Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអស់ពីវាយលុកវត្តលោក នៅសៀមរាប ដង្កូវហ្វូងបំផ្លាញស្រូវ ១២០០ហិកតារ

អស់ពីវាយលុកវត្តលោក នៅសៀមរាប ដង្កូវហ្វូងបំផ្លាញស្រូវ ១២០០ហិកតារ

ខេត្តសៀមរាប ៖ បន្ទាប់ពីមានករណីសត្វដង្កូវហ្វូង វាយលុកចូលវត្តប្រាសាទបឹងសសរវៀច ហៅវត្តខ្វាវ នៅ ពេលនេះ សត្វដង្កូវហ្វូង បាននិងកំពុងបំផ្លាញស្រូវវស្សា ជាង១២០០ហិកតារ និងដំឡូងមី ជិត៣០០ហិក នៅតាមស្រុកមួយចំនួនក្នុងខេត្តសៀមរាប ប៉ុន្ដែបើគ្មានចាត់វិធានការទាន់ពេលវេលាទេ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១  និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅស្ថានីយស្រាវ ជ្រាវកសិកម្មទឹកវិល ក្រុងសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ថា ប្រជាកសិករ ត្រូវមានការប្រុងប្រ យ័ត្នចំពោះសត្វដង្កូវហ្វូង ដោយត្រូវពិនិត្យតាមដានជាប្រចាំទៅលើដំណាំស្រូវ និងដំណាំប្រភេទស្លឹក និងមានវិធានការទប់ស្កាត់តាមការណែនាំរបស់មន្ត្រីកសិកម្ម។

លោកបានជំរុញនិងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តតាមដាននិងរាយការណ៍ឱ្យបានជាប្រចាំនូវស្ថានភាពរាត ត្បាតរបស់សត្វដង្កូវហ្វូង ខណៈដែលហ្វូងដង្កូវនោះ បានលុកលុយចូលក្នុងស្រុកចំនួន៧ ក្នុងចំណោម១៣ក្រុង ស្រុក របស់ខេត្ត និងបំផ្លាញសន្ទូង អស់ជាង ១២០០ហិកតារ និងដំឡូងមី ជិត៣០០ហិកតារ។ ដង្កូវហ្វូង បានកើតច្រើននៅអំឡុងពាក់កណ្តាខែមិថុនា មក ហើយបានបំផ្លាញស្រូវក្នុងសហគមន៍ស្រូវនាងអំ ប្រមាណជាជាង ៧០ហិកតារ ក្នុងចំណោម ៣០០ហិកតារទៀត នៅក្នុងសហគមន៍កសិករស្រុកស្វាយលើ ហើយថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ទីរ បានចុះអន្តរាគមន៍ទាន់ពេលវេលា ដោយបានណែនាំពីវិធីសាស្ត្របំផ្លាញនិងការពារ និងផ្តល់ថ្នាំសម្រាប់សម្លាប់សត្វល្អិតជាដើម ដើម្បីកម្ចាត់ដង្កូវហ្វូង។

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា សត្វដង្កូវហ្វូងនេះ នៅពេលវាញាស់លឿន ហើយវាធំលឿន និងបំផ្លាញស្រូវ និងដំណាំប្រភេទស្លឹក ក៏លឿនដែរ បើមិនបានពិនិត្យមើលឲ្យបានហ្មត់ចត់ និងមិនចាត់វិធានការទាន់ពេលវេលាទេ វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវ និងរាលដាលទៅស៊ីស្រូវកន្លែងផ្សេងៗទៀត ។ លោកបន្ថែមថា សត្វដង្កូវនេះ គឺកើតឡើងមកពីសត្វមេអំបៅ ដែលហើរចល័តចេញពីប្រទេសក្បែរយើង រកកន្លែងពងញាស់ក្នុងប្រទេសកម្ពុជា ដោយលោកអំពាវនាវដល់ប្រជាកសិករ ត្រូវចុះពិនិត្យតាមដានមើលស្រូវរបស់ខ្លួន ឱ្យជាប់ជានិច្ច ដើម្បីការពារស្រូវពីសត្វដង្កូវ។ ជាពិសេសពិនិត្យមើលពេលព្រឹកព្រលឹម និងពេលល្ងាច។ ជាមួយគ្នានេះ ការបាញ់ថ្នាំសម្លាប់ដង្កូវ ត្រូវមានការប្រយ័ត្នខ្ពស់ កុំឱ្យប៉ះ ពាល់ដល់សុខភាព៕ ខៀវទុំ

RELATED ARTICLES