Sunday, September 8, 2024
Homeព័ត៌មានជាតិកម្ទេចកម្លាំងប្រឆាំង មេបក្សជំនាន់ថ្មី ស្នើបក្សកាន់អំណាច បំភ្លឺសារសំឡេងសម្ដេចហ៊ុន សែន

កម្ទេចកម្លាំងប្រឆាំង មេបក្សជំនាន់ថ្មី ស្នើបក្សកាន់អំណាច បំភ្លឺសារសំឡេងសម្ដេចហ៊ុន សែន

ភ្នំពេញ ៖ គណបក្សជំនាន់ថ្មី ដែលមានលោកមាជ សុវណ្ណារ៉ា ជាប្រធាន និងមានទីស្នាក់ការកណ្ដាល នៅខេត្តបាត់ដំបង បានចេញសេចក្តីថ្លែងការណ៍ ស្នើសុំគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ធ្វើការបកស្រាយបំភ្លឺជុំវិញសារសំឡេងបែកធ្លាយរបស់សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបញ្ជាឲ្យបង្កើតក្រុមពិសេស កម្ទេចកម្លាំងប្រឆាំង នៅទូទាំងប្រទេស ។

សេចក្ដីថ្លែងការណ៍ របស់គណបក្សជំនាន់ថ្មី ចុះថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ ស្ដីពីការបែកធ្លាយសារសំឡេងរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី មានខ្លឹមសារថា “នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសារព័ត៌មាននានា អំពីសារសំឡេងបែកធ្លាយតាមបណ្តាញសង្គម ដែលគេជឿជាក់ថា ជាសារសំឡេងរបស់លោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អំពីផែនការបន្តកម្ទេចក្រុមអ្នកនយោបាយប្រឆាំងនៅតាមមូលដ្ឋាន ដែលមិនព្រមចុះចូលគណបក្សប្រជាជនកម្ពុជា របស់ខ្លួន មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧ ខាងមុខ»។

សេចក្តីថ្លែងការណ៍ដដែល បន្តថា «យោងតាមសារសំឡេងដែលបណ្តាញផ្សព្វផ្សាយនានាបានចែកចាយបន្តព្រោងព្រាត ជាពិសេសនៅលើបណ្តាញសង្គម Facebook មានរយៈពេលជាង ១០នាទីនោះ បានបញ្ជាក់ថា លោកហ៊ុន សែន បានបញ្ជាទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមបណ្តារាជធានី ខេត្ត សហការជាមួយក្រុមការងារជំនាញ ក្រោមការចាត់ចែងពីជំនួយការបស់លោក ២រូប គឺលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ដើម្បីចុះមូលដ្ឋានកម្ទេចកម្លាំងគណបក្សប្រឆាំង កុំឱ្យនៅទើសមុខមាត់ និងដើម្បីអូសទាញយកមកប្រើការផង ដោយការផ្តល់តួនាទីនិងតំណែង និងជាពិសេសកម្ទេចរាល់មុខសញ្ញាណាដែលរឹងត្អឹងមិនរណបគណបក្សប្រជាជនកម្ពុជា»។

សេចក្តីថ្លែងការណ៍របស់គណបក្សជំនាន់ថ្មី បន្តទៀតថា «គណបក្សជំនាន់ថ្មី សម្តែងការព្រួយបារម្ភចំពោះព័ត៌មាននេះ ដែលអាចប៉ះពាល់ដល់ការអនុវត្តនូវសិទ្ធិនយោបាយ និងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា ៥១(ថ្មី) ស្របពេលគណបក្សជំនាន់ថ្មីយើង ជាគណបក្សក្រៅរង្វង់រដ្ឋាភិបាល ដែលបានទទួលស្គាល់ជាផ្លូវការស្របច្បាប់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដោយក្រសួងមហាផ្ទៃ។ គណបក្សជំនាន់ថ្មី ស្នើដល់គណបក្សប្រជាជនកម្ពុជា ធ្វើការបកស្រាយជុំវិញសារសំឡេងបែកធ្លាយរបស់ប្រមុខគណបក្សរបស់ខ្លួន ថាតើជាការពិតឬយ៉ាងណា?  ដែលនេះជាសកម្មភាពផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយដែលរំលោភលើច្បាប់វិសោធនកម្មស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា ៣៨(ថ្មី)“ ។

បន្ថែមលើសេចក្ដីថ្លែងការណ៍ខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ «នគរធំ» នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថា សេចក្ដីថ្លែងការណ៍របស់គណបក្សជំនាន់ថ្មី ចង់បានការបង្ហាញឲ្យមានការពិតមួយ ដើម្បីឈរនៅលើគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិធ្វើនយោបាយដោយពេញលេញ តាមរយៈគណបក្សនយោបាយ ដែលស្នើសុំស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ស្របតាមច្បាប់ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យ ។ គណបក្សជំនាន់ថ្មី មានការព្រួយបារម្ភពាក់ព័ន្ធនឹងការគំរាមកំហែង បំភិតបំភ័យបែបណាមួយ ពីបក្សកាន់អំណាច ដែលធ្វើឲ្យអំណាចហួសព្រំដែននៃច្បាប់ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “គណបក្សជំនាន់ថ្មី យើងព្រួយបារម្ភ! ព្រួយបារម្ភថា បើសារហ្នឹងជាសារការពិត ឬជាសារបែបណានៃគំនុំបុគ្គលអ្នកនយោបាយជំនាន់មុនៗ ហើយបន្តមកដល់បច្ចុប្បន្ន នៅតែមានការសងសឹកគ្នា ក្នុងគំនុំនយោបាយ។ ខ្ញុំក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី ក៏ដូចជាសហការីនៃបក្សជំនាន់ថ្មី យើងព្រួយបារម្ភ ហើយយើងខ្វល់ខ្វាយទៅនឹងអ្វីដែលប្រទេសកម្ពុជា បានប្រកាន់នូវគោលជំហរការគោរពគោលការណ៍ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហើយធានានិងការពារដោយរដ្ឋធម្មនុញ្ញ ដែលផ្ដល់អាទិភាពដល់មនុស្សដែលជាប្រជាពលរដ្ឋ ចាប់ពីអាយុ២៥ឆ្នាំឡើងទៅ គឺថាមានសិទ្ធិពេញលេញក្នុងការឈរឈ្មោះបង្កើតគណបក្សនយោបាយ ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី ឬក៏ឈរឈ្មោះជាបេក្ខជនអ្នកតំណាងរាស្រ្ត ហើយមានសិទ្ធិបង្កើតគណបក្សនយោបាយប្រកបទៅដោយអ្វីដែលរដ្ឋធម្មនុញ្ញ ធានានិងការពារ គឺគោរពនូវសិទ្ធិនយោបាយ សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងតាមការបោះឆ្នោត ពីមួយអាណត្តិ ទៅមួយអាណត្តិ ៥ឆ្នាំម្ដង ។ អ៊ីចឹងអាទាំងអស់ហ្នឹងហើយ ដែលយើងឃើញថា ប្រទេសកម្ពុជា ជាប្រទេសសេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ ដោយយកការបោះឆ្នោត ពីមួយអាណត្តិ ទៅមួយអាណត្តិ ដើម្បីប្រកួតប្រជែងទៅកាន់ដឹកនាំប្រទេស អ្នកដែលឈ្នះ ឈ្នះដោយថ្លៃថ្នូរ កាន់ប្រទេសជាតិ អ្នកដែលចាញ់ ចាញ់ដោយអស់ចិត្ត ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល ដែលមានអាសនៈនៅក្នុងសភា គឺយើងធ្វើការជាមួយគ្នា ដើម្បីកសាងប្រទេសជាតិ តាមរយៈនីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ ហើយជួយកសាងនូវគោលការណ៍នីតិរដ្ឋ ការគោរពច្បាប់ ច្បាប់នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយថ្មីៗនេះ យើងឃើញសារបែកធ្លាយ តែយើងមិនដឹងថា សារហ្នឹងជាសារពិតឬក៏ជាសារបែបណា គឺថាហាក់បីដូចជាអតីតនាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្សប្រជាជនហ្នឹង លោកចេញសារគំរាមដើម្បីកម្ទេចពួកប្រឆាំង ពួកអីៗ ។ អ៊ីចឹងគណបក្សប្រឆាំង ជាគណបក្សស្របច្បាប់ ដែលមានការអនុញ្ញាតដោយក្រសួងមហាផ្ទៃ ក្នុងការរៀបចំគោលនយោបាយ រៀបចំរចនាសម្ព័ន្ធបក្ស ដើម្បីត្រៀមចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ពីមួយអាណត្តិ ទៅមួយអាណត្តិ រហូតមកដល់ឥឡូវ ៧អាណត្តិ ហើយនឹងត្រៀមទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិ ២០២៨ អាណត្តិទី៨ ហ្នឹង ។ អ៊ីចឹងខ្ញុំថា អ្វីៗគឺថាសុំឲ្យប្រមុខនៃបក្សកាន់អំណាច រាជរដ្ឋាភិបាលក្ដី ឬក៏ប្រធានគណបក្សប្រជាជនកម្ពុជា ហ្នឹង គឺត្រូវបង្ហាញឲ្យជាក់លាក់នូវសេចក្ដីថ្លែងការណ៍ ឬក៏សារបែកធ្លាយហ្នឹងជាការពិត គឺវាធ្វើឲ្យប៉ះពាល់ដល់ច្បាប់រដ្ឋធម្មនុញ្ញ ធ្វើឲ្យប៉ះពាល់ការគំរាមកំហែងជាប្រយោល ជាចំហណាដល់អ្នកដែលគេមានគណបក្សនយោបាយស្របច្បាប់មួយ ហើយគេគោរពគោលការណ៍នីតិរដ្ឋ គេគោរពច្បាប់រដ្ឋធម្មនុញ្ញ គោរពច្បាប់គណបក្សនយោបាយ គោរពច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានបង្ហាញអំពីការមិនឲ្យគំរាមកំហែងផ្នែកនយោបាយណាដែលគេកំពុងតែធ្វើការងារនយោបាយស្របច្បាប់ ហើយបើរឿងថា ពាក់ព័ន្ធនឹងក្រុមជ្រុលនិយមណា មនោគមន៍វិជ្ជាជ្រុលនិយម ឬក្រុមអគតិ ឬក្រុមហិង្សាណា គឺយើងត្រូវបង្ហាញសារហ្នឹងឲ្យច្បាស់ កុំឲ្យបង្កប់ធ្វើឲ្យមានការមន្ទិលសង្ស័យដល់គណបក្សនយោបាយដែលគេបង្ហាញគោលជំហរការពាររដ្ឋធម្មនុញ្ញ ដោយមិនធ្វើអ្វីឲ្យផ្ទុយច្បាប់រដ្ឋធម្មនុញ្ញ ហើយដោះស្រាយបញ្ហាវិបត្តិនយោបាយដោយសន្តិវិធី ដោយអហិង្សា ចូលរួមជួយកសាងប្រទេសជាតិ និងជួយប្រជារាស្រ្តណាដែលមិនផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ មិនផ្ទុយនឹងច្បាប់ប្រទេស“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងហើយបានសេចក្ដីថ្លែងការណ៍របស់គណបក្សជំនាន់ថ្មី ហ្នឹង យើងចង់បានបង្ហាញឲ្យមានការពិតមួយ ដើម្បីឈរនៅលើគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិធ្វើនយោបាយដោយពេញលេញ តាមរយៈគណបក្សនយោបាយ ដែលយើងស្នើសុំស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ស្របតាមច្បាប់ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យ យើងមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងការគំរាមកំហែង បំភិតបំភ័យបែបណាមួយ ពីបក្សកាន់អំណាច ដែលធ្វើឲ្យអំណាចហួសព្រំដែននៃច្បាប់នោះ ។ អាហ្នឹងហើយដែលជាការព្រួយបារម្ភរបស់គណបក្សជំនាន់ថ្មី ដែលយើងចង់ឲ្យឃើញអ្វីជាតម្លាភាព អ្វីជាចំហ អ្វីមិនបិទបាំង គឺមានន័យថា យើងចង់ឃើញថា តើប្រទេសកម្ពុជា ហ្នឹងពិតជាប្រទេសប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ ឬក៏ការគោរពសិទ្ធិមនុស្ស សិទ្ធិពេញលេញក្នុងការធ្វើនយោបាយ ដោយគ្មានការគំរាមកំហែង បង្ខិតបង្ខំ ។ អ៊ីចឹងត្រូវបង្ហាញមក ថាគណបក្សជំនាន់ថ្មី ចង់ឃើញការបង្ហាញលាតត្រដាងណាមួយ ដែលមិនឈរនៅលើទង្វើទុច្ចរិតនយោបាយ គឺតម្លាភាព សុចរិតភាពនយោបាយ ដើម្បីជាភាពកក់ក្ដៅដល់អ្នកជំនាន់ថ្មី ដែលគ្នាជាក្រដាសស ជាយុវជន និស្សិត បញ្ញវន្តហ្នឹង ចូលមកចូលរួមជីវភាពនយោបាយនៅក្នុងបក្សក្រៅរដ្ឋាភិបាល ហើយគាត់ត្រៀមខ្លួនប្រកួតប្រជែងទៅតាមការដេញដោលគោលនយោបាយ ដើម្បីទាក់ទាញបេះដូងប្រជាពលរដ្ឋនោះ មកឲ្យគាំទ្រគណបក្សក្រៅរដ្ឋាភិបាល ដូចជាគណបក្សជំនាន់ថ្មី ។ អ៊ីចឹងត្រូវការការពន្យល់ ការលាតត្រដាងពីបក្សកាន់អំណាច ជាពិសេសពីប្រមុខនៃគណបក្សប្រជាជនកម្ពុជា ត្រូវបង្ហាញថា តើការកម្ទេច ការទិញ ការធ្វើយ៉ាងម៉េចអូសទាញប្រជាពលរដ្ឋ ឬក៏សកម្មជនបក្សណាមួយ ដែលជាពួកជ្រុលនិយម ពួកដែលប្រើហិង្សា កុំឲ្យប៉ះពាល់ដល់គេដែលធ្វើគណបក្ស គោរពច្បាប់ ហើយគេមានសីលធម៌ គេមានគុណធម៌ ហើយគោរពនូវគោលការណ៍មាគ៌ាណាដែលអហិង្សា ដោះស្រាយដោយសន្តិវិធី មិនមែនជាមនោគមន៍ជ្រុលនិយម ដើម្បីកម្ទេចប្រទេសកម្ពុជា ឬក៏ធ្វើឲ្យខ្មែរបែកបាក់គ្នា នោះគឺគណបក្សជំនាន់ថ្មី គឺបដិសេធដាច់អហង្ការ ក្នុងគោលនយោបាយណាដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ គោលនយោបាយណាដែលហិង្សា និងគំនិតជ្រុលនិយម គឺគណបក្សជំនាន់ថ្មី អត់ទទួលយក ក្រៅពីអហិង្សា ដោយសន្តិវិធី ដោះស្រាយបែបយន្តការផ្លូវច្បាប់“ ។

ជុំវិញសេចក្ដីថ្លែងការណ៍ និងការស្នើបំភ្លឺពីគណបក្សកាន់អំណាច របស់គណបក្សជំនាន់ថ្មី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថា សារសំឡេងបែកធ្លាយនោះ ពិតជាសារសំឡេងរបស់សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រាកដមែន ហើយការដែលសម្ដេច ប្រើពាក្យកម្ទេច នៅក្នុងសារសំឡេងនោះ មិនមែនទើបតែប្រើឥឡូវនេះទេ គឺសម្ដេច បានប្រើយូរមកហើយ ប៉ុន្តែសម្ដេច ប្រើចំពោះតែក្រុមឧទ្ទាមក្រៅច្បាប់ ក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលប្រើនយោបាយជ្រុលនិយម ធ្វើឲ្យវឹកវរដល់សង្គមប៉ុណ្ណោះ ឯប្រជាពលរដ្ឋទាំងពីរភេទដែលមានសិទ្ធិធ្វើនយោបាយដោយស្របច្បាប់នោះ មិនមានអ្វីព្រួយបារម្ភពីការគំរាមកំហែងណាមួយនោះទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “រឿងសំឡេងបែកធ្លាយ ឬមិនបែកធ្លាយនោះទេ តែខ្ញុំស្ដាប់សំឡេងហ្នឹង គឺថា ខ្ញុំយល់ថា ពិតជាសំឡេងរបស់សម្ដេច (ហ៊ុន សែន) ។ ទី២ គឺអំពីគោលការណ៍ មនុស្សមួយចំនួនត្រូវនឹងគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសកម្ទេច របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតសម រង្ស៊ី ។ យើងដឹងហើយ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ទណ្ឌិតសម រង្ស៊ី បានដាក់ចេញនូវគោលការណ៍ «មានស៊ី អត់សែន» ។ អ៊ីចឹងសរុបមកវិញ ខ្ញុំយល់ថា ថ្វីត្បិតសំឡេងរបស់សម្ដេច តែវាមិនហួសវិធានការច្បាប់ទេ ។ អាហ្នឹងមិនប៉ះពាល់ទៅដល់សិទ្ធិ លំហនយោបាយរបស់ប្រជាពលរដ្ឋទេ ។ ប្រជាពលរដ្ឋកម្ពុជាទូទៅ សុទ្ធតែមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចចិត្តដើរតាមគណបក្សនយោបាយណានីមួយ ដែលខ្លួនយល់ឃើញថា ខ្លួនទុកចិត្តបាន ។ តែដោយឡែក សម្រាប់គណបក្សប្រជាជន ចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលដឹកនាំដោយទណ្ឌិតសម រង្ស៊ី ជ្រុលនិយមនេះ គឺគណបក្សប្រជាជនដាក់គោលការណ៍ហើយ កម្ទេចចោលអ្នកនយោបាយជ្រុលនិយម អាហ្នឹងចំណុចទី១“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំណុចទី២ ចំពោះសកម្មជន ឬពលរដ្ឋណាដែលដើរតាមនយោបាយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ហើយធ្វើសកម្មភាពបម្រើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ អ៊ីចឹងការដែលចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមធ្វើសកម្មភាពបម្រើនយោបាយទុច្ចរិតរបស់ក្រុមជ្រុលនិយម អាហ្នឹងជាការអនុវត្តច្បាប់ មិនមែនជាការប្រើហិង្សា ឬមួយរំលោភបំពារបំពាន ឬមួយក៏ជាការគំរាមកំហែងទេ តែដោយឡែក សម្រាប់ប្រជាពលរដ្ឋទូទៅ ទោះលោកជឿទៅលើគណបក្សនយោបាយណា អាហ្នឹងជាសិទ្ធិរបស់លោក ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ម្យ៉ាងទៀត រឿងកម្ទេច សម្ដេច បានប្រកាសយូរហើយតើ! ពីព្រោះអាហ្នឹងជាការឆ្លើយតបចំពោះនយោបាយជ្រុលនិយម របស់ទណ្ឌិតសម រង្ស៊ី ដែលមានស៊ី អត់សែន នោះ ។ ឥឡូវគាត់ទទួលផលវិបាកដោយសារនយោបាយជ្រុលនិយមរបស់គាត់ហើយ ឥឡូវយើងឃើញហើយ ទី១ គាត់ទទួលខុសត្រូវខ្លួនឯងចំពោះការនិរទេសខ្លួននៅក្រៅប្រទេស អត់បានចូលស្រុកមួយជីវិត ។ ទី២ គឺចំពោះសកម្មជនដែលដើរតាមនយោបាយរបស់គាត់ ឥឡូវមួយចំនួនធំ បានងាកមករកការរួមរស់ជាមួយគណបក្សប្រជាជន ដែលលោកមើលឃើញថា ជាគណបក្សដែលដឹកនាំស្វែងរកសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាធានាដល់សុខដុមនីយកម្មសង្គមរបស់កម្ពុជា ។ អាហ្នឹងគឺថាយើងអត់មានប៉ះពាល់ទេ អាហ្នឹងយើងគោរពសិទ្ធិគាត់ ក៏ប៉ុន្តែចំពោះអ្នកដែលធ្វើសកម្មភាពបម្រើនយោបាយជ្រុលនិយម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះគាត់ចូលដៃជាមួយអ្នកជ្រុលនិយមហើយ អាហ្នឹងចាត់ចូលជាក្រុមជ្រុលនិយមហើយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះរឿងគណបក្សជំនាន់ថ្មី ជារឿងរបស់គាត់ទេ ។ លោកមាជ សុវណ្ណារ៉ា គាត់យល់ឃើញយ៉ាងម៉េច ក៏យល់ឃើញទៅ អាហ្នឹងរឿងគាត់ តែចង់ឲ្យមានការស៊ើបអង្កេត ការត្រួតពិនិត្យអី គាត់គ្មានសិទ្ធិស្អីទេ វាគ្មានបានប្រយោជន៍ស្អីទេ មិនបាច់បកស្រាយរឿងគាត់ទេ អាហ្នឹងគាត់យល់យ៉ាងម៉េចជារឿងគាត់ ។ ប៉ុន្តែខ្ញុំក៏សុំបញ្ជាក់ដែរថា ប្រជាពលរដ្ឋទូទៅ នៅតែមានសិទ្ធិទូលំទូលាយដដែលតើ! ហើយគាត់បង្កើតគណបក្សនយោបាយ អ្នកជំនាន់ថ្មីហ្នឹង សួរថាមានការគំរាមកំហែងអីទេ? គាត់អ្នកបង្កើតខ្លួនឯង? ឥឡូវតែបំពេញបែបបទ ស្របទៅតាមលក្ខខណ្ឌដែលមានកំណត់ក្នុងច្បាប់ស្ដីពីគណបក្សនយោបាយទៅ អាហ្នឹងគាត់ចុះបញ្ជីនៅក្រសួងមហាផ្ទៃទៅ គាត់ស្របច្បាប់ហើយ មានអី ហើយធ្វើសកម្មភាពទៅ មានអ្នកណាទៅគំរាមកំហែងគាត់? អត់មានផងហ្នឹង! អ៊ីចឹងមាជ សុវណ្ណារ៉ា និយាយលើមូលដ្ឋានថា គាបសង្កត់ ក៏ប៉ុន្តែលើមូលដ្ឋានដែលអត់មានការគាបសង្កត់“ ៕ កុលបុត្រ

RELATED ARTICLES