Sunday, September 8, 2024
Homeព័ត៌មានជាតិសកម្មជនបរិស្ថាន ចោទអ្នកឧកញ៉ាម៉ុង ឫទ្ធី បង្ហូរជាតិគីមីចូលព្រែក ពុលត្រីនិងមនុស្ស

សកម្មជនបរិស្ថាន ចោទអ្នកឧកញ៉ាម៉ុង ឫទ្ធី បង្ហូរជាតិគីមីចូលព្រែក ពុលត្រីនិងមនុស្ស

ខេត្តព្រះសីហនុ ៖ សកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ បានចោទអ្នកឧញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថាបានបង្ហូរសារធាតុគីមីចេញពីចម្ការដូងប្រេង ចូលតំបន់អភិរក្សជលផល ព្រែកកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្ដាលឲ្យពុលត្រីនិងមនុស្ស ។ សកម្មជនបរិស្ថាន បានស្នើសុំក្រសួងពាក់ព័ន្ធ ចាត់វិធានការជាប្រញាប់ ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់នេះឡើងវិញ និងត្រូវសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹក ឱ្យបានត្រឹមត្រូវ ចៀសវាងការបំពុលទឹកព្រែកនេះ ។

ចលនាមាតាធម្មជាតិ (Mother Nature Cambodia) បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថា “ តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មកម្ល៉េះ ចម្ការដូងប្រេង ឧកញ៉ាម៉ុង ឫទ្ធី បង្ហូរសារធាតុគីមី​​ ចូលតំបន់អភិរក្សជលផល ព្រែកកំពង់សីលា។ នៅក្នុងការបំពុលនេះ ត្រីជាច្រើនក្បាល ងាប់ស្ទើរផុតពូជ។ ប្រជាពលរដ្ឋ បានពុលដោយសារបរិភោគត្រីងាប់។ ទឹកព្រែក លែងមានត្រីសម្រាប់ប្រជាពលរដ្ឋនេសាទបន្តទៀត។ ពួកយើងស្នើសុំឱ្យក្រសួងពាក់ព័ន្ធ ចាត់វិធានការជាប្រញាប់ ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នេះឡើងវិញ។ ម្យ៉ាងវិញទៀត ចម្ការដូងប្រេង លោកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹក​ ឱ្យបានត្រឹមត្រូវ ចៀសវាងការបំពុលទឹកព្រែកនេះ នាពេលខាងមុខទៀត …“ ។

ជាមួយគ្នានោះដែរ កញ្ញាសុវណ្ណា សកម្មជនបរិស្ថាន និងជាសមាជិកចលនាមាតាធម្មជាតិ បានបង្ហាញនៅក្នុងវីដេអូរបស់ខ្លួន ពីប្រជាពលរដ្ឋដែលឈឺដេកពេទ្យ ដោយសារពុលត្រី ហើយបានអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះទាំងអស់ ឈប់ញ៉ាំត្រីដែលងាប់នៅក្នុងព្រែកកំពង់សីលា រួមទាំងផលិតផលដែលធ្វើអំពីត្រី ដូចជាផ្អក ប្រហុក ជាដើម​ ក៏សូមផ្អាកញ៉ាំមួយរយៈសិន ។

កញ្ញាសុវណ្ណា បានរៀបរាប់ថា “ជម្រាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំសុវណ្ណា ជាសកម្មជនបរិស្ថាន ។ នៅពេលនេះ ខ្ញុំកំពុងតែនៅតំបន់នេសាទសាមគ្គី ព្រែកកំពង់សីលា ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ។ យើងឃើញថា ទឹកនៅទីនេះ មានក្លិនស្អុយជាខ្លាំង និងមានសភាពប្រែពណ៌ទៅជាក្រមៅ ហើយមានត្រីងាប់ជាច្រើនម៉ឺនក្បាល ដែលប៉ះពាល់ទៅដល់ជីវចម្រុះ បរិស្ថាន ធនធានធម្មជាតិ មនុស្សសត្វ ដែលរស់នៅជុំវិញតំបន់នេះ ជាពិសេសនោះ គឺប៉ះពាល់ទៅដល់បងប្អូនប្រជានេសាទដែលមិនអាចនេសាទបាន និងមិនអាចបរិភោគត្រីបាន ព្រោះតែមានការប៉ះពាល់ទៅដល់សុខភាពពួកគាត់ ។ ការពុលនេះ គឺមានការបញ្ចេញសារធាតុគីមី កាកសំណល់ចេញពីរោងចក្រចម្រាញ់ប្រេងដូង របស់អ្នកឧកញ៉ាម៉ុង ឫទ្ធី ។ ពួកយើងស្នើសុំឲ្យក្រសួងនានា ជាពិសេសខាងជលផល និងក្រសួងបរិស្ថាន ចូលមកដោះស្រាយបញ្ហានេះ ស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងផ្ដល់ពូជត្រីចម្រុះជាច្រើនប្រភេទ ដើម្បីដាក់មកក្នុងតំបន់នេះឡើងវិញ ។ ម្យ៉ាងវិញទៀត ពួកយើងស្នើសុំឲ្យមានការសាងសង់ទំនប់ទឹក ដែលមានស្ដង់ដារត្រឹមត្រូវ ដែលអាចទប់ស្កាត់ការហូរចូលនៃសារធាតុគីមី មកកាន់ស្ទឹងនេះម្ដងទៀតឡើងវិញ ។ ជាចុងក្រោយ ពួកយើងទាំងអស់គ្នា ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមចែករំលែកវីដេអូនេះ ឡាច ខម្មិន និងស៊ែរ ដើម្បីឲ្យមានដំណោះស្រាយក្នុងតំបន់ដែលកំពុងប៉ះពាល់នេះ ឲ្យបានកាន់តែលឿនឆាប់រហ័សជាទីបំផុត“ ។

ទោះបីជាយ៉ាងណា ជុំវិញការចោទប្រកាន់ខាងលើនេះ អ្នកឧកញ៉ាម៉ុង ឫទ្ធី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថា លោកមិននិយាយថា ការចោទនោះជាការពិតឬមិនពិតទេ តែលោកសុំបញ្ជាក់ច្បាស់ថា រោងចក្រចម្រាញ់ប្រេងដូង របស់លោក ចាប់តាំងដំណើរការអស់រយៈពេល ២៨ឆ្នាំមកនេះ អត់មានប្រើសារធាតុគីមីទេ ហើយកន្លងមក ក៏មានត្រីងាប់ ម្ដងមួយកាលដែរ នៅពេលដែលមានភ្លៀង តែមិនដែលពុលមនុស្ស ធ្វើឲ្យឈឺអីនោះទេ ព្រោះកម្មកររបស់លោក ដែលរស់នៅតាមមាត់ព្រែកនោះ ចាប់ត្រីក្នុងព្រែកនោះ មកចម្អិនបរិភោគ មិនឃើញកើតអីផង ។ ដូច្នេះអ្នកថា ចេះតែថា តែលោកមិនចង់ឆ្លើយតបទេ ។

អ្នកឧកញ៉ាម៉ុង ឫទ្ធី បានមានប្រសាសន៍ថា “ខ្ញុំដឹងដែរ តែខ្ញុំអត់ឆ្លើយតប ដោយសារតែធម្មតាបម្រែបម្រួលអាកាសធាតុ ភ្លៀងអីអ៊ីចឹងទៅ វាមានពុលត្រី យូៗម្ដងអ៊ីចឹងហើយ ហើយបើរោងចក្រដូងប្រេង មានគីមីស្អី? អត់មានទេ រោងចក្រដូងប្រេង អត់មានគីមីទេ ។ ខ្ញុំឃើញដែរតើ! ប៉ុន្តែទៅតបធ្វើអី ហើយខ្ញុំក៏មិនហ៊ានសន្និដ្ឋានមកពីបញ្ហាអីទេ ប៉ុន្តែជាទម្លាប់កន្លងមក ឲ្យតែភ្លៀងមួយឈុលដំបូងអ៊ីចឹងទៅ វាអាចមានត្រីងាប់អីខ្លះអ៊ីចឹងទៅ ប៉ុន្ទែមិនដល់ថ្នាក់ថា ស៊ីមិនកើតអីឯណាទេ អាហ្នឹងចេះតែថាឲ្យតែមានរឿងទេ បំពុលបរិស្ថានទេ អាហ្នឹងនោះ ។ ពួកខ្ញុំចាប់យកមកស៊ី មួយសន្ធឹកហ្នឹង មានពុលឯណា ចេះតែថា ។ រោងចក្រដូងប្រេង មិនមានប្រើគីមីទេ ទឹកធម្មតាតើ! គ្រាន់តែទឹកដែលចេញពីកាកសំណល់រោងចក្រហ្នឹង បរិភោគអត់បានទេ ប៉ុន្តែគេមានចម្រោះរបស់គេ ។ ចម្រោះពី១ ដល់៦ទៅ វាហូរចូលទៅស្រះធម្មជាតិទៅ លែងអីហើយ ហើយរោងចក្រហ្នឹង វាកើត២៨ឆ្នាំហើយ វាមិនមែនទើបមកកើត មកពុលត្រី ថ្ងៃហ្នឹងទេ កុំទៅឆោតពេក ។ ២៨ឆ្នាំហើយ ទើបផ្សាយម្ដងហ្នឹង ហើយត្រីងាប់ហ្នឹង អ្នកអត់ដឹង ចេះតែថា ការពិតត្រីងាប់ ត្រពាំងខ្ញុំ មុខផ្ទះក៏ងាប់ ហើយនៅកន្លែងជិតភ្នំបូកគោ នោះក៏ងាប់ ងាប់ដូចតែគ្នា ប៉ុន្តែហៅថាភ្លៀងមួយឈុល ជួនកាលបម្រែបម្រួលអ៊ីចឹងទៅ វាងាប់អ៊ីចឹងទៅ ហើយដល់ពេលអានេះ គេថាមកពីគីមីចេញពីរោងចក្រដូងប្រេង“ ។

អ្នកឧកញ៉ាម៉ុង ឫទ្ធី បានមានប្រសាសន៍បន្តថា “រោងចក្រដូងប្រេង ឯណាគេទៅប្រើគីមី? មានឯណា មានតែទឹកហ្នឹង ហើយថែមទាំងថា ឈឺដល់មនុស្សទៀតនោះ កូនចៅខ្ញុំចាប់ត្រីមកស៊ីរាល់ថ្ងៃហ្នឹង មានពុលឯណា ចេះតែថា ហើយកូនចៅខ្ញុំ មិននៅក្បែរស្ទឹងហ្នឹង? អាស្ទឹងហ្នឹង វាធ្លាក់ពីស្ទឹងអន្លង់ក្រពើមក ហើយកូនចៅខ្ញុំនៅម្ដុំមួយជួរស្ទឹងហ្នឹងមួយសន្ធឹក ហើយស៊ីត្រីរាល់ថ្ងៃ​ មិនអីទៅ ចេះតែថា! ហើយយើងទៅឆ្លើយតបអី បើវាអត់ចេះបច្ចេកទេសផងហ្នឹង ហើយទៅស្នើឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការ ស្រាវជ្រាវអី  ទម្រាំតែស្រាវជ្រាវ ត្រីពុលតែ១ថ្ងៃហ្នឹង វាលែងអីបាត់ហើយហ្នឹង ហើយក្រសួងណាគេទៅឆោតតាមវា ក្រសួងគេដឹងដែរ ព្រោះដូចខ្ញុំបញ្ជាក់ រោងចក្រដូងប្រេង ២៨ឆ្នាំហើយ មិនដែលស្អីទេ គឺយូរៗម្ដងមាន មិនអត់ទេ តាំងពីមុនមក ប៉ុន្តែវាអត់ដែលផ្សាយ ។ ខ្ញុំមិនហ៊ានប្រកែកប្រណាំងថា មកពីស្អីទេ ប៉ុន្តែបើសួរកសិករ បានដឹងថា យូរៗត្រីត្រពាំង បឹងបួ វាងាប់ម្ដងអ៊ីចឹងទៅ ដោយសារតែវាបម្រែបម្រួលអាកាសធាតុហ្នឹង ហើយចេះតែចោទថា​ ស្អីអ៊ីចឹងទៅណា ។ ចង់និយាយថា វាអត់ដឹង​ ចេះតែថាទៅ ហើយយើងទៅតមាត់ធ្វើអី ។ និយាយទៅ ការចោទនេះ ខ្ញុំអត់ហ៊ានថាពិត មិនពិតទេ ប៉ុន្តែរោងចក្រដូងប្រេង អត់មានប្រើគីមីទេ អាហ្នឹងពិតហើយ“ ៕ កុលបុត្រ 

RELATED ARTICLES