Thursday, April 3, 2025
Homeព័ត៌មានជាតិឃាត់​​ខ្លួន​​ខ្មាន់​​កាំ​ភ្លើង​៤​នាក់ បាញ់​អ្នក​បើក​គោយន្ត​ស្លាប់

ឃាត់​​ខ្លួន​​ខ្មាន់​​កាំ​ភ្លើង​៤​នាក់ បាញ់​អ្នក​បើក​គោយន្ត​ស្លាប់

ខេត្តកំពង់ស្ពឺ ៖ បុរសចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចចម្រុះចុះចាប់ឃាត់ខ្លួន នាំយកមក សាកសួរ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយជាប់សង្ស័យថា បានបើករថយន្ត មួយគ្រឿង ពាក់ស្លាកលេខ ខ.ម បើកការបាញ់ ប្រហារជាច្រើនគ្រាប់ ទៅលើបុរសជាអ្នកបើក គោយន្តដឹកអុសម្នាក់ បណ្តាលឱ្យជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបរិវេណក្រុមហ៊ុន ឡះះ មានទីតាំង ស្ថិតក្នុងភូមិត្រពាំងជោ ស្រុកឱរ៉ាល់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាល និងអាវុធហត្ថ ចុះចាប់ខ្លួន កាលពីព្រឹកព្រលឹមថ្ងៃទី១០ កុម្ភៈ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជនសង្ស័យទាំង៤នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ មានតួនាទីជាប្រធាន អនុប្រធាន និងសន្តិសុខប្រចាំក្រុមហ៊ុនះឡះ។

ទាក់ទងទៅនឹងការចាប់ខ្លួនជនសង្ស័យ ទាំង៤នាក់ខាងលើ សមត្ថកិច្ចនៅមិនទាន់អាច បង្ហើបប្រាប់ពីព័ត៌មានលម្អិតនៅឡើយ គ្រាន់ តែប្រាប់ថា ការឃាត់ខ្លួននេះ គឺដោយសារជាប់ សង្ស័យនឹងករណីបាញ់ប្រហារ បណ្តាលឱ្យអ្នក បើកគោយន្តស្លាប់ពីយប់ តែលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះសមត្ថកិច្ចកំពុងធ្វើការសាកសួរ ទៅលើជនសង្ស័យ។

គួរបញ្ជាក់ថា ជនរងគ្រោះដែលត្រូវខ្មាន់ កាំភ្លើងបាញ់ស្លាប់ មានឈ្មោះរ៉ន រ៉េត អាយុ ២៦ឆ្នាំ មានលំនៅក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង។ ដោយឡែកបុរសម្នាក់ទៀត ឈ្មោះ ធី ចាន់ណា អាយុ៣២ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីម៉ុម ស្រុកថ្ពង ជាអ្នកបើកគោយន្តមួយគ្រឿងទៀត តាមពីក្រោយគោយន្ត របស់ជនរងគ្រោះ មិនមានរងរបួសអ្វីនោះទេ។

លោកប៊ុត ប៊ុនធឿន អធិការនគរបាល ស្រុកឱរ៉ាល់ បានបញ្ជាក់ប្រាប់ថា នៅមុនពេល កើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បាន បើកគោយន្តដឹកឈើ ឆ្លងកាត់បរិវេណក្រុមហ៊ុន ឡះះ លុះបន្តិចក្រោយមក ក៏ស្រាប់តែមាន ខ្មាន់កាំភ្លើងមិនស្គាល់មុខមួយក្រុម បើករថយន្ត ម៉ាកកាមរី គូទស្វិត ពាក់ស្លាកលេខ ខ.ម បាន បើកមកស្ទាក់ជនរងគ្រោះជាអ្នកបើកគោយន្តឱ្យ ឈប់ តែជនរងគ្រោះមិនព្រមឈប់ ទើបក្រុម ខ្មាន់កាំភ្លើងបើករថយន្តដេញតាម និងបើកការ បាញ់ប្រហារអស់ជាច្រើនគ្រាប់ ទៅលើជនរងគ្រោះឈ្មោះរ៉ន រ៉េត បណ្តាលឱ្យស្លាប់យ៉ាង អាណោចអាធ័មនៅនឹងកន្លែង ចំណែកជនរងគ្រោះម្នាក់ទៀត ដែលបើកគោយន្តពីក្រោយ មិនទទួលរងរបួសអ្វីនោះទេ។

លោកអធិការបន្តថា ក្រោយកើតហេតុ ក្រុមជនបង្កហេតុជាខ្មាន់កាំភ្លើង បាននាំគ្នាបើក រថយន្តពាក់ស្លាកលេខខ.ម រត់គេចខ្លួនបាត់ស្រមោលចេញពីកន្លែងកើតហេតុ។

ជុំវិញករណីបាញ់ប្រហារ បណ្តាលឱ្យមនុស្ស ស្លាប់ខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាច បញ្ជាក់ឱ្យដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ដោយសំអាងថា រង់ចាំធ្វើការស្រាវជ្រាវជាមុន សិន។ ប៉ុន្តែប្រភព​មួយចំនួនបានអះអាងថា មូលហេតុដែលនាំឱ្យឈានដល់ការបាញ់សម្លាប់ជនរងគ្រោះនេះ គឺទំនងជាក្រុមខ្មាន់កាំភ្លើងជំរិត ទារលុយដឹកឈើតាមគោយន្តពីជនរងគ្រោះ មិនបាន ទើបក្តៅចិត្តបាញ់សម្លាប់តែម្តង៕ អ៊ុំ ណូន

RELATED ARTICLES