Sunday, September 8, 2024
Homeព័ត៌មានជាតិឆ្នាំ២០៣០  តើទៅរួចទេ? យុទ្ធសាស្ត្រកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម

ឆ្នាំ២០៣០  តើទៅរួចទេ? យុទ្ធសាស្ត្រកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម

 ភ្នំពេញ ៖ អ្នកវិភាគ អ្នកនយោបាយ និងអ្នកឃ្លាំមើល បានលើកជាសំណួរថា តើយុទ្ធសាស្រ្តកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម ឆ្នាំ២០៣០ អាចទៅរួចទេ? ខណៈដែលបច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា នៅទន់ខ្សោយ ប្រជាពលរដ្ឋចំណាកស្រុក គ្មានការងារធ្វើ ក្រីក្រ គុណភាពអប់រំ ធនធានមនុស្ស ប្រាក់ចំណូលការងារនៅមានកម្រិតទាប ប្រព័ន្ធយុត្តិធម៌ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅមានការរំលោភបំពាន ពិតជាពិបាកណាស់ក្នុងការធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យម នៅឆ្នាំ២០៣០ គឺលុះត្រាតែមានការកែទម្រង់មួយចំនួន ទើបអាចទៅរួច ។

លោកបណ្ឌិត​ មាស នី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាសង្គម ដើម្បីការអភិវឌ្ឍ បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា «ជាយុទ្ធសាស្ត្រកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យម នៅឆ្នាំ២០៣០ ប៉ុន្តែដើម្បីសម្រេចគោលដៅនេះ ធនធានមនុស្សដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ត្រូវអាចរកប្រាក់ចំណូលប្រចាំខែ យ៉ាងតិច ១០០០ដុល្លារ។  តែមកទល់ឆ្នាំ២០២៤ ភាគច្រើននៃអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រ ទទួលបានក្រោម ៥០០ដុល្លារ ក្នុងមួយខែ។ ដូច្នេះយើងនៅសល់​​ ៦ឆ្នាំទៀត តើទៅរួចទេ? តើគុណភាពធនធានមនុស្សបែបណាដែលអាចឈានទៅទទួលបានប្រាក់ខែ ១០០០ដុល្លារ ក្នុងមួយខែ?»។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍ពន្យល់លើការលើកឡើងរបស់លោកខាងលើនេះ តាម​ «នគរធំ» នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ថា “បាទ! អាហ្នឹងយើងប្រៀបធៀបរវាងគោលដៅកម្ពុជាយើង សម្រាប់ឆ្នាំ២០៣០ ហើយនិងផែនការនៅក្នុងការផលិតធនធានមនុស្ស របស់ក្រសួងអប់រំ ដែលយើងដៅ ហើយគេបានប៉ាន់ប្រមាណថា នៅឆ្នាំ២០៣០ បើសិនជាចង់ឲ្យដល់គោលដៅ ដែលថាប្រទេសយើងក្លាយទៅជាអ្នកមានប្រាក់ចំណូលមធ្យមហ្នឹង គឺវាទាល់តែអ្នកដែលរៀនចប់បរិញ្ញាបត្រ ដែលជាការសិក្សាមូលដ្ឋានគ្រឹះហ្នឹង មានបៀវត្សរ៍ មានប្រាក់ខែហ្នឹង ១ពាន់ដុល្លារឡើងទៅ ព្រោះអានេះវាជាការប្រៀបធៀបមួយនៅក្នុងប្រទេសគេដទៃ ដូចជាសាំងហ្គាពួរ អី ក៏គេយកម៉ូដែលហ្នឹងដែរ អ៊ីចឹងអានេះវាជាតម្រុយមួយ ។ នៅក្នុងគោលនយោបាយល្អហើយ ប៉ុន្តែសួរថា យើងអាចធ្វើបានដែរឬអត់? ហើយបើយើងគ្រាន់តែមានផែនការ ប៉ុន្តែយើងមិនបានពិនិត្យមើលទៅលើការខិតខំប្រឹងប្រែងរបស់យើង វាមានកត្តាច្រើនដែលធ្វើឲ្យទៅដល់ ឬមិនដល់ ។ ទី១ គឺគុណភាពនៃការអប់រំរបស់យើង ជារឿងមួយសំខាន់។ ប៉ុន្តែទី២ ក៏អាស្រ័យទៅលើសេដ្ឋកិច្ចរបស់ប្រទេសយើងដែរ បើសិនជាសេដ្ឋកិច្ចហ្នឹងវាមិនលូតលាស់ មិនលឿនទេ ក៏មិនមានលទ្ធភាពណាដល់ទៅជួលមនុស្សរហូតដល់តម្លៃរាប់ពាន់ ក្នុង១ខែដែរ ។ រាល់ថ្ងៃ អ្នកដែលមានប្រាក់ខែដល់ ១ពាន់ហ្នឹង វាមានតិចណាស់ ហើយបើគិតក្នុងកម្រិតបរិញ្ញាបត្រវិញនោះ វាកាន់តែតិចថែមទៀតហើយ ។ ខ្ញុំមិនមែនចង់និយាយថា យើងទៅមិនដល់ទេ ក៏ប៉ុន្តែមានការពញ្ញាក់ ដើម្បីឲ្យពិនិត្យមើល ហើយថាតើត្រូវធ្វើម៉េច ដើម្បីឲ្យដល់ប៉ុណ្ណឹង នៅឆ្នាំ២០៣០“ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តថា “បើយើងគ្រាន់តែបន្តការអប់រំទៅមនុស្ស ដើម្បីផលិតធនធានមនុស្សឲ្យបានច្រើន ពិសេសអ្នកដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្តែប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ច ឬក៏ចរន្តសេដ្ឋកិច្ចដែលនៅស្រុកយើង មិនបានទៅឲ្យបានស្មើដៃគ្នាទេនោះ ខ្ញុំគិតថា យើងមានតែធនធានមនុស្សច្រើន ប៉ុន្តែយើងបានប្រាក់ខែតិច វាមិនខុសអីពីពលករខ្មែរយើងដែលទៅធ្វើការនៅបរទេសទេ នៅពេលណាដែលយើងមិនមានជំនាញ អាហ្នឹងវាធ្វើឲ្យប្រាក់ខែយើងក៏ទាបដែរ ការដែលរកលុយវាមិនបានច្រើន ។ អ៊ីចឹងអាហ្នឹងកាតព្វកិច្ចរបស់ក្រសួង ត្រូវពិនិត្យមើលប្រៀបធៀបរវាងសេដ្ឋកិច្ច ហើយជាមួយនឹងធនធានមនុស្ស ថាតើយើងបង្រៀនមនុស្សហ្នឹងបានត្រូវជំនាញដែលត្រូវការឬទេ? ទី២ទៀត វាជំនាញរបស់មនុស្សនៅក្នុងប្រទេសមួយៗ គេយកទៅតាមតម្រូវការរបស់សង្គមជាតិ របស់ប្រទេសជាតិដែរ ។ អ៊ីចឹងបើយើងគ្រាន់តែអប់រំ គ្រាន់តែយកមនុស្សទៅបង្រៀន ហើយបញ្ចេញឲ្យតែបានចំនួនច្រើន ប៉ុន្តែមិនមើលអំពីជំនាញ មើលអំពីតម្រូវការ ហើយសេដ្ឋកិច្ចយើងធ្លាក់ចុះនោះ អាហ្នឹងខ្ញុំគិតថា យើងពិតជាមិនអាចឈានទៅដល់មានប្រាក់ចំណូលមធ្យម នៅឆ្នាំ២០៣០បានទេ“ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តទៀតថា “សម្រាប់ខ្ញុំៗនៅតែមានការគាំទ្រទៅដល់រដ្ឋាភិបាល​​ ដែលមានគោលនយោបាយច្បាស់លាស់ ក៏ប៉ុន្តែនៅស្រុកយើងនេះ យើងច្រើនតែមានគោលនយោបាយ ក៏ប៉ុន្តែដល់ពេលអ្នកដែលត្រូវអនុវត្តគោលនយោបាយនោះ វាធ្វើអត់ស្រុះដៃ អត់ស្រុះជើងគ្នាទេ ។ ដល់ពេលអ៊ីចឹងទៅ វាធ្វើឲ្យយើងមានតែនៅលើក្រដាស ប៉ុន្តែដល់អ្វីដែលជាការអនុវត្តជាក់ស្ដែង យើងអត់បានទៅដល់ទិសដៅដែលចង់បាន“ ។

ដោយឡែក ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ថា លោកមិនអាចសន្និដ្ឋានឬវាយតម្លៃពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការធ្វើឲ្យមានចំណូលជាមធ្យម ប្រែក្លាយទៅជាសេដ្ឋកិច្ចមួយដែលអាចទៅរួចនៅក្នុងឆ្នាំ២០៣០ ឬយ៉ាងណានោះទេ ប៉ុន្តែលោកមើលឃើញថា ដើម្បីឲ្យសេដ្ឋកិច្ចមួយល្អប្រសើរ មានល្បឿនសេដ្ឋកិច្ចអាចកើននៃចំណូលថវិកាជាតិ ឬក៏ថវិកានៃ GDP របស់កម្ពុជា គឺជំហានដំបូង លុបបំបាត់ឬក៏កាត់បន្ថយអំពើពុករលួយ ជាមួយនឹងអភិបាលកិច្ចល្អ ទៅនឹងកំណែទម្រង់សាធារណៈ ។ ជាពិសេសបង្ហាញនូវអ្វីជាតម្លាភាពនៃយុត្តិធម៌សម្រាប់សង្គម គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃដដែលនោះថា “សម្រាប់បុគ្គលខ្ញុំៗមិនអាចសន្និដ្ឋាន ឬក៏វិនិច្ឆ័យវាយតម្លៃណាទៅអ្វីដែលរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលមានគោលដៅ ទិសដៅថា នឹងធ្វើឲ្យមានចំណូលជាមធ្យម ឲ្យប្រទេសប្រែក្លាយទៅជាសេដ្ឋកិច្ចមួយដែលអាចទៅរួច ក្នុងឆ្នាំ២០៣០ ក្នុងកត្តាជីវភាពរបស់ប្រជាពលរដ្ឋ ឬក៏កត្តាខឿនល្បឿននៃសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងណា គឺថាខ្ញុំមិនជាអ្នកវិភាគខាងផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែខ្ញុំនិយាយក្នុងនាមជាមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលមួយ ដែលរួមចំណែកក្នុងការបង្ហាញនូវអ្វីជាតឹកតាង អ្វីជាទស្សនៈ ចក្ខុវិស័យ ថាតើធ្វើយ៉ាងម៉េចឲ្យប្រទេសកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច? និងកត្តាកែប្រែនៃជីវភាពរបស់ប្រជារាស្រ្ត ទៅនឹងអ្វីដែលជាជំនួញជួញដូរ ជាការធ្វើជាកម្មករ ឬក៏ជាការធ្វើស្រែ ធ្វើចម្ការអីជាដើមហ្នឹង គឺខ្ញុំមើលឃើញថា ដើម្បីឲ្យសេដ្ឋកិច្ចមួយល្អប្រសើរ មានល្បឿនសេដ្ឋកិច្ចហ្នឹងអាចកើននៃចំណូលថវិកាជាតិ ឬក៏ថវិកានៃ GDP របស់កម្ពុជា ហ្នឹង គឺថាខ្ញុំមើលឃើញជំហានដំបូង គឺការលុបបំបាត់ឬក៏កាត់បន្ថយអំពើពុករលួយ ជាមួយនឹងអភិបាលកិច្ចល្អ ទៅនឹងកំណែទម្រង់សាធារណៈ ខ្ញុំថាជាការរៀបចំសណ្ដាប់ធ្នាប់នយោបាយនៃរដ្ឋបាលសាធារណៈមួយ ដើម្បីបង្ហាញអំពីការគោរពនីតិរដ្ឋ គោរពច្បាប់ ហើយបង្ហាញនូវអ្វីជាតម្លាភាពនៃប្រព័ន្ធយុត្តិធម៌ តម្លាភាពនៃភាពយុត្តិធម៌សម្រាប់សង្គម ហើយបង្ហាញនូវអ្វីជាគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នោះខ្ញុំថា ប្រទេសជាតិ អាចធ្វើឲ្យមានការជឿជាក់ទៅលើផ្នែកច្បាប់ គ្មានការរំលោភច្បាប់ណា គ្មានការអនុវត្តច្បាប់ណាស្ដង់ដារពីរនៃនិន្នាការនយោបាយ ឬក៏ប្រជាភិថុតិនយោបាយ ។ អ៊ីចឹងវាធ្វើឲ្យមានជំនឿជាក់អំពីអ្នកវិនិយោគទុនបរទេស ដែលគេដាក់លុយវិនិយោគមករាប់រយ រាប់ពាន់លានដុល្លារ អ៊ីចឹងធ្វើឲ្យគេមានលំនឹងនៃថវិកាដែលគេយកមកវិនិយោគដើម្បីរកស៊ីនៅប្រទេសកម្ពុជា គឺទី១ ប្រព័ន្ធយុត្តិធម៌ អំពើពុករលួយ ទឹកតែ សូកប៉ាន់អីហ្នឹង​​ ត្រូវកាត់បន្ថយស្ទើរតែពុំមាន ហើយយើងប្រើច្បាប់រដ្ឋបាលណាកុំឲ្យស្មុគស្មាញទៅ ខ្ញុំថាអាចជាការទាក់ទាញនៃជំនឿជាក់របស់អ្នកវិនិយោគបរទេស ហើយនិងការជឿជាក់សម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាអ្នកវិនិយោគទុនក្នុងស្រុកហ្នឹង អ្នកជំនួញជួញដូរ អ្នកមាននៅក្នុងស្រុកហ្នឹង គឺគាត់បញ្ចេញថវិកាគាត់ ដោយមិនភ័យខ្លាចខាតបង់ មិនភ័យខ្លាចអំពើអយុត្តិធម៌នៃការប្ដឹងផ្ដល់ហ្នឹង រឹបអូសទ្រព្យសម្បត្តិគេដោយភាពអយុត្តិធម៌ មិនមានតម្លាភាព មិនមានសុចរិតភាព ហើយប្រើនូវការរើសអើងនិន្នាការគណបក្សនយោបាយទៅទៀត ហើយយកអំណាចធំជាងច្បាប់ ដោយមិនអនុវត្តនូវគោលធម៌ នៃគោលច្បាប់ អាហ្នឹងខ្ញុំថា ពិបាកសន្និដ្ឋានឬក៏ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៧ នៃអ្នកបន្តវេន អ្នកជំនាន់ថ្មីហ្នឹង អាចធ្វើឲ្យមានចំណូលមធ្យមល្អប្រសើរជីវភាព ខ្ញុំថាវាហាក់បីដូចជាបានដែរ ប៉ុន្តែបានរបៀបយឺត មានសង្ឃឹមដែរ តែសង្ឃឹមតិចៗ វាអត់មានការសង្ឃឹមមួយដែលមាននិរន្តរភាព ដូចអ្វីដែលខ្ញុំបានពន្យល់ថា សម្អាតអំពើពុករលួយ អភិបាលកិច្ចល្អ ទៅនឹងកំណែទម្រង់សាធារណៈ និងរៀបចំសណ្ដាប់ធ្នាប់ ប្រព័ន្ធយុត្តិធម៌អីហ្នឹង គឺថា កុំឲ្យអំណាចនយោបាយបក្ស មកលូកនូវអំណាចរបស់រាជការ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំថា នេះជាជម្រើសថ្មីមួយរបស់អ្នកដឹកនាំបន្តវេន អ្នកដឹកនាំជំនាន់ថ្មីរបស់បក្សកាន់អំណាច ត្រូវគិតថ្មី ធ្វើថ្មីណាជាដំណោះស្រាយ ហើយជាការវិវត្តផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ទៅរកការរីកចម្រើន ជាជាងការវិវត្តជាន់លើការវិវត្តនៃអតីតកាលកន្លងផុតមក មិនថាអតីតកាលប្រវត្តិសាស្រ្ត មិនថាអតីតកាលនៃការបង្កើតបញ្ហា វិបត្តិនយោបាយកាន់តែជាន់គរទៅៗ ដោះស្រាយមិនចេញ វាកាន់តែថែមនៃវិបត្តិបញ្ហាទៅទៀត ហើយអ្វីដែលល្អបំផុត គឺការឯកភាពជាតិ បញ្ហាបែកបាក់ផ្ទៃក្នុងខ្មែរគ្នាឯងនេះ ហើយចែកឲ្យដាច់នៃប្រទេសអធិបតេយ្យ កុំឲ្យដើរផ្ទុយនូវគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល ។ អ៊ីចឹងហើយធ្វើឲ្យយើងក្លាយជាប្រទេសមួយដែលរក្សាបាននូវអធិបតេយ្យ ឯករាជ្យភាព អព្យាក្រឹតភាព ក៏ដូចជារក្សានូវបូរណភាពទឹកដីអីជាដើម ។ ទាំងអស់ហ្នឹងហើយ សុទ្ធតែជាការជឿជាក់ ដែលចេញអំពីការគោរពច្បាប់ធម្មនុញ្ញ ក៏ដូចជាការអនុលោមនៃសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក៏ដូចជាកតិកាសញ្ញា អនុកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្សសកលអីហ្នឹង គឺសុទ្ធតែយើងមានក្នុងន័យថា គោរពច្បាប់ជាតិ និងអន្តរជាតិ ដើម្បីធ្វើឲ្យប្រទេសហ្នឹងមានការជឿជាក់ទៅលើការគោរពនីតិរដ្ឋ ។ មានន័យថា អំណាចអត់ហួសព្រំដែន អត់មានការរំលោភអំណាច ហើយយើងឃើញហើយថា បច្ចុប្បន្នត្រូវបានគេមើលឃើញថា ស្ថាប័នរដ្ឋ គឺជាស្ថាប័នមួយដែលគ្របដណ្ដប់ទៅដោយស្ថាប័នបញ្ជ្រាប ចែកគ្នាមិនដាចរវាងមន្រ្តីបក្ស និងមន្រ្តីរាជការ ហើយយើងយកឱកាសនៃរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ទៅជាឲ្យធ្វើកិច្ចការបក្ស ច្របូកច្របល់គ្នាជាមួយនឹងកិច្ចការបម្រើផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ អាហ្នឹងជាការដែលគេមើលឃើញអំពីការដែលនឹងពិបាកចូលមកវិនិយោគទុនសម្រាប់ប្រទេសកម្ពុជា ហើយសេដ្ឋកិច្ចពិបាកក្នុងការធ្វើឲ្យរីកចម្រើន មានតម្លាភាព គណនេយ្យភាព ដោយសារតែយើងរងនូវអំពើពុករលួយ ហើយគ្រួសារ បក្ខពួកនិយមហ្នឹងហើយ ដែលរុញច្រានឲ្យប្រទេសវាអត់រីកចម្រើន មានតែស្ថិតក្នុងភាពក្រីក្រ បំភិតបំភ័យ ជំពាក់បំណុល ចំណាកចោលស្រុក វិបត្តិគ្រួសារ សតិអារម្មណ៍ ការរស់នៅ រកស៊ីជួញដូរ បង្កបង្កើនផលហ្នឹងវាហាក់ដូចជារួមតូចចង្អៀតនៃទីផ្សារផលិតផល ក៏ដូចជាបញ្ហាការធ្វើស្រែខ្វះទឹក បញ្ហាជី បញ្ហាប្រេងឡើងថ្លៃ តើយើងត្រូវរកចំណុចណាដែលជាចំណុចប្រសព្វចំណុចច្រកចេញនៃដំណោះស្រាយនៅលើវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយ គឺការដឹកនាំរបស់បក្សកាន់អំណាចបច្ចុប្បន្នហ្នឹង​ ត្រូវរករូបមន្ត គោលនយោបាយបែបណា ដើម្បីឲ្យឈ្នះនៃខ្មែរទាំងអស់គ្នា ហើយយើងចៀសវាងការរើសអើងនិន្នាការបក្សនយោបាយ ចៀសវាងកម្ចាត់មួយ លើកមួយ ដាក់មួយ គឺថាមិនមែនជាគោលការណ៍ប្រជាធិបតេយ្យទេ ។ បក្សកាន់អំណាច កាលដែលនៅប្រកួតប្រជែងការបោះឆ្នោត អាហ្នឹងមានន័យថា ទាញយកប្រជាប្រិយភាព ដើម្បីឈ្នះឆ្នោត ប៉ុន្តែបើខ្លួនឈ្នះឆ្នោត កាន់ប្រទេសហើយ គឺត្រូវធ្វើជានាយករដ្ឋមន្រ្តី របស់ប្រជាពលរដ្ឋទាំង១៦-១៧លាននាក់ មិនមែនជាប្រមុខរាជរដ្ឋាភិបាលមួយហើយ ធ្វើជានាយករដ្ឋមន្រ្តីរបស់ប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យបក្សខ្លួន បែរជាបង្កើតសត្រូវជាមួយអ្នកមិនបោះឆ្នោតឲ្យបក្សខ្លួន អាហ្នឹងមិនមែនជាស្ថាប័នដែលបង្កើតឡើងដោយប្រមុខរាជរដ្ឋាភិបាលនៃច្បាប់នីតិរដ្ឋ ច្បាប់នីតិតុលាការ នីតិប្បញ្ញត្តិនោះទេ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងខ្ញុំមើលឃើញថា អ្វីៗដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គឺយើងត្រូវពង្រឹងប្រព័ន្ធយុត្តិធម៌ហ្នឹងឲ្យមានការជឿជាក់ ទាំងពលរដ្ឋខ្លួនឯងក្នុងការគោរពច្បាប់ ទាំងមន្រ្តីរាជការ ទាំងបក្សនយោបាយ ក៏ដូចជាសហគមន៍អន្តរជាតិ ពិសេសអ្នកវិនិយោគទុនក្រុមហ៊ុនយក្សធំៗ ដែលគេចង់មកជួយប្រទេសកម្ពុជា តាមរយៈវិនិយោគមួយដែលមិនខាតបង់លុយកាក់របស់គេយកមកចំណាយ ហើយគេក៏ត្រូវការចំណាយផងដែរ ហើយបានសេចក្ដីសុខ ដោយមិនមានភាពអយុត្តិធម៌ ហើយពលរដ្ឋក៏បានការងារធ្វើ ហើយរដ្ឋាភិបាល ក៏បានការបង់ពន្ធដារចូលរដ្ឋ ដើម្បីមានចំណូលថវិកាជាតិ សម្រាប់កសាងប្រទេស សម្រាប់ប្រាក់ខែមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខ្ញុំថាវាសុទ្ធតែមានយន្តការគោលនយោបាយដែលរដ្ឋាភិបាល បានធ្វើមួយអាណត្តិ ៥ឆ្នាំម្ដង ខ្ញុំថាជាឆន្ទៈនយោបាយ យើងអាចធ្វើបាន ហើយឲ្យយើងប្ដេជ្ញា កុំមានឆន្ទៈ កុំមានគោលនយោបាយហើយ យើងអត់ប្ដេជ្ញាបោសសម្អាតអំពើពុករលួយ អត់ប្ដេជ្ញាគោរពនីតិរដ្ឋ មានន័យថា ប្រព័ន្ធយុត្តិធម៌ ត្រូវធានានិងការពារឲ្យមានភាពយុត្តិធម៌មួយដែលមិនមានការឈឺចាប់ ដែលមិនអយុត្តិធម៌សម្រាប់ប្រទេសជាតិទាំងមូល សម្រាប់ប្រជារាស្រ្ត សម្រាប់វិនិយោគទុន សម្រាប់ការជឿជាក់ទៅលើសហគមន៍អន្តរជាតិ ជាពិសេសនយោបាយការទូត និងនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួញដូរបែបសកលភាវូបនីយកម្ម ជាមួយនឹងសហគមន៍អន្តរជាតិ ខ្ញុំថាអាទាំងអស់ហ្នឹងហើយ ដែលនាំឲ្យការប្ដេជ្ញាចិត្ត ឬក៏ក្នុងនាមរដ្ឋាភិបាល អាណត្តិទី៧ គឺថាត្រូវមានយុទ្ធសាស្រ្តធ្វើយ៉ាងម៉េចដើម្បីដើរទៅរកចំណុចនៃចំណូលមធ្យមរបស់ប្រជាពលរដ្ឋខ្មែរ ងាកចាកឲ្យផុតពីបំណុលធ្ងន់ធ្ងរនៅក្នុងធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ ឬក៏ដកឃ្លាឲ្យគាត់មានមុខរបរអាជីពជាលក្ខណៈការបង្កើតនូវវិនិយោគទុនបែបចង្វាក់ផលិតកម្ម មានន័យថា ឲ្យមានការវិនិយោគទុនបែបជារោងចក្រ កសិកម្ម កសិ-ឧស្សាហកម្ម ឬក៏រោងចក្រកាត់ដេរវាយនភណ្ឌ ឬក៏ផ្នែកណាដែលអនុវត្តផេ្សងៗជាកសិកម្ម កសិ-ឧស្សាហកម្ម ឬក៏បច្ចេកវិជ្ជាណាទំនើបខាង IT ខាងប្រព័ន្ធ Social Medea ប្រព័ន្ធព័ត៌មានវិទ្យា សង្គមអីជាដើមហ្នឹង ខ្ញុំថាអាចធ្វើបាន បើយើងមានឆន្ទៈ ហើយយើងបង្ហាញវិនិយោគទុនឲ្យគេជឿជាក់ ខ្ញុំថារោងចក្រពីប្រទេសជប៉ុន គ្រាន់តែយកពីស្រុកថៃមកដាក់ចូលស្រុកខ្មែរ នៅភូមិភាគពាយ័ព្យ នៅបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ធំ ខ្ញុំថាអាចជួយឲ្យបាត់ចំណាកចោលស្រុក ដែលយើងទៅជួយសេដ្ឋកិច្ចនៅប្រទេសថៃ នោះ ក្នុង១ឆ្នាំៗ ។ នេះយើងមិនគិតអំពីផលឲ្យគ្នា គឺថាស្រុកខ្មែរ ជំពាក់បំណុល និងធ្វើស្រែ ធ្វើចម្ការ ធ្វើផ្ទះឲ្យឪពុកម្ដាយ តាយាយ ក៏ដោយសារពលករខ្មែរ ទាំងស្របច្បាប់ ខុសច្បាប់នៅប្រទេសថៃ ជាង៣លាននាក់ ក៏វាជួយដល់ប្រទេសខ្មែរ ក៏ពិតមែន ប៉ុន្តែកម្លាំងពលកម្ម ពលករ យុវជន កម្មករ ដែលមានកម្លាំងសម្រាប់ស្នូលជាតិ គ្រឹះនៃទំពាំងស្នងឫស្សី ដើម្បីឲ្យប្រទេសជាតិ មានលំនឹងក្នុងផ្នែកនយោបាយ ក៏ដូចសេដ្ឋកិច្ចពាណិជ្ជកម្ម គឺថាសុខដុមរមនា និងសុភមង្គលនៅប្រទេសកម្ពុជា គឺថាយើងអាចចំណាកចោលស្រុក ឲ្យគាត់នៅជួបជុំសុភមង្គលគ្រួសារគាត់ មានការងារធ្វើនៅតាមខេត្ត ក្រុង រាជធានី នៅក្នុងប្រទេសកម្ពុជា គឺថា យើងមានធនធាន យើងមានចំណេះ យើងមានសេដ្ឋកិច្ច ចំណូលចូលថវិកាជាតិ បង់ពន្ធដារ ឬក៏កត្តាជីវភាពគ្រួសារគាត់ហ្នឹង គឺថាបានល្អប្រសើរ ប៉ុន្តែដល់ពេលយើងមិនរៀបចំរបៀបវិនិយោគបែបណាជាការជឿជាក់ ហើយនិងបង្កើតរោងចក្រជាផលិតផល ចង្វាក់ផលិតកម្មអីនៅក្នុងស្រុក អាហ្នឹងហើយជាបញ្ហាដែលយើងយកសេដ្ឋកិច្ចទៅឲ្យគេ ហើយកម្ពុជា បច្ចុប្បន្នគឺជាកម្ពុជាដែលយកសេដ្ឋកិច្ចមកចែកគ្នា បង្កើតទីផ្សាររកស៊ីចំណេញឲ្យគ្នា ប៉ុន្តែវាអត់មានផលនាំចេញផ្នែកសក្ដានុពលនៃសេដ្ឋកិច្ចសម្រាប់ទាញវិនិយោគទុន សម្រាប់នាំវត្ថុធាតុដើមរបស់យើង កែច្នៃចង្វាក់ផលិតកម្មហ្នឹងនាំចេញទៅលក់នៅក្រៅប្រទេស“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “អាហ្នឹងជាចំណុចដែលខ្ញុំមើលឃើញថា យើងត្រូវតែប្ដេជ្ញាចិត្ត ហើយធ្វើគោលនយោបាយឲ្យប្រាកដប្រជា អាហ្នឹងខ្ញុំថា អាចទៅមុខរួច ហើយយើងបំបាត់អំពើពុករលួយឲ្យច្បាស់លាស់ មន្រ្តីរាជការហ្នឹងរៀបចំឲ្យមានសណ្ដាប់ធ្នាប់ មានវិន័យ មន្រ្តីបក្ស គឺបក្ស មន្រ្តីរាជការ គឺមន្រ្តីរាជការ មន្រ្តីរាជការ ធ្វើដើម្បីប្រជារាស្រ្ត ដើម្បីប្រទេសជាតិ ប្រជារាស្រ្តបង់ពន្ធដារ ដើម្បីជួយសេដ្ឋកិច្ចដល់ប្រទេសជាតិ ហើយមន្រ្តីរាជការ អ្នកដឹកនាំ ត្រូវតែបម្រើរាស្រ្ត តាមរបៀបផ្នែកកសិកម្ម តាមរបៀបផ្នែកពាណិជ្ជកម្ម តាមរបៀបផ្នែកជំនួញជួញដូរ អាជីវកម្មបែបណា គឺថាវាត្រូវចង្វាក់គ្នា ចាក់ស្រែះគ្នា ខ្ញុំថាអាហ្នឹងបានទៅរួច ទី១ គឺច្បាប់ ប្រព័ន្ធយុត្តិធម៌ឲ្យច្បាស់លាស់ ទី២ កាត់បន្ថយ ឬលុបបំបាត់អំពើពុករលួយ ទី៣ គឺមន្រ្តីដែលជាមន្រ្តីគ្រាប់ល្ពៅ ឬក៏មន្រ្តីបង្កើតបទឧក្រិដ្ឋផ្សេងៗអីហ្នឹង មន្រ្តីទាំងអស់ហ្នឹងត្រូវតែបោសសម្អាតឲ្យអស់ មានន័យថា បោសសម្អាតមន្រ្តីចោរ មន្រ្តីទុច្ចរិត មន្រ្តីឧក្រិដ្ឋជន ហើយកុំការពារឧក្រិដ្ឋជន សម្អាតឧក្រិដ្ឋជនហ្នឹងចេញ យើងចាប់ផ្ដើមបណ្ដុះមន្រ្តីរាជការស្អាតស្អំណាឲ្យមានសណ្ដាប់ធ្នាប់ មានវិន័យ ចេះកោតក្រែងច្បាប់ ហើយចេះធ្វើការងារតាមតួនាទី ករណីយកិច្ច កាតព្វកិច្ច និងភារកិច្ចរបស់ខ្លួនហ្នឹងទៅ ខ្ញុំថាប្រដមប្រសង ហើយជាសំណុំនៃសណ្ដាប់ធ្នាប់ ដើម្បីធ្វើឲ្យសង្គមកម្ពុជា ហ្នឹងវាអាចមានកត្តាជីវភាពសម្រាប់ប្រជាពលរដ្ឋ មានទីផ្សារ បង្កើតបច្ចេកទេសកសិកម្ម បង្ហាញពូជស្រូវ អនុវត្តតាមស្ដង់ដារណាដែលវេចខ្ចប់មានអនាម័យ មានសណ្ដាប់ធ្នាប់ហ្នឹងនាំចេញ អាចទទួលយកស្របតាមស្ដង់ដារអន្តរជាតិអីហើយ ខ្ញុំថាសុទ្ធតែជាឱកាសដែលរដ្ឋាភិបាលប្រឹងប្រែងទៅ ហើយយើងស្ដាប់នូវមតិរបស់សង្គមស៊ីវិល គណបក្សក្រៅរដ្ឋាភិបាល ក៏ដូចជាសហគមន៍អន្តរជាតិ ថាគេចង់បានអី? ប្រជាពលរដ្ឋចង់ឃើញ ចង់ទៅដល់ក្នុងកម្រិតណានៃកត្តាជីវភាពរបស់គាត់ឲ្យមានការប្រែប្រួល ព្រោះសករាជថ្មីទៅហើយ មួយជំនាន់ផុតរបស់អតីតនាយករដ្ឋមន្រ្តី​​ ហ៊ុន សែន ឥឡូវចូលមកដល់នាយករដ្ឋមន្រ្តីកូន ទៅទៀត មានន័យថា ៣១ឆ្នាំកន្លងមកនេះ គឺថាមួយជំនាន់របស់នាយករដ្ឋមន្រ្តី ឥឡូវចូលដល់សករាជថ្មី ឈាមថ្មី គំនិតថ្មី គិតថ្មី ធ្វើថ្មី តើធ្វើអ្វីដែលជាផលប្រយោជន៍រួម ជាជាងផលប្រយោជន៍គិតពីបក្សធំជាងរដ្ឋ អានេះជាចំណុចដែលខ្ញុំមើលឃើញប៉ុណ្ណឹង“ ។

ចំណែកអតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដែរថា សម្រាប់ការយល់ឃើញរបស់លោក យុទ្ធសាស្រ្តកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម ឆ្នាំ២០៣០ ទៅមិនរួចនោះទេ ព្រោះមានកត្តាជាច្រើនកំពុងតែប្រឈមនាពេលបច្ចុប្បន្ន ដូចជារោងចក្របិទទ្វារបណ្ដើរៗ ព្យួរការងារបណ្ដើរៗ ប្រជាពលរដ្ឋចេញទៅធ្វើការនៅប្រទេសថៃ ជំពាក់បំណុលធនាគារ មិនមានភ្ញៀវទេសចរ អ្នកវិនិយោគទុនបរទេស មិនមកដាក់ទុនវិនិយោគ ជាដើម ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ខ្ញុំយល់ថា យុទ្ធសាស្រ្តកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម ឆ្នាំ២០៣០ហ្នឹង ទៅមិនរួចនោះទេ ព្រោះឥឡូវនេះឃើញថា រោងចក្របិទទ្វារបណ្ដើរៗ ព្យួរការងារបណ្ដើរៗហើយហ្នឹង ហើយបើប្រជាពលរដ្ឋខ្មែរ បានចេញទៅធ្វើការនៅថៃ ហ្នឹងយ៉ាងច្រើន ហើយឥឡូវនេះប្រជាពលរដ្ឋកំពុងជំពាក់លុយធនាគារ និងការបោកប្រជាពលរដ្ឋរាប់ភ្លេច ពីឧកញ៉ា អ្នកមានអំណាចហ្នឹង គប់គិតជាមួយឧកញ៉ា ជាមួយអីហ្នឹងបោកប្រជាពលរដ្ឋ ហើយអ្នកវិនិយោគទុនហ្នឹងឥឡូវមិនសូវមានទៀត ។ សូម្បីជនជាតិចិន ហ្នឹងមិនសូវមានផង ដោយសារតែបង្ខំមនុស្សឲ្យឆបោកតាមអនឡាញហ្នឹងវាច្រើន អ៊ីចឹងអត់មានអ្នកមកវិនិយោគនៅកម្ពុជា សូម្បីជនជាតិហ្នឹងមិនហ៊ានមក ទម្រាំអ្នកវិនិយោគពីប្រទេសលោកខាងលិចហ្នឹង គឺរឹតតែលែងមានទៀតហើយ ហើយយើងមើលភ្ញៀវទេសចរ ក៏អត់មានដែរ ដោយសារតែកម្ពុជា ល្បីខាងចាប់ជំរិត ឆបោកតាមអនឡាញអីហ្នឹង ហើយការបំផ្លាញប្រជាធិបតេយ្យ ហើយនិងការរំលាយគណបក្សសង្រ្គោះជាតិ ការរំលោភសិទ្ធិមនុស្សហ្នឹង ធ្វើឲ្យអត់មានភ្ញៀវទេសចរ អត់មានអ្នកវិនិយោគទុនមកកម្ពុជា ការបំផ្លិចបំផ្លាញធនធានធម្មជាតិហ្នឹងក៏ច្រើន“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ដូច្នេះប្រជាពលរដ្ឋរកតែបាយហូបមិនចង់បានផង ទៅរកអីបានប្រាក់ចំណូលមធ្យម ឆ្នាំ២០៣០ ដូចរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថាមួយគ្រួសារ រកបាន ៥០០ដុល្លារ ក្នុង១ខែ ។ បើរកបានប៉ុណ្ណឹង ចាំបាច់ទៅធ្វើការនៅថៃ ធ្វើអី រកបានតែ ៥០ដុល្លារ មិនបានផង និយាយហ្នឹង និយាយបោកគេហ្នឹង ។ ដូច្នេះចំណូលមធ្យមដល់ឆ្នាំ២០៣០ហ្នឹង រដ្ឋាភិបាលប្រកាសថា អូ!បានហើយ ចំណូលមធ្យម ឆ្នាំ២០៣០ ឥឡូវនេះ តាមពិតទៅជាក់ស្ដែង គ្មានបានស្អី និយាយកុហកគេហ្នឹង ។ ដូចលោកហេង សួរ និយាយថា ការងារនៅកម្ពុជា មាន៩៩,៩៩% និយាយឲ្យតែបានចេញពីមាត់ តែការពិតវាគ្មាន ហើយរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ថាប្រជាពលរដ្ឋនៅតាមជនបទ រកចំណូល​ ១ខែ បាន៥០០ដុល្លារហ្នឹង និយាយកុហកគេហ្នឹង បើរកបានប៉ុណ្ណឹង គេមិនទៅធ្វើការនៅថៃ​ ទេ ។ ដូច្នេះវាមិនអាចទៅរួចនោះទេ នៅពេលដែលកម្ពុជា សម្លាប់ប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហើយហ្នឹង ប្រាកដជាគ្មានភ្ញៀវទេសចរ គ្មានអ្នកវិនិយោគទុនមកកម្ពុជា នោះទេ ដោយសារតែមានការឆបោកច្រើន ប្រជាពលរដ្ឋជំពាក់លុយធនាគារវ័ណ្ឌក អ្នកខ្លះប្រឈមមុខនឹងការរឹបអូសយកផ្ទះសម្បែង ដីធ្លី ធ្វើឲ្យគាត់ទៅមានម៉េចកើត? មានចំណូលមធ្យមម៉េចកើត? ផលិតផលកសិកម្មគ្មានទីផ្សារ ធ្វើម៉េចឲ្យគាត់ក្លាយទៅជាអ្នកមានចំណូលមធ្យមម៉េចកើត ឆ្នាំ២០៣០ហ្នឹង? ហើយទៅធ្វើការខ្ញុំគេនៅថៃ​ ហ្នឹង ហើយធ្វើម៉េចទៅបានចំណូលមធ្យមឆ្នាំ២០៣០ទៅកើត រកលុយសងធនាគារមិនបានផង រកតែបាយហូបមិនចង់បានផង រឿងអីទៅមានចំណូលមធ្យម ឆ្នាំ២០៣០? បើត្រកូលហ៊ុន ហ្នឹងហើយ ចំណូលមធ្យមឆ្នាំ២០៣០ វាត្រូវហើយ សម្រាប់ត្រកូលហ៊ុន អ្នកមានអំណាច ឧកញ៉ាហ្នឹង ឯប្រជាពលរដ្ឋ​ មិនអាចទៅរួចនោះទេ“ ។

រីឯប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋ បានបញ្ជាក់ថា ដើម្បីឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម នៅឆ្នាំ២០៣០ ចាំបាច់ត្រូវធ្វើតាមលក្ខខណ្ឌ ៤ចំណុច រួមមាន ការផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគទុនបរទេស ធ្វើឲ្យប្រាកដប្រជានូវការបំបាត់អំពើពុករលួយ បក្ខពួកនិយម ធ្វើឲ្យប្រាកដនូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឬក៏នីតិរដ្ឋ និងត្រូវធ្វើឲ្យមានសន្តិសុខ សុវត្ថិភាព ដើម្បីផ្ដល់ភាពកក់ក្ដៅដល់អ្នករកស៊ី ។

លោកម៉ែន ណាត បានប្រសាសន៍ថា “ខ្ញុំយល់ថា យុទ្ធសាស្រ្តរបស់រដ្ឋាភិបាល កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យម នៅឆ្នាំ២០៣០ហ្នឹង អាចទៅរួច ។ ប៉ុន្តែវាមានលក្ខខណ្ឌដែលអាចទៅរួច ទី១ គឺផ្ដល់ទំនុកចិត្តទៅដល់អ្នករកស៊ី អ្នកវិនិយោគទុនបរទេសឡើងវិញ តាមរយៈស្ដារស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ទី២ ធ្វើឲ្យប្រាកដប្រជានូវការបំបាត់អំពើពុករលួយ បក្ខពួកនិយម ទី៣ ធ្វើឲ្យប្រាកដនូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឬក៏នីតិរដ្ឋហ្នឹង ទី៤ ត្រូវធ្វើឲ្យមានសន្តិសុខ សុវត្ថិភាព ដើម្បីផ្ដល់ភាពកក់ក្ដៅដល់អ្នករកស៊ី ។ ជូន៤ចំណុចហ្នឹងសិន បើសិនរដ្ឋាភិបាលហ៊ានធ្វើរឿងហ្នឹង យើងអាចរកលទ្ធភាពបាន ពីព្រោះការងាររកស៊ី ទាំងកម្ពុជានាំទំនិញចេញទៅក្រៅស្រុក ក៏ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរ ដូចជានាំទៅអឺរ៉ុប នាំទៅសហរដ្ឋអាមេរិក វាមានលក្ខខណ្ឌហ្នឹង ហើយមិនថាកម្ពុជា មិនថាចិន មិនថាប្រទេសក្នុងអាស៊ានទេ គឺទីផ្សារធំរបស់ពួកគេ គឺអឺរ៉ុប និងសហរដ្ឋអាមេរិក ។ អ៊ីចឹងហើយបើកម្ពុជាធ្វើអាហ្នឹងបាន គឺអាចទៅរួច ហើយមួយទៀត ខ្ញុំអាចផ្ដល់យោបល់ថា វាត្រូវការប្ដេជ្ញាចិត្តពីរដ្ឋាភិបាលដែរ ប្ដេជ្ញាចិត្តត្រូវធ្វើយ៉ាងម៉េចក្នុងរយៈពេលបួនប្រាំឆ្នាំទៅមុខទៀតហ្នឹងត្រូវតែរឹងមាំ ត្រូវតែធ្វើឲ្យបាន នូវការប្ដេជ្ញាចិត្តអនុវត្តផែនការយុទ្ធសាស្រ្តហ្នឹងឲ្យបានជោគជ័យ អាហ្នឹងអាចទៅរួច ។ ផ្ទុយទៅវិញ ខ្ញុំសូមធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន ពីរដ្ឋាភិបាលថ្មីលោកហ៊ុន ម៉ាណែត ហ្នឹង វាកើតឡើងជិត១ឆ្នាំហើយ រយៈពេលប្រាំបី ប្រាំបួន ដប់ខែមកនេះ គ្មានឃើញបានស្អីជាប្រយោជន៍ទេ អ្វីដែលសេសសល់ពីលោកហ៊ុន សែន ធ្វើហ្នឹង គឺប៉ុណ្ណឹង ហើយមានតែយ៉ាប់ជាងមុន ។ បញ្ហាសេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃ គឺយ៉ាប់ជាងមុន ។ យ៉ាប់យ៉ាងម៉េច? វាមានករណីដូចជាការឆបោកពួកឧកញ៉ា ពួកអ្នករកស៊ីហ្នឹង គឺវាមានការកើនឡើង បើយើងធៀបនឹងពេលមុន ហើយអត់ឃើញមានដំណោះស្រាយអីត្រឹមត្រូវជាក់លាក់ដើម្បីផ្ដល់សេចក្ដីទុកចិត្តដល់សាធារណជនទេ ហើយមើលទៅចំណុចហ្នឹងហាក់ដូចជារដ្ឋាភិបាលហ្នឹងមានការស៊ុមគ្រលុំជាមួយពួកអ្នកអស់ហ្នឹង ពួកអ្នកជនឆបោក ហើយពួកអ្នកជនឆបោក សុទ្ធតែពួកឧកញ៉ា និងពួកអ្នកមានអំណាចនៅខាងក្រោយរដ្ឋាភិបាល ហើយអ្នកខ្លះជាទីប្រឹក្សារដ្ឋាភិបាលទៀត ហើយកន្លែងហ្នឹងយើងឃើញថា ធ្វើអត់បានទេ ។ ម្យ៉ាងទៀត យើងឃើញរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង ទៅជួបប្រាស្រ័យទាក់ទងជាមួយនឹងប្រទេសផ្សេងៗកន្លងទៅថ្មីៗហ្នឹង ឃើញមានទៅខ្ចីបុលគេថែម ខ្ចីចិនមិនបាន ទៅខ្ចីកូរ៉េអ៊ីចឹងទៅ ហើយមានឃើញតែការដើរខ្ចី ហើយបំណុល ហើយជុំវិញរឿងហ្នឹងពាក់ព័ន្ធបំណុល កាលជំនាន់លោកហ៊ុន សែន ត្រឹមតែ១០ពាន់លានដុល្លារទេ ក៏ប៉ុន្តែរយៈពេល១ឆ្នាំមកនេះ លោកហ៊ុន ម៉ាណែត បំណុលហ្នឹងកើតរហូត១១ពាន់លានជាង ហើយបំណុលជំពាក់ចិនជាង៤០% នៃបំណុលសរុប ។ ដូច្នេះកំណើនសេដ្ឋកិច្ចហ្នឹង បើយើងធៀបទៅនឹងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ជាមួយរដ្ឋាភិបាលលោកហ៊ុន សែន ឃើញថា លោកហ៊ុន សែន ហ្នឹងមានបំណុលតិចជាងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ។ ចំណុចត្រង់ហ្នឹងហើយ យើងយល់ឃើញថា បើការអនុវត្តយុទ្ធសាស្រ្តហ្នឹងមិនជោគជ័យ ការអនុវត្តគម្រោងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០៣០ បើធ្វើដូចសព្វថ្ងៃហ្នឹង គឺទៅអត់រួចទេ“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងបានខ្ញុំឲ្យលក្ខខណ្ឌ ៤ចំណុចខាងលើហ្នឹង ដើម្បីរដ្ឋាភិបាលពិចារណាទៅ ធ្វើម៉េចដើម្បីរកមធ្យោបាយជជែកគ្នាឡើងវិញ ពាក់ព័ន្ធទី១ ខ្ញុំរលឹកឡើងវិញ ពីការស្ថានភាពសិទ្ធិមនុស្សប្រជាធិបតេយ្យហ្នឹង អាចរកការបង្រួបបង្រួមជាតិអីអ៊ីចឹងទៅ ផ្សះផ្សានយោបាយទៅ ហើយដោះលែងពួកអ្នកទោសមនសិការ ឬអ្នកជាប់ឃុំមនសិការហ្នឹងឲ្យអស់ទៅ អាហ្នឹងអាចមានមធ្យោបាយអាចផ្សះផ្សាបានហើយ តែយើងមើលទៅ វាមិនអ៊ីចឹងទេ រដ្ឋាភិបាលហ្នឹងហាក់ដូចជាមានការខ្លាចរអា មិនចង់ឲ្យមាននរណាមកប្រកួតប្រជែងជាមួយខ្លួន ហើយបំបិទគេអ៊ីចឹងទៅ មិនឲ្យមានឱកាសដើម្បីចូលរួមប្រកួតប្រជែងនយោបាយ ។ អាកន្លែងហ្នឹងហើយ ដែលធ្វើឲ្យយើងមិនអាចមានឱកាសទៅប្រកួតប្រជែងទំនិញយើងនាំទៅអឺរ៉ុប បានស្រួល លក់បានថ្លៃអីដូចពីមុនមានការរំពឹងទុកអីទេ ពីព្រោះគ្រាន់តែ EBA សហភាពអឺរ៉ុបហ្នឹង បើយើងនាំចេញទៅ ក្នុង១ឆ្នាំៗ បានរួចពន្ធ ចំនួន១ពាន់លានដុល្លារទៅហើយ ហើយដល់គេតម្រូវឲ្យយើងបង់ពន្ធ យើងខាត ១ពាន់លាន ។ អាហ្នឹងគេធ្វើសេដ្ឋកិច្ច រដ្ឋាភិបាល គួរធ្វើលេខបូក កុំធ្វើលេខដកអ៊ីចឹង ធ្វើលេខដក វាអត់មានផលប្រយោជន៍អីសម្រាប់ជាតិទេ ហើយវាបានផលប្រយោជន៍ត្រឹមបក្ខពួក ក្រុមគ្រួសារអ្នកមានអំណាច តែសម្រាប់ជាតិហ្នឹង វាមិនបានទេ ដូចសព្វថ្ងៃអ៊ីចឹងជាក់ស្ដែង អាហ្នឹងចំណុចការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គ្រាន់តែខ្ញុំបញ្ជាក់ឡើងវិញ ។ ហើយចំណុចអំពីសន្តិសុខសុវត្ថិភាពហ្នឹង ទាល់តែប្រទេសកម្ពុជា​ ហ្នឹងវាអត់មានការចាប់ជំរិត ទាល់តែប្រទេសកម្ពុជា ហ្នឹងវាអត់មានការជួញដូរមនុស្សអីដែលល្បីល្បាញដូចសព្វថ្ងៃហ្នឹង ធ្វើអាហ្នឹងឲ្យបាន ទប់ស្កាត់អាហ្នឹងឲ្យបាន ហើយត្រូវចាប់ឧក្រិដ្ឋជនអស់ហ្នឹងមកផ្ដន្ទាទោសឲ្យបានតាមច្បាប់ រួចទៅ អាហ្នឹងអាចលាងជម្រះហើយ អាចលាងជម្រះការមន្ទិលសង្ស័យរបស់អ្នកវិនិយោគទុនអន្តរជាតិដែរ គេអាចចាប់ផ្ដើមមករកស៊ីជាមួយកម្ពុជា បាន អ្នកវិនិយោគទុនល្អៗនោះ តែផ្ទុយទៅវិញ សព្វថ្ងៃហ្នឹងពួកឧក្រិដ្ឋជនមួយចំនួនហ្នឹងក្លាយជាទីប្រឹក្សាប្រធានព្រឹទ្ធសភា របស់រដ្ឋាភិបាលអីអ៊ីចឹង ។ អ៊ីចឹងទៅ អាហ្នឹងវានៅតែដោះស្រាយអត់រួច អាហ្នឹងពាក់ព័ន្ធសន្តិសុខសុវត្ថិភាព“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តទៀតថា “ពាក់ព័ន្ធនឹងនីតិរដ្ឋ ឬប្រព័ន្ធយុត្តិធម៌ យើងឃើញការអនុវត្តច្បាប់ហ្នឹងវាទន់ខ្សោយ ហើយតុលាការហ្នឹងអនុវត្តតាមតែបញ្ជាថ្នាក់លើ ហើយក្នុងប្រព័ន្ធតុលាការ ប្រព្រឹត្តអំពើពុករលួយ វាឡើងល្បីល្បាញលើឆាកអន្តរជាតិទៅហើយ ហើយរដ្ឋាភិបាលហាក់ដូចជាស៊ុមគ្រលុំគ្នាជាមួយពួកមន្រ្តីតុលាការ អត់ព្រមធ្វើកំណែទម្រង់អីឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ២០៣០ ឬក៏ទៅឆ្នាំ២០៥០ទេ ហើយបើធ្វើអាហ្នឹងមិនបាន វាអនុវត្តផែនការយុទ្ធសាស្រ្តហ្នឹងម៉េចជោគជ័យ អាហ្នឹងយើងនិយាយពីសន្តិសុខសុវត្ថិភាព ហើយចំណុចចុងក្រោយ ផ្ដល់យោបល់អំពីត្រូវធ្វើយ៉ាងណាក៏ដោយ បំបាត់ចោល ឬក៏កាត់បន្ថយឲ្យបានជាអតិបរមាលើប្រព័ន្ធអំពើពុករលួយ និងបក្ខពួកនិយម ។ ចំណុចហ្នឹង បើសិនរដ្ឋាភិបាលធ្វើបាន វាអាចជាចំណុចវិជ្ជមាននៅក្នុងការអនុវត្តយុទ្ធសាស្រ្តដែរ តែខ្ញុំវាអត់ជឿថាអាចដោះស្រាយចេញទេ ពីព្រោះអី? ពីព្រោះមន្រ្តីរដ្ឋាភិបាលសព្វថ្ងៃហ្នឹងឡើងកាន់អំណាចហ្នឹងសុទ្ធតែផ្ទេរពីឪពុកទៅកូន ពីមីងទៅក្មួយ ពីពូទៅក្មួយ ពីអ៊ំទៅក្មួយ ពីជីតាទៅចៅអ៊ីចឹង ហើយផ្ទេរគ្រប់បែបគ្រប់យ៉ាងអ៊ីចឹង ក្នុងអំណាចកំពូលៗហ្នឹងវាទៅដោះស្រាយបញ្ហាអំពើពុករលួយ បក្ខនិយមម៉េចកើត ។ ក្នុងក្រសួងស្ថាប័នមួយ ក្រសួងគ្រួសារ ។ ឧទាហរណ៍ ដូចជាក្រសួងមហាផ្ទៃ អ៊ីចឹង គ្រួសាររបស់អតីតរដ្ឋមន្រ្តីមហាផ្ទៃទៅ ខុទ្ទកាល័យនាយកមន្រ្តីអ៊ីចឹង ជាស្ថាប័នគ្រួសាររបស់នាយករដ្ឋមន្រ្តីហ្នឹងទៅ ។ អ៊ីចឹងគ្រប់ក្រសួងស្ថាប័ន សុទ្ធតែក្លាយជាក្រសួងគ្រួសារ ហើយពួកអ្នកមន្រ្តីជាន់ខ្ពស់ហ្នឹងទៅយកស្ថាប័នទៅធ្វើការងាររកស៊ី ប្រព្រឹត្តអំពើពុករលួយគ្រប់បែបយ៉ាងទាំងអស់ ។ អ៊ីចឹងចំណុចទាំង៤ ដែលខ្ញុំជូនហ្នឹង ឲ្យលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹង ហើយនិងពួកមន្រ្តីហ្នឹងគិតឡើងវិញ ។ យើងមិនមែនផ្ដល់យោបល់ថាឲ្យត្រូវតែធ្វើតាមយើង មិនមែនមានន័យអ៊ីចឹងទេ ប៉ុន្តែគិតមួយចំណុចម្ដងៗ ហើយព្យាយាមអនុវត្ត ហើយត្រូវធ្វើឲ្យបានដើម្បីអនុវត្តនូវផែនការយុទ្ធសាស្រ្តហ្នឹង ពីព្រោះដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តបានជោគជ័យ ត្រូវធ្វើពីឥឡូវទៅ ។ ប៉ុន្តែយើងឃើញរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នហ្នឹងឡើងកាន់អំណាចជិត១ឆ្នាំទៅហើយ ដាក់ផែនការហើយ អនុវត្តសូម្បីតែមួយចំណុចមិនទាន់បានផងហ្នឹង ហើយឃើញតែដើរអួត ដើរនិយាយតាមទីសាធារណៈហ្នឹងអ៊ីចេះអ៊ីចុះ ប៉ុន្តែជាក់ស្ដែងអត់ ។ និយាយពីការកើនសេដ្ឋកិច្ច ប៉ុន្តែកម្ចីបំណុលបរទេសហ្នឹងកើនឡើង ហើយយើងទៅធ្វើឲ្យមានភាពប្រសើរឡើងសេដ្ឋកិច្ចម៉េច? ហើយស្ថានភាពវាកាន់តែតែធ្ងន់ធ្ងរមកដល់បច្ចុប្បន្ន“ ។

ទោះបីយ៉ាងណា លោកប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានផែនការនិងចក្ខុវិស័យច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនេះ។ ដូច្នេះអ្នកណានិយាយអ្វីជាសិទ្ធិសេរីភាពរបស់ពួកគេ ប៉ុន្តែរាជរដ្ឋាភិបាល បាននិងកំពុងខិតខំដើម្បីដើរឆ្ពោះទៅគោលដៅដែលបានកំណត់ប្រកបដោយភាពជឿជាក់ ។

លោកប៉ែន បូណា បានមានប្រសាសន៍ថា “សូមបញ្ជាក់ បច្ចុប្បន្នកម្ពុជា បានចាកចេញពីប្រទេសក្រីក្រហើយ គឺកម្ពុជា បានក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប។ រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០៣០ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ រាជរដ្ឋាភិបាល មានផែនការនិងចក្ខុវិស័យច្បាស់លាស់ ដើម្បីឈានទៅសម្រេចគោលដៅនេះ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាគោលនយោបាយសង្គម សេដ្ឋកិច្ច ដ៏ត្រឹមត្រូវមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ក៏ជាចលករមួយក្នុងការជំរុញការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឆ្ពោះទៅសម្រេចគោលដៅប្រកបដោយមហិច្ឆតានេះដែរ។ អ្នកណានិយាយអ្វី ជាសិទ្ធិសេរីភាពរបស់ពួកគេ ប៉ុន្តែរាជរដ្ឋាភិបាល បាននិងកំពុងខិតខំដើម្បីដើរឆ្ពោះទៅគោលដៅដែលបានកំណត់ប្រកបដោយភាពជឿជាក់“ ៕ កុលបុត្រ

RELATED ARTICLES