Friday, October 18, 2024
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី កាត់តរូបភាពប្រមាថសម្តេចហ៊ុន សែន និងពលរដ្ឋខ្មែរ

បក្សកាន់អំណាច ប្រតិកម្ម សម រង្ស៊ី កាត់តរូបភាពប្រមាថសម្តេចហ៊ុន សែន និងពលរដ្ឋខ្មែរ

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានកាត់តរូបភាពសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យប្រមាថ លាបពណ៌ និងថែមទាំងចោទសម្តេចហ៊ុន សែន ជាខ្នងបង្អែកឧកញ៉ាសម្លាប់មនុស្ស ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅទីក្រុងប៉ារីស ប្រទេសបារាំង បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបភាពកាត់ត ជារូបសម្ដេចហ៊ុន សែន ស្លៀកពាក់ឯកសណ្ឋានយោធាវៀតណាម អង្គុយគងទាក់ខ្លានៅលើកៅអី មុខព្រះបរមរាជវាំង និងមានរាស្រ្តក្រីក្រ ៤នាក់ កំពុងលុតជង្គង់សំពះ ភ្ជាប់ជាមួយសំណេរថា “មេដឹកនាំហិង្សា ដឹកនាំសង្គមពោរពេញដោយអំពើហិង្សា។ ហ៊ុន សែន តែងលើកទឹកចិត្តឲ្យប្រើអំពើហិង្សាលើជនស្លូតត្រង់។ វាជារឿងធម្មតាទៅហើយនៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃនេះ មនុស្សស្លូតត្រង់ ត្រូវបានគេសម្លាប់ និងវាយដំតាមដងផ្លូវ។ ប្រជាជនខ្មែរយើង ត្រូវបានគេប្លន់យកដី សម្លាប់ ចាប់ដាក់គុក ហើយសេរីភាពរបស់យើង ត្រូវបានគេដកហូត។ ច្បាប់ បានអនុវត្តចំពោះតែជនក្រីក្រតែប៉ុណ្ណោះ ចំណែកអ្នកមានអំណាច បន្តរស់នៅដោយសេរី ដោយគ្មានទោសពៃរ៍។ ឧកញ៉ាដែលសម្លាប់មនុស្សស្លូតត្រង់ តែងតែជាប់ក្នុងគុកក្លែងក្លាយមួយរយ: តែក្រោយមកក៏ចេញមករស់នៅដោយសេរី ព្រោះពួកគេមានគ្រួសារហ៊ុន សែន នៅពីក្រោយខ្នង ។ តើយើងគួរបន្តរស់នៅក្នុងរបបសង្គមបែបនេះឬយ៉ាងណា?“ ។

            ជាប្រតិកម្ម​ឆ្លើយតបចំពោះរូបភាពកាត់ត និងសំណេររបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី តែងតែប្រើឧបាយកលទុច្ចរិតនានា តាមដែលអាចធ្វើបាន ដើម្បីបន្លំការយល់ឃើញរបស់មហាជន ។ ជាក់ស្តែងរូបភាពកាត់ត ភ្ជាប់ជាមួយសំណេររបស់ទណ្ឌិតសម រង្ស៊ី នេះ វាជាការប្រមាថទាំងសម្ដេចហ៊ុន សែន និងងប្រជាពលរដ្ឋខ្មែរ ហើយការប្រមាថនេះ តាមពិតវាមានយូរមកហើយ គឺតាំងពីទណ្ឌិតនេះចាញ់ឆ្នោត រត់ចោលស្រុកម្ល៉េះ ។ មួយវិញទៀត រឿងចោទសម្ដេចហ៊ុន សែន ជាខ្នងបង្អែកឧកញ៉ាសម្លាប់មនុស្ស ក៏ជាការចោទដោយទុច្ចរិតដែរ ខណៈករណីឧកញ៉ាបាញ់សម្លាប់ប្រជាពលរដ្ឋ នាពេលថ្មីៗនេះ កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់សមត្ថកិច្ច និងតុលាការ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “សកម្មភាពនឹងខ្លឹមសារដែលគាត់បង្ហោះផ្សាយ ដើម្បីភូតភរមហាជន ប្រជាជននេះ វាឆ្លុះបញ្ចាំងឲ្យឃើញថា នេះហើយជាចរិតអ្នកនយោបាយជ្រុលនិយម ។ ដូច្នេះហើយគ្មានការគាំទ្រពីមជ្ឈដ្ឋានទូទៅទេ ។ អ៊ីចឹងហើយបានយើងឃើញហើយតែគ្នាគាត់ អ្នកជិតស្និទ្ធជាមួយគ្នាហ្នឹង ក៏បោះបង់គាត់ចោលដែរ ។ អ៊ីចឹងអានេះជានយោបាយឯកោខ្លួនឯងទេ ។ ម្យ៉ាងទៀត ការប្រមាថហ្នឹង វាមានយូរហើយ តាំងពីចាញ់ឆ្នោតមក តាំងពីរត់ព្រាត់ប្រាសមក អាហ្នឹងគឺថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ តែងតែប្រើឧបាយកលទុច្ចរិតនានា តាមដែលអាចធ្វើបាន ដើម្បីបន្លំការយល់ឃើញរបស់មហាជន ប្រជាជន“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ សំណេរដែលគាត់សរសេរភ្ជាប់ជាមួយរូបភាពកាត់តថា ៖ មេដឹកនាំហិង្សា ដឹកនាំសង្គមពោរពេញដោយអំពើហិង្សា។ ហ៊ុន សែន តែងលើកទឹកចិត្តឲ្យប្រើអំពើហិង្សាលើជនស្លូតត្រង់។ វាជារឿងធម្មតាទៅហើយនៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃនេះ មនុស្សស្លូតត្រង់ត្រូវបានគេសម្លាប់ និងវាយដំតាមដងផ្លូវនោះ ។ ប្រជាជនខ្មែរយើងត្រូវបានគេប្លន់យកដី សម្លាប់ ចាប់ដាក់គុក ហើយសេរីភាពរបស់យើងត្រូវបានគេដកហូតនោះ ខ្ញុំថាអានេះវាជាចរិតឃោសនាទុច្ចរិតរបស់របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ ដែលតែងតែមួលបង្កាច់សភាពការណ៍ពិត ។ អ៊ីចឹងទេ យើងត្រូវយល់ថា ទណ្ឌិតសម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមនេះ គឺថាតាំងខ្លួនជាអ្នកប្រឆាំងយកងាប់យករស់ ។ អ៊ីចឺងទេ ការនិយាយអ្វីផ្ទុយអំពីការពិតនេះ មិនទទួលបានការគាំទ្រ ឬជឿពីមហាជន ប្រជាជនទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “អាហ្នឹងជាការបោកប្រាស់មហាជន ប្រជាជន គេដឹងអស់ហើយ ប៉ុន្មានសិបឆ្នាំមកហើយ តាំងពីរត់ចោលស្រុកមក ដប់ម្ភៃឆ្នាំមក គឺថាប្រជាជន គេដឹងចរិតក្រយៅរបស់ទណ្ឌិតសម រង្ស៊ី ហ្នឹងហើយ ។ ដូច្នេះហើយបានជាគ្មានការគាំទ្រ អាហ្នឹងទី១ ។ ទី២ មិនមែនត្រឹមតែគ្មានការគាំទ្រទេ រហូតទៅដល់អ្នកដែលជិតស្និទ្ធរបស់ទណ្ឌិតរូបនេះ គឺរត់ចោលទណ្ឌិតរូបនេះជាបន្តបន្ទាប់ទៀតហើយ ដូចដែលយើងឃើញក្នុងសភាពការណ៍ថ្មីៗនេះ ជាពិសេសក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ យើងឃើញហើយ គឺថាបានមានការផ្ដាច់ខ្លួនចេញពីឧទ្ទាមក្រៅច្បាប់នេះ រហូតទៅដល់ភ្លូកទឹកភ្លូកដី មកចុះចូលជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលជាមជ្ឈមណ្ឌលនៃសុខដុមនីយកម្មសង្គមហ្នឹង ជាទឹកត្រជាក់ ត្រីកុំហ្នឹងឯង ។ ដូច្នេះសំណេរហ្នឹងវាខុសការពិត ហើយបើខុសការពិតហើយ វាគ្មានការគាំទ្រ គ្មានការជឿពីប្រជាជន មហាជនទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះគាត់សរសេរថា ច្បាប់បានអនុវត្តចំពោះតែជនក្រីក្រតែប៉ុណ្ណោះ ចំណែកអ្នកមានអំណាច បន្តរស់នៅដោយសេរី ដោយគ្មានទោសពៃរ៍។ ឧកញ៉ាដែលសម្លាប់មនុស្សស្លូតត្រង់ តែងតែជាប់ក្នុងគុកក្លែងក្លាយមួយរយ: តែក្រោយមកក៏ចេញមករស់នៅដោយសេរី ព្រោះពួកគេមានគ្រួសារហ៊ុន សែន នៅពីក្រោយខ្នងនោះ អាហ្នឹងគ្រាន់តែជារឿងទាយទុកដោយទុច្ចរិត របស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ តែប៉ុណ្ណោះ ពីព្រោះឥឡូវនេះ គឺថាឧកញ៉ាដែលបាញ់សម្លាប់ប្រជាពលរដ្ឋ នៅក្នុងព្រឹត្តិការណ៍ហ្នឹង យើងឃើញហើយថា កំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ របស់សមត្ថកិច្ចហើយ ។ ដូច្នេះយើងមិនអាចទៅសន្និដ្ឋានមុនថា រួចខ្លួនទេ ហើយកន្លងមក យើងក៏មិនដែលគាំទ្រឧកញ៉ាដែលធ្វើខុសដែរ ផ្ទុយទៅវិញ ចុះឧកញ៉ាគរគោកនោះ ដែលប្លន់ដឹ ដែលបោកប្រាក់ហ្នឹង អាហ្នឹងគឺថា ឥឡូវកំពុងតែនៅក្នុងទ្រុងហើយតើ! អត់មានបញ្ហាអីដែលត្រូវរួចខ្លួនទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមទៀតថា “ចំពោះគាត់ដាក់សំណួរទៅប្រជាពលរដ្ឋម្ចាស់ឆ្នោតថា តើយើងគួរបន្តរស់នៅក្នុងរបបសង្គមបែបនេះឬយ៉ាងណា? នោះ អាហ្នឹងវាគ្រាន់តែជាឧបាយកលទុច្ចរិតដើម្បីញុះញង់មហាជន ប្រជាជន ឲ្យស្អប់ ឲ្យខឹងសម្បាជាមួយនឹងរដ្ឋអំណាចនៃរាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែឥឡូវនេះ យើងដឹងហើយថា ទោះបីមានការញុះញង់ពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម យ៉ាងណាក៏ដោយ ក៏សភាពការណ៍រស់នៅរបស់មហាជន ប្រជាជន ក្រោមការការដឹកនាំរបស់រាជរដ្ឋាភិបាល របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នេះ គឺត្រូវតែដំណើរការល្អ មានសុខសន្តិភាព ស្ថិរភាពនយោបាយដដែលទេ“ ៕ កុលបុត្រ

RELATED ARTICLES