ ពេលខ្យល់ងើបមកវិញ យើងងើបឡើងវិញ ឱកាសនៃការផ្លាស់ប្ដូរមានជានិច្ច គ្រាន់តែពេលវេលាទេ ។ អ៊ីចឹងយើងមិនភ័យ មិនព្រួយចំពោះការគំរាមកំហែងនោះទេ ហើយគណបក្សប្រឆាំងពិតប្រាកដ គឺជាគណបក្សដែលមើលឃើញអំពើអយុត្តិធម៌សង្គម ហើយអំពើដែលគេធ្វើបាបប្រជារាស្រ្ត ។ អ៊ីចឹងមិនចាំបាច់អ្នកឯងមកតាំងខ្លួនថាខ្ញុំគណបក្សប្រឆាំងពិតប្រាកដទេ ។ អ្វីក៏ដោយ ដែលមើលឃើញអំពើអយុត្តិធម៌សង្គម ហើយគេរៀបចំខ្លួនដើម្បីជួយប្រជារាស្រ្ត អានោះហើយគេការពារប្រជារាស្រ្ត មិនមែនគណបក្សប្រឆាំង ទាល់តែអ្នកឯងចេញទៅវ៉ៃគេបែកមុខ បែកមាត់ បានថាគណបក្សប្រឆាំងទេ គឺមធ្យោបាយនៃការការពារប្រជារាស្រ្តមិនឲ្យរងគ្រោះដោយអំពើផ្ដាច់ការ ។ យើងឃើញថា គណបក្សកាន់អំណាច គេប្រើប្រាស់យុទ្ធសាស្រ្តគាប គំរាម សម្លុត ហើយបើយើងជាគណបក្សប្រឆាំង យើងត្រូវតែនិយាយអ្វីដែលយើងមើលឃើញ បើយើងនៅស្ងាត់ស្ងៀម ហើយយើងអួតថា យើងគណបក្សប្រឆាំង តើឲ្យប្រជារាស្រ្តមើលម៉េចឃើញ? ការសរសេរសំបុត្រ ការផ្ញើសារ វាមិនមែនជាអំពើហិង្សាទេ គឺជាការបញ្ចេញមតិ ។ បើយើងបញ្ចេញមតិ គេយកទៅធ្វើតាម ក៏ធ្វើទៅ បើគេមិនធ្វើតាមទេ ក៏ហីទៅ អាហ្នឹងជាសិទ្ធិរបស់គេ ក៏ប៉ុន្តែយើងក្នុងនាមជាអ្នកដែលមើលឃើញភាពអយុត្តិធម៌សង្គម យើងគួរតែបញ្ចេញមតិ យើងគួរតែប្រាប់ទៅអ្នកដឹកនាំ ។ ដូច្នេះខ្ញុំអត់មានអីបន្ថែមទៀតទេ គ្រាន់តែប្រាប់ថា ឲ្យប្រជាពលរដ្ឋរំពឹងជឿជាក់នៅលើការផ្លាស់ប្ដូរ ពេលដែលក្ដៅ គឺមានការផ្លាស់ប្ដូរ ពេលត្រជាក់ក៏ផ្លាស់ប្ដូរតែប៉ុណ្ណឹងឯង ។ កាតព្វកិច្ចរបស់យើងជាអ្នកតស៊ូដើម្បីយុត្តិធម៌សង្គម ដើម្បីការផ្លាស់ប្ដូរ យើងនៅតែធ្វើជានិច្ច ទោះបីនៅទីណាក៏ដោយ មិនចាំបាច់តែអ្នកនៅក្រៅប្រទេសទេ ក្នុងប្រទេសក៏គេធ្វើដែរ ប៉ុន្តែគ្រាន់តែរូបភាពនៃការធ្វើ វាមិនដូចគ្នា ពីព្រោះនៅក្នុងប្រទេស វាមានការគាបសង្កត់ វាមានពួកឈ្លប ពួកអីអ៊ីចឹង វាមានដូចជាសម័យខ្មែរក្រហម វាជាគុកឥតជញ្ជាំង នៅក្រៅប្រទេស យើងអត់មានគុកឥតជញ្ជាំងតែប៉ុណ្ណឹងឯង ។ អ៊ីចឹងហើយការប្រើប្រាស់យុទ្ធសាស្រ្តនៃការផ្លាស់ប្ដូរវាមាន ដរាបណាលោកហ៊ុន សែន នៅតែប្រើអំពើហិង្សា នៅតែប្រើអំពើគាបសង្កត់ ការតស៊ូនៅតែមាន គ្មានប្រទេសណាមានអ្នកដឹកនាំណាដែលធ្វើអំពើហិង្សាហើយបានជោគជ័យទេ គឺបានតែរយៈពេលខ្លីទេ រយៈពេលវែង គឺមានបញ្ហាតទៅមុខ “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់ហេង ដាណារ៉ូ អតីតតំណាងរាស្រ្តអតីតបក្សប្រឆាំង បានធ្វើឡើងក្រោយសារបែកធ្លាយជាង១០នាទី សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៅគណបក្សប្រជាជនកម្ពុជា នៅគ្រប់ខេត្ត ឲ្យសហការជាមួយក្រុមថ្មីមួយ ដែលមានជំនាញខាងបំផ្លាញជើងក្រោមរបស់ក្រុមប្រឆាំង ។ សម្ដេចបានបញ្ជាក់ចំៗថា សម្ដេចក៏មានក្រុមពិសេស ដើម្បីរកមុខសញ្ញាក្រុមប្រឆាំងអូសទាញមិនបាន គឺត្រូវរ៉ៃយកតែម្ដង ។ សម្ដេចក៏បានបញ្ជាក់ថា ការបង្រ្កាបនេះ ត្រូវតែមានសកម្មភាពចាប់ពីពេលនេះតទៅ មិនចាំបាច់ជិតរដូវបោះឆ្នោតក្នុងឆ្នាំ២០២៧នោះទេ ។ សម្ដេចបញ្ជាក់ថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានផ្ញើសេចក្ដីសម្រេចមួយ ទាក់ទិនទៅនឹងក្រុមមួយ ដែលមានជំនាញខាងដើរបំផ្លាញជើងក្រោមរបស់ក្រុមប្រឆាំង ។ បន្ថែមពីនេះ សម្ដេចថា ត្រូវរៀបចំឲ្យមានរចនាសម្ព័ន្ធគ្របដណ្ដប់ទូទាំងប្រទេស ត្រូវវាយបំបាក់ជើងក្រោមកម្លាំងអ្នកប្រឆាំង ដោយប្រើពាក្យថា កុំឲ្យទើសមុខ ។ ក្នុងនោះសម្ដេចបញ្ជាក់ថា វិធានការងើប១ វ៉ៃ១ ត្រូវតែបន្ត បើសិនជាមានកម្លាំងប្រឆាំងទៅនឹងសកម្មភាពនោះ… ៕

RELATED ARTICLES