Thursday, April 3, 2025
Homeព័ត៌មានជាតិបាត់​ប្រពន្ធ៤​ថ្ងៃ ប្តី​តាម​រក​មិន​ឃើញ ដេក​យំ​ឱប​ខ្នើយ

បាត់​ប្រពន្ធ៤​ថ្ងៃ ប្តី​តាម​រក​មិន​ឃើញ ដេក​យំ​ឱប​ខ្នើយ

ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បានចាកចេញពីផ្ទះទៅធ្វើការងាររោងចក្រ រួច ក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើ ឱ្យក្រុមគ្រួសារភ័យឆោឡោ ដើរតាមស្វែងរក អស់រយៈពេល៤ថ្ងៃ នៅតែគ្មានដំណឹង រហូត ធ្វើឱ្យបុរសជាប្តីអស់សង្ឃឹម គិតតែពីដេកទួញយំ ឱបខ្នើយ ទើបបងថ្លៃស្រីអាណិតពេក ក៏កាន់ រូបថតប្អូនស្រី មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយស្រាវជ្រាវស្វែងរក បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលបាត់ខ្លួនអស់រយៈពេល៤ថ្ងៃ ធ្វើ ឱ្យប្តីតាមរកសោះខ្យល់មិនឃើញ គិតតែដេក ទួញយំឱបខ្នើយនោះ មានឈ្មោះប៊ិន ស្រីតូច អាយុ២៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ យីហោ បឺរី ផ្លូវទំនប់កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានប្តី ឈ្មោះឡុង ឆេង អាយុ២៨ឆ្នាំ មុខរបរជាង ឈើ សព្វថ្ងៃរស់នៅភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ស្ត្រីខាងលើ បានបាត់ខ្លួនតាំងពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ខណៈដែលនាងចាកចេញពីផ្ទះទៅធ្វើ ការងាររោងចក្រ។

តាមសម្តីស្ត្រីម្នាក់ ដែលអះអាងថា ត្រូវ ជាបងស្រីបង្កើតរបស់ស្ត្រីដែលបាត់ខ្លួន និងបាន កាន់រូបថតប្អូនស្រី មកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច បានរៀបរាប់ប្រាប់ថា ស្ត្រី ដែលបាត់ខ្លួនទៅនេះ គឺជាកូនបន្ទាប់ពៅ ក្នុង ចំណោមបងប្អូនទាំងអស់៨នាក់ (ប្រុស២ ស្រី៦) មានឪពុកឈ្មោះយិន ប៊ិន អាយុ៦៤ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះយិន រុំ អាយុ៦៣ឆ្នាំ មុខរបរកសិករ សព្វថ្ងៃរស់នៅស្រុកកំណើតឯខេត្ត កំពង់ស្ពឺ។

ស្ត្រីជាបងស្រីរូបនេះ បន្តថា ប្អូនស្រីរបស់ គាត់ម្នាក់នេះ បានរៀបការជាមួយប្តីឈ្មោះឡុង ឆេង ត្រឹមត្រូវតាមច្បាប់ប្រពៃណី និងបានរួម រស់ជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ តែ រហូតមកដល់ពេលនេះ នៅពុំទាន់មានកូនជាមួយ គ្នានៅឡើយ។ តាំងពីប្អូនស្រីចាប់ដៃជាមួយ ប្តីមកឃើញថា ពួកគេទាំង២នាក់ រួមរស់ចុះសម្រុងនឹងគ្នាល្អណាស់ មិនធ្លាប់មានបញ្ហាល្អក់កករ ឬមានជម្លោះអ្វីជាមួយគ្នាឡើយ ដោយ ប្អូនស្រីនេះ បានចេញមកធ្វើការរោងចក្រនៅ ភ្នំពេញ ចំណែកប្តីធ្វើជាជាងធ្វើផ្ទះនៅស្រុក។

ប្រភពដដែលបន្តថា ត្បិតថា ប្អូនស្រីរបស់ គាត់ចេញមកធ្វើការនៅភ្នំពេញ ក៏ពិតមែន តែ នាងមិនបានជួលផ្ទះស្នាក់នៅឡើយ ពោលគឺ នាងជិះរថយន្តក្រុមហ៊ុនទៅធ្វើការ និងត្រឡប់ ទៅផ្ទះជារៀងរាល់ថ្ងៃ ដើម្បីរួមរស់នៅជិតប្តី។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ប្អូនស្រីបានឡើងជិះរថយន្តក្រុមហ៊ុន ចេញពីផ្ទះ ឆ្ពោះទៅធ្វើការរោងចក្រដូចសព្វមួយ ដង រហូតដល់ល្ងាច ខណៈដែលរថយន្តដឹកកម្មករ ត្រឡប់មកផ្ទះវិញ បែរជាមិនឃើញប្អូនស្រីត្រឡប់ មកវិញសោះ ទើបក្រុមគ្រួសារព្រួយបារម្ភ ក៏នាំ គ្នាទាក់ទងទូរស័ព្ទទៅសាកសួរនាង តែទាក់ទង មិនចូលសោះ។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់ពីទូរស័ព្ទ មិនចូលបែបនេះ ធ្វើឱ្យក្រុមគ្រួសារកាន់តែភ័យ ព្រួយ ពិសេសប្តីរបស់ប្អូនស្រីភ័យស្លន់ស្លោជាង គេ និងបានចែកផ្លូវគ្នាតាមរកប្អូនស្រីសព្វកន្លែង តែរកមិនឃើញសោះ។ អ្វីដែលធ្វើឱ្យក្រុមគ្រួសារ ខ្លោចចិត្តបំផុតនោះ គឺតាំងពីប្អូនស្រីបាត់ខ្លួនទៅ ប្តីរបស់នាង លែងនឹកនាបាយទឹក ចេះតែព្យាយាមដើរស្វែងរកប្រពន្ធសព្វទិសទី តែគ្មាន ដំណឹងទាល់តែសោះ ទើបធ្វើឱ្យប្តីអស់សង្ឃឹម បានត្រឹមដេកទួញយំឱបខ្នើយ ដែលប្រពន្ធធ្លាប់ គេងកើយរាល់ថ្ងៃ ទន្ទឹងរង់ចាំផ្លូវប្រពន្ធត្រឡប់ មកវិញ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រោយ ពីតាមរកប្អូនស្រីអស់រយៈពេល៤ថ្ងៃ នៅតែ គ្មានដំណឹងសោះ ទើបនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ គាត់ក៏សម្រេចរត់មកប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងពីស្ត្រីខាងលើរួចហើយ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវតាមជំនាញ ដើម្បីតាមរកស្ត្រីខាងលើ មកជូនក្រុមគ្រួសារវិញ៕

RELATED ARTICLES