Thursday, April 3, 2025
Homeព័ត៌មានជាតិផឹក​ស្រវឹង​ខឹង​ទារ​លុយ​មិន​សង ចាក់២​ដែក​ឆាប

ផឹក​ស្រវឹង​ខឹង​ទារ​លុយ​មិន​សង ចាក់២​ដែក​ឆាប

ភ្នំពេញ ៖ យុវជនម្នាក់ ក្រោយពីផឹកស្រាស្រវឹង ក៏ដើរទៅទារលុយពីបុរសម្នាក់ ដែល បានខ្ចីលុយខ្លួនចំនួន៥ពាន់រៀល រួចក៏កើតមាន ទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ ភាគីម្ចាស់បំណុលទប់កំហឹងមិនបាន ក៏ទាញដែក ឆាបចាក់ប្រហារកូនបំណុល ចំនួន២ដែកឆាប បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទី យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះជាកូនបំណុល ដែលត្រូវ ម្ចាស់បំណុលចាក់ប្រហារ២ដែកឆាប បណ្តាល ឱ្យរងរបួសធ្ងន់ មានឈ្មោះព្រឹម វាសនា អាយុ ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ កើតហេតុខាងលើ ជាកូនកំព្រាម្តាយស្លាប់ចោល ចំណែកឪពុកជាយោធាបម្រើការនៅខេត្តព្រះវិហារ។ ចំណែកជនបង្កហេតុ មានឈ្មោះវារៈ ជន អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ កើតហេតុខាងលើជាមួយគ្នា។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ ថា កាលពីអំឡុងពេល១សប្តាហ៍មុន រូបគេបាន ខ្ចីលុយពីជនបង្កហេតុ ចំនួន៥ពាន់រៀល ដើម្បី យកទៅទិញបារីជក់ ហើយរហូតមកដល់ពេល នេះ រូបគេនៅមិនទាន់សងលុយទៅជនបង្កហេតុ វិញនៅឡើយ។ នៅមុនពេលកើតហេតុ រូបគេ បានជួបជុំគ្នាផឹកស្រាជាមួយនឹងមិត្តភក្តិ២៣ នាក់ ចំណែកជនបង្កហេតុក៏បានផឹកស្រាដែរ តែ ផឹកនៅកន្លែងផ្សេង។ លុះក្រោយពីផឹកស្រាស្រវឹង ធ្លាក់ភ្នែករៀងៗខ្លួន ជនបង្កហេតុបានដើរមក ជួបរូបគេ ហើយរូបគេបាននិយាយប្រាប់ជនបង្កហេតុថា យើងឈប់ធ្វើការនៅក្នុងការដ្ឋាន នេះហើយ ពេលនោះជនបង្កហេតុក៏និយាយថា អ៊ីចឹងសងប្រាក់ខ្ញុំចំនួន៥ពាន់រៀលមក ទើបរូបគេ បានឆ្លើយទៅវិញថាចាំអញសងលុយឯង៣ម៉ឺន រៀលតែជនបង្កបានប្រាប់ថា ឱ្យតែ៥ពាន់រៀល ថ្លៃជំពាក់បានហើយ។ ដោយសារតែពួកគេទាំង ២នាក់ សុទ្ធតែស្រវឹងជោកជាំដូចគ្នា ហេតុនេះ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីតឹងសរសៃក ដាក់គ្នា តែមិនឈានដល់ការប្រើហិង្សានោះទេ រួចក៏បែកផ្លូវគ្នាត្រឡប់ទៅផ្ទះវិញអស់ទៅ។

ប្រភពដដែលបន្តថា លុះពេលដែលរូបគេ ដើរទៅដល់មុខផ្ទះ ស្រាប់តែជនបង្កហេតុបាន តាមមកទារលុយគេម្តងទៀត ទើបគេខឹងពេក ក៏ឆ្លើយថា អញមិនទាន់ឱ្យទេ ចាំស្អែកបានអញ ឱ្យ ទើបធ្វើឱ្យជនបង្កផ្ទុះកំហឹងទាញដែកឆាប មកចាក់ប្រហាររូបគេចំនួន២ដែកឆាប បណ្តាល ឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរ នោះ បានស្ទុះចេញមកជួយអន្តរាគមន៍ និងបាន ប្រទះឃើញជនរងគ្រោះ ដេកននៀលនៅលើដី ស្រែកថាចុកណាស់ៗ ទើបធ្វើឱ្យប្រជាពលរដ្ឋ ផ្ទុះកំហឹងព្រួតគ្នា ចាប់វាយជនបង្កហេតុម្នាក់ មួយដៃមួយជើង រហូតដល់ទ្រមខ្លួនដេកដួល លើដីដូចគ្នា រួចក៏ទាក់ទងប្រាប់សមត្ថកិច្ចឱ្យចុះ មកជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនបង្កហេតុ នាំយកទៅចាត់ការតាមច្បាប់។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ) ដើម្បីសង្គ្រោះជីវិត។ ចំណែក ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ថោង ធីម

RELATED ARTICLES