ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមព្រះរាជកិច្ច និងព្រះហឫទ័យប្រោសប្រទាន និងរក្សាការពារសម្បត្តិវប្បធម៌ជាតិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហ្លួងទាំងទ្វេ ព្រះអង្គប្រោសព្រះរាជទានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងដឹកនាំលោកគ្រូ អ្នកគ្រូ នៃសមាជិកមូនិធិមុទិតា ដែលជាអ្នកដេរប៉ាក់ និងធ្វើគ្រឿងអលង្ការភស្តា សម្លៀកបំពាក់ផ្សេងៗ នៃរបាំព្រះរាជទ្រព្យ ក្រោយព្រះរាជឧង្ការ និងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត ប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ក្នុងការប៉ាក់ ឌិនភស្តា ស្បៃនិងអាវ សុរងក សំពត់ចរបាប់ សម្រាប់តួនាង តួយក្ស តួស្វា ធ្វើគ្រឿងមកុដ (ស្រួច-ក្លាវ) (ព្រះភ័ក្រ) គ្រឿងប្រដាប់ដៃ-ជើង តួឯកក្នុងរបាំទាំង២ សរុបមាន ៖


-គ្រឿងនាង និងគ្រឿងយក្ស សម្រាប់ «របាំមណីមេខលា រាមសូរ»
-គ្រឿងនាងសុវណ្ណមច្ឆា និងគ្រឿងស្វា (ហនុមាន) សម្រាប់ «របាំសុវណ្ណមច្ឆា រាមសូរ»។

ដោយចំណាយព្រះរាជទ្រព្យជាច្រើន ព្រមទាំងចំណាយពេលប៉ាក់និងសាងថ្វាយ ដោយមានការដឹកនាំដោយផ្ទាល់ពីសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាអម្ចាស់ ចប់សព្វគ្រប់ល្អប្រណីតតាមបែបខ្មែរសុទ្ធសាធ ដង្ហែតាមព្រះដំណើរនៃសម្តេចព្រះមហាក្សត្រិយានី ព្រះមាតាសិល្បៈ និងសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក ព្រះនិមិត្តរូបរបាំព្រះរាជទ្រព្យ។

គ្រឿងល្ខោនទាំងនេះ រក្សាក្នុងព្រះបរមរាជវាំង តម្កល់ប្រចាំរាជ្យព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី នៃវង់ល្ខោនហ្លួង រជ្ជកាលល្ខោនព្រះរាជទ្រព្យព្រះអង្គ សម្រាប់បម្រើតែក្នុងព្រះរាជពិធីសំខាន់ៗ ព្រះរាជពិធីបួងសួង និងពិធីលៀងសាយភោជន៍ ទទួលប្រមុខរដ្ឋផ្សេងៗតាមការសព្វព្រះរាជហឫទ័យ គ្រឿងទាំងនេះបម្រើតែក្នុងព្រះរាជវាំង តែប៉ុណ្ណោះ ៕



